មន្ត្រីបក្សកម្លាំងជាតិ និងមន្ត្រីសិទ្ធិមនុស្សអះអាងថា អាជ្ញាធរចាប់ខ្លួនមន្ត្រីបក្សប្រឆាំងទាំង ៣នាក់ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងជាការបំភិតបំភ័យមកលើគណបក្សកម្លាំងជាតិ ដែលជាគណបក្សប្រឆាំងថ្មី ច្រើនជាងការអនុវត្តច្បាប់។
សេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ បានចេញផ្សាយកាលពីថ្ងៃទី៣០ ខែមីនា ដោយបានអំពាវនាវជាបន្ទាន់ឲ្យអាជ្ញាធរដោះលែងលោក អ៊ុំ វីរៈរដ្ឋ អគ្គហិរញ្ញិកគណបក្សកម្លាំងជាតិ និងមន្ត្រីរបស់ខ្លួនពីររូបទៀត ក្រោយពេលដែលអាជ្ញាធរខេត្តកំពង់ស្ពឺ បានចាប់ខ្លួននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។
ក្រៅពីចាប់ខ្លួនលោក អ៊ុំ វីរៈរដ្ឋ មានមន្ត្រីនៃអតីតបក្សប្រឆាំងពីររូបទៀតដែលត្រូវចាប់ខ្លួន គឺអ្នកស្រី គុណ ម៉ាច ប្រធានចលនាស្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ស្ពឺ និងលោក ឯក បេន ប្រធានប្រតិបត្តិស្តីទីរបស់គណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ។
លោក អ៊ុំ វីរៈរដ្ឋ និងសកម្មជន ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិខេត្តកំពង់ស្ពឺ ១០នាក់ផ្សេងទៀត ធ្លាប់ត្រូវបានតុលាការខេត្តនេះចោទប្រកាន់ពីបទ រួមគំនិតក្បត់ ទាក់ទងគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីឆ្នាំ២០១៩។
តុលាការបានលើកយកសំណុំរឿងចាស់មកកាត់ទោសពួកគេកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដោយផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់ ៧ឆ្នាំ ហើយតុលាការក៏បង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនពួកគេយកមកអនុវត្តទោស។
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា លោកចាត់ទុកថានេះជារឿងដ៏គួរឲ្យសោកស្តាយ ដែលអគ្គហិរញ្ញិករបស់លោកត្រូវបានចាប់ខ្លួន។ លោកថា នេះគឺជាការគំរាមកំហែងផ្នែកនយោបាយមកលើគណបក្សប្រឆាំង ព្រោះការចាប់ខ្លួននេះពាក់ព័ន្ធនឹងសំណុំរឿងចាស់។
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត បានឲ្យដឹងថា ការចាប់ខ្លួន និងការគាបសង្កត់ជាហូរហែមកលើសកម្មជននយោបាយជំទាស់ គឺជាការឆ្លុះបញ្ចាំងអំពីការធ្លាក់ចុះលំហសេរីភាពនយោបាយនៅកម្ពុជា។
បច្ចុប្បន្ននេះ សកម្មជនគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលជាង ៥០នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារ ហើយតុលាការបានចោទប្រកាន់ពួកគេដូចៗគ្នាពីបទរួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្ដាប់បង្គាប់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕
© 2024, . All rights reserved.