មន្ត្រីជាន់ខ្ពស់នៃចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ប្រកាសចូលរួមតស៊ូមតិក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ស្ដីពីការត្រួតពិនិត្យឡើងវិញជាសកលលើកទី៤ (Universal Predict Review (UPR)) ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់រដ្ឋាភិបាលកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនៅចុងខែមេសា ឬដើមខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះក្នុងប្រទេសស្វីស។
អនុប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ លោក រ៉េត សម្បត្តិ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ថា ការចេញតស៊ូមតិនេះ ដោយសារតែចលនាខ្មែរដើម្បីប្រជាធិបតេយ្យ និងពលរដ្ឋខ្មែរ រួមទាំងអង្គការក្រៅរដ្ឋាភិបាលជាច្រើនទៀត មិនដែលទទួលស្គាល់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីខ្មែរដែលបានកើតចេញពីការបោះឆ្នោតដោយស្របច្បាប់នោះទេ ស្របពេលដែលការរំលោភសិទ្ធិមនុស្ស និងការជាន់ឈ្លីប្រជាធិបតេយ្យពីសំណាក់រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត នៅតែបន្តកើតមាន។
លោក រ៉េត សម្បត្តិ លើកឡើងថា ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ក៏នឹងធ្វើបេសកកម្មប្តឹងទៅស្ថាប័ននានា ដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជាទប់ស្កាត់ការរំលោភសិទ្ធិលំនៅឋាន ការបណ្តេញពលរដ្ឋចេញពីទីជម្រកក្នុងទីក្រុងភ្នំពេញ ខេត្តព្រះវិហារ ខេត្តសៀមរាប ក្នុងតំបន់អង្គរ និងខេត្តដទៃទៀតដោយគ្មានសំណងត្រឹមត្រូវតាមច្បាប់។
លោក រ៉េត សម្បត្តិ បញ្ជាក់ថា ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ មិនមែនជាគណបក្សនយោបាយទេ ដូច្នេះចលនានេះអាចសហការក្នុងនាមជាដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាលគ្រប់ប្រភេទ ដើម្បីជំរុញឱ្យមានការតស៊ូមតិជាលក្ខណៈអន្តរជាតិ ក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ ស្របពេលដែលសិទ្ធិមនុស្ស និងប្រជាធិបតេយ្យកំពុងតែធ្លាក់ចុះយ៉ាងខ្លាំងសព្វថ្ងៃនេះ។
កាលពីចុងខែធ្នូ ឆ្នាំ២០២៣ អ្នកនាំពាក្យអង្គការសង្គ្រោះកម្ពុជា (Save Cambodia) លោក សោម កុលវឌ្ឍន៍ បានលើកឡើងថា ក្រោមភាពមន្ទិលសង្ស័យនៃក្រសែភ្នែករបស់អន្តរជាតិលើភាពជាតំណាងរបស់លោក ហ៊ុន ម៉ាណែត ដែលបានក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជានៅពេលនេះ។
លោកបន្តថា អង្គការក្រៅរដ្ឋាភិបាលមានតួនាទីសំខាន់ណាស់ក្នុងការប្រមូល និងបញ្ចេញភស្តុតាងឱ្យកាន់តែច្បាស់អំពីការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត ថាតើតំណែងជានាយករដ្ឋមន្ត្រីរបស់គាត់នៅពេលនេះស្របតាមលទ្ធិប្រជាធិបតេយ្យ និងស្របតាមគោលការណ៍សិទ្ធិមនុស្ស រួមទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិដែរឬក៏អត់។
ចំណែកអ្នកផ្តល់ប្រឹក្សាផ្នែកច្បាប់សម្រាប់គណៈកម្មការស្វែងរកការពិតអំពីកម្ពុជាលោក ម៉តថុន សក្លា (Morton Sklar) ក៏បានអះអាងកាលពីពេលថ្មីៗនេះដែរថា ពលរដ្ឋនៅគ្រប់ទីកន្លែងលើសកលលោក ត្រូវចូលរួមលាតត្រដាងអំពីការរឹតត្បិតសេរីភាពរបស់រដ្ឋាភិបាលកម្ពុជាលើពលរដ្ឋខ្លួនឯងឱ្យកាន់តែផុសផុល ព្រោះថាការប្រមូលភស្តុតាងឱ្យកាន់តែរឹងមាំដើម្បីដាក់ជារបាយការណ៍ជូនអង្គការសហប្រជាជាតិ ត្រួតពិនិត្យតាមរយៈយន្តការពិនិត្យឡើងវិញជាសកលលើកទី៤ ឬ UPR ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្សនៅកម្ពុជា នៅខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ គឺជារឿងចាំបាច់បំផុតក្នុងការទាញឱ្យប្រទេសកម្ពុជាងាកទៅរកលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៤ សមាគម Canterbury Cambodian Khmer Association ប្រចាំប្រទេសញ៉ូវហ្សេឡែន និងសមាគមចំនួន ៥ ផ្សេងទៀតដែលមានសមាជិកចូលរួមជាង ៦០០នាក់ (៦៥៥នាក់) បានចុះហត្ថលេខារួមគ្នាលើញត្តិមួយ និងដង្ហែយកទៅប្រគល់ជូនសមាជិកព្រឹទ្ធសភាប្រទេសញ៉ូវហ្សេឡែន ដើម្បីសុំឱ្យរដ្ឋាភិបាលប្រទេសញ៉ូវហ្សេឡែន ជួយជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញផងដែរ៕