28 C
Phnom Penh

បារាំង​ស្វែងរក​ការពិត​អំពី​តួនាទី​របស់​ចិន ចំពោះ​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​បារាំង កំពុង​ស្វែងរក​ការពិត​ថា​តើ​ក្រុង​ប៉េកាំង ប្រកាន់​ជំហរ​អព្យាក្រឹត្យ​នេះ​មាន​ភាព​ប្រាកដប្រជា​កម្រិត​ណា ដែល​គេ​ថា​អំឡុង​រុស្ស៊ី និង​អ៊ុយក្រែន ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​ជាង ២​ឆ្នាំ​មក​នេះ ចិន​មាន​ទំនោរ​ទៅ​រក​រុស្ស៊ី កាន់តែ​ខ្លាំង​នោះ។

ក្នុង​អំឡុង​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នេះ ចិន​មិន​បាន​ថ្កោលទោស​រុស្ស៊ី នោះ​ទេ ទោះ​ជា​ប្រទេស​ជាង ១៣០ រួម​គ្នា​ថ្កោលទោស​ក្រុង​មូស្គូ ក៏ដោយ។ ចិន​បាន​ត្រឹមតែ​បោះឆ្នោត​អនុប្បវាទ ហើយ​ពេល​ខ្លះ​ជំទាស់​ទៀត​ផង ដូចជា​ករណី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដាក់​ចេញ​នូវ​សេចក្ដី​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី គឺ​ចិន បោះឆ្នោត​ជំទាស់។

កាលពី​ពេល​ថ្មីៗ​នេះ លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន តាម​ការ​អញ្ជើញ​របស់​សមភាគី​ចិន លោក ស៊ី ជីនពីង បើ​ទោះជា​ដឹង​ថា លោក ពូទីន កំពុង​ជាប់​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ករណី​លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន បង្ក​វិនាសកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ក៏ដោយ។

តាម​មើល​ទៅ ចំណុច​នេះ​ហើយ​ដែល​រដ្ឋមន្ត្រី​ការបរទេស​បារាំង Stephane Sejourne បាន​លើកឡើង​នៅ​ចំពោះ​មុខ​សមភាគី​ចិន លោក វ៉ាង យី ថា​ព្រោះ​តែ​ចិន មាន​តួនាទី​គន្លឹះ​នូវ​ការ​ប្រកាន់​ភាព​អព្យាក្រឹត្យ​ជុំវិញ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ហើយ​ចិន គោរព​ច្បាប់​អន្តរជាតិ និង​បូរណភាព​ដែនដី​អ៊ុយក្រែន ទើប​បារាំង ចង់​ឱ្យ​ចិន នាំ​សារ​ដ៏​ច្បាស់លាស់​មួយ​ទៅ​ប្រាប់​រុស្ស៊ី ពី​ផលវិបាក​ដល់​ពិភពលោក​ដោយសារ​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន។

ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​បារាំង ក្នុង​សន្និសីទ​កាសែត​ជាមួយ​សមភាគី​ចិន លោក វ៉ាង យី នៅ​ទីក្រុង​ប៉េកាំង។

លោក​ប្រមុខ​ការទូត​បារាំង បាន​អះអាង​ទៀត​ថា សង្គ្រាម​នៅ​អ៊ុយក្រែន មាន​ការ​ពាក់ព័ន្ធ​នឹង​សហគមន៍​អន្តរជាតិ​ទាំងមូល ហើយ​បារាំង មាន​ជំនឿ​យ៉ាង​មុតមាំ​ថា នឹង​គ្មាន​សន្តិភាព​ជា​និរន្តរ៍​ឡើយ ប្រសិនបើ​គ្មាន​ការ​ចរចា​ជាមួយ​អ៊ុយក្រែន ហើយ​មិន​តែប៉ុណ្ណោះ សន្តិសុខ​សម្រាប់​អឺរ៉ុប ក៏​គ្មាន​ដែរ បើ​គ្មាន​សន្តិភាព​ស្រប​តាម​ច្បាប់​អន្តរជាតិ។ ក្នុង​ស្ថានភាព​នេះ​ហើយ​ដែល​បារាំង ចាំបាច់​រក្សា​ចំណង​ទំនាក់ទំនង​ជាមួយ​ចិន។

លោក​រដ្ឋមន្ត្រី​ការបរទេស​បារាំង ក៏​បាន​ការពារ​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ចិន ដែល​លោក​ថា បារាំង មិន​មាន​ចេតនា​កាត់បន្ថយ​ចំណង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​ចង់​ធ្វើ​កំណែ​ទម្រង់ ព្រោះ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​ត្រូវ​ឈរ​លើ​មូលដ្ឋាន​ត្រឹមត្រូវ និង​ប្រកប​ដោយ​និរន្តរភាព។

ចំណែក​សមភាគី​ចិន លោក វ៉ាង យី ពេញចិត្ត​ខ្លាំង​នឹង​ការ​លើកឡើង​របស់​ប្រទេស​បារាំង ដោយ​យល់​ថា​ការ​ផ្តាច់ ឬ​កាត់បន្ថយ​ភាព​រំពឹង​សេដ្ឋកិច្ច​លើ​ចិន ជា​ហានិភ័យ​សេដ្ឋកិច្ច​ធំ​ណាស់។ លោក​ថា ចិន​ជា​ឱកាស​មិនមែន​ជា​ហានិភ័យ​របស់​អឺរ៉ុប ទេ។

នៅ​ក្នុង​ជំនួប​កាលពី​ខែ​កុម្ភៈ នៅ​ទីក្រុង​ប៉ារីស លោក វ៉ាង យី បាន​ប្រាប់​លោក Emmanuel Macron ប្រធានាធិបតី​បារាំង ថា ក្រុង​ប៉េកាំង ទទួល​បាន​ការ​សរសើរ​ព្រោះតែ​ប្រកាន់​ជំហរ​ឯករាជ្យ​ចំពោះ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន។

ប៉ុន្តែ​ទីក្រុង​ប៉ារីស ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​គាបសង្កត់​ក្រុង​ប៉េកាំង បញ្ជាក់​ឱ្យ​ច្បាស់​ជាង​នេះ​ទៀត​អំពី​ចំណង​ទាក់ទង​ទ្វេភាគី​រវាង​ចិន និង​រុស្ស៊ី ទាំង​វិស័យ​ពាណិជ្ជកម្ម និង​យោធា ដែល​ប្រទេស​មហាអំណាច​ចិន កាន់តែ​ធ្វើ​ឱ្យ​ស៊ីជម្រៅ​ខ្លាំង​ជាមួយ​រុស្ស៊ី ជាពិសេស​វិស័យ​យោធា។

នៅ​ក្នុង​ទីក្រុង​ប៉េកាំង លោក​រដ្ឋមន្ត្រី​ការបរទេស​បារាំង Stephane Sejourne ក៏​បាន​ជួប​នាយករដ្ឋមន្ត្រី​ចិន Li Qiang។ លោក Stephane Sejourne បាន​ប្រាប់​លោក Li Qiang ថា លោក និង​លោក វ៉ាង យី បាន​ពិភាក្សា​គ្នា​អំពី​ស្ថានភាព​ពិភពលោក និង​ពិភពលោក​ជួប​ការ​បែកបាក់​នា​ពេល​បច្ចុប្បន្ន​នេះ ដោយសារតែ​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន និង​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា។

រដ្ឋមន្ត្រី​ការបរទេស​បារាំង ទៅ​ចិន នា​ពេល​នេះ និង​រដ្ឋមន្ត្រី​ការបរទេស​ចិន ទៅ​ក្រុង​ប៉ារីស កាលពី​ខែ​កុម្ភៈ គឺជា​ការ​រំលឹក​ខួប ៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។

នេះ​ជា​លើក​ទី​ពីរ​ដែល​រដ្ឋមន្ត្រី​ការបរទេស​បារាំង ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន ក្នុង​អំឡុង​ពេល​តែ ៦​ខែ។ កាលពី​ខែ​មេសា ឆ្នាំ​២០២៣ ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន ហើយ​ខែ​ឧសភា នៅ​ខែ​ក្រោយ​នេះ ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង នឹង​មក​ទស្សនកិច្ច​នៅ​បារាំង។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

គេ​រំពឹង​ថា លោក Macron នឹង​បន្ត​ស្នើ​ឱ្យ​ចិន ប្រកាន់​យក​គោលការណ៍​អព្យាក្រឹត្យ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​នេះ ដោយ​មិន​ត្រូវ​មាន​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​រុស្ស៊ី ទាំង​សេដ្ឋកិច្ច និង​យោធា ជាពិសេស​ទំនាក់ទំនង​លើ​វិស័យ​យោធា​ទ្វេភាគី​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ។

តែ​យ៉ាងណា ក្រុង​ប៉េកាំង តែងតែ​អះអាង​ថា ចិន​មិន​ដែល​បញ្ជូន​អាវុធ​ណា​មួយ​ទៅ​ឱ្យ​រុស្ស៊ី ម្ដង​ណា​ទេ​ចាប់តាំងពី​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន ផ្ទុះ​ឡើង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស