អ្នកវិភាគព្រមានថា ការចោទប្រកាន់ កាត់ទោស និងឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ពីបទក្បត់ជាតិ មិនត្រឹមតែបង្ហាញពីភាពអយុត្តិធម៌សម្រាប់លោកផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីបំណងបំផ្លាញជាតិរបស់ក្រុមគ្រួសារត្រកូលហ៊ុនផងដែរ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២ ខែមេសា ថា ការចោទប្រកាន់លោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិ គឺជាទង្វើបំផ្លាញជាតិខ្មែររបស់លោក ហ៊ុន សែន សុទ្ធសាធ ព្រោះថាលទ្ធផលនៃការរំលាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាមួយនេះ បានបើកផ្លូវឱ្យក្រុមគ្រួសារត្រកូលហ៊ុនកាន់កាប់អំណាចកាន់តែធំឡើងៗ រហូតប្រទេសកម្ពុជាកំពុងរអិលធ្លាក់ទៅក្នុងការដឹកនាំតាមបែបគ្រួសារនិយមនៅពេលនេះ។
លោក គឹម សុខ លើកឡើងថា ចាប់តាំងពីលោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួន ហើយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយនៅឆ្នាំ២០១៧ ដែលធ្វើឲ្យស្ថានភាពនយោបាយរបស់កម្ពុជាប្រែក្លាយពីពហុបក្ស មកជាឯកបក្ស ដែលខុសទៅនឹងរដ្ឋធម្មនុញ្ញ ខណៈប្រជាធិបតេយ្យត្រូវបានជាន់ឈ្លីតាមរយៈនៃការបំបិទសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ចំណែកសេដ្ឋកិច្ចរបស់កម្ពុជាក៏ជួបវិបត្តិដោយសារតែអ្នកវិនិយោគបរទេសខ្លាចរអាពីការដឹកនាំដោយឯកបក្សមួយនេះ រហូតពួកគេមិនហ៊ានទៅរកស៊ីនៅប្រទេសកម្ពុជាដូចពេលនេះ ជាដើម។
អ្នកវិភាគរូបនេះបញ្ជាក់ថា វិបត្តិក្នុងប្រទេសកម្ពុជាកំពុងលេចចេញគ្រប់ទម្រង់ និងគ្រប់រូបភាព ក្រោយអវត្តមានបក្សប្រឆាំង ប៉ុន្តែគ្មានពលរដ្ឋណាម្នាក់ហ៊ានចេញមុខតវ៉ាឡើយ ដោយសារតែការគាបសង្កត់របស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយបក្សកាន់អំណាចសព្វថ្ងៃនេះ ជាពិសេសភាពអយុត្តិធម៌សង្គម ដូចជាការបោកប្រាស់ពីក្រុមឧកញ៉ាដែលជាបក្ខពួករបស់ត្រកូលហ៊ុន ជាដើម ស្របពេលដែលការលក់ទ្រព្យសម្បត្តិជាតិ និងការប្រព្រឹត្តអំពើទុច្ចរិត ដូចជា អំពើជួញដូរមនុស្ស និងការចរាចរណ៍គ្រឿងញៀន ក៏កំពុងរីករាលដាលពេញប្រទេស ក្រោមការដឹកនាំរបស់ត្រកូលហ៊ុន ដោយគ្មានខ្លាចញញើតច្បាប់ទៀតនោះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវលោក ហ៊ុន សែន ចោទពីបទក្បត់ជាតិ និងត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំនៅពេលនេះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ស្ពឺ លោក សួន សុរីដា បានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា ការប្រកាសសាលក្រមរបស់តុលាការក្រុងភ្នំពេញដោយចោទលោក កឹម សុខា ថាបានគប់គិតជាមួយសហរដ្ឋអាមេរិក ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន គឺជាការទាញទម្លាក់នយោបាយការទូតរវាងកម្ពុជា និងអាមេរិកដោយចំមុខ ស្របពេលដែលពលរដ្ឋខ្មែរ ១៧លាននាក់កំពុងត្រូវការផលប្រយោជន៍នានាដែលធ្លាប់ផ្តល់ឱ្យដោយសហរដ្ឋអាមេរិកកន្លងមកនោះ ដូចជា ការលើកស្ទួយប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងផលប្រយោជន៍ខាងសេដ្ឋកិច្ច ដូចជា ការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP និង EBA របស់សហភាពអឺរ៉ុប ជាដើម។
លោក សួន សុរីដា លើកឡើងថា ការឃុំខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ ដែលបានបំផ្លាញផលប្រយោជន៍របស់ពលរដ្ឋខ្មែរកាន់តែធ្ងន់ធ្ងរនោះ គឺពលរដ្ឋម្ចាស់ឆ្នោតគ្រប់រូបនឹងគ្មានសិទ្ធិជ្រើសរើសមេដឹកនាំដើម្បីបម្រើផលប្រយោជន៍ជាតិបន្តទៀតបានទេទៅថ្ងៃមុខ គឺមានតែចាំទទួលយកមេដឹកនាំបន្តពូជដែលគណបក្សប្រជាជនកម្ពុជារៀបចំឱ្យ តាមរយៈនៃការបោះឆ្នោតក្លែងក្លាយតែប៉ុណ្ណោះ ដូច្នេះកម្ពុជាក៏នឹងមានវាសនាមិនខុសពីប្រទេសកូរ៉េខាងជើង ដែរទៅថ្ងៃអនាគត។
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ដោយឃុំខ្លួនក្នុងផ្ទះ ពីបទគប់គិតជាមួយរដ្ឋបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បន្ទាប់ពីលោក កឹម សុខា ត្រូវបានសមត្ថកិច្ចសម្រុកចូលទៅចាប់ខ្លួនដល់ផ្ទះកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលប្រកាសរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដដែលនោះ។
សំណុំរឿងរបស់លោក កឹម សុខា កំពុងដំណើរការនៅសាលាឧទ្ធរណ៍សព្វថ្ងៃនេះ។ សំណុំរឿងនេះត្រូវបានគេចាត់ទុកថាជាសំណុំរឿងដែលយូរជាងគេក្នុងប្រវត្តិនៃការកាត់ក្តីនៅកម្ពុជា ហើយបញ្ហានេះ ត្រូវមជ្ឈដ្ឋាននានារិះគន់ថាជាសំណុំរឿងដែលស្ថិតក្នុងរបៀបវារៈនយោបាយ ជាជាងការស្វែងរកយុត្តិធម៌តាមប្រព័ន្ធតុលាការ៕