គណបក្ស​ភ្លើង​ទៀន

នយោបាយ

ក្រសួង​មហាផ្ទៃ​ស្នើ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​សំណើ​របស់​បក្ស​ភ្លើង​ទៀន​ដែល​សុំ​ផ្លាស់ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ចំនួន​៣៥​រូប

By ឌឹ ខេមបូឌា ដេលី

April 04, 2024

ក្រសួង​មហាផ្ទៃ ស្នើ​ឱ្យ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត ពិនិត្យ​ស្រាវជ្រាវ និង​ចាត់ចែង​ដោះស្រាយ​សំណើ​របស់​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ស្វែងរក​អន្តរាគមន៍​ពី​ក្រសួង​ជុំវិញ​ការ​ផ្លាស់ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​ខ្លួន​ចំនួន ៣៥​រូប ដែល​ជាប់​ឆ្នោត​កាលពី​ពេល​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២។

ក្នុង​លិខិត​ចុះ​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៤ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោក ប្រាក់ សំអឿន បាន​អះអាង​ថា គណបក្ស​ភ្លើង​ទៀន​បាន​ស្នើ​ផ្លាស់ប្ដូរ​សមាជិក​ចំនួន ៣៥​រូប​ដោយសារ​ពួកគេ​មាន​ខ្លះ​បាន​ទទួល​មរណភាព រីឯ​ខ្លះ​ទៀត​បាត់បង់​សមាជិកភាព​ពី​គណបក្ស​នយោបាយ និង​បាន​លាឈប់​ពី​ការងារ។

លិខិត​ដដែល​បាន​សរសេរ​ថា ពាក់ព័ន្ធ​នឹង​ករណី​នេះ ក្រសួង​មហាផ្ទៃ​ស្នើ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត ពិនិត្យ ស្រាវជ្រាវ និង​ចាត់ចែង​ដោះស្រាយ​សំណើ​ខាងលើ​ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន។

ការ​ស្នើ​របស់​ក្រសួង​មហាផ្ទៃ​ពាក់ព័ន្ធ​នឹង​ការ​ផ្លាស់ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំង ៣៥​នាក់​នោះ កើត​ឡើង​ក្រោយ​ពេល​បក្ស​ភ្លើង​ទៀន បាន​ធ្វើ​សន្និសីទ​រួម​គ្នា​មួយ​ជាមួយ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​សុំ​ឱ្យ​ក្រសួង​ជួយ​ដោះដូរ​អង្គ​បោះឆ្នោត​ចំនួន ៣៥​នាក់ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​នៅ​ខែ​ឧសភា ខាងមុខ។

កន្លង​មក គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​អះអាង​ថា ស្ថាប័ន​មាន​សមត្ថកិច្ច​មិន​បាន​ឆ្លើយតប​រួសរាន់​នឹង​សំណើ​សុំ​ផ្លាស់ប្ដូរ​សមាសភាព​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​របស់​បក្ស​ភ្លើង​ទៀន ដែល​ចេញ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ផ្សេង​នោះ​ទេ។ គណបក្ស​ភ្លើង​ទៀន សម្ដែង​នូវ​ការ​បារម្ភ និង​ខកចិត្ត​ចំពោះ​ការ​ធ្វើ​ឲ្យ​រាំងស្ទះ​ក្នុង​ការ​ផ្លាស់ប្ដូរ ឬ​ដោះដូរ​នេះ។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​លើកឡើង​ថា ទង្វើ​របស់​អាជ្ញាធរ​ហាក់បីដូចជា​មាន​ចេតនា​ក្នុង​ការ​បំបាក់​ស្មារតី​អង្គ​បោះឆ្នោត​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​គណបក្ស​ភ្លើង​ទៀន បំពាន​លើ​មាត្រា​១៦ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់ និង​មិន​ស្រប​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ។

អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន លោក លី សុធារ៉ាយុត្តិ ថ្លែង​ថា លោក​សង្ឃឹម​ថា​ការ​ផ្លាស់ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ចំនួន ៣៥​នាក់​នេះ នឹង​ធ្វើ​ទៅ​បាន​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​នា​ខែ​ឧសភា ខាងមុខ​នេះ ដើម្បី​កុំ​ឱ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ភ្លើង​ទៀន បាត់បង់​សំឡេង​អង្គ​បោះឆ្នោត។

គណបក្ស​ភ្លើង​ទៀន មាន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​របស់​ខ្លួន​សរុប​ចំនួន ២១៩៨​នាក់ ដោយសារតែ​គណបក្ស​នេះ​មិន​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ គណបក្ស​ភ្លើង​ទៀន​បាន​ជ្រើសរើស​បក្ស​ឆន្ទៈ​ខ្មែរ ដែល​ស្ថិត​នៅ​ក្នុង​សម្ពន្ធភាព​ជាមួយ​គ្នា ឲ្យ​ឈរឈ្មោះ​ប្រកួត​ប្រជែង។

មុន​ការ​បោះឆ្នោត​ព្រឹទ្ធសភា គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ ធ្លាប់​រំពឹង​ថា ខ្លួន​នឹង​ឈ្នះ​បាន ៩​អាសនៈ ប៉ុន្តែ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ឈរឈ្មោះ​ជំនួស​ឱ្យ​គណបក្ស​ភ្លើង​ទៀន ឈ្នះ​បានតែ ៣​អាសនៈ​ប៉ុណ្ណោះ ដោយសារ​អង្គ​បោះឆ្នោត​ដែល​ជា​កូតា​ចេញពី​គណបក្ស​ភ្លើង​ទៀន ប្រមាណ ៣០% មិន​បាន​បោះ​ឱ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ។

ការ​បោះឆ្នោត​ព្រឹទ្ធសភា កាលពី​ខែ​កុម្ភៈ មាន​ការ​ចូលរួម​ប្រកួតប្រជែង​ពី​គណបក្ស​ចំនួន​បួន គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ឈរ​ជំនួស​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​កម្លាំង​ជាតិ៕