30 C
Phnom Penh

លោក ចូ បៃដិន ប្រាប់​លោក ស៊ី ជីនពីង ឱ្យ​ប្រើ​ឥទ្ធិពល​ចិន ដើម្បី​សន្តិភាព​សម្រាប់​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ប្រាប់​ទៅ​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន ឱ្យ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ដាក់​ទៅ​លើ​របប​ក្រុង​មូស្គូ ដែល​ថា​ត្រូវ​គាប​ឱ្យ​រុស្ស៊ី បញ្ចប់​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។

បណ្ដាញ​ផ្សាយ​ព័ត៌មាន Bloomberg ចុះផ្សាយ​កាលពី​ថ្ងៃទី​៣ ខែ​មេសា ថា លោក ចូ បៃដិន បាន​លើក​ទូរសព្ទ​សន្ទនា​គ្នា​ជាមួយ​លោក ស៊ី ជីនពីង ដោយ​ប្រើ​ពេល​ដល់ ១០៥​នាទី។

Bloomberg ថា​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មេដឹកនាំ​ប្រទេស​មហាអំណាច​ពីរ​នេះ បាន​សន្ទនា​គ្នា​ជា​ថ្មី​ទៀត បន្ទាប់ពី​បាន​ជួប​គ្នា​ដោយ​ផ្ទាល់​នៅ​រដ្ឋ California សហរដ្ឋ​អាមេរិក កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នៅ​ពេល​លោក ស៊ី ទៅ​ចូលរួម​វេទិកា​នៃ​ប្រទេស​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក។

តាម​លោក John Kirby ជា​មន្ត្រី​ទំនាក់ទំនង​សន្តិសុខ​ជាតិ​នៃ​សេតវិមាន ដែល​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន ការ​សន្ទនា​គ្នា​រយៈពេល​មួយ​ម៉ោង និង ៤៥​នាទី​កាលពី​ថ្ងៃ​អង្គារ ទី​២ ខែ​មេសា មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ស៊ីជ្រៅ ជុំវិញ​ស្ថានភាព​ពិភពលោក និង​អំពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋ​អាមេរិក និង​ចិន។ ប៉ុន្តែ​របៀបវារៈ​អំពី​សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន គឺជា​ប្រធានបទ​ដ៏​សំខាន់ ដែល​លោក​ថា លោក បៃដិន ស្នើ​ត្រង់​ទៅ​លោក ស៊ី ថា ពិភពលោក​មិន​គួរ​លើក​ទឹកចិត្ត​ឱ្យ​មាន​សង្គ្រាម​ធ្ងន់ធ្ងរ​នៅ​អ៊ុយក្រែន នោះ​ទេ ហើយ​សង្ឃឹម​ថា​ចិន នៅតែ​ជា​ប្រទេស​ជួយ​ស្ដារ​សណ្ដាប់ធ្នាប់​ពិភពលោក។

ជាមួយ​នឹង​ការ​លើកឡើង​អំពី​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន លោក បៃដិន និង​លោក ស៊ី ជីនពីង ក៏​បាន​សន្ទនា​ចំពោះ​ភាព​តានតឹង​ជុំវិញ​បញ្ហា​តៃវ៉ាន់ និង​សមុទ្រ​ចិន​ខាងត្បូង។

លោក ចូ បៃដិន បាន​ព្យាយាម​ស្វែងរក​ការ​គ្រប់គ្រង​ភាព​តានតឹង​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​មេដឹកនាំ​ថ្មី​កោះ​តៃវ៉ាន់ នៅ​ខែ​ឧសភា ខាងមុខ។

លោក John Kirby មន្ត្រី​ទំនាក់ទំនង​សន្តិសុខ​ជាតិ​នៃ​សេតវិមាន បាន​ឱ្យ​ដឹង​ថា លោក បៃដិន បាន​ប្រើប្រាស់​កិច្ច​សន្ទនា​តាម​ទូរសព្ទ​ដើម្បី​បញ្ជាក់​ពី​សារសំខាន់​នៃ​ការ​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ទូទាំង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ រួម​ទាំង​លើកឡើង​អំពី​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរ​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ វិញ លោក ស៊ី ជីនពីង បាន​លើកឡើង​ដែរ​ថា ទំនាក់ទំនង​រវាង​ចិន និង​សហរដ្ឋ​អាមេរិក កំពុង​ចាប់ផ្ដើម​មាន​ស្ថិរភាព ប៉ុន្តែ​បាន​ព្រមាន​ពី​លទ្ធភាព​ដែល​ប្រទេស​ទាំង​ពីរ​អាច​នឹង​ធ្លាក់​ចូល​ក្នុង​ជម្លោះ ឬ​ការ​ប្រឈមមុខ​ដាក់​គ្នា។

ភ្លាមៗ​ក្រោយ​ការ​ប្រកាស​ពី​កិច្ច​សន្ទនា​រវាង​លោក បៃដិន និង​លោក ស៊ី ជីនពីង បិទ​បញ្ចប់ លោក John Kirby បាន​និយាយ​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ក្នុង​ទីក្រុង​ប៉េកាំង របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក អ្នកស្រី Janet Yellen ក្នុង​សប្ដាហ៍​នេះ។

កិច្ច​សន្ទនា​តាម​ទូរសព្ទ​រវាង​លោក បៃដិន និង​លោក ស៊ី ជីនពីង កើត​មាន​ឡើង​នៅ​មុន​លោក ចូ បៃដិន បើក​កិច្ចប្រជុំ​ត្រីភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida និង​ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos នៅ​សប្ដាហ៍​ក្រោយ ហើយ​ការ​ដែល​លោក បៃដិន ស្នើ​ឱ្យ​លោក ស៊ី ប្រើ​ឥទ្ធិពល​ចិន ទៅ​លើ​រុស្ស៊ី ដើម្បី​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ក៏​ទន្ទឹម​នឹង​ដំណឹង​ពី​ប្រទេស​បារាំង មក​ថា លោក ស៊ី នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ប៉ារីស នៅ​ក្នុង​ខែ​ឧសភា ខែ​ក្រោយ​នេះ។

ប្រទេស​បារាំង កំពុង​ស្វែងរក​ការពិត​ថា តើ​ចិន​ដែល​អះអាង​ពី​ការ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​ចំពោះ​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន ថា​តើ​ក្រុង​ប៉េកាំង ប្រកាន់​ជំហរ​អព្យាក្រឹត្យ​នេះ​មាន​ភាព​ប្រាកដប្រជា​កម្រិត​ណា ដែល​គេ​ថា​អំឡុង​រុស្ស៊ី និង​អ៊ុយក្រែន ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​ជាង ២​ឆ្នាំ​មក​នេះ ចិន​មាន​ទំនោរ​ទៅ​រក​រុស្ស៊ី កាន់តែ​ខ្លាំង​រហូត​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ជួប​គ្នា​ទៀត​ផង។

ក្នុង​អំឡុង​សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន នេះ ចិន​មិន​បាន​ថ្កោលទោស​រុស្ស៊ី នោះ​ទេ ទោះជា​ប្រទេស​ជាង ១៣០ រួម​គ្នា​ថ្កោលទោស​ក្រុង​មូស្គូ ក៏ដោយ។ ចិន បាន​ត្រឹមតែ​បោះឆ្នោត​អនុប្បវាទ ហើយ​ពេល​ខ្លះ​ជំទាស់​ទៀត​ផង ដូចជា​ករណី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដាក់​ចេញ​នូវ​សេចក្ដី​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី គឺ​ចិន​បោះឆ្នោត​ជំទាស់។

អំឡុង​វត្តមាន​របស់​លោក ស៊ី នៅ​ទីក្រុង​ប៉ារីស ក្នុង​ខែ​ឧសភា នេះ គេ​រំពឹង​ថា​លោក Macron នឹង​បន្ត​ស្នើ​ឱ្យ​ចិន ប្រកាន់​យក​គោលការណ៍​អព្យាក្រឹត្យ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​នេះ ដោយ​មិន​ត្រូវ​មាន​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​រុស្ស៊ី ទាំង​សេដ្ឋកិច្ច និង​យោធា ជាពិសេស​ទំនាក់ទំនង​លើ​វិស័យ​យោធា​ទ្វេភាគី​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ។

រដ្ឋមន្ត្រី​ការបរទេស​បារាំង Stephane Sejourne បាន​លើកឡើង​នៅ​ចំពោះ​មុខ​សមភាគី​ចិន លោក វ៉ាង យី នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​ថា ព្រោះតែ​ចិន​មាន​តួនាទី​គន្លឹះ​នូវ​ការ​ប្រកាន់​ភាព​អព្យាក្រឹត្យ​ជុំវិញ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ហើយ​ចិន​គោរព​ច្បាប់​អន្តរជាតិ និង​បូរណភាព​ដែនដី​អ៊ុយក្រែន ទើប​បារាំង ចង់​ឱ្យ​ចិន នាំ​សារ​ដ៏​ច្បាស់លាស់​មួយ​ទៅ​ប្រាប់​រុស្ស៊ី ពី​ផលវិបាក​ដល់​ពិភពលោក​ដោយសារ​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស