អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥ របស់កម្ពុជា ដែលបានសម្រេចជ្រើសលោក ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា ពីព្រោះដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅមិនសេរី និងមិនយុត្តិធម៌។
អង្គការនេះអំពាវនាវឲ្យបណ្តាម្ចាស់ជំនួយកម្ពុជាទាំងអស់ រួមគ្នាដាក់សម្ពាធទៅលើរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់រាល់សកម្មភាពគំរាមកំហែង និងការបំបិទសំឡេងក្រុមអ្នកប្រឆាំងតទៅទៀត។
កាលពីថ្ងៃពុធ ទី៣ មេសា Human Rights Watch បានចេញសេចក្តីថ្លែងការណ៍អះអាងថា អំពើពុករលួយស៊ីសំណូកសូកប៉ាន់ និងប្រព័ន្ធច្បាប់ដ៏លម្អៀងរបស់កម្ពុជា បានរារាំងអ្នកនយោបាយគណបក្សប្រឆាំងមិនឱ្យគាំទ្រតំណាងបេក្ខជនរបស់ខ្លួននៅក្នុងការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥ នេះ។
ទោះជាបែបនេះក្តី ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានប្រាប់សារព័ត៌មានក្នុងស្រុកថា វាជារឿងគួរឱ្យខ្មាសអៀន និងគ្មានតម្លៃអ្វីទាំងអស់ដែលអង្គការ Human Rights Watch មិនទទួលស្គាល់ការបោះឆ្នោតព្រឹទ្ធសភានៅកម្ពុជា។ លោកថា កម្ពុជាជារដ្ឋអធិបតេយ្យមួយ ដែលរាល់ការសម្រេចចិត្តរបស់អ្នកដឹកនាំជាសិទ្ធិសម្រេចរបស់ពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោត។
ការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ លទ្ធផលបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈក្នុងចំណោមអាសនៈទាំង ៦២ ដែលមាននៅក្នុងព្រឹទ្ធសភា។
នាសម័យប្រជុំដំបូងនៃព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានថ្លែងក្នុងវិមានព្រឹទ្ធសភាដែលមានវត្តមានពីអង្គទូតនានាប្រចាំនៅកម្ពុជាថា លោកនឹងការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញ របបរាជានិយម និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ។
លោកថា ការងារអាទិភាពរបស់ព្រឹទ្ធសភា រួមមានការលើកកម្ពស់ការទូតសភា ដើម្បីពង្រឹងទំនាក់ទំនងដៃគូអន្តរជាតិ និងធ្វើការរួមគ្នាតាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាជាសកល ដូចជា បញ្ហាសង្គ្រាម ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងមហាអំណាច និងបញ្ហាផ្សេងទៀត ជាដើម។
លោក ហ៊ុន សែន ដែលធ្លាប់ដឹកនាំប្រទេសកម្ពុជាជិត ៤ទសវត្សរ៍ ត្រូវបានអ្នកវិភាគនយោបាយមួយចំនួនមើលឃើញថា លោកនឹងនៅតែបន្តមានឥទ្ធិពលក្នុងជួររដ្ឋាភិបាល ហើយការចាកចេញពីស្ថាប័នរដ្ឋសភា ទៅដឹកនាំស្ថាប័នព្រឹទ្ធសភានោះ គឺដើម្បីការពារសុវត្ថិភាពនៃការកាន់អំណាចកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ដែលបាន និងកំពុងស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រីជាង ៧ខែ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily ថា ការដើរចេញពីតំណែងជានាយករដ្ឋមន្ត្រី និងពីសមាជិកសភាទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា មិនមែនជាការដើរចេញពីអំណាចទេ ប៉ុន្តែគឺជាល្បែងពង្រឹងគ្រឹះអំណាចគ្រួសារ ដោយប្រើស្ថាប័នព្រឹទ្ធសភាជាឧបករណ៍សម្រាប់ប្រថាប់ត្រា និងគាបសង្កត់ជាចំហ ដោយការប្រើគណបក្សប្រជាជនកម្ពុជាជាឈ្នាន់ ទាំងភ្លឺ ទាំងងងឹត កាន់តែងាយស្រួលជាងមុនប៉ុណ្ណោះ៕