ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្រេចត្រាស់បង្គាប់តែងតាំងទីប្រឹក្សាសម្រាប់ប្រធានព្រឹទ្ធសភាអាណត្តិថ្មីចំនួន ៧៣នាក់ តាមសំណើទូលថ្វាយពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ដែលអ្នកខ្លះមានឋានៈស្មើនឹងទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការដែលមានចំនួនលើសទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភាអាណត្តិទី៤ ទ្វេដង។
ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ក្រៅពីត្រាស់បង្គាប់តែងតាំងទីប្រឹក្សាចំនួន ៧៣នាក់ ព្រះអង្គតែងតាំងនាយក និងនាយករងខុទ្ទកាល័យចំនួន ៦នាក់ និងជំនួយការម្នាក់សម្រាប់ប្រធានព្រឹទ្ធសភាអាណត្តិថ្មី តាមសំណើរបស់លោក ហ៊ុន សែន ខណៈអនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា ក៏ទទួលបានការត្រាស់បង្គាប់តែងតាំងទីប្រឹក្សា នាយក និងនាយករងខុទ្ទកាល័យ ព្រមទាំងជំនួយការតាមសំណើរបស់លោក ហ៊ុន សែន ដែរ។
ការតែងតាំងទីប្រឹក្សា ជំនួយការ នាយក និងនាយករងខុទ្ទកាល័យសម្រាប់អនុប្រធាន និងប្រធានព្រឹទ្ធសភា នៅពេលនេះ ធ្វើឡើងបន្ទាប់ពីស្ថាប័នព្រឹទ្ធសភាត្រូវបានរៀបចំបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានសម្រាប់អាណត្តិថ្មីកាលពីថ្ងៃពុធ ទី៣ មេសា កន្លងទៅនេះ។
កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ព្រឹទ្ធសភាបានបើកកិច្ចប្រជុំលើកដំបូងសម្រាប់អាណត្តិទី៥ ក្នុងនោះ លោក ហ៊ុន សែន ក៏ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភាសម្រាប់អាណត្តិថ្មីនេះជំនួសលោក សាយ ឈុំ ស្របពេលដែលលោក ប្រាក់ សុខុន និងលោក អ៊ុច បូរិទ្ធិ ត្រូវបានជ្រើសរើសឱ្យធ្វើជាអនុប្រធានទី១ និងទី២ ផងដែរ។
កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងទីប្រឹក្សា នាយក និងនាយករងខុទ្ទកាល័យ ព្រមទាំងជំនួយការសម្រាប់ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ កាលពីអាណត្តិទី៤ សរុបត្រឹមតែ ៣១នាក់ប៉ុណ្ណោះ ប៉ុន្តែបើប្រៀបធៀបនឹងទីប្រឹក្សា នាយក និងនាយករងខុទ្ទកាល័យ ព្រមទាំងជំនួយការសម្រាប់ប្រធានព្រឹទ្ធសភាអាណត្តិថ្មីនេះ គឺមានចំនួនច្រើនជាងមុនទ្វេដង ដែលគិតជាសរុបគឺមានចំនួនដល់ទៅ ៨០នាក់ឯណោះ។
ទាក់ទិននឹងបញ្ហានេះ គេសង្កេតឃើញថា ទាំងនាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភាថ្មីលោក ហ៊ុន សែន សុទ្ធតែបានតែងតាំងទីប្រឹក្សា ជំនួយការកាន់តែច្រើនសម្រាប់ការដឹកនាំរបស់ខ្លួន ក្នុងនោះគ្រាន់តែលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបានត្រឹមតែជាង ២០ថ្ងៃ ចំនួនទីប្រឹក្សា និងសមាជិករដ្ឋាភិបាល ត្រូវបានតែងតាំងរហូតដល់ទៅជិត ៤ពាន់នាក់ (៣៨០៩នាក់) ឯណោះ។ ទង្វើនេះរងនូវការរិះគន់ថា ជាការតែងតាំងបក្ខពួកខ្លួនបែបនេះកំពុងនាំទៅរកការបំផ្លាញថវិកាជាតិធ្ងន់ធ្ងរ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ មេសា នេះថា ការតែងតាំងទីប្រឹក្សាច្រើនបែបនេះ មិនមែនជារឿងចម្លែកទេសម្រាប់គណបក្សប្រជាជនកម្ពុជា ហើយមិនមែនជារឿងថ្មីដែរ ត្បិតការតែងតាំងតួនាទីបែបនេះ គឺធ្វើឡើងក្នុងបំណងផ្តល់ឋានៈបុណ្យស័ក្តិដល់សមាជិករបស់បក្សកាន់អំណាចប៉ុណ្ណោះ។
លោក សេក សុជាតិ លើកឡើងថា ក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងជួបនូវសេដ្ឋកិច្ចទន់ជ្រាយដូចសព្វថ្ងៃនេះ ការតែងតាំងទីប្រឹក្សាហួសមាឌ គឺជារឿងដែលមិនសមទំនងនោះទេ។ ជាងនេះទៀត តំណែងទីប្រឹក្សាទាំងនោះក៏គេនៅមិនដឹងថា តើនឹងមានប្រសិទ្ធភាពបែបណានោះដែរ ព្រោះបើតាមបទពិសោធន៍កន្លងមក មន្ត្រីទីប្រឹក្សាខ្លះប្រើតំណែងនេះដើម្បីតែស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះ បញ្ជាក់ថា ការផ្តល់តំណែងទីប្រឹក្សារបស់មន្ត្រីរដ្ឋាភិបាលកន្លងមក ទាំងក្នុងស្ថាប័នរដ្ឋាភិបាលដែលមានក្រសួងជិត ៣០ និងស្ថាប័នរដ្ឋសភា ព្រមទាំងស្ថាប័នព្រឹទ្ធសភា ជាដើម គឺដើម្បីតែបំពេញបំណងសមាជិកគណបក្សប្រជាជនកម្ពុជា ដែលចង់បានតំណែងនោះតែប៉ុណ្ណោះ ខណៈប្រសិទ្ធភាពការងារពីមុខនាទីរបស់ពួកគេ គឺពិបាកនឹងឱ្យប្រជាពលរដ្ឋផ្តល់ក្តីសង្ឃឹមលើមន្ត្រីទាំងនោះខ្លាំងណាស់រយៈពេលកន្លងមក។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គ្រាន់តែជារដ្ឋាភិបាលពុកផុយមួយប៉ុណ្ណោះ ទោះបីជាគណបក្សនេះមានសមាជិកច្រើនដាច់លើសគណបក្សនយោបាយដទៃទៀតក៏ដោយ ព្រោះថាអ្នកទាំងនោះមិនមែនប្រមូលផ្ដុំក្នុងគណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ជាតិទេ គឺប្រមូលផ្ដុំគ្នាដើម្បីហែកហួរ និងដណ្តើមទ្រព្យសម្បត្តិជាតិខ្មែរចែកគ្នាធ្វើមានធ្វើបានរៀងៗខ្លួនប៉ុណ្ណោះ ក្នុងនោះគឺរាប់ចាប់តាំងពីគ្រួសារលោក ហ៊ុន សែន ផងដែរ៕