ក្រុមអ្នកតស៊ូមតិកម្ពុជា (CAT) ចាត់ទុកកិច្ចប្រជុំដែលរៀបចំដោយសាលាក្រុងភ្នំពេញ ដែលមានសមាសភាពចូលរួមដោយអាជ្ញាធរមានសមត្ថកិច្ចជិត ២០អង្គភាព តទល់ជាមួយនឹងប្រធានគណបក្សកម្លាំងជាតិតែម្នាក់ គឺជារូបភាពគំរាមកំហែង និងបំភិតបំភ័យ ជុំវិញការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជាសព្វថ្ងៃនេះ។
ក្រុមអ្នកតស៊ូមតិកម្ពុជា សរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នេះថា ជារឿងដែលហួសចិត្ត និងគួរឱ្យអស់សំណើចជាទីបំផុត ដែលសាលាក្រុងភ្នំពេញអញ្ជើញឱ្យប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ចូលរួមក្នុងកិច្ចប្រជុំមួយដែលតទល់នឹងមន្ត្រីចំនួន ១៦អង្គភាព និងស្ថាប័ន ដោយគ្រាន់តែដើម្បីពិភាក្សាលើការជូនដំណឹងធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ក្នុងបំណងទាមទារឱ្យដោះលែងសមាជិកគណបក្សកម្លាំងជាតិ ដែលត្រូវបានចាប់ឃុំខ្លួនកាលពីពេលកន្លងទៅនោះ។
ប្រភពដដែលលើកឡើងថា កិច្ចប្រជុំមួយដែលមានការរៀបចំមានលក្ខណៈដោយប្រើរូបភាពជាបណ្ដាញ និងបក្ខពួកមន្ត្រីក្នុងជួររដ្ឋាភិបាល ដូចជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្នងការនគរបាលជាតិ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ដែលត្រូវតទល់នឹងប្រធានគណបក្សកម្លាំងជាតិតែម្នាក់ គឺប្រៀបដូចជាការប្រើញញួរដ៏ធំមួយសម្រាប់ដំសត្វរុយដូច្នោះដែរ។
ក្រុមអ្នកតស៊ូមតិកម្ពុជា បញ្ជាក់ថា ទង្វើរបស់សាលារាជធានីភ្នំពេញបែបនេះ ក៏បង្ហាញឱ្យឃើញដែរថា រដ្ឋាភិបាលកម្ពុជាក្រោមការគ្រប់គ្រងរបស់បក្សប្រជាជនកម្ពុជា កំពុងគាបសង្កត់យ៉ាងខ្លាំងទៅលើសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិនយោបាយរបស់ពលរដ្ឋ ជាពិសេសគឺក្រុមប្រឆាំងដែលតវ៉ានឹងការដឹកនាំមិនត្រឹមត្រូវរបស់រដ្ឋាភិបាលសព្វថ្ងៃនេះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសាលាក្រុងភ្នំពេញបានចេញលិខិតមួយ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយអញ្ជើញឱ្យប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ចូលរួមកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធចំនួន ១៦នាក់ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នេះ ដែលត្រូវតទល់នឹងមន្ត្រីរដ្ឋាភិបាលមកពីអង្គភាព និងស្ថាប័នផ្សេងៗ ដើម្បីពិភាក្សាអំពីការធ្វើបាតុកម្មដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ នៅចុងខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។
លិខិតខាងលើ បញ្ជាក់ថា សមាសភាពចូលរួមពិភាក្សាលើករណី មានដូចជា៖
- មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ
- អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ
- នាយក និងនាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ
- អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ
- នាយក និងនាយករងទីចាត់ការកិច្ចការច្បាប់ និងសិទ្ធិមនុស្ស
- អ្នកនាំពាក្យសាលារាជធានីភ្នំពេញ
- អធិការនគរបាលខណ្ឌឫស្សីកែវ
- មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ
- ព្រមទាំងប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យសុវត្ថិភាពសាធារណៈជាច្រើននាក់ទៀតផងដែរ ខណៈភាគីបក្សកម្លាំងជាតិ គឺមានតែលោក ស៊ុន ចន្ទី តែម្នាក់ប៉ុណ្ណោះ។
កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ គណបក្សកម្លាំងជាតិ បានចេញលិខិតមួយទៅកាន់រដ្ឋបាលក្រុងភ្នំពេញ ដើម្បីជូនដំណឹងពីការប្រមូលផ្ដុំសម្ដែងមតិដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យដែលមានសមាជិកចូលរួមប្រមាណជា ១៥០នាក់ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្នុងបំណងតវ៉ាទាមទារឱ្យរដ្ឋាភិបាលដោះលែងលោក អ៊ុំ វីរៈរដ្ឋ, លោក មី សេងហ៊ ហៅ គា វិសាល ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោមហេតុផលនយោបាយកាលពីពេលថ្មីៗនេះ។
ច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី មាត្រា៥ ចែងថា ក្រុមបុគ្គលដែលមានបំណងរៀបចំធ្វើបាតុកម្មដោយសន្តិវិធីនៅទីកន្លែងសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់អាជ្ញាធរដែនដីមានសមត្ថកិច្ចនៅកន្លែងនោះ។ ក្នុងច្បាប់នេះ មិនបានតម្រូវឱ្យក្រុមបុគ្គលដែលមានបំណងរៀបចំធ្វើបាតុកម្មដោយសន្តិវិធី ត្រូវតែសុំច្បាប់អនុញ្ញាតពីអាជ្ញាធរដែនដីឡើយ។
យ៉ាងណាក៏ដោយ ការប្រកាសធ្វើបាតុកម្មដោយសន្តិវិធីកន្លងមក ពីសំណាក់គណបក្សនយោបាយ, សកម្មជនសង្គម, កម្មករនិយោជិត, សកម្មជនដីធ្លី, សកម្មជនបរិស្ថាន, និងសកម្មជននានា ត្រូវបានហាមឃាត់ និងធ្វើការរារាំងពីសំណាក់អាជ្ញាធរជាបន្តបន្ទាប់ ក្រោមហេតុផលថា ការធ្វើបាតុកម្មដោយសន្តិវិធីរបស់អ្នកទាំងនោះ គឺគ្មានច្បាប់អនុញ្ញាត ក្នុងនោះក៏មានការចាប់ឃុំខ្លួននាពេលកន្លងមកថែមទៀត ដោយរងនូវការចោទប្រកាន់ថា ការប្រមូលផ្ដុំធ្វើបាតុកម្មទាំងនោះ គឺជាអំពើញុះញង់ដែលខុសទៅក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា៕