ក្រុមអ្នកវិភាគលើកឡើងថា ការប្រកាសរបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន សុំជួបជាមួយមេយោធានៃរបបសឹកភូមាលោក មីន អ៊ុងឡាំង នៅពេលនេះ គឺដើម្បីបង្កើតចំណងទំនាក់ទំនងអំណាចគ្រួសាររបស់គាត់ឱ្យកាន់តែរឹងមាំប៉ុណ្ណោះ មិនមែនដើម្បីដោះស្រាយវិបត្តិភូមា ទេ ព្រោះវិបត្តិភូមា មានប្រធានអាស៊ានចូលទៅដោះស្រាយ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី០៩ មេសា នេះថា លោក ហ៊ុន សែន ដឹងថាពេលវេលារស់នៅរបស់គាត់កាន់តែខ្លីក្នុងការជួយកូនៗរបស់គាត់ ដូច្នេះមានតែត្រូវប្រើលេសជាប្រធានព្រឹទ្ធសភាកាត់មុខលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី ទៅសុំជួបមេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង ដើម្បីទុកផ្លូវក្រោយពីរច្រក ក្នុងកាលៈទេសៈដែលអំណាចគ្រួសារហ៊ុនកាន់តែផុយស្រួយនៅពេលខាងមុខ។
លោក គឹម សុខ លើកឡើងថា ផ្លូវក្រោយទី១ គឺការសុំជំនួយយោធាជាសម្ងាត់ពីរបបសឹកយោធាភូមា ក្នុងពេលចាំបាច់ដណ្តើមអំណាចណាមួយ។ ចំណែកផ្លូវក្រោយទី២ ប្រសិនបើអំណាចគ្រួសារហ៊ុន ដួលរលំ នោះក្រុមគ្រួសាររបស់គាត់អាចទៅសុំជ្រកកោនក្នុងទឹកដីភូមា បាន ពីព្រោះភូមិសាស្ត្រប្រទេសភូមា ជាប់ប្រទេសចិន ដែលងាយស្រួលឱ្យគាត់អាចទាក់ទងចិន ធ្វើជាខ្នងបង្អែកបន្តទៀត។
អ្នកវិភាគរូបនេះបញ្ជាក់ថា ផ្លូវក្រោយទាំងពីរដែលលោកបានរៀបរាប់មកនេះ លោក ហ៊ុន សែន ក៏ខំធ្វើជាមួយគណបក្សភឿថៃ របស់គ្រួសាររបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែរ ប៉ុន្តែការសហការជាមួយគ្រួសារលោក ថាក់ស៊ីន មិនទាន់ធានាទំនុកចិត្តសម្រាប់គាត់ដូចរបបផ្ដាច់ការភូមា នោះទេ ព្រោះយ៉ាងហោចណាស់ ប្រទេសថៃ នៅមានលំហប្រជាធិបតេយ្យ និងជាប្រទេសមួយដែលអំណាចមិនស្ថិតលើបុគ្គលណាម្នាក់ដូចប្រទេសកម្ពុជា និងប្រទេសភូមា។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានព្រឹទ្ធសភាកម្ពុជា និងជាមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ប្រកាសសុំជួបមេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង ក្រោយឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភានៅពេលនេះ។
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោក Kyaw Soe Min នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានប្រកាសសុំជួបមេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង ដើម្បីពិគ្រោះពិភាក្សាស្វែងរកដំណោះស្រាយវិបត្តិនៅភូមា ដែលកំពុងជាប់គាំងសព្វថ្ងៃនេះ។
ក្នុងជំនួបនេះ លោក ហ៊ុន សែន បញ្ជាក់ថា ការរងទុក្ខលំបាកវេទនារបស់កម្ពុជាបន្ទាប់ពីចេញពីរបបខ្មែរក្រហម និងត្រូវបានទទួលរងការដាក់ទណ្ឌកម្មពីបណ្តាប្រទេសផ្សេងៗ បើប្រៀបធៀបជាមួយនឹងភូមា បច្ចុប្បន្ននេះ គឺកម្ពុជាស្ទើរតែធ្ងន់ធ្ងរជាងប្រទេសភូមា ទៅទៀត ប៉ុន្តែដោយគោលនយោបាយឈ្នះឈ្នះរបស់លោក និងការជម្នះរបស់កម្ពុជា ក្រោមការដឹកនាំរបស់លោក និងគណបក្សប្រជាជនកម្ពុជា បាននាំមកនូវការបង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនរហូតដល់បច្ចុប្បន្ននេះ។
ជុំវិញបញ្ហានេះ គេដឹងថាលោក ហ៊ុន សែន ធ្លាប់ទទួលរងនូវការបរាជ័យម្តងរួចមកហើយក្នុងការទៅជួបមេដឹកនាំនៃរបបសឹកភូមា លោក មីន អ៊ុងឡាំង ដើម្បីរកដំណោះស្រាយវិបត្តិនៅភូមា ជាពិសេសការបរាជ័យក្នុងការជំរុញឱ្យរបបសឹកភូមា អនុវត្តនូវគោលការណ៍កុងសង់ស៊ីសទាំង ៥ចំណុចរបស់អាស៊ានកាលពីដើមឆ្នាំ២០២២ អំឡុងពេលដែលលោក ហ៊ុន សែន ធ្វើជាប្រធានអាស៊ានប្តូរវេននៅពេលនោះ។
ក្នុងជំនួបរបស់លោក ហ៊ុន សែន នៅពេលនោះ បានរងនូវការរិះគន់ជុំទិស ក្នុងនោះនាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោក Kenneth Roth បានរិះគន់ថា វាអាក្រក់ណាស់ទៅហើយដែលនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុងនាមតំណាងអាស៊ានទៅជួបមេរដ្ឋប្រហារនៅពេលដែលរបបសឹកភូមា មិនឲ្យលោក ហ៊ុន សែន ជួបមេដឹកនាំប្រជាធិបតេយ្យដែលកំពុងត្រូវបានឃុំខ្លួន ដូចជាអ្នកស្រី អ៊ុងសាន ស៊ូជី ជាដើមនោះ។
ទាក់ទិននឹងបញ្ហានេះ សារព័ត៌មានអន្តរជាតិ Nikkei Asia ក៏បានចុះផ្សាយនៅអំឡុងពេលនោះដែរ ដោយដាក់ចំណងជើងថា លោក ហ៊ុន សែន មានចរិតនយោបាយការទូតរបៀបជើងកាង ឬ Cowboy diplomacy ដែលនឹងធ្វើឱ្យប៉ះពាល់ដល់កុងសង់ស៊ីសរបស់អាស៊ាន ហើយក៏ជាហេតុធ្វើឱ្យអាស៊ានបែកបាក់សម្ព័ន្ធភាពផងដែរ ខណៈឥទ្ធិពលរបស់ចិន នៅក្នុងតំបន់កាន់តែរឹងមាំថែមទៀតព្រោះតែបញ្ហានេះ។
សារព័ត៌មានដដែលនេះបានសរសេរថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន បានធ្វើឱ្យមានការខឹងសម្បាទូទាំងប្រទេសភូមា ដែលក្រុមសង្គមស៊ីវិល និងសកម្មជនប្រជាធិបតេយ្យនាំគ្នាស្រែកទ្រហោយំចំពោះការទទួលស្គាល់នូវទង្វើដ៏ឃោរឃៅរបស់មេភេរវករភូមា ដែលនឹងធ្វើឱ្យរបបសឹកខុសច្បាប់របស់លោក មីន អ៊ុងឡាំង នេះកាន់តែមានភាពរឹងមាំបន្ថែមទៀត៕