31 C
Phnom Penh

អាជ្ញាធរ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ២០០​ករណី រឹបអូស​បាន​ជិត ២​តោន​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ប្រឆាំង​គ្រឿងញៀន​កម្ពុជា លើកឡើង​ថា ក្នុង​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០២៤ នេះ ខ្លួន​បង្ក្រាប​បាន​បទល្មើស​គ្រឿងញៀន​ជិត ២០០​ករណី (១៨១​ករណី) ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ជាង ៥០០​នាក់ (៥៤៨​នាក់) និង​រឹបអូស​គ្រឿងញៀន​បាន​ជិត ២​តោន (១​តោន ៧៨៣​គីឡូក្រាម)។

មន្ត្រី​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​សភាពការណ៍ និង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ត្រីមាស​ទី​១ សម្រាប់​ឆ្នាំ​២០២៤ កាលពី​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៤ ថា ក្រៅពី​ប្រតិបត្តិការ​បង្ក្រាប​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត​ទាំង ២៥ ក៏​បាន​បង្ក្រាប​ករណី​គ្រឿងញៀន​បាន​ជាង ១​ពាន់​ករណី (១៦៣១​ករណី) និង​ឃាត់​ខ្លួន​ជនសង្ស័យ​ជិត ៤​ពាន់​នាក់ (៣៩០៣​នាក់) ព្រមទាំង​រឹបអូស​គ្រឿងញៀន​បាន​ជាង ៨០​គីឡូក្រាម​ផង​ដែរ។

ប្រភព​ដដែល​លើកឡើង​ថា បច្ចុប្បន្ន​នេះ​គ្មាន​ប្រទេស​ណា​មួយ​គេច​ផុត​ពី​បញ្ហា​គ្រឿងញៀន​បាន​ឡើយ ក្នុង​នោះ ប្រទេស​កម្ពុជា​ក៏​ជាប់​ជា​ប្រទេស​ដែល​រងគ្រោះ​ដោយ​បញ្ហា​គ្រឿងញៀន​ដែរ ខណៈ​រាជរដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​លុប​បំបាត់​ឱ្យ​អស់​ការ​ជួញដូរ ការ​ចែកចាយ ការ​រក្សា​ទុក ឬ​ការ​ផលិត​គ្រប់​ប្រភេទ ឱ្យ​អស់​ពី​ប្រទេស​កម្ពុជា។

កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​សារធាតុ​គីមី​ផ្សំ​ថា ចាប់តាំងពី​ឆ្នាំ​២០២០ រហូត​ដល់​ចុង​ឆ្នាំ​២០២៣ កន្លង​ទៅ គ្រឿងញៀន និង​សារធាតុ​ផ្សំ បាន​លុកលុយ​ចូល​ប្រទេស​កម្ពុជា​ជិត ១​ពាន់​តោន (៦០០​តោន) ដែល​អាជ្ញាធរ​កម្ពុជា​បង្ក្រាប​បាន ក្នុង​នោះ ជនសង្ស័យ​ជាង ៧​ម៉ឺន​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ចំណោម​ជាង ៣​ម៉ឺន​ករណី។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លើកឡើង​ថា សព្វថ្ងៃ​នេះ ប្រទេស​កម្ពុជា​នៅតែ​បន្ត​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដោយ​ឥទ្ធិពល​គ្រឿងញៀន ដោយ​ការ​ចរាចរ​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់​កម្ពុជា​តាម​ផ្លូវ​គោក តាម​បញ្ញើ​ប្រៃសណីយ៍ និង​តាម​ផ្លូវ​អាកាស ជាដើម ក្នុង​នោះ​ក៏​មាន​ការ​ដឹកជញ្ជូន និង​ជួញដូរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​កម្ពុជា-ឡាវ និង​ការ​រក្សា​ទុក​គ្រឿងញៀន​ដែល​ត្រូវ​បាន​រក​ឃើញ​រាប់​រយ​គីឡូក្រាម​នៅ​តាម​ទីតាំង​ភូមិសាស្ត្រ​រាជធានី-ខេត្ត នៅ​តាម​ព្រំដែន និង​ខេត្ត​ជាប់​ដែនសមុទ្រ ដើម្បី​នាំចេញ​ទៅ​ក្រៅ​ប្រទេស​តាម​ច្រក​ផ្លូវគោក និង​តាម​ច្រក​សមុទ្រ។

ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ទី​ជនបទ​ក្នុង​បណ្តា​ខេត្ត​មួយ​ចំនួន បាន​ត្អូញត្អែរ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ជា​ហូរហែ​ថា ទោះបីជា​រដ្ឋាភិបាល​ប្រកាស​ពី​ការ​បង្ក្រាប​គ្រឿងញៀន​ក៏ដោយ ក៏​មន្ត្រី​មូលដ្ឋាន ជាពិសេស​មេ​ប៉ុស្តិ៍​នគរបាល​តាម​ឃុំ​នីមួយៗ នៅតែ​ប្រព្រឹត្ត​ល្មើស​បើក​ដៃ​ឱ្យ​មាន​ការ​ចែកចាយ​គ្រឿងញៀន​ដដែល​សព្វថ្ងៃ​នេះ។

ប្រភព​ប្រជាពលរដ្ឋ​អះអាង​ថា ពួកគាត់​មិន​ដឹង​ថា​ត្រូវ​ប្តឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មួយ​ណា​ទេ នៅ​ពេល​ដែល​មេ​ប៉ុស្តិ៍​ដែល​មាន​តួនាទី​បង្ក្រាប​គ្រឿងញៀន ក្លាយ​ទៅ​ជា​អ្នក​គប់គិត​ជាមួយ​អ្នក​ជួញដូរ​គ្រឿងញៀន​ទៅ​ហើយ​នោះ ខណៈ​យុវជន​ខ្មែរ​នៅ​តាម​ភូមិ-ឃុំ​ដែល​ជា​កម្លាំង​ស្នូល​របស់​ប្រទេស​ជាតិ​មួយ​ចំនួន​ធំ ក៏​បាន​ក្លាយ​ជា​ជនរងគ្រោះ​ពី​ការ​ប្រើប្រាស់​គ្រឿងញៀន​នេះ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ហើយ​នោះ។

ប្រជាពលរដ្ឋ​បញ្ជាក់​ថា យុវជន​ដែល​ប្រើប្រាស់​គ្រឿងញៀន បាន​ក្លាយ​ខ្លួន​ទៅ​ជា​ក្មេង​ទំនើង​បង្ក​អសន្តិសុខ​ក្នុង​ភូមិ-ឃុំ​ស្ទើរតែ​រាស់​ថ្ងៃ ខណៈ​វិធានការ​របស់​មេ​ប៉ុស្តិ៍​ដែល​ចាប់​ខ្លួន​ក្មេង​ទាំងនោះ​យក​ទៅ​ឃុំ​ទុក គឺ​បាន​ត្រឹមតែ ១​ថ្ងៃ ឬ ២​ថ្ងៃ​ប៉ុណ្ណោះ ពួកគេ​នឹង​ត្រូវ​ដោះលែង​មក​វិញ ហើយ​ការ​បង្ក​អសន្តិសុខ​ក្នុង​ភូមិ-ឃុំ គឺ​នៅតែ​បន្ត​កើត​មាន​ដដែល ខណៈ​ប្រជាពលរដ្ឋ​មិន​ហ៊ាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ទេ បន្ទាប់ពី​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​មិន​អើពើ​នឹង​ទង្វើ​ក្មេង​ទំនើង​ទាំងនោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ព្រមាន​ថា កន្លង​មក កម្ពុជា​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ផលិត​គ្រឿងញៀន​យក​ទៅ​ប្រទេស​ក្រៅ​ផង ជា​កន្លែង​ចរាចរ​សម្រាប់​ឆ្លងកាត់​ទៅ​ប្រទេស​ទី​៣ ផង​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ក្រុម​ឧក្រិដ្ឋជន​បាន​នាំគ្នា​មក​ផលិត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែម្តង ហើយ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​បាន​ដើរ​មុន​វិធានការ​របស់​រដ្ឋាភិបាល​មួយ​ជំហាន​រហូត ខណៈ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់​កម្ពុជា គឺ​នៅ​មាន​កម្រិត​នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស