33 C
Phnom Penh

តំណាង​ពលរដ្ឋ​រងគ្រោះ​រឿង​ដីធ្លី​រាប់​សិប​នាក់​ជាមួយ​ពួក​ឧកញ៉ា តវ៉ា​ដល់​មុខ​សាលា​រាជធានី​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ​រាប់​សិប​នាក់​ដែល​តំណាង​ឱ្យ​ពលរដ្ឋ​រងគ្រោះ​រាប់​សិប​គ្រួសារ មកពី​ភូមិ​ដំណាក់សង្កែ សង្កាត់​ព្រែកកំពិស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ជួយ​រក​យុត្តិធម៌ បន្ទាប់ពី​ក្រុមហ៊ុន អេកូ មេហ្គាបូលីស ឌីវេឡុបមិន ខបភើរេហ្សិន ឯ.ក (ECO MEGAPOLIS DEVELOPMENT CORPORATION CO., LTD) របស់​លោក ឃុន សៀ និង​អ្នកស្រី លីម លីណា ធ្វើ​ប្លង់​កម្មសិទ្ធិ (ប្លង់​រឹង) រំលោភ​លើ​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គាត់​កាលពី​ពេល​កន្លង​ទៅ។

ប្រជាពលរដ្ឋ​ដែល​តំណាង​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ពី​ការ​រំលោភ​ដីធ្លី បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ការ​តវ៉ា​ទាមទារ​នៅ​មុខ​សាលាក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៤ ដោយ​ស្នើសុំ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត និង​សាលា​ក្រុង​ភ្នំពេញ ជួយ​អន្តរាគមន៍​ចេញ​បណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ក្នុង​ភូមិ​ដំណាក់សង្កែ សង្កាត់​ព្រែកកំពិស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ឱ្យ​ពួកគេ​រស់នៅ​ដោយ​ស្រប​ច្បាប់​លើ​ដី​របស់​ខ្លួន ដែល​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៩៣ និង​អ្នក​ខ្លះ​ទៀត​បាន​កាន់កាប់​តាំងពី​អំឡុង​ឆ្នាំ​២០១៤ មក ព្រោះ​ថា​បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​មិន​អាច​រស់នៅ​លើ​ដី​នោះ​បាន​សុខ​ឡើយ។

ក្រុម​ប្រជាពលរដ្ឋ​តវ៉ា​ខាងលើ នាំគ្នា​កាន់​បដា​ជាច្រើន​ផ្ទាំង ដោយ​សរសេរ​ថា ដី​ផ្ទះ​គឺជា​អាយុជីវិត​របស់​ពួកគេ ហើយ​ការ​មិន​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ឱ្យ​ពួកគាត់ ប្រៀប​បីដូចជា​ការ​ដកហូត​ជីវិត​ពួកគាត់​ដូច្នោះ​ដែរ ចំណែក​បដា​ខ្លះ​ទៀត​សរសេរ​ថា អាជ្ញាធរ​មិន​អាច​មិន​ចេញ​ប្លង់​សម្គាល់​កម្មសិទ្ធិ​ស្រប​ច្បាប់​ឱ្យ​ពួកគាត់​ដោយ​គ្រាន់តែ​សំអាង​លើ​លិខិត​របស់​ក្រុមហ៊ុន​ឯកជន​ខាងលើ​នោះ​ទេ ខណៈ​បដា​ខ្លះ​ទៀត​សរសេរ​ថា ពួកគេ​មក​ទាមទារ​តែ​ដី​ដែល​ពួកគេ​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៩៣ ដែល​ត្រូវ​ក្រុមហ៊ុន​ខាងលើ​បាន​រំលោភ​យក​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​ចំនួន ៣៥​គ្រួសារ បាន​ផ្ដិត​ស្នាម​មេដៃ​ដាក់​លិខិត​ស្នើសុំ​ការ​អន្តរាគមន៍​ពី​អភិបាល​ក្រុង​ភ្នំពេញ ដោយ​សុំ​ឱ្យ​ជួយ​ចុះបញ្ជី​ដីធ្លី និង​ចេញ​បណ្ណ​កម្មសិទ្ធិ (ប្លង់​រឹង) ឱ្យ​ពួកគេ​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់​លើ​ដី​របស់​ខ្លួន ក្រោម​ហេតុផល​ថា ពួកគេ​បាន​កាន់កាប់​ដី​នោះ​ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក ខណៈ​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​ក៏​បាន​ទិញ​ដី​នោះ​ដោយ​ស្រប​ច្បាប់​តាំងពី​ឆ្នាំ​២០១៤ មក​ដែរ។

លិខិត​ខាងលើ​រៀបរាប់​ថា កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២៣ ក្រុម​ការងារ​ចុះបញ្ជី​ដីធ្លី​ខណ្ឌ​ដង្កោ បាន​ចុះ​វាស់វែង​កំណត់​លេខ​ក្បាលដី​មាន​ទីតាំង​ក្នុង​ភូមិ-ឃុំ​ខាងលើ ហើយ​ប្រជាពលរដ្ឋ​ទាំង​ជាង ៣០​គ្រួសារ​ខាងលើ​នេះ ក៏​បាន​បំពេញ​បែបបទ​ចុះបញ្ជី​ដីធ្លី​រួច​ហើយ​ដែរ ខណៈ​អាជ្ញាធរ​ក៏​បាន​ប្រគល់​ចុងសន្លឹក​ឱ្យ​ពួកគេ​សម្រាប់​ទុក​ដក​បណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​ថែម​ទៀត។

ប៉ុន្តែ​នៅ​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៤ ទើប​ពលរដ្ឋ​ទាំង​ជាង ៣០​គ្រួសារ​នោះ​ដឹង​ថា ពួកគេ​មិន​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ចែក​បណ្ណ​កម្មសិទ្ធិ​ទាំងនោះ​ទេ ខណៈ​ក្រុម​ការងារ​ចុះបញ្ជី​ដីធ្លី​បញ្ជាក់​ថា ដោយសារ​តែ​មាន​ពាក្យបណ្ដឹង​ទប់ស្កាត់​របស់​អ្នកស្រី លឹម លីណា តំណាង​ឱ្យ​ក្រុមហ៊ុន អេកូ មេហ្គាបូលីស ឌីវេឡុបមិន ខបភើរេហ្សិន ទើប​ឈ្មោះ​របស់​ពួកគេ​ត្រូវ​បាន​លុប​ចេញ​បែប​នេះ។

ប្រភព​ដដែល​រៀបរាប់​ពី​ប្រវត្តិ​ដី​ខាងលើ​ថា កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៤ អាជ្ញាធរ​សង្កាត់​ព្រែកកំពិស​បាន​ចុះ​មក​ពិនិត្យ​ដី​ដែល​ពួកគាត់​បាន​ទិញ​ពី​ម្ចាស់​ដើម​ថា ដី​ទាំងនោះ​មាន​ឯកសារ​កាន់កាប់​ដី​រឹងមាំ ដូចជា លិខិត​ផ្ទេរ​សិទ្ធិ លិខិត​កាន់កាប់​ប្រើប្រាស់​ដីធ្លី និង​ផ្ទះសម្បែង ជាដើម ដែល​មាន​ការ​ចុះហត្ថលេខា​អនុញ្ញាត​ឱ្យ​ផ្ទេរ​សិទ្ធិ​ពី​អាជ្ញាធរ​មូលដ្ឋាន​យ៉ាង​ច្បាស់លាស់ ដូចជា អ្នកស្រី កឹម ប៉ាវ មេភូមិ​ដំណាក់សង្កែ និង​លោក ជុំ ឈាន ចៅសង្កាត់​ព្រែកកំពិស រួម​ទាំង​លោក នុត ពុធដារ៉ា អភិបាល​ខណ្ឌ​ដង្កោ នៅ​ឆ្នាំ​នោះ​ផង​ដែរ ក្នុង​នោះ​ក៏​មាន​ការ​ចុះ​វាស់វែង​ដោយ​មន្ត្រី​សុរិយោដី​ផង​ដែរ។ ប្រជាពលរដ្ឋ​ក៏​បាន​បង់​ពន្ធ​ប្រថាប់ត្រា​ឲ្យ​រដ្ឋ​ថែម​ទៀត។

លិខិត​ដដែល​នេះ​បញ្ជាក់​ថា តាំងពី​ពួកគេ​បាន​កាន់កាប់​ដី​នេះ​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​នេះ មិន​ដែល​ឃើញ​មាន​ក្រុមហ៊ុន​ណា ឬ​បុគ្គល​ណា​អះអាង​ថា​ជា​ដី​របស់​គេ​ឡើយ ឬ​ក៏​អាជ្ញាធរ​ជូនដំណឹង​ថា ដី​ទីនោះ​ជា​ដី​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ឬ​បុគ្គល​ណា ឬ​ជា​ដី​មាន​ទំនាស់​ឡើយ។ ស្រាប់តែ​នៅ​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៤ នេះ មន្ត្រី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​បញ្ជាក់​ថា ដី​នេះ​ត្រូវ​បាន​អ្នកស្រី លឹម លីណា តំណាង​ឱ្យ​ក្រុមហ៊ុន អេកូ មេហ្គា បូលីស ឌីវេឡុបមិន ខបភើរេហ្សិន ឯ.ក អះអាង​ថា មាន​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​បញ្ជាក់​ភាព​ជា​ម្ចាស់​លើ​ដី​នេះ​តាំងពី​ឆ្នាំ​២០១៥ ទៅ​វិញ។

លិខិត​ខាងលើ​គូស​បញ្ជាក់​ថា ពលរដ្ឋ​មួយ​ចំនួន​បាន​សាងសង់​សំណង់​រឹង (ផ្ទះ​ថ្ម) អស់​ហើយ នៅ​ទីតាំង​ដី​ខាងលើ​នេះ ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​ខ្លះ​ទៀត​បាន​លក់​ដី​នេះ​ឱ្យ​ទៅ​ពលរដ្ឋ​ផ្សេង​ទៀត​ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​មិន​ដែល​មាន​ក្រុមហ៊ុន ឬ​បុគ្គល​ណា ឬ​អាជ្ញាធរ​មក​ទប់ស្កាត់ និង​ហាមឃាត់​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ អង្គការ​សិទ្ធិមនុស្ស​លើកលែង​ទោស​អន្តរជាតិ (Amnesty International) លើកឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ប្រទេស​កម្ពុជា​កំពុង​ខ្វះ​ប្រព័ន្ធ​ច្បាប់​គ្រប់គ្រង​សិទ្ធិ​ដីធ្លី​ច្បាស់លាស់​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ បើ​ទោះបីជា​ប្រទេស​នេះ​បាន​ទទួល​យក​របប​ប្រជាធិបតេយ្យ​កាលពី​ជាង ៣០​ឆ្នាំ​មុន​ហើយ​ក៏ដោយ ដែល​នេះ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​របប​ខ្មែរក្រហម​ដែល​បាន​លុប​ចោល​កម្មសិទ្ធិ​ឯកជន ក្រោយ​ពួកគេ​កាន់កាប់​ប្រទេស​កម្ពុជា​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដូច្នោះ​ដែរ។

របាយការណ៍​ខាងលើ​លើកឡើង​ថា សិទ្ធិ​អចលនទ្រព្យ​រឹងមាំ និង​សិទ្ធិ​លំនៅឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ មាន​សម្រាប់​តែ​ក្រុម​ឥស្សរជន​ជាន់ខ្ពស់ និង​អ្នក​ដែល​មាន​ទំនាក់ទំនង​នយោបាយ​ប៉ុណ្ណោះ ចំណែក​សិទ្ធិ​អចលនទ្រព្យ​សម្រាប់​ប្រជាជន​ភាគច្រើន​អាច​ត្រូវ​បាន​លុប​ចោល​គ្រប់​ពេល។ ភស្តុតាង​ជាក់ស្តែង ដូចជា ការ​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ចេញពី​តំបន់​អង្គរ និង​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​សហគមន៍​បឹងកក់​ក្នុង​ទីក្រុង​ភ្នំពេញ អំឡុង​ឆ្នាំ​២០០៧៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស