អ្នកប្រាជ្ញអ៊ីតាលី Niccolo Machiavelli រំឭកមនុស្សលោកក្នុងអំឡុងសតវត្សទី១៥-ទី១៦ ថា វិធីសាស្ត្រដំបូងបង្អស់ក្នុងការប៉ាន់ប្រមាណបញ្ញានៃមេដឹកនាំម្នាក់ គឺមើលទៅមនុស្សជុំវិញគាត់ (The first method for estimating the intelligence of a ruler is to look at the men he has around him)។
មេដឹកនាំបក្សកាន់អំណាចបាតដៃប្រឡាក់ឈាមខ្មែរលោក ហ៊ុន សែន សម្រេចតែងតាំងមេឧក្រិដ្ឋជនព្រៃឈើ និងមិនចេះអក្សរ លោក ទ្រី ភាព ជាទីប្រឹក្សាឲ្យប្រធានព្រឹទ្ធសភា ខណៈក្រុមឧក្រិដ្ឋដទៃទៀតក៏ត្រូវបានតែងតាំងឱ្យកាន់តំណែងខ្ពស់ៗក្នុងជួររដ្ឋាភិបាលនេះដែរ ក្នុងនោះក៏មានទណ្ឌិតដែលកំពុងស្ពាយទោសរត់គេចខ្លួនពីសាលដីកាតុលាការថែមទៀត។
មេដឹកនាំបក្សកុម្មុយនីស្តវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានចុះហត្ថលេខាលើព្រះរាជក្រឹត្យមួយក្នុងនាមជាប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ដែលបានសម្រេចតែងតាំង និងផ្តល់ឋានៈដល់មេឧក្រិដ្ឋជនព្រៃឈើ គេនិយមហៅថា ស្តេចគ្រញូង ឧកញ៉ា ទ្រី ភាព ជាទីប្រឹក្សាមានឋានៈស្មើនឹងទេសរដ្ឋមន្ត្រី ក្រោយឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភាបាន ២ថ្ងៃសម្រាប់ព្រឹទ្ធសភាអាណត្តិថ្មីនេះ។
ការតែងតាំងឧក្រិដ្ឋជនជាទីប្រឹក្សានេះ ត្រូវគេមើលឃើញថាមិនមែនតែលោក ទ្រី ភាព ទេដែលទទួលបានតំណែងជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនេះ សូម្បីឧក្រិដ្ឋជនព្រៃឈើ ឬអ្នកទោសឧក្រិដ្ឋមួយចំនួនទៀត ក៏ធ្លាប់ទទួលបានការតែងតាំងតំណែងខ្ពស់ៗបែបនេះពីលោក ហ៊ុន សែន នាពេលកន្លងមកដែរ។
មានឧទាហរណ៍ជាក់ស្តែង ដូចជាកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក ហ៊ុន សែន បានចេញសេចក្តីសម្រេចតែងតាំងមេឧក្រិដ្ឋជនព្រៃឈើមួយរូបផ្សេងទៀត គឺឧកញ៉ា មិក សាផាណារេត ហៅឧកញ៉ា ជ័យ ជាទីប្រឹក្សា ខណៈឧកញ៉ា លឹម ប៊ុណ្ណា ហៅឧកញ៉ាខ្នា ដែលល្បីល្បាញខាងរកស៊ីឈើខុសច្បាប់ដែរនោះ ក៏ត្រូវបានលោក ហ៊ុន សែន តែងតាំងឱ្យធ្វើជាជំនួយការកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ កន្លងទៅផងដែរ។
ក្រៅពីនេះ មេឈ្មួញរកស៊ីកាប់បំផ្លាញព្រៃឈើនៅដែនជម្រកសត្វព្រៃព្រៃឡង់ លោក ចាប សារ៉ន ក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិពីថ្នាក់ពីវរសេនីយ៍ឯក ទៅជាឧត្តមសេនីយ៍ត្រីនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ តាមសំណើរបស់លោក ហ៊ុន សែន ដែរ ខណៈឧក្រិដ្ឋជនព្រៃឈើផ្សេងទៀតក៏ទទួលឋានៈបុណ្យស័ក្តិជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាដែរ ដូចជាលោក លី យ៉ុងផាត់ ហៅស្តេចកោះកុង ជាដើម។
ក្រៅពីតែងតាំងក្រុមឧក្រិដ្ឋជនព្រៃឈើជាទីប្រឹក្សា និងជំនួយការរបស់ខ្លួន លោក ហ៊ុន សែន ក៏បានតែងតាំងអ្នកទោសដែលកំពុងរត់គេចខ្លួនជាទីប្រឹក្សារបស់គាត់ថែមទៀតដែរ ក្នុងនោះ ឧក្រិដ្ឋជនសម្លាប់មនុស្សដែលកំពុងមានជាប់ទោសក្រោមអំណាចសាលដីកាតុលាការកំពូល គឺអ្នកស្រី ជា រដ្ឋា ត្រូវបានលោក ហ៊ុន សែន តែងតាំងជាទីប្រឹក្សារបស់គាត់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីទណ្ឌិតរូបនេះរត់គេចខ្លួនគេចវេះពីការទទួលទោសចំពោះមុខច្បាប់អស់រយៈពេលជាង ១០ឆ្នាំកន្លងមក។
លើសពីនេះ គេក៏រកឃើញដែរថា មហាសេដ្ឋីដើមកំណើតចិនចូលសញ្ជាតិខ្មែរ លោក ចេន ហ្ស៊ី (Chen Zhi) ដែលរដ្ឋអំណាចចិន តាមចាប់ខ្លួនរហូតមកនោះ ក៏ត្រូវបានលោក ហ៊ុន សែន តែងតាំងធ្វើជាទីប្រឹក្សារបស់គាត់សព្វថ្ងៃនេះថែមទៀត ដែលភស្តុតាងទាំងនេះបង្ហាញថា លោក ហ៊ុន សែន គឺជាមេដឹកនាំដែលហ៊ុមព័ទ្ធទៅដោយក្រុមឧក្រិដ្ឋជន និងក្រុមម៉ាហ្វៀដែលបានតែងតាំងក្រុមឧក្រិដ្ឋជនជាមន្ត្រីរដ្ឋាភិបាលក្រោមការបង្គាប់បញ្ជារបស់គាត់។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា លោក ហ៊ុន សែន បានឡើងកាន់អំណាចចាប់តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ រហូតដល់ពេលនេះ គឺតាមរយៈអំពើឧក្រិដ្ឋទាំងអស់ ដូចជា ការទទួលផែនការរបស់រដ្ឋាភិបាលក្រុងហាណូយ ដើម្បីសម្លាប់បុរសខ្មែរជាង ២សែន ក្នុងផែនការ «ក៥» និងការធ្វើរដ្ឋប្រហារបង្ហូរឈាមឆ្នាំ១៩៩៧ ព្រមទាំងការបោកគ្រាប់បែកលើហ្វូងបាតុករឆ្នាំ១៩៩៧ រួមទាំងការសម្លាប់សកម្មជនសង្គមល្បីៗជាច្រើននាក់ផ្សេងទៀត ដូចជា បណ្ឌិត កែម ឡី ជាដើម ដូច្នេះមនុស្សនៅក្រោមឱវាទរបស់គាត់ ក៏ត្រូវតែជាមនុស្សដែលសាហាវយង់ឃ្នងដូចគាត់ដែរ។
ជាក់ស្តែង លោក ហ៊ុយ ពិសិដ្ឋ និងលោក ហ៊ីង ប៊ុនហៀង ដែលជាមន្ត្រីកងកម្លាំងប្រដាប់អាវុធជំនិតរបស់គាត់ ក៏ធ្លាប់បានប្រព្រឹត្តទង្វើឧក្រិដ្ឋដោយការបោកគ្រាប់បែកដៃសម្លាប់ហ្វូងបាតុករស្លូតត្រង់កាលពីឆ្នាំ១៩៩៧ ដែរ។ ជាងនេះទៀត លោក ប៉ុល សារឿន ដែលជាមេបញ្ជាការកងទ័ពជើងគោកជាន់ខ្ពស់នៃរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន កន្លងមក ក៏ធ្លាប់មានប្រវត្តិបាតដៃប្រឡាក់ឈាមក្រោមការបញ្ជារបស់លោក ហ៊ុន សែន ដែរ។
លើសពីនេះ ក៏មានដូចជាលោក សៅ សុខា ដែលជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក នេត សាវឿន ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីនៅពេលនេះ ព្រមទាំងមន្ត្រីកងកម្លាំងប្រដាប់អាវុធជាច្រើនផ្សេងទៀតដូចជា អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង និងជាអគ្គស្នងការ អគ្គស្នងការរងនៃកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាទាំងមូល សុទ្ធតែធ្លាប់ប្រព្រឹត្តទង្វើឧក្រិដ្ឋល្មើសច្បាប់តាមបញ្ជារបស់លោក ហ៊ុន សែន នាពេលកន្លងមកទាំងអស់។ ក្នុងរបបផ្ដាច់ការគ្រប់ប្រភេទ អ្នកដឹកនាំតម្រូវឲ្យអ្នកក្រោមបង្គាប់ធ្វើតាមបញ្ជា មិនមែនធ្វើតាមច្បាប់ទេ ពីព្រោះក្នុងវប្បធម៌ដឹកនាំរបស់គេ គឺគោរព ស្មោះត្រង់ បម្រើ ការពារតែមេរបស់គេប៉ុណ្ណោះ ដើម្បីបានទទួលប្រយោជន៍ លាភសក្ការៈ បុណ្យស័ក្តិផ្ទាល់ខ្លួន។
ទាក់ទិននឹងបញ្ហានេះ អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ធ្លាប់លើកឡើងថា ការដឹកនាំរបស់រដ្ឋាភិបាលក្រុងភ្នំពេញ គឺជាការដឹកនាំតាមរបបហ្វាស់ស៊ីស ចំណែកមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន គឺជាមេដឹកនាំកំពូលនៃរបបនេះដោយផ្ទាល់។
លោក សម រង្ស៊ី បញ្ជាក់ថា របបហ្វាស់ស៊ីស គឺជារបបមូលធននិយម ដែលប្រមូលផ្ដុំទ្រព្យសម្បត្តិជាតិក្តាប់ក្នុងកណ្ដាប់ដៃមនុស្សមួយក្តាប់តូចដែលមានមហាសេដ្ឋី និងបណ្ដាញបក្ខពួកអ្នកមានអំណាចមួយចំនួន ដែលមានតួនាទីជួយលួច ប្លន់ទ្រព្យសម្បត្តិជាតិពីពលរដ្ឋម្ចាស់ប្រទេស យកទៅធ្វើមាន ធ្វើបានសម្រាប់បក្ខពួកអ្នកគ្រប់គ្រងអំណាចមួយក្តាប់តូចនោះ៕