អតីតមេដឹកនាំប្រឆាំងលោក សម រង្ស៊ី ចោទថាមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ជាមេដឹកនាំដែលមានបាតដៃប្រឡាក់ឈាមរាស្ត្រខ្មែរស្លូតត្រង់ដូចគ្នានឹងមេដឹកនាំខ្មែរក្រហមលោក ប៉ុល ពត ប៉ុន្តែលោក ហ៊ុន សែន មានចំណុចអាក្រក់ខ្លាំងជាង នៅត្រង់ថា គាត់លួចក្បត់ជាតិខ្មែរកាត់ទឹកដីឱ្យបរទេសឈ្លានពាន។
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៧ មេសា នេះថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៧ ខែមេសា ពលរដ្ឋខ្មែរទាំងអស់ សូមចងចាំថា មេដឹកនាំបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានបម្រើមេដឹកនាំខ្មែរក្រហមលោក ប៉ុល ពត យ៉ាងស្មោះស្ម័គ្រជិត ៣ឆ្នាំ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៧ ហើយពួកគេទាំងពីរមានបាតដៃប្រឡាក់ឈាមខ្មែរដូចគ្នា។
លោក សម រង្ស៊ី លើកឡើងថា បើទោះបីជាមេដឹកនាំខ្មែរក្រហមលោក ប៉ុល ពត បានប្រព្រឹត្តអំពើព្រៃផ្សៃប្រល័យពូជសាសន៍ជាតិខ្មែរយ៉ាងណាក៏ដោយ ក៏នៅមិនដល់កម្រិតមេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុបលោក ហ៊ុន សែន ដែរ ព្រោះលោក ហ៊ុន សែន មិនត្រឹមតែធ្លាប់សម្លាប់ខ្មែរដូចលោក ប៉ុល ពត ទេ ថែមទាំងជាជនក្បត់ជាតិដែលលួចកាត់ទឹកដីខ្មែរឲ្យទៅបរទេសឈ្លានពាន និងព្រមធ្វើជាខ្ញុំកញ្ជះបម្រើនយោបាយបរទេសដើម្បីបំផ្លាញជាតិខ្មែររហូតដល់សព្វថ្ងៃនេះ។
ចំណែកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ធ្លាប់លើកឡើងកាលពីពេលកន្លងទៅថា មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន គឺជាជនក្បត់ជាតិឯងដែលបានចូលរួមសម្លាប់ពលរដ្ឋខ្មែរក្នុងសម័យ ប៉ុល ពត ក្នុងឋានៈជាមេទ័ពខ្មែរក្រហមម្នាក់ក្រោមការរៀបចំរបស់គណបក្សកុម្មុយនីស្តកម្ពុជា ដែលមានដើមកំណើតពីវៀតណាម អស់រយៈពេលជាង ២ឆ្នាំ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោក អ៊ុំ សំអាន លើកឡើងថា លោក ហ៊ុន សែន បានចូលរួមបម្រើរបបខ្មៅងងឹតនេះក្នុងឋានៈជាមេទ័ពខ្មែរក្រហមម្នាក់ នៅភូមិភាគបូព៌ា អស់រយៈពេលជាង ២ឆ្នាំ ចាប់ពីឆ្នាំ១៩៧៥ ដល់ពាក់កណ្តាលឆ្នាំ១៩៧៧ ក្នុងនោះលោក ហ៊ុន សែន ក៏បានកាប់សម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើននាក់ដែរ ជាពិសេសក្នុងចំណោមសហគមន៍ខ្មែរឥស្លាមនៅស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះអះអាងថា ក្រោយមកដោយសារតែលោក ហ៊ុន សែន អសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ពវៀតណាម នៅតាមតំបន់ព្រំដែន ទើប ប៉ុល ពត និងអង្គការចាត់តាំងខាងលើ សម្រេចចាត់វិធានការលើរូបគាត់ ហើយដោយសារតែខ្លាចថ្នាក់លើរបស់ខ្លួនសម្លាប់ លោក ហ៊ុន សែន ក៏រត់ទៅប្រទេសវៀតណាម សុំឲ្យកងទ័ពវៀតណាមជួយការពារ និងសុំឲ្យយកគាត់ធ្វើជាអ្នកបម្រើរបស់ពួកគេតាំងពីពេលនោះមក។
លោកបន្ថែមថា ការរត់ភៀសខ្លួនទៅប្រទេសវៀតណាម នៅពេលនោះ មិនមែនដោយសារតែលោក ហ៊ុន សែន អាណិតអាសូរប្រជារាស្ត្រខ្មែរទេ ប៉ុន្តែដោយសារតែគាត់ខ្លាចថ្នាក់លើរបស់គាត់សម្លាប់ប៉ុណ្ណោះ។
លោក អ៊ុំ សំអាន បញ្ជាក់ថា ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាពិសេសនៅថ្ងៃទី១៧ មេសា ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៨៤ របបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលដឹកនាំដោយលោក ជា ស៊ីម លោក ហេង សំរិន និងលោក ហ៊ុន សែន បានធ្វើពិធីអបអរសាទរថ្ងៃជ័យជម្នះ ១៧ មេសា ជានិច្ច ពីព្រោះពួកគេចាត់ទុកថ្ងៃនោះជាជ័យជម្នះរបស់ខ្លួន និងបានចោទថា ប៉ុល ពត បានប្លន់ថ្ងៃជ័យជម្នះនេះពីពួកគេ ដូច្នេះគឺមានន័យថា អ្នកដែលបន្តវេនពិតប្រាកដពី ប៉ុល ពត ក្រោមការរៀបចំរបស់គណបក្សកុម្មុយនីស្តកម្ពុជាដែលបានបង្កើតឡើងដោយវៀតណាម ក្នុងឆ្នាំ១៩៥១ គឺលោក ហ៊ុន សែន នេះតែម្តង។
អ្នកសង្កេតការណ៍លើកឡើងថា សព្វថ្ងៃនេះ ប្រទេសកម្ពុជា និងពលរដ្ឋខ្មែរមិនមែនគ្រប់គ្រងដោយច្បាប់នោះទេ គឺគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាសុទ្ធសាធ ចំណែកគណបក្សប្រជាជនកម្ពុជាក៏មិនមែនគ្រប់គ្រងដោយមន្ត្រីជាន់ខ្ពស់ក្នុងបក្សនេះដែរ គឺគ្រប់គ្រងដោយក្រុមគ្រួសារហ៊ុនតែប៉ុណ្ណោះ ចំណែកក្រុមគ្រួសារហ៊ុន ត្រូវគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមទាំងស្រុង ដូច្នេះមានន័យថា ប្រទេសកម្ពុជាគឺកំពុងគ្រប់គ្រងដោយវៀតណាមតាមរយៈត្រកូលហ៊ុនយ៉ាងណែនរយៈពេលជាង ៤០ឆ្នាំមកនេះ និងបន្តទៅថ្ងៃអនាគត៕