លោក គង់ សភា

នយោបាយ

នាយករដ្ឋមន្ត្រី​ជា​កូន​អះអាង​ថា​នឹង​ស្នើ​ឱ្យ​ប្រមុខ​រដ្ឋ​ស្តីទី​ជា​ឪពុក​បើក​ទ្វារ​ក្រុង​ឱ្យ​លោក គង់ សភា វិល​ចូល​កម្ពុជា​វិញ

By ឌឹ ខេមបូឌា ដេលី

April 21, 2024

នាយករដ្ឋមន្ត្រី​ជា​កូន​សន្យា​នឹង​ចាត់ចែង​តាម​នីតិវិធី​ច្បាប់ ស្នើ​ប្រមុខ​រដ្ឋ​ស្តីទី​ដែល​ត្រូវ​ជា​ឪពុក ដើម្បី​ឲ្យ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ស្វាយរៀង លោក គង់ សភា វិល​មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ដាក់​លិខិត​ស្នើសុំ​ការ​លើកលែង​ទោស។

នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ជូន​ចំពោះ​លោក គង់ សភា។ លោក​បាន​ទទួល​រួច​ហើយ​នូវ​លិខិត​សូម​អភ័យ​ទោស​របស់​លោក ដូច្នេះ​លោក​សូម​ស្វាគមន៍ និង​ចាត់ចែង​តាម​នីតិវិធី ដើម្បី​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​អាច​វិលត្រឡប់​មក​កាន់​មាតុប្រទេស​វិញ ហើយ​លោក​សង្ឃឹម​ថា នឹង​មាន​ឱកាស​ជួប​សន្ទនា​ជាមួយ​គ្នា​នៅ​ពេល​ខាងមុខ។

កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ស្វាយរៀង លោក គង់ សភា បាន​ចេញ​លិខិត​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ មេសា ដោយ​ស្នើសុំ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​លើកលែង​ទោស​ឱ្យ​រូបលោក​ដែល​តុលាការ​បាន​ផ្ដន្ទាទោស​កន្លង​មក ព្រមទាំង​សុំ​ឱ្យ​ទម្លាក់​ចោល​នូវ​បទ​ចោទប្រកាន់​ទាំងអស់​ផង​ដែរ។

លោក គង់ សភា រៀបរាប់​ក្នុង​លិខិត​ថា លោក​ពិត​ជា​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​រាល់​ទង្វើ និង​សកម្មភាព​មួយ​ចំនួន​របស់​លោក​កាលពី​ពេល​កន្លង​ទៅ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍ សន្តិភាព ស្ថិរភាព និង​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូច្នេះ​លោក​សូម​ឱ្យ​រាជរដ្ឋាភិបាល​អភ័យ​ទោស​ចំពោះ​រូបលោក និង​ជាពិសេស លោក​សូម​អភ័យ​ទោស​ចំពោះ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត តែម្តង។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ មេសា នេះ​ថា ការ​ស្នើសុំ​ការ​លើកលែង​ទោស​របស់​មន្ត្រី​បក្ស​ប្រឆាំង​ទៅ​កាន់​នាយករដ្ឋមន្ត្រី​កម្ពុជា គឺជា​រឿង​ធម្មតា​សម្រាប់​អ្នក​នយោបាយ​ដែល​ចង់​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​ក៏​កាន់តែ​ធម្មតា​ថែម​ទៀត​សម្រាប់​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ព្រោះ​បក្ស​កាន់​អំណាច​ក៏​ទន្ទឹង​រង់ចាំ​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​សូម​ការ​អភ័យ​ទោស ក្នុង​បំណង​ឱ្យ​ពួកគេ​ផ្ដាច់​ខ្លួន​ពី​លោក សម រង្ស៊ី ដែរ។

លោក សេក សុជាតិ លើកឡើង​ថា បើ​មើល​តែ​មួយ​ជ្រុង ការ​សូម​អភ័យ​ទោស​ទៅ​កាន់​នាយករដ្ឋមន្ត្រី ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​លើកលែង​ទោស ពិត​ជា​ធម្មតា​មែន ប៉ុន្តែ​បើ​គិត​ពី​ស្ថានភាព​នយោបាយ​របស់​កម្ពុជា​ទាំងមូល​វិញ គឺ​ពិត​ជា​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់ ព្រោះ​វា​បង្ហាញ​ថា កម្លាំង​នយោបាយ​របស់​អ្នក​ប្រជាធិបតេយ្យ​កំពុងតែ​បែកខ្ញែក​គ្នា​កាន់តែ​ខ្លាំង ស្រប​ពេល​ដែល​ទីលាន​នយោបាយ​ខ្មែរ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​ស្ទើរតែ​ទាំងស្រុង​ដោយ​ឯក​បក្ស​ទៅ​ហើយ​នោះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ការ​ស្នើសុំ​នេះ ទំនង​ជា​ធ្វើ​ឡើង​ដោយ​ការ​សម្រេច​ចិត្ត​បុគ្គល​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​ទង្វើ​បែប​នេះ​ក៏​ស្ថិត​ក្នុង​ការ​សង្ស័យ​របស់​ពលរដ្ឋ​ដែរ​ដែល​អាច​ជា​ការ​រៀបចំ​ក្នុង​កម្រិត​ណា​មួយ​របស់​អ្នក​នយោបាយ ព្រោះ​ថា​កន្លង​មក គេ​មើល​ឃើញ​ថា មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​តែងតែ​មាន​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច ដែល​ពួកគេ​ទាំងនោះ​បាន​ធ្វើ​កិច្ចការ​មួយ​ចំនួន​ដែល​ជា​វត្ថុបំណង​របស់​បក្ស​កាន់​អំណាច ហើយ​ទង្វើ​បែប​នេះ​បាន​ជះ​ឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​ដល់​អ្នកតស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

លោក គង់ សភា ជា​កូនប្រុស​មួយ​រូប​របស់​លោក គង់ គាំ ដែល​ធ្លាប់​រង​ការ​វាយដំ​ឲ្យ​របួស​ធ្ងន់ធ្ងរ​ពី​សំណាក់​ក្រុម​បាតុករ​របស់​បក្ស​កាន់​អំណាច កាលពី​ឆ្នាំ​២០១៥ ទាំង​ដែល​លោក​នៅ​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ ប៉ុន្តែ​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ កាលពី​ចុង​ឆ្នាំ​២០១៧ លោក​ក៏​បាន​និរទេស​មក​រស់នៅ​បរទេស​រហូត​ដល់​សព្វថ្ងៃ​នេះ។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ លោក គង់ សភា ក៏​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ (PEC) ពិន័យ​ជា​ប្រាក់​ចំនួន ១០​លាន​រៀល ព្រមទាំង​លុប​ឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត និង​ដក​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ចំនួន ២០​ឆ្នាំ​ដែរ បន្ទាប់ពី​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​ធ្វើ​សកម្មភាព​ណែនាំ និង​ញុះញង់​ឲ្យ​អ្នក​បោះឆ្នោត​បំផ្លាញ ឬ​ធ្វើ​ឲ្យ​ខូច​សន្លឹកឆ្នោត ក្នុង​ដំណើរការ​បោះឆ្នោត​កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​នោះ។

យ៉ាងណា​ក៏ដោយ កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ប្រកាស​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ថា មន្ត្រី​បក្ស​ប្រឆាំង​រូប​ណា​ដែល​ប្រកាស​ផ្ដាច់​ខ្លួន​ចេញពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លោក​នឹង​ស្វាគមន៍​ជានិច្ច ប៉ុន្តែ​លោក​ក៏​នឹង​ដាក់​ទោស​ផង​ដែរ បើ​អ្នក​ណា​ហ៊ាន​ភ្ជាប់​ជាមួយ​លោក សម រង្ស៊ី នោះ។

បែប​នេះ​ក្តី កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២ កន្លង​ទៅ លោក គង់ សភា រួម​ជាមួយ​អតីត​តំណាងរាស្ត្រ​គណបក្ស​ជំទាស់ ២​នាក់​ផ្សេង​ទៀត​ដែល​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដូចជា លោក ហេង ដាណារ៉ូ និង​លោក អ៊ូ ច័ន្ទឬទ្ធិ ធ្លាប់​បាន​ស្នើសុំ​លោក ហ៊ុន សែន ឱ្យ​ជួយ​អន្តរាគមន៍​ដើម្បី​បាន​លើកលែង​ទោស​ម្តង​រួច​មក​ហើយ ប៉ុន្តែ​លោក ហ៊ុន សែន មិន​បាន​ផ្តល់​សញ្ញា​វិជ្ជមាន​ណា​មួយ​ដល់​ពួកគេ​នៅឡើយ​ទេ​រហូត​មក​ទល់​ពេលនេះ។

ទំនង​ដោយសារតែ​បែប​នេះ​ហើយ បាន​ជា​លោក គង់ សភា ស្នើសុំ​ទៅ​លោក ហ៊ុន ម៉ាណែត ដោយ​ផ្ទាល់​ឱ្យ​ជួយ​លើកលែង​ទោស​ដល់​រូបលោក​នៅ​ពេលនេះ​តែម្តង៕