លោក ចេន ហ្ស៊ី (Chen Zhi) ដែល​តុលាការ​ប្រទេស​ចិន រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​បនល្បែង​អនឡាញ​ខុស​ច្បាប់ និង​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

ព័ត៌មានជាតិ

លោក សម រង្ស៊ី រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា​បន្ត​សហការ​វិនិយោគ​ជាមួយ​ក្រុម​ម៉ាហ្វីយ៉ា​ចិន​កេងប្រវ័ញ្ច​ញើស​ឈាម​ពលរដ្ឋ

By ឌឹ ខេមបូឌា ដេលី

April 24, 2024

អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​ស្ថិត​នៅ​ក្រោម​បង្គាប់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កំពុង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ឱកាស​វិនិយោគ​ល្អៗ​ពី​សហរដ្ឋ​អាមេរិក​យ៉ាង​ធំធេង ដោយ​បន្ត​សហការ​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន​ម៉ាហ្វីយ៉ា​ចិន (Mafia)។

លោក សម រង្ស៊ី បញ្ជាក់​ថា មូលហេតុ​គឺ​ដោយសារ​តែ​កម្ពុជា​នៅតែ​បន្ត​សហការ​វិនិយោគ​ជាមួយ​ក្រុម​ចោរ​ម៉ាហ្វីយ៉ា​ចិន (Mafia) ដូចជា មេ​ឧក្រិដ្ឋជន​ចិន លោក ចេន ហ្ស៊ី (Chen Zhi) ជាដើម ដែល​ជា​ហេតុ​នាំ​ទៅ​រក​ការ​បំផ្លិចបំផ្លាញ​ប្រទេស​កម្ពុជា និង​កេងប្រវ័ញ្ច​ញើស​ឈាម​ពលរដ្ឋ​ខ្មែរ​ធ្ងន់ធ្ងរ​បន្ត​ទៅ​ថ្ងៃ​មុខ​ទៀត។

លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៣ មេសា នេះ​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ដែល​បញ្ជា​ដោយ​លោក ហ៊ុន សែន បាន​ធ្វើ​ឱ្យ​យុវជន​ខ្មែរ​បាត់បង់​ឱកាស​ការងារ​ល្អៗ និង​មាន​ប្រាក់ខែ​ខ្ពស់​ពី​សហរដ្ឋ​អាមេរិក ប៉ុន្តែ​បែរ​ជា​ទៅ​សហការ​ជាមួយ​ក្រុម​ចោរ​ម៉ាហ្វីយ៉ា​មកពី​ប្រទេស​ចិន ទៅ​វិញ។

លោក សម រង្ស៊ី លើកឡើង​ថា ដោយសារតែ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បែប​នេះ​ហើយ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ដើរ​ថយ​ក្រោយ​ទៅៗ នៅ​ពេល​ដែល​ប្រទេស​ជិតខាង​កាន់តែ​រីកចម្រើន​ទៅៗ ដោយសារតែ​ពួកគេ​បាន​ជ្រើសរើស​ដៃគូ​វិនិយោគ​បាន​ល្អ​ត្រឹមត្រូវ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​របស់​គេ​មាន​ការងារ​ធ្វើ​កាន់តែ​ច្រើន និង​ទទួល​បាន​ប្រាក់ខែ​កាន់តែ​ខ្ពស់។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ក្រុមហ៊ុន​បរទេស​នានា​ពី​បណ្តា​ប្រទេស​លោក​សេរី បាន​នាំគ្នា​ទៅ​បោះទុន​វិនិយោគ​នៅ​ប្រទេស​ជិតខាង​របស់​កម្ពុជា​ជា​ហូរហែ ដូចជា វៀតណាម និង​ថៃ ជាដើម ប៉ុន្តែ​សម្រាប់​កម្ពុជា គឺ​មាន​តែ​ក្រុមហ៊ុន​វិនិយោគ​ពី​ប្រទេស​ចិន ដែល​ជា​ប្រទេស​កុម្មុយនីស្ត​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ (Pham Minh Chinh) បាន​ទទួល​ស្វាគមន៍​អគ្គនាយក​ក្រុមហ៊ុន Apple ពី​សហរដ្ឋ​អាមេរិក លោក Tim Cook ដើម្បី​បញ្ជាក់​ពី​ការ​វិនិយោគ​ពី​សហរដ្ឋ​អាមេរិក​ក្នុង​វិស័យ​ទំនើប ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ៗ ដូចជា ការ​ផលិត​ទូរសព្ទដៃ iPhone, iPad និង Macbook រួម​ទាំង​ឧបករណ៍​អេឡិចត្រូនិក​ជាច្រើន​ទៀត ដែល​នឹង​ជួយ​ឱ្យ​ពលរដ្ឋ​វៀតណាម ទទួល​បាន​ការងារ​ធ្វើ​កាន់តែ​ច្រើន​ពី​សហរដ្ឋ​អាមេរិក។

ទន្ទឹម​នឹង​នាយករដ្ឋមន្ត្រី​វៀតណាម ជួប​ជាមួយ​អគ្គនាយក​ក្រុមហ៊ុន Apple លោក Tim Cook មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១៩ ខែ​មេសា ក៏​បាន​តែងតាំង​លោក ចេន ហ្ស៊ី (Chen Zhi) ដែល​គេ​ស្គាល់​ថា​ជា​ឧក្រិដ្ឋជន​ចិន រកស៊ី​បើក​បនល្បែង​អនឡាញ​ឆ្លងដែន​ខុស​ច្បាប់ ជា​ទីប្រឹក្សា​របស់​ខ្លួន​ដែរ។

កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា រយៈពេល ១​ខែ​ដើម​ឆ្នាំ​២០២៤ កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ជាង ៣០ (៣២​គម្រោង) ក្នុង​ទំហំ​ទឹកប្រាក់​ជិត ២០០​លាន​ដុល្លារ​អាមេរិក (១៨៧​លាន​ដុល្លារ) ក្នុង​នោះ​ជាង ៧០% (៧៨%) គឺជា​គម្រោង​វិនិយោគ​ដែល​មាន​ប្រភព​មកពី​ប្រទេស​ចិន ទាំងអស់។

ចាប់តាំងពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជាង​កន្លះ​ឆ្នាំ​មក​នេះ គេ​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​កម្ពុជា ទទួល​បាន​អ្នក​វិនិយោគ​ពី​ប្រទេស​លោក​សេរី ដូចជា​សហរដ្ឋ​អាមេរិក​នោះ​ទេ ទោះបី​លោក ហ៊ុន ម៉ាណែត ធ្លាប់​លើកឡើង​ពី​ការ​គោះ​ទ្វារ​ឱ្យ​អ្នក​វិនិយោគ​ក្នុង​សហគមន៍​អឺរ៉ុប ទៅ​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​ចាប់តាំងពី​អំឡុង​ខែ​មករា ឆ្នាំ​២០២៤ មក​ក៏ដោយ។

កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២៤ ទោះបី​លោក ហ៊ុន ម៉ាណែត ប្រកាស​លើក​ទឹកចិត្ត​ដោយ​បើក​ចំហ​ទទួល​វិនិយោគ​បរទេស​ដែល​ហ៊ាន​បណ្ដាក់ទុន​នៅ​កម្ពុជា​រយៈពេល​វែង​ចាប់ពី ១​សែន​ដុល្លារ​អាមេរិក​ឡើង​ទៅ (១០០ ០០០​ដុល្លារ​អាមេរិក) នឹង​ទទួល​បាន​ការ​ផ្តល់​ឱ្យ​នូវ​ទិដ្ឋាការ​ពិសេស​រយៈពេល ៣​ឆ្នាំ​ក៏ដោយ ក៏​គេ​មិន​ទាន់​ឃើញ​អ្នក​វិនិយោគ​ល្អៗ​ពី​ប្រទេស​លោក​សេរី​នាំគ្នា​ទៅ​បណ្ដាក់ទុន​នៅ​កម្ពុជា​ដែរ​រហូត​ដល់​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកជំនាញ​ខាង​កិច្ចការ​រដ្ឋបាល​លោក ឱក សេរីសោភក្តិ៍ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា សន្ទុះ​នៃ​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច​រវាង​រដ្ឋាភិបាល​វៀតណាម និង​រដ្ឋាភិបាល​ថៃ ចាប់ពី​ចុង​ឆ្នាំ​២០២៣ តទៅ នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​វិស័យ​ជាច្រើន​របស់​កម្ពុជា​ដោយ​ចៀស​មិន​ផុត​ឡើយ បន្ទាប់ពី​នយោបាយ​ផ្សះផ្សា​បង្រួបបង្រួម​របស់​មេដឹកនាំ​នយោបាយ​ថៃ ដែល​លេច​ចេញ​ជា​រូបរាង​នៅ​ពេលនេះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា អ្នកជំនួញ​ដែល​បោះទុន​វិនិយោគ​នៅ​កម្ពុជា​កន្លង​មក អាច​មាន​អ្នកជំនួញ​ល្អៗ​ដែរ ប៉ុន្តែ​ពួកគេ​បាន​នាំគ្នា​រត់​ទៅ​ប្រទេស​ដទៃ​អស់​ហើយ ដោយសារតែ​ពួកគេ​មិន​អាច​រកស៊ី​ចំណេញ​ក្រោម​រដ្ឋាភិបាល​ដែល​ពោរពេញ​ទៅ​ដោយ​អំពើពុករលួយ​នោះ​ទេ។

ប្រភព​ដដែល​បញ្ជាក់​ថា សព្វថ្ងៃ​នេះ អ្នក​វិនិយោគ​ដែល​នៅ​សល់ គឺ​មាន​តែ​ពួក​ម៉ាហ្វីយ៉ា (Mafia) តែប៉ុណ្ណោះ ដែល​ពួកគេ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រព្រឹត្ត​បទល្មើស​ធំៗ ដូចជា កាប់​បំផ្លាញ​ព្រៃឈើ ជួញដូរ​មនុស្ស លក់​គ្រឿងញៀន លាង​លុយ​កខ្វក់ និង​ការ​ចាប់​ជំរិត ជាដើម ដូច្នេះ ជំនួញ​ល្មើស​ច្បាប់​ទាំងនេះ​មិន​ត្រឹមតែ​មិន​អាច​ជួយ​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បែរ​ជា​បំផ្លាញ​កម្ពុជា​ទៅ​វិញ៕