ពលរដ្ឋ​ម្នាក់​កំពុង​ប្រើប្រាស់​ទូរសព្ទ​ស្មាតហ្វូន។ (រូបភាព​ពី​ភ្នំពេញ​ប៉ុស្តិ៍)

ព័ត៌មានជាតិ

ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ឌីជីថល ថា​ចិន​ប្រើ​សិទ្ធិ​ផ្ដាច់មុខ​ក្នុង​ការ​ត្រួតត្រា​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា

By ឌឹ ខេមបូឌា ដេលី

April 24, 2024

ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ឌីជីថល បង្ហាញ​នូវ​ក្តី​កង្វល់​របស់​ខ្លួន​អំពី​ឥទ្ធិពល​កាន់តែ​អាក្រក់​របស់​ចិន នៅ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​របស់​កម្ពុជា និង​ផលវិបាក​ដែល​អាច​កើត​មាន​ចំពោះ​សិទ្ធិមនុស្ស និង​សេរីភាព​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស បន្ទាប់ពី​ចិន បាន​ប្រើ​សិទ្ធិ​ផ្ដាច់ការ​និយម​ឌីជីថល​របស់​ខ្លួន​លើ​ប្រទេស​កម្ពុជា។

ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ឌីជីថល បាន​លើក​ដោយ​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើង​ថា ក្នុង​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ ARTICLE 19 បាន​បង្ហាញ​ពី​ការ​ពាក់ព័ន្ធ​វត្តមាន​របស់​ចិន អាច​ត្រូវ​បាន​មើល​ឃើញ​ស្ទើរតែ​នៅ​គ្រប់​ស្រទាប់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ឌីជីថល​កម្ពុជា ដែល​រួម​ចំណែក​ដល់​ការ​ផ្លាស់ប្ដូរ​របស់​ប្រទេស​ឆ្ពោះ​ទៅ​រក​ការ​ត្រួតត្រា​ប្រព័ន្ធ​អនឡាញ​កាន់តែ​តឹងរ៉ឹង ស្រដៀង​ទៅ​នឹង​ម៉ូដែល​អភិបាលកិច្ច​ឌីជីថល​របស់​ចិន។

ប្រភព​ដដែល​បាន​លើកឡើង​ថា ឧទាហរណ៍​មួយ​ដែល​ទាំងអស់​គ្នា​បាន​ឃើញ គឺ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ (National Internet Gateway – NIG) ដែល​ទទួល​បាន​ឥទ្ធិពល​ពី Great Firewall របស់​ចិន។ ច្រក​ទ្វារ​នេះ នឹង​ផ្តល់​ឲ្យ​អាជ្ញាធរ​នូវ​ការ​ត្រួតត្រា​ជា​សំខាន់​លើ​ចរាចរណ៍​នៅ​លើ​អ៊ីនធឺណិត និង​អាច​សម្រួល​ដល់​ការ​ត្រួតពិនិត្យ និង​ឃ្លាំមើល​យ៉ាង​ទូលំទូលាយ។

ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ឌីជីថល បាន​លើកឡើង​ផង​ដែរ​អំពី​កង្វល់​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​របស់​អង្គភាព​ចិន ដូចជា ក្រុមហ៊ុន Kuang-Chi ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ហាមឃាត់​របស់​សហរដ្ឋ​អាមេរិក ដោយសារ​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស។

ក្រុមហ៊ុន​នេះ​គឺជា​ម្ចាស់​ភាគហ៊ុន​ធំ​មួយ​នៅ​ក្នុង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ប្រព័ន្ធ​ខ្សែកាប​ក្រោម​សមុទ្រ ដែល​បច្ចុប្បន្ន​ផ្តល់​សេវា​អ៊ីនធឺណិត broadband ក្នុង​ប្រទេស​កម្ពុជា។ ករណី​នេះ​ត្រូវ​បាន​ចោទ​សួរ​អំពី​សន្តិសុខ​ទិន្នន័យ និង​ភាព​ចាំបាច់​ក្នុង​ការ​មាន​តម្លាភាព​ក្នុង​ភាព​ជា​ដៃគូ​ទាំងនេះ។

ប្រភព​ដដែល​អះអាង​ថា កម្ពុជា​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ពី “ការទូត​ឌីជីថល” របស់​ចិន និង​គំនិត​ផ្ដួចផ្ដើម​កសាង​សមត្ថភាព​ដែល​ផ្តល់​ជំនាញ​បច្ចេកទេស​ដល់​អាជ្ញាធរ​កម្ពុជា ឲ្យ​យក​គំរូ​តាម​អភិបាលកិច្ច​ឌីជីថល​របស់​ចិន​ដែរ។ ពួកគេ​និយាយ​ថា ការ​ផ្ទេរ​ចំណេះដឹង​នេះ អាច​ជះ​ឥទ្ធិពល​ដល់​ការ​អនុវត្ត​សមត្ថភាព​ឌីជីថល​កម្រិត​ខ្ពស់​របស់​កម្ពុជា និង​ប៉ះពាល់​ដល់​សិទ្ធិ​អនឡាញ​របស់​ពលរដ្ឋ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ចាប់តាំងពី​ឆ្នាំ​២០២១ មក រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​វិធានការ​ដើម្បី​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ថ្នាក់​ជាតិ​តាមរយៈ​អនុក្រឹត្យ​មួយ ខណៈ​សង្គម​ស៊ីវិល​បារម្ភ​អំពី​ការ​ចូលរួម​ដែល​អាច​កើត​មាន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន ដូចជា Huawei ឬ ZTE ក្នុង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នេះ។

ច្រក​ទ្វារ​នេះ នឹង​ផ្តល់​ឱកាស​ឱ្យ​អាជ្ញាធរ​គ្រប់គ្រង​កាន់តែ​ខ្លាំង​លើ​ចរាចរណ៍​អ៊ីនធឺណិត ហើយ​បង្កើន​ឡើង​នូវ​សំណួរ​អំពី​ការ​ត្រួតពិនិត្យ​មាតិកា និង​ភាព​ឯកជន​របស់​អ្នក​ប្រើប្រាស់។ លើស​ពី​នេះ​ទៀត ភាព​ស្រដៀង​គ្នា​រវាង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សន្តិសុខ​សាយប័រ​របស់​កម្ពុជា និង​ច្បាប់​សន្តិសុខ​សាយប័រ​របស់​ចិន ជាពិសេស​ទាក់ទង​នឹង​បទប្បញ្ញត្តិ​ដែល​អាច​អនុញ្ញាត​ឱ្យ​មាន​ការ​ត្រួតពិនិត្យ និង​ឃ្លាំមើល​កាន់តែ​ច្រើន។ សេចក្តី​ព្រាង​ច្បាប់​នេះ ក៏​លើកឡើង​នូវ​កង្វល់​ផង​ដែរ​ចំពោះ​ការ​កំណត់​ស្ថាប័ន​សារព័ត៌មាន​ថា​ជា “ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មាន​សំខាន់ៗ (critical information infrastructure – CII)” ដែល​អាច​នាំ​ឱ្យ​មាន​បទបញ្ញត្តិ​លម្អិត​ច្រើន​ហួសហេតុ និង​ការ​រឹតត្បិត​លើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ។

ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ឌីជីថល បាន​ផ្តល់​នូវ​អនុសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ត្រួតពិនិត្យ​ឡើងវិញ​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សន្តិសុខ​សាយប័រ (Cyber) ដើម្បី​ធានា​ថា បទប្បញ្ញត្តិ​របស់​ច្បាប់​នេះ​ស្រប​តាម​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ ការពារ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​រួម​បញ្ចូល​ការ​ការពារ​គ្រប់គ្រាន់​ដើម្បី​ប្រឆាំង​នឹង​ការ​បំពាន​ដែល​អាច​កើត​ឡើង។

រដ្ឋាភិបាល​គួរ​ផ្តល់​អាទិភាព​លើ​តម្លាភាព តាមរយៈ​ការ​បង្ហាញ​ព័ត៌មាន​លម្អិត​នៃ​កិច្ចព្រមព្រៀង​ដែល​បាន​ធ្វើ​ឡើង​ជាមួយ​ក្រុមហ៊ុន​បរទេស ទាក់ទង​នឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល និង​ផល​ប៉ះពាល់​គម្រោង​ពួកគេ​ដែល​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សិទ្ធិមនុស្ស។

នៅ​ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៤ ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា លោក ហ៊ុន ម៉ាណែត បង្កើត​គណៈកម្មាធិការ​សន្តិសុខ​ឌីជីថល ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​បំពេញ​មុខងារ និង​ជំរុញ​ការ​គ្រប់គ្រង​សន្តិសុខ​ឌីជីថល ការពារ​ប្រយោជន៍​តួអង្គ​សង្គម ទប់ទល់​នឹង​ការ​វាយប្រហារ​គ្រប់​រូបភាព។

គណៈកម្មាធិការ​នេះ លោក​ធ្វើ​ជា​ប្រធាន និង​មាន​ឧបនាយករដ្ឋមន្ត្រី ១​រូប​ជា​អនុប្រធាន​ប្រចាំការ រួម​ទាំង​មាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ គឺជា​អនុប្រធាន។ គណៈកម្មាធិការ​នេះ​ត្រូវ​កោះ​ប្រជុំ ៦​ខែ​ម្តង​តាម​ការ​អញ្ជើញ​ពី​ប្រធាន។

ជុំវិញ​ការ​បង្កើត​គណៈកម្មាធិការ​នេះ​កន្លង​មក កាសែត​អាមេរិកាំង The New York Times បាន​រក​ឃើញ​ថា បក្ស​កាន់​អំណាច​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​បាន​បង្កើត​បន្ទប់​ឃ្លាំមើល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ១០​ឆ្នាំ​ហើយ។ គោលដៅ​របស់​អង្គភាព​នេះ គឺ​ដើម្បី​គាំទ្រ​អំណាច​របស់​លោក ហ៊ុន សែន តាមរយៈ​ក្បាលម៉ាស៊ីន​ឃោសនា​នៃ​បណ្ដាញ​សង្គម។

កាសែត The New York Times បាន​ចុះផ្សាយ​ថា បន្ទប់​ឃ្លាំមើល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​កំពុង​គ្រប់គ្រង​ដោយ​លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន។ ក្នុង​អង្គភាព​នៃ​បន្ទប់​ឃ្លាំមើល​នេះ​មាន​ក្រុម​ជំនាញ Troll army ឬ​អាខោន​ខ្មោច (Ghost Accounts) ដែល​មាន​ជំនាញ​ខាង​ការ​ជ្រៀតជ្រែក​រុកកួន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ជាពិសេស​ទៅ​លើ​ក្រុម​ប្រឆាំង ដោយ​អង្គភាព​នេះ​បង្កើត ឬ​ច្នៃប្រឌិត​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​មិន​ពិត ដើម្បី​ឱ្យ​លោក ហ៊ុន សែន និង​ក្រុម​ជ្រុល​និយម​របស់​លោក​បញ្ចេញ​វោហារសាស្ត្រ​គំរាម​សម្លាប់៕