ទិដ្ឋភាព​នៃ​ការ​កាប់​រាន​ដី​ព្រៃ​នៅ​តំបន់​អូរតាលោក ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់ ដែល​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​កំពង់ធំ ចុះ​ល្បាត​កាលពី​ថ្ងៃទី​១៩-២១ ខែ​មេសា ឆ្នាំ​២០២៤។ (រូបភាព៖ បណ្ដាញ​សហគមន៍​ព្រៃឡង់)

ព័ត៌មានជាតិ

សកម្មជន​ការពារ​ព្រៃឈើ​អំពាវនាវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់

By ឌឹ ខេមបូឌា ដេលី

April 24, 2024

បណ្ដាញ​សហគមន៍​ព្រៃឡង់ អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន ដាក់​ចេញ​វិធានការ​ទប់ស្កាត់​បទល្មើស​ក្នុង​តំបន់​អូតាលោក ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ជាបន្ទាន់ ដោយសារ​សព្វថ្ងៃ​នេះ សកម្មភាព​ដុត​បំផ្លាញ​ព្រៃឈើ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ចេះតែ​កើត​មាន​ជា​បន្តបន្ទាប់។

សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​កំពង់ធំ ចេញ​វីដេអូ​មួយ​នៅ​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ការ​បញ្ចេញ​វីដេអូ​ពី​ការ​ដុត​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​នេះ មិនមែន​ដើម្បី​ញុះញង់​ឱ្យ​មាន​ការ​ស្អប់ ឬ​រើសអើង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​ដោយសារតែ​មើល​ឃើញ​ពី​ការ​ដុត​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​នេះ​កាន់តែ​ធំៗ​ទៅ​ស្ទើរតែ​រាល់​ថ្ងៃ ដោយ​គ្មាន​ការ​ទប់ស្កាត់​ពី​រដ្ឋាភិបាល ដូច្នេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​សុទ្ធតែ​អាច​ចុះ​ទៅ​ពិនិត្យ​មើល​ទិដ្ឋភាព​ព្រៃ​ដែល​រង​នូវ​ការ​ដុត​បំផ្លាញ​ជាក់ស្តែង ដើម្បី​ឱ្យ​ដឹង​ការពិត។

អ្នក​សម្របសម្រួល​បណ្ដាញ​ព្រៃឡង់​ខេត្ត​កំពង់ធំ លោក ហឿន ភាព លើកឡើង​ថា លោក​បាន​បញ្ចេញ​វីដេអូ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​ជា​បន្តបន្ទាប់​កន្លង​មក ប៉ុន្តែ​មិនទាន់​មាន​ចំណាត់ការ​ណា​មួយ​ពី​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន នៅ​ឡើយ​ទេ ខណៈ​សកម្មភាព​ដុត​បំផ្លាញ​ព្រៃឈើ​ចេះ​តែ​បន្ត​កើតមាន​ឥត​ឈប់ឈរ​ក្នុង​ទំហំ​រាប់​សិប​ហិកតា ក្នុង​នោះ​អាជ្ញាធរ​ខេត្ត​កំពង់ធំ ក៏​មិន​ដែល​ចុះ​ទៅ​តាមដាន​សកម្មភាព​ដុត​បំផ្លាញ​ព្រៃឈើ​នេះ​ដែរ។

សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខាងលើ ជំរុញ​ឱ្យ​មន្ត្រី​ឧទ្យានុរក្ស​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​មូលដ្ឋាន​ខេត្ត​កំពង់ធំ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះ​ល្បាត​ព្រៃ​នៅ​តំបន់​ដែល​កំពុង​រង​នូវ​ការ​ដុត​បំផ្លាញ​នេះ​ឱ្យ​បាន​ទាន់​ពេលវេលា ព្រោះ​ថា​រហូត​ដល់​ពេលនេះ បណ្ដាញ​សហគមន៍​ព្រៃឡង់​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​អ្នក​ប្រព្រឹត្ត​បាន​នៅឡើយ​ទេ។

កាលពី​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៤ មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​ច្រានចោល​ទាំងស្រុង​នូវ​ការ​លើកឡើង​ដែល​ថា មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ខេត្ត​កំពង់ធំ ក្រោម​ហេតុផល​ថា មន្ត្រី​ឧទ្យានុរក្ស​ខេត្ត​បាន​បំពេញ​ការងារ​យ៉ាង​យកចិត្ត​ទុកដាក់​ជាទីបំផុត ដើម្បី​ការពារ​ធនធាន​ធម្មជាតិ ក្នុង​ការ​ចុះ​ល្បាត ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នានា​កន្លង​មក។

មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ បញ្ជាក់​ថា ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​មួយ​ក្តាប់​តូច គ្រាន់តែ​ដើម្បី​ធ្វើ​វិទ្ធង្សនា​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ ខណៈ​ក្រុម​បណ្ដាញ​សហគមន៍​ព្រៃឡង់​ពុំ​បាន​ចុះបញ្ជី​ទទួលស្គាល់​ពី​ក្រសួង​មហាផ្ទៃ ស្រប​តាម​ច្បាប់​ទេ ដូច្នេះ​ការ​ចុះផ្សាយ​របស់​ពួកគេ បាន​ធ្វើ​ឱ្យ​មាន​ការ​ភាន់ច្រឡំ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​យ៉ាង​ធ្ងន់ធ្ងរ។

យ៉ាងណា​ក៏ដោយ ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា បទល្មើស​ព្រៃឈើ​ដែល​តែងតែ​កើត​មាន​នៅ​កម្ពុជា ហើយ​ទប់ស្កាត់​មិន​បាន គឺ​ដោយសារតែ​មន្ត្រី​មូលដ្ឋាន​ជា​អ្នក​បើក​ដៃ​ឱ្យ​ឈ្មួញ​ពី​ខាងក្រៅ។ លោក​សង្កត់​ធ្ងន់​ថា បើ​នៅតែ​បែប​នេះ​ទៀត ព្រៃឈើ​របស់​ខ្មែរ​នឹង​រលាយ​ហិនហោច​ជាមិនខាន។

លោក សៅ សុខា បញ្ជាក់​ថា ឈើ​ដឹក​តែ​លើ​ផ្លូវ មិន​ដែល​ដឹក​ខុស​ពី​លើ​ផ្លូវ​ទេ ហើយ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ក៏​នៅ​លើ​ផ្លូវ ខណៈ​ទីស្នាក់ការ​បរិស្ថាន​ក៏​នៅ​លើ​ផ្លូវ​ដែរ ដូច្នេះ​បើ​មន្ត្រី​ទាំងនោះ​មិន​សមគំនិត​គ្នា​ទេ បទល្មើស​ព្រៃឈើ​ក៏​មិន​កើត​ឡើង​ដែរ។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​អន្តរជាតិ ម៉ុងហ្កាបេ (Mongabay) បាន​ចេញ​ផ្សាយ​អត្ថបទ​ស៊ើបអង្កេត​មួយ​កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា រយៈពេល ១​ឆ្នាំ​ពេញ​ក្នុង​ឆ្នាំ​២០២៣ ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតា (១២១ ០០០​ហិកតា)។

ប្រភព​ដដែល​អះអាង​ថា ការ​បាត់បង់​ព្រៃឈើ​នេះ គឺ​ដោយសារតែ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​ឧកញ៉ា​គ្រាក់ៗ​មួយ​ចំនួន​ដែល​ជា​សែស្រឡាយ​លោក ហ៊ុន សែន ដូចជា ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា ទ្រី ភាព និង​ឧកញ៉ា មិក សាផាណារ៉េត ជាដើម ខណៈ​ក្រុមហ៊ុន Angkor Plywood និង​ក្រុមហ៊ុន Think Biotech ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ដែរ៕