(ពី​ឆ្វេង)៖ លោក ថងលុន ស៊ីសុលីត (THONGLOUN SISOULITH) លោក ហ៊ុន សែន និង​លោក ផាម មីញជីញ (Phạm Minh Chính) ក្នុង​ពិធី​ជប់លៀង​ថ្ងៃ​ត្រង់​ផ្លូវការ បន្ទាប់ពី​ជំនួប​កំពូល​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៤។

ព័ត៌មានជាតិ

គណបក្ស​ប្រជាជន​កម្ពុជា​ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​ឡាវ និង​វៀតណាម ឱ្យ​កាន់តែ​ស៊ីជម្រៅ

By ឌឹ ខេមបូឌា ដេលី

April 25, 2024

គណបក្ស​ប្រជាជន​កម្ពុជា ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​នានា​រវាង​ប្រទេស​ទាំង​៣ គឺ​កម្ពុជា ឡាវ និង​វៀតណាម ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​ឧត្តម​ប្រយោជន៍​នៃ​ប្រទេស​ទាំង​៣ ជាពិសេស​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ដើមកំណើត​ពី​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ចេញ​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ការ​ពង្រឹង​ទំនាក់ទំនង​ប្រទេស​កម្ពុជា ឡាវ វៀតណាម គឺជា​ការ​រួម​ចំណែក​យ៉ាង​ធំធេង​ដល់​បុព្វហេតុ សន្តិភាព ស្ថិរភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់ និង​ពិភពលោក។

ប្រភព​ដដែល​បញ្ជាក់​ថា កម្ពុជា​បាន​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ភាគី​ឡាវ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ចូល​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​១២ នៃ​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម ស្រប​ពេល​ដែល​ភាព​រីកចម្រើន​បន្ត​ទៅ​មុខ​ឥត​ឈប់ឈរ​នៃ​ចំណង​មិត្តភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​ឈាន​ដល់​កម្រិត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​គង់វង្ស​យូរ​អង្វែង។

ប្រធាន​រដ្ឋ​ឡាវ លោក ថងលុន ស៊ីសុលីត បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៤ ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ផង ជួប​ជាមួយ​ព្រះមហាក្សត្រ​ខ្មែរ​ផង និង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ផង​ដែរ។ ក្នុង​ជំនួប​នេះ លោក ហ៊ុន សែន ក៏​ឆ្លៀត​ស្នើសុំ​ឱ្យ​លោក ថងលុន ស៊ីសុលីត គាំទ្រ​ដំណើរការ​នៃ​ការ​សាងសង់​ព្រែកជីក​ហ្វូណន​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឡាវ លោក ចាន់សាម៉ន ចាន់ញ៉ាឡាត ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លង​ទៅ​ថា ការ​រឹតចំណង​សាមគ្គីភាព និង​មិត្តភាព​នៃ​ប្រទេស​ទាំង​៣ ដែល​មាន​ជោគវាសនា​តែ​មួយ គឺ​ដូចជា​បងប្អូន​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា តស៊ូ​កៀក​ស្មា​ប្រឆាំង​ចក្រពត្តិ​បរទេស​ឈ្លានពាន​រហូត​មក​ដូច្នោះ​ដែរ។ លោក​បញ្ជាក់​ថា ទោះបី​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏ដោយ ក៏​មិត្តភាព​នៃ​ប្រទេស​ទាំង​បី​នឹង​មិន​អាច​បំបែក​ចេញ​ពី​គ្នា​បាន​ឡើយ។

ចំណែក​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ទៀ បាញ់ និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ធ្លាប់​បាន​អះអាង​ថា កម្ពុជា​តែងតែ​បង្ហាញ​ជំហរ​មុតមាំ និង​ការ​ប្ដេជ្ញា​ចិត្ត​ឥត​ងាករេ​ជាមួយ​ប្រទេស​ឡាវ និង​វៀតណាម ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ល្អ​ជា​ប្រពៃណី ជា​អ្នក​ជិតខាង​ល្អ និង​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​បី​រហូត​មក។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ មេសា នេះ​ថា ចំណង​មិត្តភាព​កម្ពុជា ឡាវ និង​វៀតណាម បច្ចុប្បន្ន​នេះ គឺ​មាន​ផល​ចំណេញ​សម្រាប់​ប្រទេស​វៀតណាម​តែ​មួយ​គត់។ ជាក់ស្តែង បន្ទាប់ពី​ប្រទេស​ទាំង​បី​បាន​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រួម​គ្នា។

លោក​បន្ត​ថា កម្ពុជា​បាន​បាត់បង់​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ទៅ​ប្រទេស​វៀតណាម យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស គឺ​ព្រៃឈើ និង​ដីធ្លី​រាប់​សិប​ម៉ឺន​ហិកតា ដែល​ក្រុមហ៊ុន​វៀតណាម ទទួល​បាន​សិទ្ធិ​កាន់កាប់​ពី​រដ្ឋាភិបាល​កម្ពុជា​រហូត​ដល់ ៥០​ឆ្នាំ​សព្វថ្ងៃ​នេះ។

លោក ម៉ែន ណាត បញ្ជាក់​ថា ពិត​មែន​តែ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ដែល​ប្រទេស​ទាំង​បី​បាន​សហការ​រកស៊ី​រួម​គ្នា​អស់​រយៈពេល ២០​ឆ្នាំ​មក​នេះ ប៉ុន្តែ​វៀតណាម គឺជា​បងធំ ឬ​ជា​មេ​ចំណែក​ក្នុង​ការ​បែងចែក​ភាគលាភ​ផ្ដាច់មុខ​ក្នុង​តំបន់​នេះ ខណៈ​កម្ពុជា និង​ឡាវ គ្រាន់តែ​រង់ចាំ​ទទួល​ចំណែក​ណា​មួយ​ដែល​វៀតណាម ផ្តល់​ឱ្យ​ប៉ុណ្ណោះ។

លោក​បន្ត​ថា ជាក់ស្តែង រដ្ឋាភិបាល​ខ្មែរ​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​ផ្លូវ​ឱ្យ​ពលរដ្ឋ​វៀតណាម អាច​ចូល​ទៅ​រស់នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​ដោយ​ស្រប​ច្បាប់​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ដូច​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក​ដូច្នោះ​ដែរ។

ក្រោម​ការ​កសាង​មិត្តភាព​ម៉ឺន​ឆ្នាំ​នៃ​ប្រទេស​ទាំង​បី​នេះ កម្ពុជា ឡាវ និង​វៀតណាម ដែល​បាន​ព្រមព្រៀង​គ្នា​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ដែល​ហៅ​កាត់​ថា CLV (Cambodia Lao Vietnam) ចាប់តាំងពី​ឆ្នាំ​១៩៩៩ មក ប្រទេស​ទាំង​បី​បាន​ដាក់​ខេត្ត​បញ្ចូល​គ្នា​ចំនួន ១៣ ក្នុង​នោះ កម្ពុជា​បាន​ដាក់​ខេត្ត​ភាគ​ឦសាន​របស់​ខ្លួន​ចំនួន ៤​ខេត្ត រួម​មាន​ខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹងត្រែង ផង​ដែរ។

តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ដែល​មាន​ខេត្ត​ខ្មែរ​ទាំង ៤ នេះ គឺ​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ឡាវ និង​ពលរដ្ឋ​វៀតណាម ចេញ​ចូល​ដោយ​សេរី ព្រមទាំង​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ទិញ​អចលនទ្រព្យ​ផ្សេងៗ ដូចជា ដីធ្លី និង​ផ្ទះសម្បែង​ដោយ​ស្រប​ច្បាប់​ថែម​ទៀត។

ខេត្ត​ទាំង ៤ របស់​កម្ពុជា​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​មាន​ប្រជាជន​ខ្មែរ​សរុប​ប្រមាណ​ជា ៥០​ម៉ឺន​នាក់ ចំណែក​ខេត្ត​ទាំង ៤ របស់​ឡាវ មាន​ចំនួន​ប្រជាជន​ប្រមាណ​ជា ៧០​ម៉ឺន​នាក់ ខណៈ​ខេត្ត​ទាំង ៥ របស់​វៀតណាម មាន​ប្រជាជន​សរុប​ប្រមាណ​ជាង ៧​លាន​នាក់​សព្វថ្ងៃ​នេះ ដែល​តួលេខ​នេះ​បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​សម្រាប់​ខេត្ត​ខ្មែរ​ទាំង ៤ ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​យ៉ាង​ធ្ងន់ធ្ងរ៕