នៅទីបំផុត របបនៅទីក្រុងមូស្គូ អស់សង្ឃឹមព្រោះតែមានទំនុកចិត្តថាសមាជិកសភាមកពីបក្សសាធារណរដ្ឋដែលលម្អៀងទៅបេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ អាចរាំងខ្ទប់គម្រោងជំនួយយោធារបស់រដ្ឋការលោក ចូ បៃដិន ទៅឱ្យអ៊ុយក្រែន តែពេលនេះ អង្ករក្លាយទៅជាបាយទៅហើយ ព្រោះទាំងព្រឹទ្ធសភា និងរដ្ឋសភា បានអនុម័តជំនួយយោធាដ៏មហិមាទៅឱ្យអ៊ុយក្រែន តាមសំណើសេតវិមាន។
ចំណែកទីក្រុងប៉េកាំង ក៏ប្រតិកម្មនឹងសហរដ្ឋអាមេរិកខ្លាំងណាស់ដែរ ព្រោះតែបន្ថែមជំនួយយោធាទៅឱ្យកោះតៃវ៉ាន់ ដែលក្រុងប៉េកាំង មានផែនលើកទ័ពលេបត្របាក់ដែនកោះដ៏តូចមួយនេះឱ្យមកនៅក្រោមដំបូលរដ្ឋកុម្មុយនីស្ត។
កាលពីថ្ងៃអង្គារ ទី២៣ មេសា ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយយោធាសរុប ៩៥ពាន់លានដុល្លារសម្រាប់សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន រួមមានទាំងអ៊ុយក្រែន ជិត ៦១ពាន់លានដុល្លារ អ៊ីស្រាអែល ២៦ពាន់លានដុល្លារ និងកោះតៃវ៉ាន់ ជាង ៨ពាន់លានដុល្លារ បន្ទាប់ពីត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រកាលពីថ្ងៃទី២០ ខែមេសា។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានចេញមុខសម្ដែងការអរគុណចំពោះការអនុម័តកញ្ចប់ជំនួយដ៏ធំនេះ ដែលកន្លងមកលោកបានលើកឡើងថា ប្រសិនបើគ្មានជំនួយយោធាពីសហរដ្ឋអាមេរិកទេ គឺប្រទេសរបស់លោកនឹងចាញ់សង្គ្រាមមិនខាន។
មុនឈានដល់ការអនុម័តដូចនេះ រដ្ឋសភាសហរដ្ឋអាមេរិកបានអូសបន្លាយរាប់ខែដែលធ្វើឱ្យក្រុងមូស្គូ ដាក់ក្ដីសង្ឃឹមថា កញ្ចប់ជំនួយយោធារបស់សេតវិមាននៃរដ្ឋការលោក ចូ បៃដិន សម្រាប់អ៊ុយក្រែន អាចគ្មានដំណើរការរស់ឡើយ។
រឿងនេះរហូតប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ដែលជាកំពូលជនផ្ដាច់ការនៅលើពិភពលោក បង្ហាញការសប្បាយចិត្តរួចទៅហើយ តែទីបំផុត ក្ដីសង្ឃឹមត្រូវរលាយ។ ជាមួយនឹងការខកចិត្តនេះ វិមានក្រឹមឡាំង បានបញ្ចេញរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន គឺលោក Sergei Shoigu ឱ្យប្រតិកម្ម។
លោក Sergei Shoigu ថ្លែងថា ប្រទេសរុស្ស៊ី នឹងបង្កើនការវាយប្រហារទៅលើមូលដ្ឋានស្តុកគ្រាប់ និងសព្វាវុធរបស់អ៊ុយក្រែន ដែលជាឃ្លាំងអាវុធផ្គត់ផ្គង់ដោយលោកខាងលិច និងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី២៣ ខែមេសា នេះ។
លោក Shoigu និយាយថា រុស្ស៊ីបានលុបបំបាត់ចោលនូវអំណាចឥទ្ធិពលអំពីឧត្តមភាពអាវុធរបស់លោកខាងលិច ដោយបានអះអាងថា កងកម្លាំងរបស់រុស្ស៊ី បានដណ្តើមគ្រប់គ្រងស្ថានការណ៍ទូទៅនៅតាមបណ្តោយសមរភូមិចម្ងាយ ១០០០គីឡូម៉ែត្រ។
លោកកត់សម្គាល់ថា ជំនួយយោធាសម្រាប់អ៊ុយក្រែន តម្លៃសរុបជិត ៦១ពាន់លានដុល្លារ នឹងមិនអាចធ្វើឱ្យរុស្ស៊ី ថយដៃវាយលុកនោះទេ ហើយក៏មិនអាចធ្វើឱ្យមានការប្រែប្រួលសង្គ្រាមនាំឱ្យអ៊ុយក្រែន ឈ្នះរុស្ស៊ី បានឡើយ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergei Shoigu ព្រមានថា ជំនួយនេះនឹងបង្កឱ្យអ៊ុយក្រែន កាន់តែឈឺចាប់ និងវិនាសកម្មដ៏ខ្លោចផ្សា។
លោក Shoigu សង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបនឹងការគំរាមកំហែងដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រុស្ស៊ីនឹងបន្តធ្វើឱ្យប្រសើរឡើងនូវសមាសភាព និងរចនាសម្ព័ន្ធនៃកងកម្លាំងប្រដាប់អាវុធ និងបង្កើនការផលិតអាវុធដ៏ទំនើបបំផុតប្រឆាំងនឹងអាវុធរបស់លោកខាងលិច។ លោកព្រមានថា រុស្ស៊ីនឹងបង្កើនការវាយប្រហារទៅលើមជ្ឈមណ្ឌលដឹកជញ្ជូនលោកខាងលិច និងមូលដ្ឋានផ្ទុកអាវុធរបស់ពួកគេនៅលើទឹកដីអ៊ុយក្រែន។
ចំណែកឯប្រទេសចិន វិញ ចេញសារព្រមានថា ការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិក សម្រាប់តៃវ៉ាន់ កំពុងតែបង្កើនហានិភ័យនៃជម្លោះនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានលើកឡើងថា ការដែលសហរដ្ឋអាមេរិក និងតៃវ៉ាន់ ប្រឹងប្រែងពង្រឹងចំណងទាក់ទងផ្នែកយោធា វានឹងមិននាំមកនូវសន្តិសុខសម្រាប់តៃវ៉ាន់ ឡើយ ហើយវាមានតែបង្កើនភាពតានតឹងនៃជម្លោះនៅច្រកសមុទ្រតៃវ៉ាន់ប៉ុណ្ណោះ ដែលប្រៀបដូចជាសកម្មភាពរុញក្រុងប៉េកាំង ឱ្យឆាប់គិតពីផែនការវាយកោះតៃវ៉ាន់។
ចិន តែងតែប្រាប់ពិភពលោកថា តៃវ៉ាន់គឺជាអាណាខេត្តមួយរបស់ចិន គឺគ្មានសិទ្ធិជារដ្ឋអធិបតេយ្យបានដាច់ខាត ទោះមានសហរដ្ឋអាមេរិកកាងពីក្រោយក៏ដោយ។
តាមអ្នកនាំពាក្យក្រសួងការបរទេសចិន ភាពជិតស្និទ្ធនៃទំនាក់ទំនងយោធា មិនអាចជួយសង្គ្រោះដែនកោះមួយនេះបានឡើយ បើក្រុងប៉េកាំង សម្រេចលើកទ័ពវាយកាន់កាប់។ តែលោកទាមទារសហរដ្ឋអាមេរិក ឱ្យឈប់បំពាក់អាវុធឱ្យតៃវ៉ាន់ ឈប់បង្កើតភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។
តែបែបនេះក្ដី អនាគតមេដឹកនាំតៃវ៉ាន់ថ្មី លោក Lai Ching-te បាននិយាយថា កញ្ចប់ជំនួយនោះនឹងពង្រឹងសមត្ថភាពការពារជាតិដែនកោះរបស់លោក ហើយជួយការពារសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានអរគុណដល់ព្រឹទ្ធសភា និងសមាជិកសភាសហរដ្ឋអាមេរិក។
លោក Israel Katz បានថ្លែងថា ជំនួយយោធាសម្រាប់អ៊ីស្រាអែល ដែលឥឡូវនេះទទួលបានការអនុម័តពីសភាទាំងពីរ គឺជាសក្ខីភាពយ៉ាងច្បាស់ចំពោះភាពរឹងមាំនៃសម្ព័ន្ធភាពនៃប្រទេសទាំងពីរ សហរដ្ឋអាមេរិក-អ៊ីស្រាអែល។ លោកក៏បានផ្ញើសារទៅកាន់សត្រូវទាំងអស់ថា ភាពរឹងមាំរបស់សហរដ្ឋអាមេរិកមកលើអ៊ីស្រាអែល តាមរយៈជំនួយយោធា គឺជាការវាយសំពងក្រុមមេដឹកនាំជ្រុលនិយម និងផ្ដាច់ការ។
ចំណែកលោក បៃដិន បានថ្លែងអរគុណសភាសហរដ្ឋអាមេរិកទាំងពីរថ្នាក់ ជាមួយនឹងការអះអាងថា លោកនឹងចុះហត្ថលេខាលើច្បាប់ថវិកានេះឱ្យបានលឿនរហ័សបំផុត ដើម្បីអាចចាប់ផ្ដើមបញ្ជូនអាវុធឱ្យអ៊ុយក្រែន ក្នុងសប្ដាហ៍នេះតែម្ដង។
លោកចាត់ទុកកញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែន សម្រាប់អ៊ីស្រាអែល និងកោះតៃវ៉ាន់ គឺជាសារបញ្ជាក់ថា សហរដ្ឋអាមេរិកមិនបានសម្រេចបោះបង់តួនាទីជាអ្នកការពារសេរីភាព និងយុត្តិធម៌សម្រាប់ប្រទេសទន់ខ្សោយដែលត្រូវពួកផ្ដាច់ការឈ្លានពាននោះទេ៕