អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​រូបភាព​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ

នយោបាយ

លោក សម រង្ស៊ី ថា​គម្រោង​ព្រែកជីក​ហ្វូណន​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ចិន ខណៈ​មន្ត្រី​កម្ពុជា​ចោទ​តប​វិញ​ថា​ជា​អំពើ​ក្បត់

By ឌឹ ខេមបូឌា ដេលី

April 26, 2024

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចោទ​ថា​គម្រោង​ព្រែកជីក​ហ្វូណន ជា​គម្រោង​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ចិន​កុម្មុយនីស្ត ហើយ​ព្រែកជីក​នេះ​ក៏​អាច​នាំមក​នូវ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​ពលរដ្ឋ​ខ្មែរ​ដែរ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា​ការ​លើកឡើង​បែប​នេះ គឺ​ជា​អំពើ​ក្បត់។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ មេសា នេះ​ថា គម្រោង​ព្រែកជីក​ហ្វូណន​ដែល​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ ទៅ​កាន់​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ថ្ងៃ​អនាគត។

លោក​បន្ថែម​ថា រដ្ឋាភិបាល​ខ្មែរ​ដែល​ស្ថិត​នៅ​ក្រោម​បង្គាប់​លោក ហ៊ុន សែន បាន​សម្រេច​សាងសង់​ព្រែកជីក​នេះ​តាម​សំណើ​ចិន​កុម្មុយនីស្ត​យ៉ាង​តក់ក្រហល់ ដោយ​គ្មាន​ស្មារតី​ទទួល​ខុសត្រូវ​ឡើយ ព្រោះ​ថា​រដ្ឋាភិបាល​កម្ពុជា​មិនទាន់​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​ពី​គុណប្រយោជន៍ និង​ផល​ប៉ះពាល់​ពី​បញ្ហា​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​របស់​ព្រែកជីក​នេះ​នៅឡើយ​ទេ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា បំណង​ធំ​បំផុត​នៃ​ការ​សាងសង់​ព្រែកជីក​នេះ មិនមែន​ដើម្បី​បម្រើ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​យុទ្ធសាស្ត្រ​របស់​មហាអំណាច​កុម្មុយនីស្ត​ចិន ដែល​ត្រូវការ​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​ឱ្យ​ដល់​ឈូងសមុទ្រ​ថៃ ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ និង​កម្ពុជា ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​ប្រទេស​ចិន សព្វថ្ងៃ​នេះ។

លោក សម រង្ស៊ី បញ្ជាក់​ថា មូលដ្ឋាន​កងទ័ព​របស់​ចិន នៅ​តំបន់​ជើងទឹក​រាម​របស់​កម្ពុជា ក៏​ធ្វើ​ឡើង​ដើម្បី​ជា​ឈ្នាន់​បម្រើ​នយោបាយ​វាតទី​និយម​ក្នុង​តំបន់​របស់​ចិន ដែរ ដូច្នេះ​រដ្ឋាភិបាល​ក្រោម​ការ​ត្រួតត្រា​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ អាច​នាំមក​នូវ​គ្រោះថ្នាក់​ដល់​កម្ពុជា​ដូច​កាលពី​សម័យ ប៉ុល ពត ដែល​រស់នៅ​ក្រោម​អំណាច​របស់​ប្រទេស​ចិន។

វិទ្យាស្ថាន​អភិវឌ្ឍ​ការ​ស្រាវជ្រាវ​បូព៌ា (Oriental Research Development Institute) នៃ​ប្រទេស​វៀតណាម បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ដែល​ជា​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន មិន​ត្រឹមតែ​ជា​គម្រោង​ដែល​បម្រើ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ព្រែកជីក​នេះ​ក៏​មាន​តម្លៃ​ចម្បង​ក្នុង​ការ​បម្រើ​វិស័យ​យោធា​របស់​ចិន ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា គម្រោង​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ខ្លាំងក្លា​ដល់​ស្ថានភាព​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​នៃ​តំបន់​ទាំងមូល ស្រប​ពេល​ដែល​ចិន កំពុង​អភិវឌ្ឍ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​នៅ​កម្ពុជា​ស្រាប់។

ជុំវិញ​បញ្ហា​នេះ មេដឹកនាំ​វៀតណាម ជាច្រើន​នាក់ ដូចជា​នាយករដ្ឋមន្ត្រី​វៀតណាម អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម និង​ប្រធាន​រដ្ឋ​វៀតណាម ជាដើម ក៏​ធ្លាប់​បាន​លើកឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ចំពោះ​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​វៀតណាម កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ​ដែរ​ថា ព្រែកជីក​ហ្វូណន នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន អេកូឡូស៊ី និង​ជម្រក​ធម្មជាតិ​សម្រាប់​ជីវចម្រុះ​ក្នុង​ទន្លេមេគង្គ​ទៅ​ថ្ងៃ​មុខ ប៉ុន្តែ​ត្រូវ​លោក ហ៊ុន ម៉ាណែត ច្រានចោល​ទាំងស្រុង។

យ៉ាងណាក៏ដោយ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា បណ្ឌិត គិន ភា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៥ មេសា នេះ​ថា ខ្លឹមសារ​ដែល​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​គាត់ គឺ​បាន​បង្ហាញ​ពី​អំពើ​ក្បត់​ទាំងស្រុង​ទៅ​នឹង​ផល​ប្រយោជន៍​ជា​យុទ្ធសាស្ត្រ​របស់​ប្រទេស​កម្ពុជា។

លោក​បន្ថែម​ថា បើ​ទោះបីជា​សារ​នោះ​ត្រូវ​សរសេរ​ឡើង​ដើម្បី​បំផ្លិចបំផ្លាញ​គម្រោង​អភិវឌ្ឍន៍​ជាតិ​របស់​គណបក្ស​កាន់​អំណាច ដើម្បី​ផល​ប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន ឬ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អ្នក​ជិតខាង ឬ​មហាអំណាច​ណា​មួយ​ក៏ដោយ តែ​ការ​លើកឡើង​បែប​នេះ​ជា​អំពើ​ដ៏​ល្ងឹតល្ងង់ និង​ក្បត់​ទៅ​នឹង​ផល​ប្រយោជន៍​ជាតិ​ខ្មែរ​ប៉ុណ្ណោះ។

បណ្ឌិត គិន ភា បញ្ជាក់​ថា «បរទេស​ជិតខាង​ខ្លះ​ធ្លាប់​បាន​ប្រើប្រាស់​រួច​ហើយ​នូវ​យុទ្ធសាស្ត្រ​ខ្ចី​ដែកកេះ​របស់​កូន​យើង ឱ្យ​យក​មក​ដុត​ផ្ទះ​យើង» ហើយ​កម្ពុជា​ក៏​ធ្លាប់​រងគ្រោះ​ដោយ​យុទ្ធសាស្ត្រ​ដែកកេះ​នេះ​យ៉ាង​ធ្ងន់ធ្ងរ​ដែរ​ពី​អតីតកាល ដូច្នេះ​មក​ដល់​ពេលនេះ ខ្មែរ​គ្រប់​រូប​ល្មម​យល់​ហើយ​ពី​យុទ្ធសាស្ត្រ​របស់​បរទេស និង​ត្រូវ​ឈ្វេងយល់​ពី​ភាព​បត់បែន​នៃ​ភូមិសាស្ត្រ​នយោបាយ​ដែរ មិន​ត្រូវ​ឱ្យ​បរទេស​ខ្ចី​ដៃ​ប្រើប្រាស់​ដោយ​អំពើ​ក្បត់​នឹង​ផល​ប្រយោជន៍​ជាតិ​ខ្លួនឯង​បន្ត​ទៀត​នោះ​ទេ។

គម្រោង​ព្រែកជីក​ហ្វូណន​តេជោ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ (Belt and Road Initiative ឬ BRI) របស់​រដ្ឋាភិបាល​ចិន ដែល​ត្រូវ​សាងសង់​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន ក្នុង​ទម្រង់ BOT ដែល​មាន​ប្រវែង ១៨០​គីឡូម៉ែត្រ លាតសន្ធឹង​ចាប់ពី​ព្រែក​តាកែវ​នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តាឯក​នៃ​ទន្លេបាសាក់ ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេបាសាក់ ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន ៤ រួម​មាន​ខេត្ត​កណ្តាល ខេត្ត​តាកែវ ខេត្ត​កំពត និង​ខេត្ត​កែប៕