កាលពីថ្ងៃពុធ ទី២៤ មេសា គណៈកម្មការបោះឆ្នោតរបស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាសថា លោក Prabowo Subianto គឺជាប្រធានាធិបតីជាប់ឆ្នោត។
ការប្រកាសរបស់ស្ថាប័នបោះឆ្នោតនៃប្រទេសដ៏ធំមួយនៅអាស៊ីអាគ្នេយ៍ ធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញរបស់ប្រទេសនេះបានច្រានចោលការចោទទាំងឡាយរបស់បេក្ខជនពីររូបដែលចាញ់ឆ្នោត ហើយដាក់ពាក្យបណ្ដឹងឱ្យសើរើលទ្ធផលបោះឆ្នោតក្រោមការសង្ស័យមានភាពមិនប្រក្រតីនៅក្នុងការរាប់សន្លឹកឆ្នោត។
ប្រទេសឥណ្ឌូនេស៊ី បានធ្វើការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី១៤ កុម្ភៈ ដែលមានប្រជាជនមានសិទ្ធិបោះឆ្នោត ២០៤លាននាក់ក្នុងចំនួនសរុបជាង ២៧៧លាននាក់។ ប្រទេសដ៏ធំមួយនៅអាស៊ីអាគ្នេយ៍នេះ ត្រូវបានគេរាប់ថាជាជើងឯកមួយដែលប្រកាន់យកប្រព័ន្ធប្រជាធិបតេយ្យស្អាតស្អំជាងគេ។
ឋានៈជារដ្ឋមន្ត្រីការពារជាតិក្នុងអាណត្តិរបស់ប្រធានាធិបតី Joko Widodo លោក Prabowo ប្ដេជ្ញាដឹកនាំប្រទេសឥណ្ឌូនេស៊ី ដើរតាមគន្លងប្រជាធិបតេយ្យ និងការរួបរួមជាមួយអ្នកនយោបាយមកពីគ្រប់បក្សនយោបាយទាំងអស់។
ភ្នាក់ងារសារព័ត៌មាន AP បានឲ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី ថ្មីរូបនេះ បានប្រកាសថា ឥណ្ឌូនេស៊ី បានបង្ហាញពិភពលោកជាថ្មីពីការការផ្ទេរអំណាចប្រកបដោយសន្តិវិធី ហើយស្ថិតក្នុងការសាមគ្គីគ្នាដោយការយល់យោគគ្នាជាធំ។ ក្នុងនោះដែរ ប្រធានាធិបតីជាប់ឆ្នោតក៏បានអំពាវនាវឱ្យអ្នកនយោបាយធ្វើការរួមគ្នា ដើម្បីកសាងប្រទេស។ លោក Prabowo នឹងចូលកាន់តំណែងជំនួសលោក Joko Widodo ដែលអស់អាណត្តិជាប្រធានាធិបតី។
លោក Prabowo និងលោក Gibran Rakabuming ដែលជាអនុប្រធានាធិបតីជាប់ឆ្នោត និងជាកូនប្រុសរបស់លោក Joko Widodo នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ។ លោក Joko Widodo សន្យាថាលោក និងគណៈរដ្ឋមន្ត្រីរបស់លោក នឹងធ្វើពិធីផ្ទេរតំណែងតាមគន្លងប្រជាធិបតេយ្យទៅឱ្យបេក្ខជនដែលឈ្នះឆ្នោត។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Prabowo បានថ្លែងថា ឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជាធិបតេយ្យធំនៅអាស៊ី បានបង្ហាញពិភពលោកពីការផ្ទេរអំណាចដោយសន្តិវិធី។
លោក Prabowo បានថ្លែងដូចនេះជាថ្មីម្តងទៀតថា ឥណ្ឌូនេស៊ីបង្ហាញពិភពលោកថាជាប្រទេសមានសន្តិភាព ហើយការផ្ទេរអំណាចប្រកបដោយសន្តិភាពផ្លូវចិត្ត។ ជាមួយនឹងការប្រកាសដូចនេះ លោក Prabowo ប្ដេជ្ញាក្នុងការកាត់បន្ថយភាពក្រីក្រដោយបង្កើនការងារសម្រាប់ប្រជាជនឥណ្ឌូនេស៊ី ជាមួយនឹងការប្ដេជ្ញាលុបបំបាត់អំពើពុករលួយ។
ក្នុងឋានៈជារដ្ឋមន្ត្រីការពារជាតិ ឧត្ដមសេនីយ៍ផ្កាយបួនកិត្តិយសរូបនេះ បានសន្យាដោះស្រាយបញ្ហាសំខាន់ៗនៅក្នុងប្រទេសថែមទៀត និងបន្តដំណើរការប្រជាធិបតេយ្យដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
គណៈកម្មការរៀបចំការបោះឆ្នោតប្រទេសឥណ្ឌូនេស៊ី ប្រកាសថា បេក្ខជន Prabowo ទទួលបានសំឡេងឆ្នោតគាំទ្រ ៥៨,៦ភាគរយ។
នៅពេលស្ថាប័នបោះឆ្នោតប្រកាសដូចនេះ ជាការបង្ហាញថា លោកបានឈ្នះបេក្ខជន ២រូបទៀតដែលមានសំឡេងតាមពីក្រោយជិត ២៥% និងជាង ១៦% លោក Prabowo ទទួលអារម្មណ៍ជាបេក្ខជនឈ្នះឆ្នោត ហើយពិតណាស់ លោកនឹងក្លាយជាប្រធានាធិបតីថ្មីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោកក៏បានអំពាវនាវឱ្យអ្នកនយោបាយគ្រប់និន្នាការ ធ្វើការជាមួយរដ្ឋាភិបាលរបស់លោក ដើម្បីប្រជាជន និងប្រទេសឥណ្ឌូនេស៊ីមួយដ៏ខ្លាំង។
លោក Prabowo Subianto គឺជាកូនប្រសារបស់អតីតប្រធានាធិបតី Suharto ដែលគេស្គាល់ថាជាមេដឹកនាំដែលកាន់អំណាចផ្ដាច់ការ ប៉ុន្តែលោក Suharto ត្រូវបានប្រជាជនទាញទម្លាក់ពីអំណាចនៅឆ្នាំ១៩៩៨។
ក្នុងរដ្ឋការរបស់ឪពុកក្មេក លោក Prabowo ក៏មានឋានៈខ្ពស់ក្នុងជួរកងទ័ពផងដែរ។ យ៉ាងណា លោក Prabowo ប្ដេជ្ញាដឹកនាំប្រទេសឥណ្ឌូនេស៊ីឱ្យខ្លាំងទាំងសេដ្ឋកិច្ច នយោបាយការទូត និងប្រជាធិបតេយ្យ ដែលនឹងមិនធ្វើឱ្យប្រជាជនឥណ្ឌូនេស៊ី គិតថាឧត្ដមសេនីយ៍រូបនេះដឹកនាំប្រទេសទៅរកប្រព័ន្ធផ្ដាច់ការដូចឪពុកក្មេករបស់លោកនោះទេ។
បច្ចុប្បន្ននេះ លោក Prabowo Subianto មានវ័យ ៧២ឆ្នាំ។ លោកធ្លាប់ជាបេក្ខជនចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតឆ្នាំ២០១៩ ដោយចាញ់លោក Joko Widodo។ ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី មានអាណត្តិ ៥ឆ្នាំ ប៉ុន្តែមានសិទ្ធិកាន់តំណែង ៥ឆ្នាំទៀត ដោយឆ្លងកាត់ការបោះឆ្នោត៕