អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី អះអាងថា មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន គ្រាន់តែជាអ្នកដឹកនាំល្មោភអំណាចម្នាក់តែប៉ុណ្ណោះ ហើយការបង្ខំឱ្យមន្ត្រីបក្សប្រឆាំងផ្ដាច់ខ្លួនពីរូបលោក គឺដោយសារតែលោក ហ៊ុន សែន ភ័យខ្លាចថាលោក សម រង្ស៊ី នឹងធ្វើឱ្យគាត់បាត់បង់អំណាច។
លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនសំដៅទៅកាន់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ដោយមិនបញ្ចេញឈ្មោះកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះថា ទាល់តែមនុស្សឆោតបំផុត ទើបគិតថាការបង្ខំឱ្យបុគ្គលណាម្នាក់ប្រកាសផ្ដាច់ខ្លួនពីបុគ្គលម្នាក់ផ្សេងទៀត គឺជាការប្រកាសកាត់ផ្ដាច់ទាំងចិត្តរបស់បុគ្គលនោះ។
លោក សម រង្ស៊ី លើកឡើងថា គ្មាននរណាអាចបង្ខំឱ្យបុគ្គលណាម្នាក់ស្អប់មនុស្សល្អ ហើយប្រែទៅជាស្រឡាញ់មនុស្សអាក្រក់បានទេ ដូច្នេះមានន័យថា ទោះស្ថិតក្រោមការគំរាមកំហែងពីជនផ្ដាច់ការ រហូតជំរុញឱ្យជនរងគ្រោះខ្លះបង្ខំចិត្តប្រកាសផ្ដាច់ខ្លួនពីមនុស្សខ្លួនគោរពស្រឡាញ់ក៏ដោយ ក៏ពួកគេនឹងនៅតែរក្សាឧត្ដមគតិដើមក្នុងជម្រៅចិត្តរបស់ពួកគេដែរ។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា ការប្រកាសផ្ដាច់ខ្លួនមិនមែនមានន័យថា ជាការប្រកាសផ្តាច់ចិត្តឡើយ ប៉ុន្តែមនុស្សដែលចូលចិត្តបង្ខំឱ្យគេប្រកាសផ្ដាច់ខ្លួនពីបុគ្គលម្នាក់ ចំពោះបុគ្គលម្នាក់ទៀត គឺមានតែមនុស្សដែលឆោត និងគ្មានចំណេះដឹង ឬជាមនុស្សដែលមានការអប់រំទាបប៉ុណ្ណោះ ទើបគិតឃើញទង្វើបែបនេះ។
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បុរសខ្លាំងក្តាប់អំណាចបញ្ជាផ្ដាច់មុខនៅកម្ពុជាលោក ហ៊ុន សែន អះអាងថា លោកនឹងទទួលយកការសុំទោសពីមនុស្សផ្សេងទៀតដែលទទួលកំហុស និងប្រកាសផ្ដាច់ខ្លួនចេញពីអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ប៉ុន្តែលោកក៏នឹងមិនអត់ឱនឲ្យជនណា ឬក្រុមណាក៏ដោយដែលបន្តដើរតាមលោក សម រង្ស៊ី ដែរ។
លោក ហ៊ុន សែន បញ្ជាក់ថា លោកនឹងបន្តប្រើផ្លូវច្បាប់ដើម្បីចាត់ការលើក្រុមណា ឬបុគ្គលណាដែលជេរប្រមាថមួលបង្កាច់មកលើគណបក្សប្រជាជនកម្ពុជា ឬលើរូបលោកតទៅទៀត ដោយគ្មានការលើកលែង។
ការប្រកាសរបស់លោក ហ៊ុន សែន បែបនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូប បានប្រកាសផ្ដាច់ខ្លួនពីលោក សម រង្ស៊ី កាលពីពេលថ្មីៗនេះ ដើម្បីសុំឱ្យលោក ហ៊ុន សែន លើកលែងទោសក្នុងបំណងឱ្យខ្លួនអាចវិលត្រឡប់ទៅប្រទេសកម្ពុជា ដែលជាទឹកដីកំណើតរបស់ខ្លួនវិញ។
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក ជា ប៉ូច បានផ្ញើលិខិតមួយទៅកាន់លោក ហ៊ុន សែន ដោយប្ដេជ្ញាថា លោកនឹងផ្ដាច់ខ្លួនចេញពីអតីតមេដឹកនាំប្រឆាំងលោក សម រង្ស៊ី និងឈប់ធ្វើការជាមួយក្រុមការងារគណបក្សសង្គ្រោះជាតិទាំងអស់ទៅថ្ងៃមុខ។
ទាក់ទិននឹងបញ្ហានេះ កាលពីអំឡុងឆ្នាំ២០២៣ លោក ហ៊ុន សែន ធ្លាប់ប្រកាសថា លោកនឹងលើកលែងទោសឲ្យអ្នកនយោបាយជាន់ខ្ពស់ដែលកំពុងនិរទេសខ្លួននៅបរទេស ប្រសិនបើពួកគេផ្ដាច់ខ្លួនពីលោក សម រង្ស៊ី។
ការប្រកាសនេះ ត្រូវគេមើលឃើញថា លោក ហ៊ុន សែន កំពុងអនុវត្តយុទ្ធសាស្ត្រឱ្យលោក សម រង្ស៊ី ឯកោ ក្រោមវិធានការជំរុញឲ្យអ្នកនយោបាយប្រឆាំងជាន់ខ្ពស់ចាកចេញពីលោក សម រង្ស៊ី ទាំងអស់។
ជុំវិញបញ្ហានេះ លោក ហ៊ុន សែន ធ្លាប់បានបញ្ជាក់ទៅកាន់អ្នកដែលចង់ប្រកាសផ្ដាច់ខ្លួនពីលោក សម រង្ស៊ី ថា សម្រាប់អ្នកដែលបន្តគាំទ្រលោក សម រង្ស៊ី ហើយចង់រួចខ្លួនពីបំរាមតុលាការ ដោយការផ្ដាច់ខ្លួនពីមេដឹកនាំបក្សប្រឆាំង ត្រូវតែធ្វើឡើងដោយមានភាពស្មោះត្រង់ជាមួយនឹងរូបលោក។
អ្នកនយោបាយជាន់ខ្ពស់ដែលស្និទ្ធនឹងលោក សម រង្ស៊ី កំពុងបន្តរស់នៅ និងធ្វើសកម្មភាពនយោបាយតាមលោក សម រង្ស៊ី ពីក្រៅប្រទេស រួមមាន លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទរិទ្ធ និងលោក នុត រំដួល ដែលកំពុងរងនូវបណ្តឹង និងការផ្ដន្ទាទោសពីតុលាការក្រុងភ្នំពេញជាច្រើនឆ្នាំពីបទចោទ «ឧបឃាត» មិនទាន់មាននរណាម្នាក់ប្រកាសផ្ដាច់ខ្លួនពីលោក សម រង្ស៊ី នៅឡើយទេរហូតដល់ពេលនេះ។
ទាក់ទិននឹងបញ្ហានេះ អ្នកសិក្សាស្រាវជ្រាវនយោបាយបណ្ឌិត សេង សារី ធ្លាប់បានអះអាងកាលពីពេលកន្លងទៅនេះថា គណបក្សប្រជាជនកម្ពុជាកំពុងឈានទៅប្រើយុទ្ធសាស្ត្រ IM (Isolate and Manage) មានន័យថា បំបែក និងគ្រប់គ្រងមេដឹកនាំប្រឆាំងលោក សម រង្ស៊ី ប៉ុន្តែយុទ្ធសាស្ត្រនេះក៏មិនប្រាកដថាជោគជ័យដែរ៕