ដោយ៖ ខៀវ សុភា
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នេះគឺជាខួប ១២ឆ្នាំនៃឃាតកម្មសម្លាប់លោក ឈុត វុទ្ធី ដែលជាវីរជនការពារព្រៃឈើដ៏លេចធ្លោនៅកម្ពុជា ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅចំណុចវាលបី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង នៅពេលដែលលោកចុះស៊ើបអង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ជួរភ្នំក្រវាញភាគកណ្តាល។
ប៉ុន្តែ ១២ឆ្នាំកន្លងទៅនេះ យុត្តិធម៌សម្រាប់រូបលោក និងក្រុមគ្រួសាររបស់លោក ហាក់នៅឆ្ងាយដូចជើងមេឃ ដោយសារតែសំណុំរឿងនេះជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនកាប់ឈើដ៏ល្បីឈ្មោះ Timber Green ដែលមានអ្នកស្រី ខៀវ ស ស៊ីលៀប និងលោកស្រី ហ៊ុន ម៉ាណា ដែលជាកូនស្រីអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ជាម្ចាស់ភាគហ៊ុនធំ។
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នេះ គឺមានរយៈពេល ១២ឆ្នាំគត់ដែលយុត្តិធម៌សម្រាប់គ្រួសាររបស់លោក ឈុត វុទ្ធី វីរជនការពារព្រៃឈើដ៏លេចធ្លោនៅកម្ពុជាមួយរូបនៅតែគ្មានពន្លឺ។
លោក ឈុត វុទ្ធី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្តាលព្រៃក្នុងតំបន់ជួរភ្នំក្រវាញភាគកណ្តាល ក្នុងបុព្វហេតុដែលលោកបាននាំស្ត្រីអ្នកកាសែតពីររូបធ្វើដំណើរតាមរថយន្ត ទៅពិនិត្យ និងស៊ើបអង្កេតអំពីការកាប់ឈើខុសច្បាប់របស់ក្រុមហ៊ុន Timber Green នៅតំបន់មួយនៃជួរភ្នំក្រវាញក្នុងខេត្តកោះកុង។
រហូតដល់មកដល់ពេលនេះ សំណុំរឿងដ៏ចាក់ស្រេះនេះបានបន្សល់ទុកនូវតែភាពអយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះប៉ុណ្ណោះ ដោយសារតែម្ចាស់ក្រុមហ៊ុននេះសុទ្ធសឹងតែជាមនុស្សគ្រាក់ៗនៅក្នុងត្រកូលហ៊ុន ដូចជាកូនស្រីទាំងពីររបស់លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា អ្នកស្រី ហ៊ុន ម៉ាលី និងមានអ្នកមានអំណាចជាច្រើននាក់ផ្សេងទៀត ទើបធ្វើឲ្យអាជ្ញាធរខ្លាចញញើតមិនហ៊ានធ្វើការស៊ើបអង្កេត ដោយគ្រាន់តែបង្កើតគណៈកម្មការស៊ើបអង្កេតបំពេញកិច្ច រួចក៏បិទសំណុំរឿងនេះចោលលែងចាត់ការតែម្តង។
កូនប្រុសរបស់លោក ឈុត វុទ្ធី គឺលោក ឆឺយ ឧត្ដមរស្មី ធ្លាប់បានលើកឡើងកាលពីពេលកន្លងមកថា លោកសង្ស័យថាមន្ត្រីរដ្ឋាភិបាលកម្ពុជា អាចជាអ្នកនៅពីក្រោយឃាតកម្មបាញ់សម្លាប់លោក ឈុត វុទ្ធី ឪពុករបស់លោក។ លោកថា លោកមិនមានជំនឿចិត្តទៅលើរដ្ឋាភិបាលសព្វថ្ងៃនោះទេ ព្រោះមន្ត្រីនៅក្នុងជួររដ្ឋាភិបាលជាប់ពាក់ព័ន្ធនឹងរឿងឃាតកម្មនេះ។
ប្រភពដដែលអះអាងថា អ្នកដែលដឹងរឿងនេះជាមិត្តចាស់របស់ឪពុកលោក ហើយសព្វថ្ងៃជាមន្ត្រីនៅក្នុងជួររដ្ឋាភិបាលដែរ តែមិនអាចបញ្ចេញឈ្មោះជាសាធារណៈបានឡើយ។
លោក ឆឺយ ឧត្តមរស្មី បានលើកឡើងថា ទាំងក្រុមគ្រួសាររបស់លោក ក្រុមអង្គការសង្គមស៊ីវិល នៅតែមិនជឿទៅលើរបាយការណ៍ស៊ើបអង្កេតរបស់គណៈកម្មការស៊ើបអង្កេត ដែលបង្កើតឡើងដោយរដ្ឋាភិបាលនោះទេ។ លោកមានការសង្ស័យតាំងពីដំបូងមកម្ល៉េះ ដោយសារសមត្ថកិច្ចមូលដ្ឋានបានឆ្លើយច្របូកច្របល់លើហេតុការណ៍បាញ់សម្លាប់ដ៏ចម្រូងចម្រាសនេះ។
លោកបន្តថា ឪពុករបស់លោក និងឈ្មោះ អ៊ិន រតនា (ដែលរងការចោទថាជាអ្នកបាញ់លោក ឈុត វុទ្ធី) បានស្គាល់ និងរាប់អានគ្នាយ៉ាងច្បាស់។ ឪពុករបស់លោកបានបង្រៀនលោក អ៊ិន រតនា ពីច្បាប់យោធា និងពីការប្រើប្រាស់អាវុធយោធាមួយចំនួន។ ដូច្នេះ លោកមិនជឿថាលោក អ៊ិន រតនា លើកកាំភ្លើងបាញ់គ្រូរបស់ខ្លួននោះទេ។
លោក ឆឺយ ឧត្តមរស្មី បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ថា ១២ឆ្នាំហើយដែលសកម្មជនការពារព្រៃឈើដ៏ល្បីល្បាញ គឺលោក ឈុត វុទ្ធី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ គ្រាដែលលោក ឈុត វុទ្ធី រួមទាំងអ្នកយកព័ត៌មានពីររូបនៃកាសែត The Cambodia Daily ចុះស៊ើបអង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ជួរភ្នំក្រវាញ។ លោកថា យុត្តិធម៌ត្រូវតែមានសម្រាប់លោក ឈុត វុទ្ធី។
ក្រុមយុវជនស្រឡាញ់បរិស្ថានដែលសូមមិនបញ្ចេញឈ្មោះ បានស្នើឲ្យក្រសួងយុត្តិធម៌ បន្តជំរុញទៅស្ថាប័នអយ្យការ ឲ្យស៊ើបអង្កេតដោយឯករាជ្យលើករណីឃាតកម្មលើលោក ឈុត វុទ្ធី ដើម្បីស្វែងរកអ្នកផ្តើមគំនិត និងអ្នកពាក់ព័ន្ធ ឲ្យមកទទួលខុសត្រូវចំពោះមុខផ្លូវច្បាប់។ យុវជនរូបនោះលើកឡើងថា លោក ឈុត វុទ្ធី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់រយៈពេល ១២ឆ្នាំក៏ពិតមែន ប៉ុន្តែអ្នកផ្តើមគំនិត និងអ្នកពាក់ព័ន្ធក្នុងរឿងឃាតកម្មនេះ នៅមិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកដាក់ទោសនោះឡើយ។
អតីតនាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បានបង្ហោះសារខ្លីមួយលើគណនីហ្វេសប៊ុកជុំវិញខួប ១១ឆ្នាំនៃឃាតកម្មលើលោក ឈុត វុទ្ធី កន្លងមក ដោយសរសេរថា «១១ឆ្នាំក្រោយមក យុត្តិធម៌ និងការពិតមិនទាន់ត្រូវបានលាតត្រដាង»។
អ្នកស្រីចងចាំវីរភាពរបស់លោក ឈុត វុទ្ធី និងសូមឧទ្ទិសបុណ្យកុសលទាំងឡាយជូនដល់លោកជាដរាប។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅឆ្នាំ២០១៤ បានថ្លែងក្នុងពិធីគំនិតផ្ដួចផ្ដើមជាសកលរបស់លោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Bill Clinton នៅទីក្រុងញូវយ៉ក បានថ្លែងកោតសរសើរចំពោះសកម្មជននៅកម្ពុជា ដែលការពារបរិស្ថាន គឺលោក ឈុត វុទ្ធី ប្រធានអង្គការអភិរក្សធនធានធម្មជាតិ។
ក្រុមអង្គការសង្គមស៊ីវិលបានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកដោយសរសេរថា លោក ឈុត វុទ្ធី ដែលជាកុលបុត្រ និងសកម្មជនបរិស្ថានខ្មែរដ៏ឆ្នើមម្នាក់ ប៉ុន្តែយុត្តិធម៌សម្រាប់រូបលោក និងក្រុមគ្រួសាររបស់លោក ហាក់នៅឆ្ងាយដូចជើងមេឃ។ លោក ឈុត វុទ្ធី បានបន្សល់ស្នាដៃជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា ព្រមទាំងការអប់រំដល់សហគមន៍ឲ្យយល់ពីគុណតម្លៃនៃព្រៃឈើ និងបរិស្ថាន។ ភាពអង់អាចក្លាហាន និងវីរភាពរបស់លោក ជាគំរូសម្រាប់យុវជន និងសកម្មជនបរិស្ថានជំនាន់ក្រោយ។
កន្លងមក លទ្ធផលនៃការស៊ើបអង្កេតរបស់គណៈកម្មការដែលមានសមាសភាពសុទ្ធតែជាមន្ត្រីរបស់រដ្ឋាភិបាល ដែលត្រូវបានគេចាត់ទុកថាមិនឯករាជ្យ បានលើកឡើងថា សន្តិសុខក្រុមហ៊ុន Timber Green ម្នាក់ឈ្មោះ រ៉ាន់ បូរ័ត្ន ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា ទាក់ទិននឹងការបាញ់សម្លាប់មន្ត្រីកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា។ លទ្ធផលនេះបានបង្ហាញជាសាធារណៈបន្ទាប់ពីការស៊ើបអង្កេតរយៈពេល ៣ថ្ងៃ។
ចំណែកឯរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តកោះកុង បានរកឃើញថា លោក អ៊ិន រតនា ត្រូវបានគេអះអាងថាបានបង្វែរចុងកាណុងរបស់គាត់មកបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីបានបាញ់សម្លាប់លោក ឈុត វុទ្ធី ដែលជាប្រធានអង្គការការពារធនធានធម្មជាតិ និងមន្ត្រីផ្សេងទៀតថា លោក អ៊ិន រតនា បានបាញ់សម្លាប់លោក ឈុត វុទ្ធី ហើយគ្រាប់កាំភ្លើងត្រូវឡាន ហើយបានប្លាតមកត្រូវគាត់វិញបណ្តាលឲ្យស្លាប់។
របាយការណ៍ដែលចេញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីឆ្នាំ២០១៩ បង្ហាញពីដំណើរក្ដីដែលចេញដោយតុលាការខេត្តកោះកុង ដោយបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០១២ សាលាដំបូងខេត្តនេះបានបិទសំណុំរឿងនេះត្រឹមសំអាងហេតុថា លោក ឈុត វុទ្ធី ត្រូវបានសម្លាប់ដោយទាស់ពាក្យសម្ដីគ្នាជាមួយមន្ត្រីអាវុធហត្ថ និងសន្តិសុខដែលស៊ីឈ្នួលឱ្យក្រុមហ៊ុន ក្នុងពេលពួកគេទាមទារឱ្យលោក ឈុត វុទ្ធី ប្រគល់កាមេរ៉ាដែលមានផ្ទុករូបភាពនៃទីតាំងក្រុមហ៊ុន។
បន្ទាប់មកទៀត សន្តិសុខដែលរងការចោទប្រកាន់ក្នុងបទល្មើសនេះ ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ១៨ខែ តែទោសនេះត្រូវបានព្យួរ ហើយសន្តិសុខរូបនេះត្រូវបានដោះលែងវិញភ្លាមៗក្រោយប្រកាសសាលក្រមរួច។
នៅក្នុងភាពយន្តឯកសារមួយដែលមានចំណងជើងថា «ខ្ញុំជា ឈុត វុទ្ធី» កញ្ញា អូឡេស៊ា ផ្លូកឃី (Olesia PLOKHII) អ្នកសារព័ត៌មានមួយរូបក្នុងចំណោមអ្នកសារព័ត៌មានទាំងពីររូបរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដែលស្ថិតក្នុងហេតុការណ៍បាញ់ប្រហារកាលពី ១២ឆ្នាំមុននោះ ក៏បានរៀបរាប់ដោយផ្ទាល់ឡើងវិញពីរឿងរ៉ាវនេះ។
កញ្ញា ផ្លូកឃី បានបញ្ជាក់នៅចុងបញ្ចប់នៃការរៀបរាប់នោះថា កញ្ញាគិតថាពួកគេបានសម្លាប់ទាហានម្នាក់ (លោក អ៊ិន រតនា) ដើម្បីលាក់ការពិត។
ក្រុមហ៊ុន Timber Green ដែលជាញឹកញាប់បានគំរាមសម្លាប់លោក ឈុត វុទ្ធី ដែលមានសិទ្ធិប្រើកងរាជអាវុធហត្ថមកការពារ ដោយនៅក្នុងឯកសារចុះបញ្ជីនៅឯក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុននេះមានម្ចាស់ភាគហ៊ុនធំឈ្មោះអ្នកស្រី ខៀវ សស៊ីលៀប ដែលឈរឈ្មោះឲ្យអ្នកស្រី ហ៊ុន ម៉ាណា ប៉ុន្តែក្រុមហ៊ុននេះនៅមានមន្ត្រីមានអំណាចជាច្រើននាក់ទៀតនៅក្នុងជួររដ្ឋាភិបាល ជាអ្នកចូលរួមភាគហ៊ុនជាមួយដែរ ដូចជាលោកស្រី ហ៊ុន ម៉ាណា មានភាគហ៊ុនធំជាងគេក្នុងក្រុមហ៊ុន គឺមានភាគហ៊ុន ៥៧,៥% ដោយឲ្យអ្នកស្រី ខៀវ សស៊ីលៀប ជាអ្នកឈរឈ្មោះឲ្យ និងមានដៃគូម្នាក់ទៀតសកម្មក្នុងរឿងនយោបាយ មានងារជាឧកញ៉ា ឈ្មោះ ហួរ ហាប់ កាន់កាប់ ២៥,៥%។
លោកឧកញ៉ា ហួរ ហាប់ ជាអ្នកប្រតិបត្តិការរកស៊ី និងរៀបចំកម្លាំងកងសន្តិសុខនានារបស់ក្រុមហ៊ុននៅក្នុងក្រុមហ៊ុន។
ក្រៅពីរកស៊ីក្នុងក្រុមហ៊ុនកាប់ឈើលក់ Timber Green លោក ហួរ ហាប់ មានមុខរបរជាច្រើនកំពុងរកស៊ីជាមួយត្រកូលហ៊ុន គឺជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំនៅអូស្ត្រាលី និងណូវែលហ្សេឡង់ និងជាប្រធានក្រុមការងារតំបន់៣ ប្រចាំក្រុងស៊ីដនី រដ្ឋញូហ្សាវ៉ែល និងជាមនុស្សជំនិតរបស់លោក ហ៊ុន ម៉ាណែត ថែមទៀត។
អ្នកស្រី ខៀវ សស៊ីលៀប និងអ្នកស្រី ហ៊ុន ម៉ាណា លោកស្រី ហ៊ុន ម៉ាលី បានវិនិយោគជាមួយគ្នានៅក្នុងក្រុមហ៊ុនជាច្រើនទៀត ដូចក្រុមហ៊ុនសំណង់អគារផ្ទះល្វែងសម្រាប់ជួល ឬលក់ Condominium នៅរាជធានីភ្នំពេញ ប្រមាណ ៦ មានឈ្មោះ អ័គីដេ វីឡា រ៉ូយ៉ាល, អ័គីដេ វីឡា បូតានិក, អ័គីដេ វីឡា២, អ័គីដេ វីឡា៣, អ័គីដេ វីឡា៤, អ័គីដេ វីឡា៥ សុទ្ធតែមានឈ្មោះកូនស្រីលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា អ្នកស្រី ហ៊ុន ម៉ាលី និងអ្នកស្រី ពេជ្រ ចន្ទមុន្នី ភរិយារបស់នាយករដ្ឋមន្ត្រីតពូជថ្មីលោក ហ៊ុន ម៉ាណែត។ ពួកគេសុទ្ធតែមានតួនាទីជានាយិកា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អ័គីដេ វីឡា ទាំងអស់។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ធ្លាប់បានលើកឡើងថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មានបេះដូងធំទូលាយណាស់ បានឲ្យឃាតករដែលសម្លាប់លោក ឈុត វុទ្ធី ជ្រកកោនបាន ដោយលាក់ខ្លួនក្នុងបេះដូងរបស់ពួកគាត់ ហេតុដូច្នេះហើយទើបសមត្ថកិច្ចនៅតែរកឃាតករទាំងនោះមិនឃើញនោះ។ ដូច្នេះ លោកថា ក្រុមអ្នកដែលចុះចូល ហើយអួតកន្លងមក ហើយអួតអំពីបេះដូងរបស់លោក ហ៊ុន សែន នោះ គឺមិនខុសអ្វីទេ។
អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ធ្លាប់បានចេញរបាយការណ៍របស់ខ្លួនដោយបង្ហាញថា គិតចាប់ពីឆ្នាំ១៩៩៣ មក ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការនេះ មានមិនតិចជាង ១០០ករណីទេក្នុងរយៈពេលប្រមាណជាង ២០ឆ្នាំមកនេះ។ ជនរងគ្រោះទាំងនោះភាគច្រើនជាអ្នកនយោបាយ អ្នកកាសែត អ្នកការពារសិទ្ធិមនុស្ស អ្នកសិល្បៈ សហជីព និងអ្នកការពារបរិស្ថាន ជាដើម។ ក្នុងចំណោមករណីទាំងនោះ អង្គការលីកាដូថាមិនដែលឃើញសមត្ថកិច្ចចាប់ខ្លួនអ្នកប្រព្រឹត្តបទល្មើសដើម្បីយកមកផ្ដន្ទាទោសបានទេ៕