តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន អះអាងថា លោកនឹងគាំទ្រលោក ហ៊ុន សែន ជាអ្នកស្នេហាជាតិពេញទំហឹង ប្រសិនបើលោក ហ៊ុន សែន ប្រកាសឱ្យរដ្ឋសភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា លុបចោលសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នេះថា លោកសូមគាំទ្រលោក ហ៊ុន សែន ដែលហ៊ានប្រតិកម្មខ្លាំងៗទៅវៀតណាម ពាក់ព័ន្ធនឹងបញ្ហាព្រែកជីកហ្វូណន។
លោក អ៊ុំ សំអាន អះអាងថា លោកនឹងគាំទ្រលោក ហ៊ុន សែន ជាអ្នកស្នេហាជាតិពេញទំហឹង ប្រសិនបើលោក ហ៊ុន សែន ប្រកាសឱ្យរដ្ឋសភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា លុបចោលសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញាព្រំដែនរដ្ឋឆ្នាំ១៩៨៥ សម័យវៀតណាម គ្រប់គ្រងកម្ពុជា និងទាមទារយកទឹកដីខ្មែរដែលវៀតណាម ឈ្លានពានត្រឡប់មកវិញ ដូចជាកោះត្រល់ និងចង្កោមកោះក្រចកសេះ ដែលវៀតណាម កំពុងគ្រប់គ្រងសព្វថ្ងៃនេះ។
តំណាងរាស្ត្របក្សប្រឆាំងរូបនេះបញ្ជាក់ថា ក្រៅពីលុបចោលនូវសន្ធិសញ្ញាខុសច្បាប់នានា លោក ហ៊ុន សែន ត្រូវតែបណ្តេញជនអន្តោប្រវេសន៍វៀតណាម ឱ្យអស់ពីកម្ពុជា លុបចោលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀតណាម និងឡាវ ប្តឹងវៀតណាមទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ ដើម្បីទាមទារកោះត្រល់ និងចង្កោមកោះក្រចកសេះមកវិញ រួមទាំងវាយចោលនូវស្តូបមិត្តភាពកម្ពុជា- វៀតណាម ដែលកំពុងសាងសង់ទាំង ២៥រាជធានី-ខេត្តក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះផងដែរ នោះទើបអាចបញ្ជាក់បានថា លោក ហ៊ុន សែន លែងបម្រើផលប្រយោជន៍វៀតណាម តទៅទៀតហើយ។
លោក អ៊ុំ សំអាន បារម្ភថា ការបំផុសគំនិតរបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម ជុំវិញការសាងសង់ព្រែកជីកហ្វូណន គឺជាល្បិចកេងចំណេញនយោបាយព្រួញមួយបាញ់យកសត្វពីរ។ លោកថា ករណីនេះគឺប្រហាក់ប្រហែលគ្នាទៅនឹងករណីប្រជាភិថុតិបំផុសគំនិតជាតិនិយមប្រឆាំងរដ្ឋាភិបាលថៃ ជុំវិញបញ្ហាប្រាសាទព្រះវិហារ ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតទទួលបាន ៩០អាសនៈក្នុងរដ្ឋសភាកាលពីអំឡុងឆ្នាំ២០០៨ ដូច្នោះដែរ។
លោកបន្ថែមថា អ្វីដែលលោកបារម្ភនោះ គឺលោក ហ៊ុន សែន កំពុងធ្វើប្រជាភិថុតិដោយប្រើល្បិចកលនយោបាយព្រួញមួយបាញ់យកសត្វពីរ ដែលសត្វទី១ គឺជាល្បិចស្ដារប្រជាប្រិយភាពរដ្ឋាភិបាលកូនប្រុសរបស់គាត់ដែលកំពុងធ្លាក់ចុះ ហើយសត្វទី២ គឺជាការប្រើល្បិចកៀរគររកការគាំទ្រប្រឆាំងទៅនឹងលោក សម រង្ស៊ី ជុំវិញភាពចម្រូងចម្រាសរឿងព្រែកជីកហ្វូណន ដែលគ្រោងនឹងដំណើរការសាងសង់នាពេលខាងមុខនេះ។
កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានលើកឡើងនៅក្នុងកម្មវិធីសន្និបាតលើកទី១ និងកម្មវិធីទទួលអាហារសាមគ្គីជាមួយសមាគមឧកញ៉ាកម្ពុជា ថា លោកត្រូវតែអនុវត្តគម្រោងសាងសង់ព្រែកជីកហ្វូណនឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ។
លោក ហ៊ុន សែន ប្រតិកម្មទៅកាន់រដ្ឋាភិបាលវៀតណាម ខ្លាំងៗថា ការសាងសង់ព្រែកជីកហ្វូណន មិនប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីទេ ហើយក៏មិនមែនដើម្បីបម្រើប្រយោជន៍ឱ្យកងទ័ពជើងទឹកចិនដូចការចោទប្រកាន់របស់វិទ្យាស្ថានអភិវឌ្ឍការស្រាវជ្រាវបូព៌ារបស់ប្រទេសវៀតណាម ដែរ ក្នុងនោះ លោក ហ៊ុន សែន ក៏បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី ជុំវិញព្រែកជីកនេះដែរថា ការអះអាងរបស់លោក សម រង្ស៊ី គឺមានទំនោរទៅរកវៀតណាម ក្នុងបំណងប្រឆាំងនឹងផលប្រយោជន៍របស់កម្ពុជា។
មេដឹកនាំបក្សកាន់អំណាចរូបនេះបញ្ជាក់ថា ចាប់ពីពេលនេះតទៅ កម្ពុជានឹងមិនចរចាជាមួយវៀតណាម ក្នុងការសាងសង់ព្រែកនេះទេ។ ផ្ទុយទៅវិញ ប្រសិនបើប្រទេសវៀតណាម ចង់បានឯកសារសិក្សាពីព្រែកជីកនេះ ពួកគេអាចទៅយកពីគណៈកម្មាធិការទន្លេមេគង្គ ខណៈកម្ពុជានឹងសន្យាផ្តល់ឱ្យរាល់ឯកសារស្ដីពីព្រែកជីកនេះគ្រប់ពេលវេលា។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ មេសា នេះថា សេចក្ដីថ្លែងខ្លាំងៗរបស់លោក ហ៊ុន សែន ប្រតិកម្មនឹងវៀតណាម អាចចាត់ទុកថាជាការបង្ហាញសញ្ញាមួយក្នុងការព្យាយាមរើខ្លួនចេញពីការត្រួតត្រារបស់វៀតណាម ហើយការដែលលោក ហ៊ុន សែន ចាប់ផ្ដើមមានទំនុកចិត្តហ៊ានឆ្លើយតបនឹងវៀតណាម បែបនេះ ក៏ជាសញ្ញាបង្ហាញដែរថា គាត់ក៏ទទួលបានការជ្រោមជ្រែងកាន់តែគួរឲ្យជឿជាក់ពីភាគីចិន នៅពេលនេះដែរ។
លោក គឹម សុខ លើកឡើងថា លោកលើកទឹកចិត្តឲ្យលោក ហ៊ុន សែន ប្រឹងប្រែងជម្នះរើខ្លួនពីវៀតណាម ហើយការព្យាយាមរបស់លោក ហ៊ុន សែន អាចធ្វើទៅរួច ប្រសិនបើគាត់ខិតខំផ្សះផ្សាបង្រួបបង្រួមនយោបាយផ្ទៃក្នុងជាតិខ្មែរ ព្រោះថាការតទល់នឹងមហិច្ឆតាមិនល្អរបស់វៀតណាម គឺជារឿងធំណាស់ ដូច្នេះទាល់តែមានការគាំទ្រជាលក្ខណៈជាតិទាំងមូល ទើបមានសេចក្ដីសង្ឃឹមខ្ពស់ដល់ការសម្រេចគោលដៅជាតិពិតប្រាកដ។
អ្នកវិភាគនយោបាយរូបនេះបញ្ជាក់ថា ពេលនេះគឺជាដំណាក់កាលដ៏អំណោយផលបំផុតសម្រាប់លោក ហ៊ុន សែន ដែលត្រូវធ្វើរឿងពីរ ដើម្បីបុព្វហេតុជាតិខ្មែរ គឺការផ្សះផ្សាបង្រួបបង្រួមជាតិខ្មែរ និងការសាងសង់ព្រែកជីកហ្វូណនឲ្យបាន ហើយទន្ទឹមគ្នានេះ គាត់ក៏ត្រូវប្រើមធ្យោបាយដោះខ្លួនចេញពីវៀតណាម ដែរ ស្របពេលដែលភាគីចិន បានចេញមុខការពារគាត់ពេញទំហឹងទៅហើយនោះ៕