ទិដ្ឋភាព​ក្រោយ​ផ្ទុះ​ឃ្លាំង​គ្រាប់​នៅ​យោធភូមិភាគ​ទី​៣ ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២៤។

នយោបាយ

លោក សម រង្ស៊ី ថា​ការ​ផ្ទុះ​ឃ្លាំង​គ្រាប់​នៅ​ខេត្ត​កំពង់ស្ពឺ គឺ​ធ្វើ​ឡើង​ដោយ​ចលនា​ប្រដាប់​អាវុធ​ផ្ទៃក្នុង​ប្រឆាំង​នឹង​ត្រកូល​ហ៊ុន

By ឌឹ ខេមបូឌា ដេលី

April 30, 2024

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា ការ​ផ្ទុះ​ឃ្លាំង​គ្រាប់​នៅ​ខេត្ត​កំពង់ស្ពឺ គឺជា​ការ​ធ្វើ​ឡើង​ដោយ​ចលនា​ប្រដាប់​អាវុធ​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ប្រឆាំង​ត្រកូល​ហ៊ុន ដើម្បី​ទាមទារ​ឲ្យ​ដក​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ចេញពី​អំណាច​ដែល​កំពុង​ត្រួតត្រា​កម្ពុជា​ត​ជំនាន់​នៅ​ពេលនេះ។

លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ការ​រៀបចំ​ឲ្យ​ផ្ទុះ​ឃ្លាំង​គ្រាប់​ក្បែរ​ទីក្រុង​ភ្នំពេញ គឺជា​ទង្វើ​នៃ​ការ​ប្រកាស​ប្រឆាំង​របស់​ចលនា​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ដើមកំណើត​ពី​វៀតណាម ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​អំណាច​លោក ហ៊ុន សែន និង​កូន​របស់​គាត់​ប៉ុណ្ណោះ។

លោក សម រង្ស៊ី អះអាង​ថា លោក ហ៊ុន សែន កំពុងតែ​ភ័យ​ស្លន់ស្លោ​ខ្លាំង​ណាស់ ហើយ​គាត់​ក៏​លែង​ទុកចិត្ត​អង្គរក្ស​ដែល​ធ្លាប់​ការពារ​គាត់​កន្លង​មក​ដែរ ព្រោះ​លោក ហ៊ុន សែន បាន​ទៅ​ពឹងពាក់​ចិន​កុម្មុយនីស្ត ឲ្យ​ជួយ​ការពារ​អាយុជីវិត​របស់​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​ជំនួស​ឱ្យ​អង្គរក្ស​ទាំងអស់​នោះ​រួច​ទៅ​ហើយ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ដោយសារតែ​មូលហេតុ​នេះ​ហើយ​បាន​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន លោក វ៉ាង យី អះអាង​កាលពី​ថ្ងៃទី​២៤ ខែ​មេសា កន្លង​ទៅ​ថ្មីៗ​នេះ​ថា ប្រទេស​ចិន​ព្រមទាំង​កងទ័ព​ចិន នឹង​ការពារ​អាយុជីវិត ព្រមទាំង​សុវត្ថិភាព​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ឱ្យ​បាន ប៉ុន្តែ​តាមរយៈ​ការ​អះអាង​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ក៏​នឹង​ជិត​ដល់​ទី​បញ្ចប់​ដែរ។

កាលពី​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២៤ កងទ័ព​ជើងគោក​យោធភូមិភាគ​ទី​៣ បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ថា ករណី​ផ្ទុះ​ឃ្លាំង​គ្រាប់​ដែល​បាន​កើតឡើង​នៅ​ទីតាំង​ឃ្លាំង​គ្រាប់​បច្ចេកទេស​យោធភូមិភាគ​ទី​៣ បាន​បណ្តាល​ឱ្យ​នាយទាហាន ២០​នាក់​ស្លាប់ រួម​មាន​នាយ​ទាហាន​ខេត្ត​កោះកុង ១៥​នាក់ និង​នាយ​ទាហាន​នៃ​ទីបញ្ជាការ​ភូមិភាគ​ទី​៣ ចំនួន ៥​នាក់​ផង​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា ករណី​នេះ​បង្ក​ឱ្យ​មាន​ការ​ខូចខាត​រថយន្ត ៥​គ្រឿង ខូចខាត​អគារ​ធ្ងន់ធ្ងរ​ចំនួន ៤​ខ្នង ក្នុង​នោះ​អគារ​ដែល​ជា​ឃ្លាំង​គ្រាប់ ៣​ខ្នង និង​អគារ​ស្នាក់នៅ ១​ខ្នង ព្រមទាំង​ធ្វើ​ឱ្យ​ខូចខាត​ផ្ទះ​ពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ចំនួន ២៥​ខ្នង​ថែម​ទៀត។

ជុំវិញ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ក៏​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ដែរ​ថា លោក​មាន​ក្តី​រន្ធត់​ក្តុកក្តួល​ឥតឧបមា​ដែល​បាន​ទទួល​ដំណឹង​អំពី​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​នៅ​យោធភូមិភាគ​ទី​៣ ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​បាន​បង្ក​ឱ្យ​យោធិន​ចំនួន ២០​នាក់​ពលី​ជីវិត និង​យោធិន​មួយ​ចំនួន​ទៀត​រង​របួស។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា រាជរដ្ឋាភិបាល​នឹង​ទទួល​រ៉ាប់រង​ទាំងស្រុង​ទៅ​លើ​ការ​ចំណាយ​រៀបចំ​ពិធី​បុណ្យសព​យោធិន​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​នេះ និង​ផ្តល់​ការ​ឧបត្ថម្ភ​ជា​ថវិកា​ជូន​គ្រួសារ​យោធិន​ពលី​ចំនួន ២​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រួសារ​សព​ផង​ដែរ ខណៈ​យោធិន​ដែល​រង​របួស​ក្នុង​ឧបទ្ទវហេតុ​នេះ ក្នុង​ម្នាក់ៗ​ក៏​ទទួល​បាន​ថវិកា​ចំនួន ២០​លាន​រៀល​ដែរ។

ចាប់តាំងពី​ថ្ងៃទី​២៧ រហូត​ដល់​ថ្ងៃទី​២៩ ខែ​មេសា នេះ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បង្ហាញ​ពី​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ផ្ទុះ​ឃ្លាំង​គ្រាប់​នេះ​នៅឡើយ​ទេ ខណៈ​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី និង​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល ក៏​មិន​បាន​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​ផ្ទុះ​នេះ​ដែរ ក្រៅតែ​ពី​បញ្ជាក់​ថា​ជា​ឧបទ្ទវហេតុ ឬ​ជា​ការ​ផ្ទុះ​ដោយ​ចៃដន្យ​នោះ។

ជុំវិញ​ការ​ផ្ទុះ​ឃ្លាំង​គ្រាប់​នេះ អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​លោក សុខ សុគន្ធ បាន​លើកឡើង​កាលពី​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ដោយ​បង្ហាញ​ពី​ចម្ងល់​ថា ក្រោយ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រតិកម្ម​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ជុំវិញ​ករណី​ព្រែកជីក​ហ្វូណន បាន ១​ថ្ងៃ ស្រាប់តែ​ករណី​ផ្ទុះ​ឃ្លាំង​គ្រាប់​នេះ​បាន​កើតឡើង ដូច្នេះ​សេណារីយ៉ូ​នេះ​ស្ថិត​ក្នុង​ករណី​ដែល​គួរ​ឱ្យ​សិក្សា​ជុំវិញ​ប្រតិកម្ម​របស់​លោក ហ៊ុន សែន ទៅ​កាន់​វៀតណាម ដែរ ក្នុង​ចំណោម​សេណារីយ៉ូ​មួយ​ចំនួន​ទៀត។

លោក សុខ សុគន្ធ លើកឡើង​ថា ករណី​ទី​១ អាច​ជា​ឧបទ្ទវហេតុ​ចៃដន្យ ដោយសារតែ​កម្ពុជា​មាន​អំពើពុករលួយ​ដែល​នាំ​ឱ្យ​មាន​ការ​រៀបចំ​ទុកដាក់​ជាតិ​ផ្ទុះ​មិន​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស ចំណែក​ករណី​ទី​២ គឺ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិកម្ម​របស់​លោក ហ៊ុន សែន ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ព្រោះ​បណ្ដាញ​ចារកម្ម​វៀតណាម ដែល​ត្រូវ​បាន​រៀបចំ​តាមរយៈ​នយោបាយ​ប្រជាសាស្ត្រ​របស់​វៀតណាម បាន​ចូល​ទៅ​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ចាប់តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ មក​ម្ល៉េះ។

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា វៀតណាម​បាន​ធ្វើ​នយោបាយ​ប្រជាសាស្ត្រ​កាន់តែ​ខ្លាំង​ចូល​ទឹកដី​កម្ពុជា​ចំនួន ៣​លើក គឺ​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៤០ ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​ឆ្នាំ​១៩៧៩ ដូច្នេះ​មក​ដល់​ពេលនេះ ជនជាតិ​វៀតណាម ស្ទើរតែ​ក្លាយ​ជា​ខ្មែរ​ទាំងស្រុង​ទៅ​ហើយ ដែល​រដ្ឋាភិបាល​ខ្មែរ​មិន​អាច​បែងចែក​ថា​ពួកគេ​ជា​វៀតណាម ឬ​ជា​ខ្មែរ​នោះ​ទេ ក្នុង​នោះ​ក៏​ជនជាតិ​វៀតណាម​ជាច្រើន​បាន​បង្កប់​ខ្លួន​ក្នុង​ជួរ​រដ្ឋាភិបាល​ខ្មែរ​ស្ទើរតែ​គ្រប់​កន្លែង។

លោក សុខ សុគន្ធ បញ្ជាក់​ថា មាន​ឧត្តមសេនីយ៍​ផ្កាយ​៤ ម្នាក់ បាន​ទម្លាយ​ប្រាប់​លោក​ថា ខ្លួន​គាត់​ផ្ទាល់​គឺជា​ជនជាតិ​វៀតណាម​សុទ្ធសាធ មិនមែន​ខ្មែរ​ទេ ប៉ុន្តែ​នៅ​អំឡុង​ឆ្នាំ​១៩៧៩ លោក​ស្ថិត​នៅ​ក្នុង​អង្គភាព​រណសិរ្ស​រំដោះ​ជាតិ ប៉ុន្តែ​ក្រោយ​មក លោក​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ខ្មែរ​ដំឡើង​ឋានៈ​ជា​បន្តបន្ទាប់ និង​មាន​តួនាទី​កាន់តែ​ខ្ពស់​ក្នុង​កងទ័ព​ខ្មែរ​រហូត​មក​ទល់​ពេលនេះ ហើយ​បើ​ទោះជា​រូបលោក​មាន​វ័យ​ជាង ៦០​ឆ្នាំ​ហើយ​ក៏ដោយ ក៏​មិន​បាន​ត្រូវ​រដ្ឋាភិបាល​ដាក់​ឱ្យ​ចូល​និវត្តន៍​ដែរ។

យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន បាន​ប្រកាស​ជំហរ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​នោះ​មហា​យក្ស​កុម្មុយនីស្ត​ចិន ក៏​គូស​បញ្ជាក់​បន្ថែម​ដែរ​ថា កម្ពុជា​និង​ចិន គឺ​នៅ​ជា​មិត្ត​ដែកថែប​ដែល​នៅ​ក្បែរ​គ្នា និង​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​ជានិច្ច៕