លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​៩ កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ជនល្មើស​ដែល​ដុត​បំផ្លាញ​ព្រៃឈើ​អស់​ជិត​១​ម៉ឺន​ហិកតា

By ឌឹ ខេមបូឌា ដេលី

May 01, 2024

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ព្រមាន​ចាត់​វិធានការ​លើ​ជនល្មើស​ដែល​បាន​ដុត​បំផ្លាញ​និង​កាប់​ទន្ទ្រាន​ព្រៃឈើ​ខុស​ច្បាប់​អស់​ជិត ១​ម៉ឺន​ហិកតា (៧​ពាន់​ហិកតា) នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វ៉ើនសៃ-សៀមប៉ាង ដែន​ជម្រក​សត្វព្រៃ​ឆែប និង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ស្ថិត​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង។

លោក ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​បញ្ជា​ឱ្យ​នាយករង​ខុទ្ទកាល័យ​របស់​ខ្លួន ចុះ​អនុវត្ត​វែក​រក​មុខ​មេខ្លោង និង​ជនល្មើស​ដុត​បំផ្លាញ​ព្រៃឈើ និង​កាប់​ទន្ទ្រាន​ព្រៃឈើ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង យក​មក​ផ្ដន្ទាទោស​ឲ្យ​ទាល់តែ​បាន។

លោក​ចោទ​ថា ប្រធាន​អង្គការ​ថែរក្សា​ការពារ​ធម្មជាតិ​ប្រចាំ​ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី ខេត្ត​ក្រចេះ និង​ខេត្ត​ព្រះវិហារ ឈ្មោះ ពៀច ចាន់ និង​មនុស្ស​មួយ​ចំនួន​ទៀត​ត្រូវ​បាន​រង​នូវ​ការ​ចោទប្រកាន់​ថា​ជា​ជនល្មើស និង​ជា​មេខ្លោង​ក្នុង​ការ​ដុត​បំផ្លាញ និង​កាប់​ទន្ទ្រាន​ព្រៃឈើ​ខុស​ច្បាប់​ទាំងនេះ។

ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា ក្រោយ​ការ​ស្រាវជ្រាវ បាន​រក​ឃើញ​ថា មេខ្លោង និង​បក្ខពួក​ទាំងនោះ​បាន​កៀរគរ​មនុស្ស​ឱ្យ​មក​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់​ជាង ១​ម៉ឺន​ហិកតា​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ក្នុង​នោះ ព្រៃឈើ​ដែល​រង​ការ​ដុត​បំផ្លាញ និង​កាប់​ទន្ទ្រាន​ខុស​ច្បាប់​នៅ​តំបន់​ភ្នំ​ក្រឡាពស់ ក្នុង​ឧទ្យាន​ជាតិ​វ៉ើនសៃ-សៀមប៉ាង បាន​ខូចខាត​ប្រមាណ ៧​ពាន់​ហិកតា និង​គ្រោង​រង​ការ​ខូចខាត​ប្រមាណ​ជា ៦​ពាន់​ទៅ ៧​ពាន់​ហិកតា​បន្ថែម​ទៀត។

ជាង​នេះ​ទៅ​ទៀត ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឆែប និង​ព្រៃ​ព្រះរការ បាន​រង​នូវ​ការ​ដុត​បំផ្លាញ និង​កាប់​ទន្ទ្រាន​អស់​ប្រមាណ​ជាង ៦០០​ហិកតា និង​គ្រោង​រង​នូវ​ការ​ខូចខាត​ប្រមាណ​ពី ៥០០ ទៅ ៦០០​ហិកតា​បន្ថែម​ទៀត​ផង​ដែរ ប៉ុន្តែ​ពេលនេះ សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង បាន​ឃាត់​ខ្លួន​អ្នក​ទាំងនោះ​អស់​ហើយ ហើយ​ក៏​កំពុង​កសាង និង​បញ្ជូន​សំណុំរឿង​ទៅ​កាន់​តុលាការ​ដែរ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់ ខណៈ​មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត។

ទាក់ទិន​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្ត​ស្ទឹងត្រែង នេះ ប្រភព​ច្បាស់​ការណ៍​ពី​ពលរដ្ឋ​ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ឧកញ៉ា មិក សាផាណារ៉េត ហៅ​ឧកញ៉ា ជ័យ កំពុង​ម៉ៅការ​កាប់​ឈើ​ខុស​ច្បាប់​ឱ្យ​ក្រុមហ៊ុន​កូរ៉េ​ឈ្មោះ ធី អេស អឹម ដាប់ប៊លយូ (T.S.M.W) ដែល​ប្រើ​រូបភាព​ជា​លក្ខណៈ​វិនិយោគ​លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតា (៩០០០​ហិកតា) ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង សព្វថ្ងៃ​នេះ។

ប្រភព​ពលរដ្ឋ​ដដែល​អះអាង​ថា ក្រុមហ៊ុន​កូរ៉េ T.S.M.W ទទួល​បាន​ដី​វិនិយោគ​នៅ​សងខាង​ទន្លេសេកុង​សព្វថ្ងៃ​នេះ កំពុង​ប្រតិបត្តិការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការ​អើពើ ឬ​ចាត់​វិធានការ​ច្បាប់​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ណា​ឡើយ។

ប្រភព​ដដែល​រៀបរាប់​ថា សព្វថ្ងៃ​នេះ ក្រុមហ៊ុន​កូរ៉េ T.S.M.W កំពុង​បន្ត​កាប់​ទន្ទ្រាន​ឈើ​ខុស​ច្បាប់​ពី​ចំណុច​អូរវែង រហូត​ដល់​ភ្នំ​ក្រឡាពស់ ហើយ​ក៏​កំពុង​រាតត្បាត​គ្រប់​ច្រកល្ហក​ដែរ​នៅ​ទីតាំង​ភាគ​ខាងកើត​នៃ​ទន្លេសេកុង​ដែរ។ ចំណែក​ឈើ​ដែល​កាប់​រួចរាល់ ត្រូវ​ក្រុមហ៊ុន​កូរ៉េ T.S.M.W ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ដេប៉ូ​មួយ​កន្លែង​ស្ថិត​ក្នុង​ចំណុច​អូរត្រកួន ឬ​ត្រពាំងត្រកួន ដែល​ជា​ទីតាំង​នៅ​ចំណុច​កណ្តាល​រវាង​ស្រុក​សៀមប៉ាង និង​ស្រុក​សេសាន្ត ខេត្ត​ស្ទឹងត្រែង។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៤ សារព័ត៌មាន​អន្តរជាតិ ម៉ុងហ្កាបេ (Mongabay) បាន​ចុះផ្សាយ​ថា រយៈពេល ១​ឆ្នាំ​ពេញ​ក្នុង​ឆ្នាំ​២០២៣ កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតា (១២១ ០០០​ហិកតា) ដោយសារតែ​អំពើពុករលួយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា និង​ឧកញ៉ា​គ្រាក់ៗ​មួយ​ចំនួន​ដែល​ជា​សែស្រឡាយ​លោក ហ៊ុន សែន ដូចជា ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា ទ្រី ភាព និង​ឧកញ៉ា មិក សាផាណារ៉េត ជាដើម ខណៈ​ក្រុមហ៊ុន Angkor Plywood និង​ក្រុមហ៊ុន Think Biotech ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ដែរ។

សារព័ត៌មាន​ដដែល​អះអាង​ថា ត្រឹមតែ ១​ឆ្នាំ​ក្នុង​ឆ្នាំ​២០២៣ ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ទំហំ​ប៉ុន​ទីក្រុង Los Angeles ឬ​ស្មើ​នឹង​ជាង ១​សែន​ហិកតា៕