រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្ដរមានជ័យ បាញ់​ទឹក​លើ​ដំបូល​តាម​អគារ​សិក្សា​ដើម្បី​កាត់បន្ថយ​កម្ដៅ​កាលពី​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២៤។

ព័ត៌មានជាតិ

ក្រសួង​អប់រំ​ណែនាំ​ឱ្យ​គ្រឹះស្ថាន​សិក្សា​បាញ់​ទឹក​នៅ​លើ​ដំបូល​អគារ​ដើម្បី​បន្ថយ​កម្ដៅ​និង​កុំ​ឱ្យ​ប៉ះពាល់​សុខភាព​សិស្ស

By ឌឹ ខេមបូឌា ដេលី

May 01, 2024

ក្រសួង​អប់រំ យុវជន និង​កីឡា ណែនាំ​ឱ្យ​លោកគ្រូ​អ្នកគ្រូ​តាម​សាលា បើក​ទ្វារ​បង្អួច​បន្ទប់​រៀន​ឱ្យ​ស្រឡះ ព្រមទាំង​បាញ់​ទឹក​នៅ​តាម​ទីធ្លា​គ្រឹះស្ថាន​សិក្សា និង​ដំបូល​អគារ​សិក្សា​តាម​លទ្ធភាព​ជាក់ស្ដែង ដើម្បី​បន្ថយ​កម្ដៅ និង​បង្ការ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។

យោង​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣០ មេសា នេះ បាន​ឲ្យ​ដឹង​ថា ឆ្លើយតប​ទៅ​នឹង​ការ​ឡើង​កម្ដៅ​ខ្លាំង ដើម្បី​ថែរក្សា​សុខភាព និង​បង្ការ​ជំងឺ​នានា​អំឡុង​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង​នេះ ក្រសួង​អប់រំ​បាន​ណែនាំ​ដល់​បុគ្គលិក​អប់រំ និង​អ្នក​សិក្សា​នៅ​គ្រប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ត្រូវ​ស្លៀក​សម្លៀកបំពាក់​រលុង ស្រាល មាន​ពណ៌​ស្រាល ពាក់​វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ ពាក់​មួក​ដែល​មាន​គែម​ធំ​ទូលាយ ឬ​ប្រើ​ឆត្រ​ជា​របាំង​ការពារ​កម្ដៅ​ថ្ងៃ​ពេល​ចេញ​ក្រៅ។

ប្រភព​ដដែល​បាន​លើកឡើង​ថា ការ​ឡើង​កម្ដៅ​ខ្លាំង​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព ដូចជា ជំងឺ​បេះដូង ជំងឺ​សួត រលាក​ស្បែក​ឡើង​ក្រហម និង​អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ ដូចជា ជំងឺ​រាក ជំងឺ​កង្វះ​អាហារូបត្ថម្ភ ឬ​ក៏​អាច​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ជាដើម។ ប្រសិនបើ​មាន​រោគសញ្ញា​ដូចជា​វិល​មុខ ចង្អោរ ឬ​ក្អួត ឈឺ​ក្បាល មាត់​ស្ងួត រមួល​សាច់ដុំ ជា​រោគសញ្ញា​ដំបូង​នៃ​ផល​ប៉ះពាល់​នៃ​កម្ដៅ ត្រូវ​ផ្លាស់ទី​ទៅ​កាន់​កន្លែង​ត្រជាក់ ហើយ​សម្រាក​ពី ២ ទៅ ៥​នាទី ហើយ​ពិសា​ទឹក​ត្រជាក់​យឺតៗ​កុំ​បន្ត​សកម្មភាព ព្រោះ​អាច​មាន​ហានិភ័យ​ខ្ពស់។

យោង​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ​ដដែល បាន​លើកឡើង​ថា ចំពោះ​វិធានការ​អនុវត្ត​នៅ​តាម​គ្រឹះស្ថាន​សិក្សា គ្រូៗ​ត្រូវ​ណែនាំ​សិស្ស​ឱ្យ​លេង​ក្នុង​ម្លប់ ឬ​នៅ​ក្នុង​បន្ទប់​រៀន​នៅ​ពេល​ចេញ​លេង។

តាម​សាលា​ទាំងអស់ ត្រូវ​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ទទួលទាន និង​ទឹក​សម្រាប់​ប្រើប្រាស់​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ឱ្យ​បាន​សមស្រប​តាម​តម្រូវការ។

ក្រសួង​អប់រំ បាន​សង្កត់​ធ្ងន់​ថា ត្រូវ​បាញ់​ទឹក​ដាក់​ទីធ្លា​គ្រឹះស្ថាន​សិក្សា ឬ​ដំបូល​អគារ​សិក្សា​តាម​លទ្ធភាព និង​ស្ថានភាព​ជាក់ស្ដែង ដើម្បី​បន្ថយ​កម្ដៅ ឬ​អាច​ពិភាក្សា​ជាមួយ​អ្នក​អាណាព្យាបាល​សិស្ស​ដើម្បី​រក​លទ្ធភាព​បំពាក់​កង្ហារ​នៅ​តាម​បន្ទប់រៀន ជាដើម។

ក្រសួង​អប់រំ ក៏​តម្រូវ​ឱ្យ​សាលា​ទាំងអស់​បន្ត​ដាំ និង​ថែរក្សា​ដើមឈើ​ដែល​មាន​ស្រាប់​នៅ​ក្នុង​បរិវេណ​គ្រឹះស្ថាន​សិក្សា ដើម្បី​ក្លាយ​ជា​ម្លប់​កាត់បន្ថយ​កម្តៅ។ ចំណែក​គ្រូៗ​ត្រូវ​ពិនិត្យ​តាមដាន​ឱ្យ​បាន​ញឹកញាប់ និង​ជា​ប្រចាំ​លើ​សុខភាព​របស់​សិស្សានុសិស្ស ដែល​បង្ក​ដោយ​អាកាសធាតុ​ក្តៅ​ខ្លាំង ជាពិសេស​កុមារ​តូចៗ។

ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ី ទទួល​រង​រលក​កម្តៅ​ក្តៅ​ខ្លាំង ដូចជា​នៅ​ប្រទេស​ហ្វីលីពីន បាន​សម្រេច​បិទ​សាលា និង​ឲ្យ​កូនសិស្ស​រៀន​ពី​ចម្ងាយ​តាម​អនឡាញ។ វៀតណាម នៅ​ប៉ែក​ខាងជើង​ប្រទេស​ដែល​ធ្លាប់​តែ​ល្បី​ត្រជាក់ ពេលនេះ​កម្តៅ​ក្តៅ​ជាង ៤៣​អង្សា។ រីឯ​នៅ​ថៃ ក្តៅ​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា ហើយ​កម្តៅ​ហក់​ឡើង​ដល់​ជាង ៤៤​អង្សា ខណៈ​ប្រទេស​បង់ក្លាដេស ក្តៅ​ខ្លាំង​ដល់​ថ្នាក់​ប្រកាស​អាសន្ន។

អ្នក​នាំពាក្យ​ក្រសួង​អប់រំ លោកស្រី ឃួន វិច្ឆិកា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ស្ថានភាព​នៅ​កម្ពុជា​មិនទាន់​ឈាន​ដល់​កម្រិត​នៃ​ការ​បិទ​សាលារៀន​នៅឡើយ​ទេ ក្នុង​ករណី​ដែល​សាលារៀន​មិន​អាច​ទប់ទល់​នឹង​ស្ថានភាព​កម្តៅ​បាន គឺ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅ​មន្ទីរ​អប់រំ​នៅ​តាម​រាជធានី និង​ខេត្ត។

អ្នកជំនាញ​អាកាសធាតុ​ក្រើន​រំឭក​ថា កំណើន​កម្តៅ​ផែនដី​កើត​ចេញពី​ការ​ប្រែប្រួល​អាកាសធាតុ បង្ក​ចេញពី​ទង្វើ​មនុស្ស​តាមរយៈ​សកម្មភាព​ឧស្សាហកម្ម។ វា​បាន​ធ្វើ​ឲ្យ​សីតុណ្ហភាព​រឹតតែ​ក្តៅ​ទៅៗ រដូវ​ក្តៅ និង​រលក​កម្តៅ​កាន់តែ​ក្តៅ​មាន​រយៈពេល​យូរ និង​កាន់តែ​ញឹកញាប់ ហើយ​នឹង​កាន់តែ​គ្រោះថ្នាក់៕