30 C
Phnom Penh

ក្រសួង​ការពារ​ជាតិ​អះអាង​ថា​ករណី​ផ្ទុះ​ឃ្លាំង​គ្រាប់​នៅ​ខេត្ត​កំពង់ស្ពឺ​មិន​មែន​ដោយសារ​ចលនា​បះបោរ​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការពារ​ជាតិ អះអាង​ថា ករណី​ផ្ទុះ​ឃ្លាំង​គ្រាប់​នៅ​ខេត្ត​កំពង់ស្ពឺ កាលពី​ចុង​ខែ​មេសា កន្លង​ទៅ មិន​មែន​ដោយសារ​ចលនា​បះបោរ​ណា​មួយ​នោះ​ទេ ប៉ុន្តែ​ឧបទ្ទវហេតុ​នេះ​កើតឡើង​បណ្តាល​មកពី​ប្រភេទ​អាវុធ​ជាតិ​ផ្ទុះ​ចាស់ៗ​ខូច​គុណភាព រួម​ផ្សំ​ជាមួយ​អាកាសធាតុ​ឡើង​កម្ដៅ​ខ្លាំង​ប៉ុណ្ណោះ។

ការ​ផ្តល់​ព័ត៌មាន​ចុងក្រោយ​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​មាន​មតិ​យោបល់ ទស្សនៈ​ផ្ទាល់ៗ​ខ្លួន​ពី​មជ្ឈដ្ឋាន​ជាច្រើន​ដែល​និយាយ​ក្នុង​ក្តី​មន្ទិល​សង្ស័យ​ថា មកពី​មូលហេតុ​នេះ ឬ​មូលហេតុ​នោះ។

ក្រសួង​ការពារ​ជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ករណី​ផ្ទុះ​ឃ្លាំង​គ្រាប់​ក្នុង​ខេត្ត​កំពង់ស្ពឺ កន្លង​មក គឺជា​ចេតនា​របស់​ក្រុម​ប្រឆាំង​ជ្រុល​និយម​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សាធារណជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​មាន​ការ​ភាន់ច្រឡំ​យ៉ាង​ខ្លាំង​អំពី​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​ក្នុង​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៣ នៅ​ច្បារមន នេះ។

ប្រភព​ដដែល​លើកឡើង​ថា តាមរយៈ​នៃ​ការ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​នៅ​ទីតាំង​កើតហេតុ​ពី​ក្រុម​ការងារ​ចម្រុះ បាន​រក​ឃើញ​ថា មិន​មែន​ជា​បញ្ហា​កងទ័ព​បះបោរ អំពើ​ភេរវកម្ម ឬ​ចេតនា​របស់​បុគ្គល​ណា​មួយ​នាំ​ឱ្យ​កើត​មាន​ករណី​នេះ​ដូច​ការ​និយាយ​បំផ្លើស​ពី​ក្រុម​ជ្រុល​និយម​នោះ​ឡើយ។

ក្រសួង​ការពារ​ជាតិ អំពាវនាវ​ឱ្យ​សាធារណជន និង​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ បញ្ឈប់​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដោយ​ធ្វើការ​សន្និដ្ឋាន ឬ​យល់​ឃើញ​ណា​មួយ​ដោយ​បុគ្គល​ផ្ទាល់ខ្លួន ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ឬ​មាន​ចេតនា​ញុះញង់​បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ សេដ្ឋកិច្ច សង្គម ដែល​ឈាន​ទៅ​ដល់​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

ការ​ចេញ​លិខិត​បដិសេធ​នេះ ធ្វើឡើង​បន្ទាប់ពី​ការ​មាន​ការ​លើកឡើង​ជាបន្តបន្ទាប់​ថា ករណី​ផ្ទុះ​ឃ្លាំង​គ្រាប់​ក្នុង​ខេត្ត​កំពង់ស្ពឺ ក្នុង​ទម្រង់​ផ្សេងៗ​គ្នា ក្នុង​នោះ​ក៏​មាន​ការ​លើកឡើង​ដែរ​ថា ជា​ការ​បះបោរ​ចលនា​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

កាលពី​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២៤ មាន​ករណី​ផ្ទុះ​ឃ្លាំង​គ្រាប់​ក្នុង​សេនាធិការដ្ឋាន​យោធភូមិភាគ​ទី​៣ ក្នុង​ខេត្ត​កំពង់ស្ពឺ នៃ​កងទ័ព​ជើងគោក បាន​បណ្តាល​ឱ្យ​នាយ​ទាហាន ២០​នាក់​ស្លាប់ និង​បង្ក​ឱ្យ​មាន​ការ​ខូចខាត​រថយន្ត ខូចខាត​អគារ ក្នុង​នោះ​មាន​អគារ​ឃ្លាំង​គ្រាប់ និង​អគារ​ស្នាក់នៅ ព្រមទាំង​ធ្វើ​ឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ថែម​ទៀត។

ក្រោយ​ករណី​ផ្ទុះ​ឃ្លាំង​គ្រាប់​នេះ កងទ័ព​ជើងគោក​នៃ​យោធភូមិភាគ​ទី​៣ បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ផង​ដែរ ប៉ុន្តែ​ខ្លឹមសារ​ក្នុង​លិខិត​នេះ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ជុំវិញ​នៃ​ការ​ផ្ទុះ​ឃ្លាំង​គ្រាប់​នោះ​ទេ គ្រាន់តែ​រៀបរាប់​ពី​វត្ថុ​ដែល​ខូចខាត​ពី​ឧបទ្ទវហេតុ​នេះ​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​ករណី​នេះ អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​លោក សុខ សុគន្ធ បាន​លើកឡើង​កាលពី​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៤ ដោយ​បង្ហាញ​ចម្ងល់​ថា ក្រោយ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន សម្ដែង​ប្រតិកម្ម​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ជុំវិញ​ករណី​ព្រែកជីក​ហ្វូណន​បាន​មួយ​ថ្ងៃ ស្រាប់តែ​ករណី​ផ្ទុះ​ឃ្លាំង​គ្រាប់​នេះ​បាន​កើតឡើង។

លោក សុខ សុគន្ធ លើកឡើង​ថា ករណី​ទី​១ អាច​ជា​ឧបទ្ទវហេតុ​ចៃដន្យ ដោយសារតែ​កម្ពុជា​មាន​អំពើពុករលួយ​ដែល​នាំ​ឱ្យ​ការ​រៀបចំ​ទុកដាក់​ជាតិ​ផ្ទុះ​មិន​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស ចំណែក​ករណី​ទី​២ គឺ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិកម្ម​ពី​លោក ហ៊ុន សែន ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ព្រោះ​បណ្ដាញ​ចារកម្ម​វៀតណាម ដែល​ត្រូវ​បាន​រៀបចំ​តាមរយៈ​នយោបាយ​ប្រជាសាស្ត្រ​របស់​វៀតណាម បាន​ចូល​ទៅ​រស់នៅ​ទឹកដី​កម្ពុជា និង​កំពុង​បម្រើ​ការងារ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ ព្រមទាំង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា យ៉ាង​ណែន​សព្វថ្ងៃ​នេះ។

ចំណែកឯ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ការ​ផ្ទុះ​ឃ្លាំង​គ្រាប់​នៅ​ខេត្ត​កំពង់ស្ពឺ គឺជា​ការ​ធ្វើឡើង​ដោយ​ចលនា​ប្រដាប់​អាវុធ​ផ្ទៃក្នុង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រឆាំង​នឹង​ត្រកូល​ហ៊ុន ដើម្បី​ទាមទារ​ឲ្យ​ដក​ចេញ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​ត្រួតត្រា​កម្ពុជា​ត​ជំនាន់​នៅ​ពេលនេះ។

លោក សម រង្ស៊ី លើកឡើង​ថា ដោយសារតែ​បែប​នេះ លោក ហ៊ុន សែន ក៏​លែង​ទុកចិត្ត​អង្គរក្ស​ដែល​ធ្លាប់​ការពារ​គាត់​កន្លង​មក​ដែរ ដូច្នេះ​ហើយ​បាន​ជា​គាត់​ទៅ​ពឹងពាក់​ចិន​កុម្មុយនីស្ត ឲ្យ​ជួយ​ការពារ​អាយុជីវិត និង​សុវត្ថិភាព​របស់​គាត់ ព្រមទាំង​ក្រុម​គ្រួសារ​របស់​គាត់​ជំនួស​ឱ្យ​អង្គរក្ស​ទាំងនោះ​វិញ។

ដោយឡែក​អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​មិន​អាច​វាយតម្លៃ​ថា​ករណី​ផ្ទុះ​គ្រាប់​ក្នុង​ខេត្ត​កំពង់ស្ពឺ នេះ ស្ថិត​ក្នុង​របៀបវារៈ​ណា​មួយ​ទេ ប៉ុន្តែ​បើ​ករណី​នេះ​កើតឡើង​ដោយសារ​តែ​មាន​ការ​រៀបចំ​ពី​ចលនា​ផ្ទៃក្នុង ឬ​ចលនា​ខាងក្រៅ គឺជា​ការ​បង្ហាញ​ពី​ហានិភ័យ​សន្តិសុខ​សម្រាប់​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

លោក គឹម សុខ បញ្ជាក់​ថា បើ​ករណី​នេះ​ពិត​ជា​កើតឡើង​ដោយសារតែ​ហេតុផល​មាន​ចលនា​បះបោរ​មែន​នោះ ជម្រើស​គឺ​មាន​តែ​មួយ​គត់​ដើម្បី​ទប់ស្កាត់​ការ​បះបោរ​នេះ គឺ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ត្រូវតែ​ស្វែងរក​ការ​បង្រួបបង្រួម​ជាតិ​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ពេលនេះ ដើម្បី​កសាង​ទំនុក​ចិត្ត​រវាង​គ្នា និង​គ្នា​ឡើងវិញ និង​ដើម្បី​បិទ​បញ្ចប់​ចលនា​បះបោរ​នានា​ដែល​ជ្រៀត​ចូល​តាម​ការ​ប្រេះស្រាំ​ក្នុង​ការ​ឯកភាព​ជាតិ​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។

ទោះជា​មាន​មតិ​ខុស​គ្នា​យ៉ាងណា​ក៏ដោយ ការពិត​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​មិន​សូវ​ដឹង​នោះ គឺ​នាវាចម្បាំង​ពី​ប្រទេស​យៀកណាម​មួយ​គ្រឿង បាន​ចូល​ចត​នៅ​ផែ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​មាន​ព័ត៌មាន​ផ្សាយ​ថា នាវា​ធុន Corvette ប្រភេទ ០៥៦ របស់​ចិន ដែល​ណាតូ​ប្រសិទ្ធិនាម​ថា ជៀងដាវ (Jiangdao) និង​ស្ហាងក្រាវ (Shangrao) ពីរ​គ្រឿង​ចត​នៅ​ផែ​មូលដ្ឋាន​នាវាចរណ៍​រាម តាំងពី​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០២៣ ហើយ​ពីរ​គ្រឿង​ទៀត​ចត​ពី​ថ្ងៃទី​១៤ ខែ​ធ្នូ ថ្ងៃទី​២២ ខែ​មករា ថ្ងៃទី​២៥ ខែ​កុម្ភៈ និង​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៤ មិន​ទាន់​ចាកចេញ​ពី​ទឹកដី​ប្រទេស​កម្ពុជា​នៅឡើយ​ទេ។ នាវាចម្បាំង​ចិន​នេះ ជា​ប្រភេទ​នាវា​ល្បឿន​លឿន​បត់បែន​រហ័ស បំពេញ​បេសកកម្ម​លើ​ផ្ទៃ​ទឹក​ដើម្បី​អម​នាវា​ធុន​ធំ ដូចជា​នាវា​ផ្ទុក​យន្តហោះ និង​ដេញ​កម្ទេច​នាវា​មុជទឹក ជាដើម។

សហរដ្ឋ​អាមេរិក និង​ប្រទេស​យៀកណាម កំពុង​ឃ្លាំមើល​សកម្មភាព​នាវាចម្បាំង​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​ខ្មែរ​នោះ។ គួរ​រំឭក​ថា សាធារណរដ្ឋ​សង្គម​និយម​យៀកណាម មាន​មូលដ្ឋាន​នាវាចរណ៍​ទី​៥ នៅ​លើ​កោះត្រល់ ឬ​ភូគួក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស