31 C
Phnom Penh

សហភាព​អឺរ៉ុប​និង​អង្គការ​សហប្រជាជាតិ​ដូរ​ចិត្ត​រឿង​ជួល​សណ្ឋាគារ​ប្រកាស​បេសកកម្ម​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាព​អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ (អ.ស.ប) បាន​ដូរ​ចិត្ត​គំនិត​ភ្លាមៗ​មុន​ការ​ប្រកាស​បើក​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​គេ​សួរ​ថា ហេតុ​អ្វី​ទៅ​ជួល​សណ្ឋាគារ​របស់​សេដ្ឋី​ម្នាក់​ដែល​មាន​សណ្ឋាគារ​ជួល​ឲ្យ​ក្រុម​ជន​ទុច្ចរិត​ធ្វើ​សកម្មភាព​ជួញដូរ​មនុស្ស​ទៅ​វិញ​នោះ។

សារព័ត៌មាន អេប៊ីស៊ី (ABC) ផ្សាយ​កាលពី​ថ្ងៃទី​១ ខែ​ឧសភា ថា សហភាព​អឺរ៉ុប​ផ្តល់​ថវិកា​ប្រមាណ ១៣​លាន​ដុល្លារ ដើម្បី​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​អង្គការ​សហប្រជាជាតិ ក្នុង​គម្រោង​ឈ្មោះ​ថា ការពារ​ដើម្បី​តាមដាន ឃ្លាំមើល​អំពើ​ឧក្រិដ្ឋ​ជួញដូរ ឬ​រត់ពន្ធ​មនុស្ស​ពី​គ្រប់​ទិសទី​ឲ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​អន្តរ​បណ្ដាញ ភាសា​អង់គ្លេស​ហៅថា cyber-scams។

គេ​ទើប​នឹង​ច្បាស់​ថា សណ្ឋាគារ​ភ្នំពេញ អាសយដ្ឋាន​លេខ​៥៣ មហាវិថី​ព្រះមុនីវង្ស ជា​សណ្ឋាគារ​របស់​ឧកញ៉ា​សមាជិក​ព្រឹទ្ធសភា លី យ៉ុងផាត់ ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជិតស្និទ្ធ​នឹង​គ្រួសារ​លោក ហ៊ុន សែន រួម​ទាំង​លោក ហ៊ុន ម៉ាណែត ផង។ សណ្ឋាគារ/កាស៊ីណូ​អូរស្មាច់ ដែល​មាន​លោក លី យ៉ុងផាត់ ជា​ម្ចាស់ ត្រូវ​ក្រសួង​មហាផ្ទៃ​រាយការណ៍​ថា មាន​សកម្មភាព​ជួញដូរ​មនុស្ស​ស្នាក់នៅ និង​ធ្វើ​ប្រតិបត្តិការ​នៅ​ទីនោះ។ ទោះជា​ដូច្នេះ​ក្តី លោក លី យ៉ុងផាត់ ពុំ​បាន​ប្រឈម​នឹង​ការ​ស៊ើបអង្កេត ឬ​មាន​ទោសពៃរ៍​អ្វី​ឡើយ។

អង្គការ​សហប្រជាជាតិ (អ.ស.ប) បាន​រាយការណ៍​ថា មាន​ជនរងគ្រោះ​ជាង ១​សែន​នាក់​ដែល​ត្រូវ​ឧក្រិដ្ឋជន​បោក​យក​ទៅ​បង្ខាំង​ទុក​ឲ្យ​ធ្វើការ​ឲ្យ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ភាគច្រើន​នៃ​ជនរងគ្រោះ ចាញ់​បោក​គេ​មាន​មកពី​ប្រទេស​ហ្វីលីពីន ភូមា លាវ និង​ថៃ។

លោក J. Daniel Sims ពី​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក និយាយ​ថា វា​ជា​រឿង​រក​ជឿ​មិន​បាន​ថា លោក លី យ៉ុងផាត់ មិន​ដឹង​រឿង​ឧក្រិដ្ឋជន​ប្រើប្រាស់​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​នោះ ព្រោះ​ថា​ពេល​ណា​មាន​ពាក្យបណ្ដឹង អាជ្ញាធរ​តែងតែ​ទាក់ទង​ទៅ​ម្ចាស់​សណ្ឋាគារ ឬ​ម្ចាស់​កាស៊ីណូ​រាល់​ពេល​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស