ក្រុម​កូដករ​ណាហ្គា​វើលដ៍ (NAGA World) បន្ត​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ នៅ​ថ្ងៃ​ចន្ទ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២២។

ព័ត៌មានជាតិ

តុលាការ​កំពូល​រក្សា​សាលក្រម​សាលា​ឧទ្ធរណ៍​នៅ​ដដែល​ឱ្យ​តំណាង​សហជីព​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ

By ឌឹ ខេមបូឌា ដេលី

May 04, 2024

តុលាការ​កំពូល សម្រេច​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ដែល​បាន​ផ្ដន្ទាទោស​កញ្ញា ឈឹម ស៊ីថរ និង​ថ្នាក់​ដឹកនាំ​សហជីព ៦​នាក់​ផ្សេង​ទៀត​ពី​បទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ទុក​ជា​បាន​ការ​ដដែល ក្នុង​សវនាការ​នៅ​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ។

ការ​បើក​សវនាការ​ប្រកាស​សាលក្រម​នេះ ធ្វើឡើង​បន្ទាប់ពី​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ ប្តឹង​ទៅ​តុលាការ​កំពូល​ជំទាស់​ទៅ​នឹង​សេចក្តី​សម្រេច​នៅ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ លើ​សំណុំរឿង​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​នោះ។

កាលពី​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ចំណែក​កញ្ញា ឈឹម សុខន អ្នកស្រី សុន ស្រីពេជ្រ អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត និង​កញ្ញា ទូច សេរីមាស ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ១៨​ខែ ប៉ុន្តែ​តម្រូវ​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ។

ដោយឡែក​អ្នកស្រី រី សុវណ្ណឌី លោក សុខ ណារិទ្ធិ និង​លោក សុខ គង្គា ក៏​ត្រូវ​តុលាការ​ផ្ដន្ទាទោស​រយៈពេល ១​ឆ្នាំ​ដែរ តែ​ត្រូវ​ព្យួរ​ក្រោម​បទ​ចោទ “ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម” ដូច​គ្នា ដែល​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០២២ និង​រយៈពេល​បន្តបន្ទាប់​មក​ទៀត តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ក្នុង​នោះ សាលា​ឧទ្ធរណ៍​ភ្នំពេញ​ក៏​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២៣ ទុក​ជា​បាន​ការ​ផង​ដែរ។

នៅ​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ប្រមាណ​ជា ៥០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​កំពូល ដើម្បី​បង្ហាញ​ការ​គាំទ្រ​កញ្ញា ឈឹម ស៊ីថរ និង​ថ្នាក់​ដឹកនាំ​សហជីព​ផ្សេង​ទៀត ដោយ​លើក​បដា​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ និង​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ ចាប់ និង​ឃុំ​ខ្លួន​មេដឹកនាំ​សហជីព​របស់​ពួកគេ​បន្ត​ទៀត។

ជុំវិញ​បញ្ហា​នេះ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៣ ឧសភា នេះ​ថា ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ បាន​ជាប់​ពន្ធនាគារ​លើក​ទី​ពីរ​ជាង ៥០០​ថ្ងៃ​ហើយ (៥២៤​ថ្ងៃ) ដែល​ស្មើ​នឹង ១​ឆ្នាំ ៥​ខែ ៧​ថ្ងៃ បើ​គិត​មក​ដល់​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ។

ប្រភព​ដដែល​លើកឡើង​ថា ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព​ដទៃ​ទៀត​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​កន្លង​មក គឺជា​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​លើ​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ដែល​អនុវត្ត​សិទ្ធិ​ទាមទារ​លំហ​សេរីភាព ដែល​ចង់​បាន​ដំណោះស្រាយ​សម្រាប់​កម្មករ​និយោជិត​ដែល​រង​នូវ​ការ​រំលោភ​សិទ្ធិ​ការងារ​ពី​សំណាក់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​កន្លង​មក។

សហជីព​ខាងលើ​អំពាវនាវ​ឱ្យ​តុលាការ​កំពូល​ក្រុង​ភ្នំពេញ ដោះលែង​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ រួម​ទាំង​ទម្លាក់​បទ​ចោទ​ឱ្យ​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ទាំង ៧​នាក់​ទៀត ឱ្យ​ទទួល​បាន​នូវ​យុត្តិធម៌​គ្រប់ៗ​គ្នា​ដែរ។

ចំណែក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ចំពោះ​កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព​ផ្សេង​ទៀត​របស់​សហជីព​ក្រុមហ៊ុន​ណាហ្គា និង​បញ្ឈប់​រាល់​ទម្រង់​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​សកម្មភាព​សហជីព​តទៅ​ថ្ងៃ​មុខ​ទៀត។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​យ៉ាង​ហិង្សា​កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២២ អំឡុង​ពេល​កញ្ញា​ព្យាយាម​ចូលរួម​ធ្វើ​កូដកម្ម​ជាមួយ​ក្រុម​កូដករ​ផ្សេង​ទៀត និង​ត្រូវ​បាន​ចាប់​ឃុំ​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ២​ខែ ប៉ុន្តែ​កញ្ញា​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ​កាលពី​ខែ​មីនា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ។

ប៉ុន្តែ​មេដឹកនាំ​សហជីព​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​ជា​លើក​ទី​២ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ ក្រោម​ហេតុផល​ថា កញ្ញា​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​មួយ​ជាមួយ​អង្គការ​អន្តរជាតិ​ស្ដីពី​សិទ្ធិ​កម្មករ​នៅ​ទីក្រុង​ម៉ែលប៊ន ប្រទេស​អូស្ត្រាលី ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ ដែល​អំពើ​នេះ​គឺ​បាន​បំពាន​លើ​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​ប្រទេស​ជាតិ ខណៈ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ដោះស្រាយ និង​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ។

ទោះជា​យ៉ាងណា​ក៏ដោយ រាជរដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​អនុវត្ត​ផ្ទុយ​ពី​មាត្រា​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង ដោយ​ការ​អនុវត្ត​ច្បាប់​ចាប់​ខ្លួន​អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព​ដាក់​គុក​ជា​បន្តបន្ទាប់ ក្រោម​បទ​ចោទ​ដែល​មិន​សម​ហេតុផល ដែល​គេ​សង្ស័យ​ថា​ជា​ការ​អនុវត្ត​ច្បាប់​ក្រោម​និន្នាការ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕