អង្គការតម្លាភាពអន្តរជាតិអូស្ត្រាលី ព្រមានថា ច្បាប់ថ្មីរបស់អូស្ត្រាលី មានគោលដៅទប់ស្កាត់ការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន អំពើពុករលួយ និងការលាងលុយកខ្វក់ដែលកំពុងហូរចូលក្នុងទីផ្សារអចលនទ្រព្យអូស្ត្រាលី ខណៈលុយកខ្វក់រាប់លានដុល្លារអាមេរិកដែលគួរឱ្យសង្ស័យពីការវិនិយោគលើវិស័យអចលនទ្រព្យកន្លងមក ក៏មានការហូរចេញពីប្រទេសកម្ពុជាដែរ។
សារព័ត៌មាន ABC (Austria Broadcasting Corporation) ដែលមានមូលដ្ឋានក្នុងប្រទេសអូស្ត្រាលី បានចុះផ្សាយកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នេះថា ក្នុងមួយឆ្នាំៗលុយកខ្វក់រាប់លានដុល្លារអាចហូរចេញពីប្រទេសកម្ពុជា ចូលទៅកាន់ប្រទេសអូស្ត្រាលី ក្រោមភាពចន្លោះប្រហោងនៃច្បាប់របស់ប្រទេសអូស្ត្រាលី ដែលបានធ្វើឱ្យវិស័យអចលនទ្រព្យអូស្ត្រាលីក្លាយជាគោលដៅទាក់ទាញការលាងលុយកខ្វក់កាន់តែច្រើនឡើងៗ។
សារព័ត៌មានដដែលបានលាតត្រដាងអំពីរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិអូស្ត្រាលី ថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដោយគិតចាប់តាំងពីឆ្នាំ២០២២ មក យ៉ាងហោចណាស់មានអចលនទ្រព្យជាង ១០០កន្លែង (១១៨កន្លែង) ដែលមានតម្លៃសរុបជាង ១០០លានដុល្លារអាមេរិក (១១០លានដុល្លារ) ត្រូវបានជនបរទេសកម្ពុជាវិនិយោគ។
ប្រភពដដែលបញ្ជាក់ថា ក្នុងឆ្នាំ២០២០ ថវិកាសរុបជាង ៥១៦លានដុល្លារអាមេរិក ត្រូវបានផ្ទេរពីកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី ដែលភាគច្រើនអាចជាសកម្មភាពហិរញ្ញវត្ថុស្របច្បាប់ក្រោមការវិនិយោគ ប៉ុន្តែទំហំសាច់ប្រាក់ដែលហូរចេញពីប្រទេសកម្ពុជាមកកាន់ប្រទេសអូស្ត្រាលី នេះ មិនសមាមាត្រគ្នានឹងទ្រព្យសម្បត្តិរបស់ប្រទេសកម្ពុជា ដែលជាប្រទេសក្រីក្រឡើយ ស្របពេលដែលកម្ពុជាត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការលាងលុយកខ្វក់ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀននោះ។
ការចុះផ្សាយនេះ ធ្វើឡើងស្របពេលដែលគេរកឃើញថា កម្ពុជាកំពុងក្លាយជាប្រទេសដែលត្រូវបានក្រុមឧក្រិដ្ឋជនប្រើប្រាស់ជាមជ្ឈមណ្ឌលប្រព្រឹត្តអំពើពុករលួយ និងប្រព្រឹត្តបទឧក្រិដ្ឋជាច្រើនទៀតដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា និងគ្រួសារអ្នកមានអំណាចសព្វថ្ងៃនេះ។
តំណាងរាស្ត្រអូស្ត្រាលី លោក ជូលៀន ហៀល (Julian Hill) ធ្លាប់បានលើកឡើងក្នុងសុន្ទរកថាមួយទៅកាន់សភាតំណាងរាស្ត្រអូស្ត្រាលី កាលពីពេលកន្លងទៅថា គណបក្សប្រជាជនកម្ពុជាមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរមួយចំនួន ដូចជា ការលាងលុយកខ្វក់ ការបំភិតបំភ័យ និងការរត់ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន រត់ពន្ធបារី និងរត់ពន្ធស្រាខុសច្បាប់ ជាដើម។
មន្ត្រីរដ្ឋាភិបាលកម្ពុជា និងសាច់ញាតិលោក ហ៊ុន សែន ត្រូវគេរកឃើញថាមានផ្ទះ និងដីធ្លីក្នុងប្រទេសអូស្ត្រាលី ក្នុងតម្លៃរាប់សែនដុល្លារ រហូតដល់រាប់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០១៨ មក ដូចជា អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោក ហ៊ុន សែន ត្រូវគេដឹងថាមានផ្ទះដែលមានតម្លៃជាង ១លាន ៥សែនដុល្លារក្នុងប្រទេសអូស្ត្រាលី ផងដែរ។
ជាងនេះទៀត អគ្គនាយកនៃអគ្គនាយកពន្ធដារកម្ពុជា លោក គង់ វិបុល ត្រូវគេរកឃើញថា លោកមានដីមួយកន្លែងដែលលក់កាលពីខែមីនា ឆ្នាំ២០០៧ មានតម្លៃជាង ២១លានដុល្លារ ហើយលោកក៏មានទ្រព្យជាច្រើនកន្លែងទៀតនៅប្រទេសអូស្ត្រាលី ផងដែរ។ សូម្បីផ្ទះមួយខ្នងរបស់លោក មានតម្លៃដល់ទៅ ៦សែនដុល្លារថែមទៀត។
ប៉ុន្តែក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ Aljazeera កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ លោក គង់ វិបុល បានបដិសេធពីទ្រព្យសម្បត្តិដែលលោកមានទាំងអស់ ក្រោមហេតុផលថា អ្វីដែលទូរទស្សន៍ Aljazeera ទទួលបាន គឺជាព័ត៌មានខុស។
ចំណែកក្មួយប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន តូ ក៏ត្រូវគេរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនដែលជាប់ទាក់ទិនទៅនឹងបណ្ដាញឧក្រិដ្ឋជនជនជាតិចិន ព្រមទាំងបើកក្រុមហ៊ុនឆបោក និងជួញដូរមនុស្សដោយឆ្លងកាត់ប្រទេសអូស្ត្រាលី ផងដែរ។
តំណាងសហគមន៍ខ្មែរក្នុងប្រទេសអូស្ត្រាលី កាលពីអំឡុងឆ្នាំ២០២២ ក៏ធ្លាប់បានជំរុញឲ្យអាជ្ញាធរប្រទេសអូស្ត្រាលី បើកការស៊ើបអង្កេតលើប្រភពចំណូលរបស់ឧកញ៉ា ហ៊ុន តូ នាពេលកន្លងមកដែរជុំវិញករណីនេះ។
សារព័ត៌មាន ឌឹ អូស្ត្រាលាន (The Australian) បានចេញផ្សាយអត្ថបទមួយដោយដាក់ចំណងជើងធំៗថា «ក្មួយប្រុសមេដឹកនាំផ្ដាច់ការកម្ពុជាលោក ហ៊ុន សែន គឺលោក ហ៊ុន តូ ជាប់សង្ស័យជាថ្មីជាមួយបណ្ដាញឧក្រិដ្ឋកម្មឆបោក និងជួញដូរមនុស្សទ្រង់ទ្រាយធំនៅកម្ពុជា ដែលសហការជាមួយឧក្រិដ្ឋជនជនជាតិចិន និងប្រភពលុយរាប់រយលានដុល្លារ ដែលមានការសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងលុយខ្មៅកខ្វក់ ហើយលាក់ទុកនៅប្រទេសអូស្ត្រាលី»។
ចំណែកកាសែត The Sydney Morning Herald និងកាសែត The Age បានចុះផ្សាយដោយដកស្រង់ការស៊ើបអង្កេតពីគណៈកម្មការឧក្រិដ្ឋកម្មអូស្ត្រាលី កាលពីឆ្នាំ២០១២ ថា អាជ្ញាធរអូស្ត្រាលី បានតាមដានការផ្ទេរលុយជាច្រើន ដោយសង្ស័យថាជាលុយបានពីការរត់ពន្ធគ្រឿងញៀនចេញពីបនល្បែងកាស៊ីណូ Crown នៅទីក្រុងម៉ែលប៊ន ដែលគេសង្ស័យថាស្ថិតក្រោមការត្រួតពិនិត្យរបស់លោក ហ៊ុន តូ។
ជាងនេះទៀត សារព័ត៌មានក្នុងស្រុករបស់អូស្ត្រាលី ខ្លះ បានរកឃើញថា អ្នកស្រី Jackie Thai ដែលជាភរិយាលោក ហ៊ុន តូ កំពុងកាន់កាប់ភូមិគ្រឹះជាច្រើនកន្លែងនៅជុំវិញក្រុងម៉ែលប៊ន ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ជាក់ស្តែង អំឡុងឆ្នាំ២០១៦ អ្នកស្រីបានទម្លាក់លុយជិត ១លានដុល្លារអូស្ត្រាលី ឬស្មើនឹងជាង ៨សែនដុល្លារអាមេរិក ដើម្បីទិញដីឡូត៍ពីរកន្លែងជាប់គ្នា ហើយបានសាងសង់ភូមិគ្រឹះដ៏ធំស្កឹមស្កៃនៅទីនោះផងដែរ។
សព្វថ្ងៃនេះ ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលជាប់ចំណាត់ថ្នាក់ទាបគ្រប់យ៉ាង ដូចជាអំពើពុករលួយ ចំណាត់ថ្នាក់ស្ដីពីនីតិរដ្ឋ ចំណាត់ថ្នាក់ស្ដីពីសុភមង្គល ជាដើម ដែលត្រូវបានចាត់ទុកជាប្រទេសផ្ដាច់ការដែលរឹតត្បិតសេរីភាពក្នុងចំណោមប្រទេសកុម្មុយនីស្តមួយចំនួនផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជាក៏ជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងការប្រព្រឹត្តអំពើឧក្រិដ្ឋផ្សេងៗដែរ ដូចជា ការជួញដូរមនុស្ស លាងលុយកខ្វក់ ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មខុសច្បាប់ជាច្រើនទៀត ដែលត្រូវសហរដ្ឋអាមេរិកដាក់ក្នុងបញ្ជីតាមដានពីកម្រិត២ មកកម្រិត៣ សព្វថ្ងៃនេះ៕
© 2024, . All rights reserved.