26 C
Phnom Penh

មេដឹកនាំ​អឺរ៉ុប​គាប​ចិន​ឱ្យ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​គាប​រុស្ស៊ី​ឱ្យ​ព្រម​បញ្ចប់​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​ប៉ារីស កាលពី​រសៀល​ថ្ងៃ​អាទិត្យ ទី​៥ ខែ​ឧសភា ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​នៅ​ប្រទេស​បារាំង និង ២​ថ្ងៃ​ទៀត​នៅ​ប្រទេស​ហុងគ្រី និង​ប្រទេស​ហ្សែប៊ី។

នៅ​ទីក្រុង​ប៉ារីស លោក ស៊ី ជីនពីង បាន​ជួប​ប្រជុំ​ជាមួយ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron និង​អ្នកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប។

សំណុំរឿង​សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន ត្រូវ​បាន​លាតត្រដាង​នៅ​ចំពោះ​មុខ​លោក ស៊ី ជីនពីង ខណៈ​លោក ស៊ី ក៏​លើកឡើង​ផង​ដែរ​អំពី​ស្ថានភាព​តានតឹង​នៃ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប និង​ចិន។

ប៉ុន្តែ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ឲ្យ​ដឹង​ថា មេដឹកនាំ​អឺរ៉ុប ព្យាយាម​លើកឡើង​ពី​សង្គ្រាម​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន ដោយ​ភ្ជាប់​ទៅ​នឹង​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​សហភាព​អឺរ៉ុប និង​ចិន។

ក្នុង​ជំនួប​ត្រីភាគី​ធ្វើឡើង​នៅ​វិមាន​អេលីហ្សេ ប្រធានាធិបតី​បារាំង និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​ប្រាប់​ប្រធានាធិបតី​ចិន លោក Xi Jinping ថា អឺរ៉ុប​ចង់​ឱ្យ​ចិន​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​លើ​ប្រទេស​រុស្ស៊ី ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន តែ​សម្រាប់​សហភាព​អឺរ៉ុប មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​គាំទ្រ​ទីក្រុង​គៀវ ដែល​ប្រយុទ្ធ​ដើម្បី​សេរីភាព​របស់​ខ្លួន។

ប្រធានាធិបតី​បារាំង ព្យាយាម​ប្រាប់​លោក ស៊ី ជីនពីង ឱ្យ​ទៅ​និយាយ​ជាមួយ​ភាគី​រុស្ស៊ី ដើម្បី​រក​ច្រក​ផ្លូវ​បិទ​បញ្ចប់​សង្គ្រាម។ ចំណែក​អ្នកស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​ប្រាប់​លោក ស៊ី ថា អឺរ៉ុប​គិត​ថា​ចិន​ត្រូវ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ទៅ​លើ​រុស្ស៊ី ឱ្យ​បញ្ចប់​ការ​ឈ្លានពាន​អ៊ុយក្រែន ដែល​អ្នកស្រី​ថា​ចិន មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ជួយ​បន្ថយ​ការ​គំរាមកំហែង​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​របស់​រុស្ស៊ី។

អ្នកស្រី​ទុកចិត្ត​ថា លោក ស៊ី នឹង​បន្ត​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​គាប​រុស្ស៊ី បញ្ឈប់​ផែនការ​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ តែ​ជា​ការ​ប្រសើរ​ណាស់​ដែល​ចិន មិន​បាន​បញ្ជូន​អាវុធ​ទៅ​ជួយ​រុស្ស៊ី ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន។

អ្នកស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប ក៏​បាន​ទាមទារ​ឱ្យ​ចិន បញ្ឈប់​ផង​ដែរ​ការ​ធ្វើ​ជំនួញ​ជាមួយ​រុស្ស៊ី។ អ្នកស្រី​បញ្ជាក់​ថា ចិន​ចង់​បាន​ទំនាក់ទំនង​ល្អ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប តែ​ចិន​គួរ​បញ្ឈប់​ការ​ធ្វើ​ជំនួញ​ជាមួយ​រុស្ស៊ី។

តាងនាម​ឲ្យ​សហភាព​អឺរ៉ុប អ្នកស្រី von der Leyen បាន​និយាយ​ថា ភាគី​ចិន​ត្រូវ​ធានា​ឱ្យ​បាន​នូវ​ការ​ប្រកួតប្រជែង​ពាណិជ្ជកម្ម​ប្រកប​ដោយ​ភាព​ស្មោះត្រង់ និង​មាន​សមភាព​ជាមួយ​អឺរ៉ុប។

យោង​តាម​ប្រធាន​គណៈកម្មការ​អឺរ៉ុប បច្ចុប្បន្ន រដ្ឋាភិបាល​ចិន​បាន​ចំណាយ​ប្រាក់​ជួយ​ឧបត្ថម្ភ​ដល់​ការ​ផលិត​ទំនិញ​យុទ្ធសាស្ត្រ​មួយ​ចំនួន ជាក់ស្តែង​រថយន្ត​អគ្គិសនី និង​ដែកថែប ដើម្បី​សម្រុក​យក​មក​លក់​នៅ​អឺរ៉ុប ក្នុង​តម្លៃ​ថោក តែ​គ្មាន​គុណភាព គឺជា​ការ​ធ្វើ​ពាណិជ្ជកម្ម​បែប​មិន​ស្មោះត្រង់។

លើស​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច បណ្តា​ប្រទេស​លោក​ខាងលិច បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​លទ្ធភាព​ដែល​ទីក្រុង​ប៉េកាំង ផ្តល់​ការ​គាំទ្រ​ផ្នែក​យោធា​ដល់​ទីក្រុង​មូស្គូ និង​ព្យាយាម​គេច​ចេញពី​ការ​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​ចិន បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​យោធា​ជាមួយ​រុស្ស៊ី ជាពិសេស​ចាប់តាំងពី​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ទាំង​ពីរ​ដែល​កាន់តែ​ខ្លាំង​ឡើង បន្ទាប់ពី​ការ​លុកលុយ​របស់​ទីក្រុង​មូស្គូ លើ​អ៊ុយក្រែន ក្នុង​ឆ្នាំ​២០២២។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​បារាំង Le Figaro លោក ស៊ី បាន​លើកឡើង​ថា ចិន​ពិត​ជា​ចង់​ចូលរួម​ធ្វើ​ឱ្យ​ស្ថិរភាព និង​សន្តិភាព​មាន​ភាព​ប្រក្រតី​វិញ​នៅ​អឺរ៉ុប។ លោក ស៊ី បន្ត​ថា ចិន​នឹង​ចាប់​ដៃ​គ្នា​ជាមួយ​បារាំង និង​សហគមន៍​អន្តរជាតិ ដើម្បី​រួម​គ្នា​ស្វែងរក​ច្រក​ផ្លូវ​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន។

ទោះបីជា​មាន​ការ​ព្រួយបារម្ភ​អំពី​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​រវាង​ចិន និង​រុស្ស៊ី ក៏ដោយ ក៏​លោក ស៊ី បាន​ធានា​ឡើងវិញ​ថា ប្រទេស​ចិន មិន​មាន​ចេតនា​ផ្តល់​ជំនួយ​ផ្នែក​យោធា​ដល់​ទីក្រុង​មូស្គូ នោះ​ទេ ប៉ុន្តែ​បណ្ដា​ប្រទេស​នៃ​សហភាព​អឺរ៉ុប កំពុង​ពិចារណា​ទៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ដែល​លួច​បញ្ជូន​សម្ភារៈ​សឹក​ទៅ​ឱ្យ​រុស្ស៊ី។

លោក ស៊ី ត្រូវ​ទៅ​កាន់​ប្រទេស​ហុងគ្រី និង​ប្រទេស​ហ្សែប៊ី ហើយ​នៅ​ថ្ងៃទី​១០ ឧសភា លោក ស៊ី នឹង​ត្រឡប់​ទៅ​ក្រុង​ប៉េកាំង វិញ ខណៈ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន នៅ​ក្នុង​ខែ​ឧសភា នេះ​ដែរ។

លោក ពូទីន ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ប៉េកាំង គឺជា​លើក​ទី​២ ហើយ​ដែល​បុរស​ខ្លាំង​វិមាន​ក្រឹមឡាំង នេះ​ទៅ​ចិន អំឡុង​រុស្ស៊ី កំពុង​ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន និង​ជា​មេដឹកនាំ​កំពុង​ជាប់​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​លើ​ប្រជាជន​អ៊ុយក្រែន។

គេ​នៅ​ចាំ​បាន​ថា នៅ​មុន​សង្គ្រាម​ផ្ទុះឡើង​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ លោក ពូទីន បាន​ទៅ​ជួប​លោក ស៊ី នៅ​ក្រុង​ប៉េកាំង ដែល​កាល​នោះ​លោក ពូទីន បាន​ទៅ​ចូលរួម​បើក​សម្ពោធ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​អន្តរជាតិ​ក្រុង​ប៉េកាំង។

នៅ​ពេល​នោះ ទ័ព​រុស្ស៊ី​បាន​ឡោមព័ទ្ធ​ប្រទេស​អ៊ុយក្រែន ជុំ​ជិត​ហើយ លោក ពូទីន ឋានៈ​ជា​ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជា​ឱ្យ​លើក​ទ័ព ២៥​ម៉ឺន​នាក់ រួម​មាន​រថក្រោះ រថពាសដែក កាំភ្លើងធំ ប្រព័ន្ធ​មីស៊ីល រួម​ទាំង​យន្តហោះ​ចម្បាំង​ជាង​មួយ​ម៉ឺន​គ្រឿង បើក​ទ្វារ​សង្គ្រាម​លុកលុយ​ប្រទេស​អ៊ុយក្រែន ដែល​បង្ក​ឱ្យ​មាន​សង្គ្រាម​មក​ដល់​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស