38 C
Phnom Penh

ប្អូនថ្លៃ​លោក ស ខេង ជា​អភិបាល​ខេត្ត​រតនគិរី​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​អនាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន ហៅ​ស្ដេចត្រាញ់​រតនគិរី ដែល​ត្រូវ​ជា​ប្អូនថ្លៃ​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង កំពុង​រង​នូវ​ការ​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​ជាមួយ​ភរិយា​របស់​ខ្លួន ដោយ​បំពាន​ច្បាប់​ក្នុង​ការ​ដំឡើង​ឋានៈ​មន្ត្រី​ថ្នាក់​ក្រោម។

មន្ត្រី​ជាច្រើន​នាក់​នៃ​សាលា​ខេត្ត​រតនគិរី ផ្ញើ​លិខិត​មួយ​ច្បាប់​មក​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១០ ឧសភា នេះ​ថា លោក ញ៉ែម សំអឿន កំពុង​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ករណី​ពេញ​ខេត្ត​រតនគិរី ដូចជា ការ​ទទួល​សំណូក​ដំឡើង​ឋានៈ​មន្ត្រី​ថ្នាក់​ក្រោម​ចាប់ពី​រាប់​ម៉ឺន​ដុល្លារ រហូត​ដល់​រាប់​សែន​ដុល្លារ ទៅ​តាម​តំណែង​តូច​ធំ​នៅ​ពេលនេះ។

ប្រភព​ដដែល​អះអាង​ថា ជាក់ស្តែង​ដូចជា​ករណី​ទទួល​សំណូក​ពី​លោក ជា សានិត ជា​ទឹកប្រាក់ ១៥​ម៉ឺន​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការ​តែងតាំង​ឱ្យ​ធ្វើ​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី ជំនួស​វេជ្ជបណ្ឌិត អ៊ុង រតនា ដែល​ត្រូវ​បាន​ដក​ពី​តំណែង។ ជាង​នេះ​ទៀត ក៏​មាន​ការ​ទទួល​សំណូក​ដោយ​ការ​តែងតាំង​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី បន្ថែម ៣​នាក់​ទៀត​ដែរ ដែល​ពួកគេ​ម្នាក់ៗ​ត្រូវ​សូក​លុយ​ចំនួន ៥​ម៉ឺន​ដុល្លារ​អាមេរិក។

លើស​ពី​នេះ លោក ញ៉ែម សំអឿន ក៏​បាន​ទទួល​សំណូក​ជា​ទឹកប្រាក់​ចំនួន ១​សែន​ដុល្លារ​អាមេរិក​ពី​លោក​វេជ្ជបណ្ឌិត អូន សាវុធ ជា​ថ្នូរ​នឹង​ការ​តែងតាំង​ឱ្យ​ធ្វើ​ជា​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី ដែរ បន្ទាប់ពី​វេជ្ជបណ្ឌិត ផាន សុគន្ធា ត្រូវ​បាន​ដក​ចេញពី​តំណែង។ បន្ថែម​ពី​នេះ លោក ញ៉ែម សំអឿន ក៏​បាន​ទទួល​សំណូក​ដោយ​ការ​តែងតាំង​ជា​អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី បន្ថែម ៣​នាក់​ទៀត ដែល​ម្នាក់ៗ​ត្រូវ​សូក​លុយ​ចំនួន ២​ម៉ឺន​ដុល្លារ​អាមេរិក។

ប្រភព​ដដែល​លាតត្រដាង​ថា ក្រៅពី​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ការ​សូកប៉ាន់​ផ្លាស់ប្ដូរ​តំណែង​មន្ត្រី​ថ្នាក់​ក្រោម លោក ញ៉ែម សំអឿន ក៏​បាន​គប់គិត​ជាមួយ​ឈ្មួញ​កាប់​បំផ្លាញ​ព្រៃឈើ​ជាច្រើន​ទៀត​ដែរ ដែល​ពួកគេ​កំពុង​លួច​កាប់​ឈើ​ខុស​ច្បាប់​នៅ​ស្រុក​អូរយ៉ាដាវ ស្រុក​តាវែង ស្រុក​អូរជុំ ស្រុក​កូនមុំ និង​ស្រុក​លំផាត់ ជាដើម។

ជាង​នេះ​ទៅ​ទៀត មន្ត្រី​សាលា​ខេត្ត​រតនគិរី អះអាង​ថា លោក ញ៉ែម សំអឿន ក៏​បាន​លួច​សហការ​ជាមួយ​ឈ្មួញ​ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម ជីក​រ៉ែ​មាស​ក្នុង​ខេត្ត​រតនគិរី ថែម​ទៀត ខណៈ​បទល្មើស​គ្រឿងញៀន​ក្នុង​ខេត្ត​នេះ ក៏​មាន​ការ​បើក​ដៃ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ដូចជា មន្ត្រី​ប៉ូលិស ទាហាន ប៉េអិម ចែកចាយ​យ៉ាង​អនាធិបតេយ្យ​ដែរ។

មន្ត្រី​សាលា​ខេត្ត​រតនគិរី ទាំងនេះ​បញ្ជាក់​ថា អំពើ​ល្មើស​ច្បាប់​ដែល​កំពុង​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​សព្វថ្ងៃ​នេះ គឺ​មាន​ភរិយា​របស់​លោក ញ៉ែម សំអឿន ជា​អ្នក​រត់ការ ហើយ​ក៏​ជា​អ្នក​ចេញ​តារាង​តម្លៃ​សូកប៉ាន់​ក្នុង​ការ​ដោះដូរ​តំណែង និង​ការ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ទាំងនោះ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២៤ ពលរដ្ឋ​ខេត្ត​រតនគិរី និង​សកម្មជន​បរិស្ថាន បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី ចាត់​វិធានការ​ច្បាប់​តឹងរ៉ឹង​ចំពោះ​អ្នក​ដែល​លួច​ចូល​ទៅ​កាយ​រ៉ែ​មាស​នៅ​ស្រុក​តាវែង ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម។

ប្រភព​ដដែល​លើកឡើង​ថា អាជ្ញាធរ​ខេត្ត​រតនគិរី មិន​ដែល​យកចិត្ត​ទុកដាក់​នឹង​ការ​បង្ក្រាប​អាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ​នៅ​តំបន់​កន្ទុយនាគ ខេត្ត​រតនគិរី នា​ពេល​កន្លង​មក​នោះ ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​ខុស​ច្បាប់​ទាំងនោះ​កាន់តែ​រីក​ធំ​ឡើង​រហូត​ឈាន​ដល់​ការ​ប្រើប្រាស់​គ្រឿងចក្រ​ដើម្បី​កាយ​រុករក​រ៉ែ​ថែម​ទៀត។

លោក ញ៉ែម សំអឿន ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្ត​រតនគិរី កាលពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២១ តាមរយៈ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ។

ជុំវិញ​ការ​ចោទប្រកាន់​របស់​មន្ត្រី​សាលា​ខេត្ត​រតនគិរី នេះ សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​អភិបាល​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន សុំ​ការ​បំភ្លឺ​លើ​ករណី​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស