33 C
Phnom Penh

អ្នក​នាំពាក្យ​អះអាង​ថា​នាវាចម្បាំង​របស់​ចិន​នឹង​វិលត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ក្រោយ​បញ្ចប់​សមយុទ្ធ​នាគ​មាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាវា​ពីរ​គ្រឿង​ដែល​ជា​នាវា​ហ្វឹកហ្វឺន និង​នាវាចម្បាំង​របស់​ចិន នៅ​លើ​ទឹក​កម្ពុជា ចាប់ពី​ពាក់កណ្ដាល​ខែ​ឧសភា ដល់​ពាក់កណ្ដាល​ខែ​មិថុនា ឆ្នាំ​២០២៤ នឹង​វិលត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ក្រោយ​បញ្ចប់​សមយុទ្ធ​នាគ​មាស​រួម​គ្នា​ជាមួយ​កងទ័ព​កម្ពុជា នៅ​ពាក់កណ្តាល​ខែ​ឧសភា ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ព្រះសីហនុ។

អ្នក​នាំពាក្យ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​លោក ថោង សូលីម៉ូ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា នាវា​ទាំង​ពីរ​គ្រឿង​របស់​ចិន នឹង​ដឹក​គ្រឿង​បរិក្ខារ និង​កងទ័ព​ដើម្បី​មក​ចូលរួម​ធ្វើ​សមយុទ្ធ​នាគ​មាស​នៅ​ឆ្នាំ​២០២៤ នេះ។ ក្រោយ​បញ្ចប់​ធ្វើ​សមយុទ្ធ​នាគ​មាស​នេះ​រួច នាវា និង​កងទ័ព​ទាំងនោះ​នឹង​វិលត្រឡប់​ទៅ​ប្រទេស​ចិន វិញ គឺ​មិន​ស្ថិត​នៅ​ក្នុង​កម្ពុជា ដល់​ពាក់កណ្ដាល​ខែ​មិថុនា នោះ​ទេ។

ប្រភព​ដដែល​បញ្ជាក់​ថា នាវា​កងទ័ព​ចិន ចូល​មក​កម្ពុជា នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ប្រចាំ​ឆ្នាំ ដូច្នេះ​កម្ពុជា​មិន​ចាំបាច់​ទៅ​ស្នើសុំ ឬ​ទៅ​ជម្រាប​ប្រាប់​អ្នក​ណា​នោះ​ឡើយ។

ក្រសួង​ការពារ​ជាតិ​ចិន បាន​ប្រកាស​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៤ ថា ចិន​នឹង​បញ្ជូន​នាវា​ហ្វឹកហ្វឺន​កងទ័ព​ជើងទឹក​របស់​ខ្លួន​ឈ្មោះ Qijiguang និង​នាវាចម្បាំង Jinggangshan ដ៏​ធំ​របស់​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា និង​ប្រទេស​ទីម័រ។ នាវា​ទាំង​ពីរ​គ្រឿង​នេះ គឺ​សម្រាប់​ការ​ហ្វឹកហ្វឺន​ជាមួយ​ទាហាន​ជើងទឹក​ក្នុង​តំបន់ ដើម្បី​បង្កើន​ទំនុកចិត្ត​គ្នា​ទៅវិញ​ទៅមក​រវាង​កងទ័ព​ជើងទឹក​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា និង​ចិន។

យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters បាន​លើកឡើង​ថា នាវាចម្បាំង Jinggangshan មាន​សមត្ថភាព​អាច​ផ្ទុក​ឧទ្ធម្ភាគចក្រ រថពាសដែក ទូក​ពោង និង​ទូក​ដឹក​ទាហាន​ចូល​ច្រាំង ព្រមទាំង​កងទ័ព​ជិត ១​ពាន់​នាក់​ផង​ដែរ។ ចំណែក​នាវា​ហ្វឹកហ្វឺន Qijiguang មាន​ទំហំ​តូច​ជាង​នាវាចម្បាំង ប៉ុន្តែ​វា​ជា​នាវា​យោធា​ដ៏​ទំនើប​បំផុត​តាម​បច្ចេកវិទ្យា​របស់​ចិន។

នៅ​ក្នុង​ឆ្នាំ​២០២៤ នេះ កម្ពុជា និង​ចិន នឹង​ធ្វើ​សមយុទ្ធ​នាគ​មាស​រួម​គ្នា​នៅ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ព្រះសីហនុ រយៈពេល​ពីរ​សប្តាហ៍ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​៣០ ខែ​ឧសភា ក្រោម​ប្រធានបទ «ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​រួម​គ្នា និង​ការងារ​សង្គ្រោះ​មនុស្សធម៌»។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ចិន​បង្កើន​ចំនួន​កងទ័ព​សមយុទ្ធ​កាន់តែ​ច្រើន ពីព្រោះ​ស្ថានការណ៍​តំបន់​កាន់តែ​តានតឹង ក្រោយពី​កម្ពុជា​ប្ដេជ្ញាចិត្ត​ជីក​ព្រែក​ហ្វូណន នៅ​ពេល​មាន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ជាពិសេស​រវាង​ចិន និង​វៀតណាម មិន​ថយ​កម្ដៅ​ផង​នោះ។

ប្រភព​ដដែល​បាន​លើកឡើង​ថា ភាព​តានតឹង​សព្វថ្ងៃ​នេះ ចិន​ក៏​កំពុង​បង្កើន​កម្លាំង​សមយុទ្ធ ស្រប​ពេល​ដែល​ស្ថានភាព​កាន់តែ​តានតឹង។

លោក គឹម សុខ បាន​បន្ថែម​ទៀត​ថា ចិន​ចង់​បង្ហាញ​សញ្ញា​បី​យ៉ាង ទី​១ ចិន​ប្រាប់​វៀតណាម ថា កុំ​ឲ្យ​ចេះ​តែ​លោត​តតាំង​ចិន និង​កុំ​រំខាន​គម្រោង​នានា​ដែល​ពាក់ព័ន្ធ​នឹង​ចិន នៅ​ក្នុង​តំបន់ រួម​ទាំង​ការ​សង់​ព្រែកជីក​ហ្វូណន​កម្ពុជា​ផង​ដែរ ទោះ​វៀតណាម មាន​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ​ក៏ដោយ។ ទី​២ ចិន ចង់​ប្រាប់​អាស៊ាន​ថា អាស៊ាន​គួរតែ​ប្រុងប្រយ័ត្ន​ក្នុង​ទំនាក់ទំនង​យោធា​អាស៊ាន​ជាមួយ​បស្ចិម​ប្រទេស គឺ​មិន​ចេះ​តែ​រំលង​ចិន ងាយៗ​នោះ​ទេ។ ទី​៣ ចិន ចង់​ប្រាប់​ពិភពលោក​ថា កុំ​លូក​ដៃ​ចូល​សមុទ្រ​ចិន​ខាងត្បូង ប្រឆាំង​នឹង​ចិន គឺ​មិន​ងាយ​ឈ្នះ​ចិន នោះ​ឡើយ។

សមយុទ្ធ​នាគ​មាស​រវាង​កម្ពុជា-ចិន គឺ​បាន​ធ្វើឡើង​តាំងពី​ឆ្នាំ​២០១៦ រហូត​មក​ដល់​ពេលនេះ គឺ​បាន​ចំនួន ៤ លើក​រួច​មក​ហើយ គឺ​នៅ​ក្នុង​ឆ្នាំ​២០១៦ ឆ្នាំ​២០១៨ ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០។ ភាគី​ទាំង​ពីរ​បាន​ផ្អាក​ចំនួន​បី​ដង គឺ​នៅ​ឆ្នាំ​២០១៧ ដោយ​ជាប់​រវល់​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន និង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ ដោយសារតែ​ប្រទេស​ទាំង​ពីរ​ប្រឈម​នឹង​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ-១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស