អ្នកសង្កេតការណ៍លើកឡើងថា ការលើកឡើងរបស់ប្រធានគណបក្សកម្លាំងជាតិ ទាក់ទងទៅនឹងការនិយាយអំពីបញ្ហាចែកប័ណ្ណសមធម៌ដែលខ្វះឯកសារជាភស្តុតាង ឬសាក្សី ស្របតាមមូលដ្ឋានច្បាប់ មិនគួរត្រូវបានចាប់ខ្លួននោះទេ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ ឧសភា នេះថា បើទោះបីជាលោកយល់ឃើញថាការចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី នៅពេលនេះមានទំនោរទៅនិន្នាការនយោបាយច្រើនជាងការអនុវត្តច្បាប់ក៏ដោយ ក៏លោកនៅតែលើកទឹកចិត្តឱ្យមេដឹកនាំបក្សនយោបាយក្រៅរដ្ឋាភិបាលទាំងអស់ បញ្ចេញសារនយោបាយដែលមានមូលដ្ឋានជាក់លាក់ដែរ។
លោក សេក សុជាតិ លើកឡើងថា ទោះស្ថិតក្នុងស្ថានភាពដែលលំហសេរីភាពបញ្ចេញមតិរងនូវការរឹតត្បិត ឬមានលំហទូលំទូលាយក៏ដោយ ក៏ការបញ្ចេញមតិដែលមានភស្តុតាង និងមូលដ្ឋានត្រឹមត្រូវ នៅតែជារឿងចាំបាច់ ហើយការចាប់ខ្លួនលោក ស៊ុន ចន្ធី នៅពេលនេះ ក៏អាចចាត់ទុកជាបទពិសោធន៍មួយសម្រាប់អ្នកនយោបាយប្រឆាំងដែរ មុននឹងដាក់ចេញនូវគោលនយោបាយ ឬសារនយោបាយណាមួយរបស់ខ្លួនទៅកាន់អ្នកគាំទ្រ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា សព្វថ្ងៃនេះ បើទោះបីជាមជ្ឈដ្ឋាននានាមានពលរដ្ឋ សង្គមស៊ីវិល និងបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យមួយចំនួន មើលឃើញថា ការអនុវត្តច្បាប់មួយចំនួនគឺជាការរឹតត្បិតសេរីភាពបញ្ចេញមតិក៏ដោយ ក៏អ្នកនយោបាយប្រឆាំងមិនត្រូវផ្អែកទៅលើរឿងនេះ ហើយបញ្ចេញសារនយោបាយដោយគ្មានភស្តុតាងដែលជាមូលដ្ឋានច្បាប់នោះដែរ។
លោក សេក សុជាតិ គូសបញ្ជាក់ថា ការលើកឡើងខ្លះអាចជាការពិតប្រាកដមែន ប៉ុន្តែក្នុងនាមជាអ្នកដឹកនាំនយោបាយ មិនត្រូវលើកឡើងដោយគ្រាន់តែឮពីការនិយាយតៗគ្នានោះទេ គឺត្រូវប្រមូលឯកសារ និងភស្តុតាងនានាឱ្យបានរឹងមាំ មុននឹងខ្លួននិយាយ នោះទើបអាចការពារខ្លួនពីការចោទប្រកាន់ទាំងអយុត្តិធម៌មកលើខ្លួនបាន។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានលើកឡើងអំឡុងពេលជួបជុំជាមួយអ្នកគាំទ្ររបស់ខ្លួននៅប្រទេសជប៉ុន ថា សមិទ្ធផលជាតិសំខាន់ៗមួយចំនួនគឺកើតឡើងដោយសារតែបក្សប្រឆាំងប៉ុណ្ណោះ។ លោកបន្ថែមថា បើគ្មានបក្សប្រឆាំង រដ្ឋាភិបាលក៏មិនប្រឹងអភិវឌ្ឍប្រទេសដែរ។
លោក ស៊ុន ចន្ធី លើកឡើងថា នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ កំពុងពេញនិយមរឿងប័ណ្ណក្រីក្រ ឬប័ណ្ណសមធម៌ខ្លាំងណាស់ ប៉ុន្តែការចែកប័ណ្ណក្រីក្រនេះមានការរើសអើងបំផុត។ លោកថា ការចែកប័ណ្ណនេះទាល់តែសែស្រឡាយមេឃុំ និងសែស្រឡាយចៅហ្វាយស្រុក ទើបគេចែកឱ្យ សម្រាប់ពលរដ្ឋក្រីក្រពិតប្រាកដ គេមិនចែកឱ្យនោះទេ។
លោកបន្តថា នៅពេលដែលពលរដ្ឋក្រីក្រទាំងនោះចូលបក្សប្រឆាំង ទើបអាជ្ញាធរចែកឱ្យ ដើម្បីឱ្យប្រជាពលរដ្ឋទាំងនោះចូលបក្សកាន់អំណាចវិញ។
បន្ទាប់ពីការលើកឡើងបែបនេះ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ក៏ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញពោធិ៍ចិនតុង អំឡុងពេលដែលលោកកំពុងចាកចេញពីមាត់ទ្វារយន្តហោះតែម្តង។
ក្រោយការចាប់ខ្លួន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា លោក ស៊ុន ចន្ធី បានផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គមដោយបានទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាលថាចែកប័ណ្ណក្រីក្រជូនពលរដ្ឋដោយមានការលម្អៀង និងរើសអើង។
អ្នកនាំពាក្យចាត់ទុកពាក្យសម្ដីប្រធានបក្សកម្លាំងជាតិ ថាបានមួលបង្កាច់អំពីការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។
យ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលកម្ពុជាគួរតែលុបចោលមាត្រាខ្លះនៃក្រមព្រហ្មទណ្ឌ ដែលចែងអំពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយសារមាត្រានេះមានខ្លឹមសារផ្ទុយទៅនឹងស្មារតីរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា មាត្រា៤៩៤ និងមាត្រា៤៩៥ នេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាប្រើប្រាស់យ៉ាងពេញនិយមដើម្បីដាក់ទោសទណ្ឌលើអ្នកអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងលើអ្នកនយោបាយប្រឆាំង ដូចជាការចោទថា ពួកគេមានផែនការធ្វើបដិវត្តពណ៌ដើម្បីរំលំរដ្ឋាភិបាលស្របច្បាប់ ជាដើម។
អ្នកវិភាគនយោបាយបញ្ជាក់ថា មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌបានបង្ហាញឱ្យឃើញនូវការកំណត់ព្រំដែនក្នុងការចាត់វិធានការទៅលើការរឹតត្បិតសេរីភាព ការហាមឃាត់នូវការប្រើប្រាស់សិទ្ធិ និងការបង្ក្រាបដោយការដាក់ទោសទណ្ឌដែលប្រាសចាកពីការធានាបាននូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិដទៃទៀតរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ៕
© 2024, . All rights reserved.