33 C
Phnom Penh

មន្ត្រី​អង្គការ​លីកាដូ​ចាត់ទុក​ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ ជា​ការ​គំរាមកំហែង​និង​បំភិតបំភ័យ​សកម្មជន​សង្គម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​សិទ្ធិមនុស្ស (លីកាដូ) លោក អំ សំអាត អំពាវនាវ​ឱ្យ​តុលាការ​ដោះលែង​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ ដោយ​ឥត​លក្ខខណ្ឌ ពីព្រោះ​ការ​ចាប់​ខ្លួន​នេះ​គឺជា​ការ​បំភិតបំភ័យ​ដល់​សកម្មជន​សិទ្ធិមនុស្ស​ក្នុង​ការ​ចូលរួម​កិច្ចការ​សង្គម បរិស្ថាន និង​កិច្ចការ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

លោក អំ សំអាត បាន​ចេញ​វីដេអូ​មួយ​នៅ​ថ្ងៃទី​១០ ខែ​ឧសភា នេះ ដោយ​អះអាង​ថា រាល់​សកម្មភាព​របស់​លោក កើត សារ៉ាយ កន្លង​មក បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​លើក​កម្ពស់​វិស័យ​សិទ្ធិមនុស្ស និង​បរិស្ថាន ជាពិសេស​លោក​តែងតែ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​រឿង​អយុត្តិធម៌​សង្គម​នានា​ដែល​កំពុង​កើតមាន​លើ​ពលរដ្ឋ​រងគ្រោះ​សព្វថ្ងៃ​នេះ។

លោក​អំពាវនាវ​ឱ្យ​តុលាការ​ដោះលែង​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​ឱ្យ​លោក​មាន​ឱកាស​ចូលរួម​បម្រើ​កិច្ចការ​សង្គម​ដែល​ជា​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ខ្មែរ​បន្ត​ទៀត។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម កាលពី​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៤ បន្ទាប់ពី​លោក​បាន​ដឹកនាំ​និស្សិត​ចុះ​ទៅ​សិក្សា និង​តាមដាន​ករណី​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២៤ កន្លង​ទៅ។

ជុំវិញ​ការ​ចាប់​ខ្លួន​នេះ អង្គការ​សមាគម​ជាច្រើន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​លោក កើត សារ៉ាយ ជា​បន្តបន្ទាប់ ព្រោះ​ពួកគេ​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​នេះ​គឺជា​ការ​បិទ​សំឡេង និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ធ្ងន់ធ្ងរ។

ជាង​នេះ​ទៀត ក៏​បង្ហាញ​ពី​ការ​បង្ក្រាប​ទៅ​លើ​សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន​ដែល​ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ថែម​ទៀត។

ទាក់ទិន​នឹង​ការ​រឹតត្បិត​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (W. Patrick Murphy) បាន​លើកឡើង​នៅ​ចំពោះ​មុខ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​៧ ខែ​ឧសភា នេះ​ថា កម្ពុជា​អាច​លើក​កម្ពស់​មុខមាត់​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ និង​ទំនាក់ទំនង​ទ្វេភាគី ដោយ​ការ​បង្ហាញ​នូវ​ការ​ប្ដេជ្ញាចិត្ត​យូរអង្វែង​របស់​ខ្លួន​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស។

ជាង​នេះ​ទៀត ក្នុង​កិច្ចប្រជុំ​ដំណើរការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UNPR) របស់​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ បណ្ដា​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ជាច្រើន​នៅ​លើ​ពិភពលោក បាន​រិះគន់​លើ​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ចាស់ដៃ។

ប្រភព​ដដែល​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​កាន់តែ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់។

បណ្តា​ប្រទេស​ទាំងនោះ​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​លើកស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើយ ដូចជា សិទ្ធិ​ជា​មូលដ្ឋាន សិទ្ធិ​នយោបាយ សិទ្ធិ​ជួបជុំ សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន ជាដើម និង​ទាមទារ​ឱ្យ​កែលំអ​ប្រព័ន្ធ​តុលាការ​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​ផង​ដែរ។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា សព្វថ្ងៃ​នេះ​មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ប្រមាណ​ជា ៥០​នាក់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ​មួយ​ចំនួន ដូចជា រួម​គំនិត​ក្បត់ ញុះញង់​ឲ្យ​យោធិន​មិន​ស្ដាប់​បង្គាប់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ជាដើម បន្ទាប់ពី​អ្នក​ទាំងនោះ​បាន​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស