ចាប់តាំងពីក្រោយការបិទបញ្ចប់សង្គ្រាមលោកលើកទី២ នៅឆ្នាំ១៩៤៥ គឺរៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃទី៩ ខែឧសភា ប្រទេសរុស្ស៊ី ធ្វើពិធីរំលឹកខួបជ័យជម្នះរបស់កងទ័ពសូវៀតក្រហម ដែលវាយផ្ដួលរំលំរបបកងទ័ពនិយមណាហ្ស៊ីអ៊ីត្លែ អាល្លឺម៉ង់។
មិនដូចឆ្នាំកន្លងទៅនោះទេ លើកនេះការប្រារព្ធខួបជ័យជម្នះរបស់ប្រទេសមហាអំណាចមួយនេះ មិនសូវមានភាពអធិកអធមច្រើនទេ ខណៈកងទ័ពរុស្ស៊ី កំពុងប្រយុទ្ធនៅលើទឹកដីអ៊ុយក្រែន ហើយក៏កំពុងស្លាប់គរជើងគ្នា បើទោះជាទីតាំងខ្លះ ទ័ពរុស្ស៊ីវាយយកបានពីកងទ័ពអ៊ុយក្រែន ក៏ដោយនោះ។
គោលដៅនៃសង្គ្រាមដែលពួកបស្ចិមប្រទេសថាសង្គ្រាមរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន គឺមានផែនការវាយដណ្ដើមកាន់កាប់ទឹកដីអ៊ុយក្រែន និងផ្ដួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី ប៉ុន្តែមកដល់ពេលនេះ សង្គ្រាមអូសបន្លាយជាង ២ឆ្នាំ ២ខែហើយ ដែលមហិច្ឆតារបស់មេដឹកនាំប្រទេសមហាអំណាចមួយនេះកំពុងស្ថិតលើវិថីមិនច្បាស់លាស់។
បើទោះជាលោក ពូទីន ព្យាយាមថ្លែងថា រុស្ស៊ីកំពុងឈ្នះសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន ក៏ដោយ តែធាតុពិត គ្រាន់តែកំពុងលើកទឹកចិត្តឱ្យអ្នកជាតិនិយមរុស្ស៊ី បន្តគាំទ្រការដឹកនាំរបស់លោកសម្រាប់អាណត្តិទី៥ តែប៉ុណ្ណោះ។
លោក ពូទីន ដែលទើបចូលកាន់តំណែងផ្លូវការជាប្រធានាធិបតីរុស្ស៊ី អាណត្តិថ្មី បានបង្ហាញអធិបតីភាពក្នុងពិធីត្រួតពលនៃក្បួនព្យុហយាត្រាកងទ័ពនៅក្នុងទិវាជ័យជម្នះលើពួកណាហ្ស៊ីអាល្លឺម៉ង់។
ជាកិច្ចគម្រប់ខួបជ័យជម្នះរបស់សហភាពសូវៀត លើរបបណាហ្ស៊ី-អាល្លឺម៉ង់ ក្នុងសម័យសង្គ្រាមលោកលើកទី២ លោក ពូទីន បានចាប់យកទិវានេះជាល្បែងបង្ហាញសាច់ដុំកម្លាំងទ័ព និងសព្វាវុធទំនើបដើម្បីបន្តវាយលុកទៅលើប្រទេសអ៊ុយក្រែន ក្រោមហេតុផលមួយដែលមេដឹកនាំវិមានក្រឹមឡាំងរូបនេះចាត់ទុកជារបបកងទ័ពណាហ្ស៊ីថ្មីនៅអ៊ុយក្រែន។
ថ្លែងចេញពីទីលានក្រហមនាទីក្រុងមូស្គូ លោក ពូទីន ប្រាប់ពិភពលោកថា រុស្ស៊ីតែងព្យាយាមដើម្បីបញ្ចៀសសង្គ្រាមកុំឲ្យរាលដាលក្លាយជាសង្គ្រាមលោក។ លោក ពូទីន បានវាយប្រហារពួកលោកខាងលិចថា កំពុងរុញសង្គ្រាមនៅអ៊ុយក្រែន ឱ្យក្លាយទៅជាសង្គ្រាមលើកទី៣ ប៉ុន្តែបុរសខ្លាំងវិមានក្រឹមឡាំងរូបនេះបែរជាប្រកាសថា រុស្ស៊ីបានត្រៀមជាស្រេចហើយនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយបកទៅលើពួកលោកខាងលិច ក្នុងករណីដែលសន្តិសុខរបស់រុស្ស៊ី រងការគំរាមកំហែងធ្ងន់ធ្ងរ។
បើតាមបណ្ដាញផ្សាយព័ត៌មាន Aljazeera ឲ្យដឹងថា លោក ពូទីន ថ្លែងដូចនេះនៅចំពោះមុខកងទ័ព និងអ្នកនយោបាយរាប់ពាន់នាក់នៅទីលានក្រហមក្បែរវិមានក្រឹមឡាំង។
ជាមួយនឹងការលើកសរសើរដល់កងទ័ពដែលកំពុងប្រយុទ្ធនៅសមរភូមិប្រទេសអ៊ុយក្រែន លោក ពូទីន បានអួតថា រុស្ស៊ីនឹងឈ្នះសង្គ្រាមនេះ ហើយនឹងឈ្នះពួកលោកខាងលិចទៀតផង តែលោក ពូទីន នៅតែបន្តរំលឹកការព្រមានរបស់លោកប្រឆាំងនឹងលោកខាងលិច ដែលថារុស្ស៊ី មិនមានការអត់ឱនដល់អ្នកគំរាមរុស្ស៊ី និងអ្នកបង្កសង្គ្រាមវាយប្រហាររុស្ស៊ី ទេ គឺអាវុធនុយក្លេអ៊ែរ បានត្រៀមរួចទៅហើយ។
រដ្ឋធានីមូស្គូ ដែលជាទីតាំងប្រារព្ធពិធីនេះ គេសង្កេតឃើញមានការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ជាមួយនឹងការព្រួយបារម្ភពីការអាចកើតមាននូវការវាយប្រហារបែបភេរវកម្មដូចកាលពីខែមីនា ដែលបានផ្ទុះឡើងនៅក្បែរក្រុងមូស្គូ ដោយមានមនុស្សស្លាប់រាប់រយនាក់។
នៅផ្នែកខ្លះនៃទឹកដីរុស្ស៊ី និងទីក្រុងធំៗបានលុបចោលការប្រារព្ធពិធីនេះ ព្រោះតែបារម្ភមួយខ្លាចមានការវាយប្រហារដោយដ្រូន ឬគ្រាប់មីស៊ីលរបស់អ៊ុយក្រែន។
ក្បួនព្យុហយាត្រាកងទ័ពមានរថក្រោះ រថពាសដែក ហើយក៏មានការបង្អួតគ្រាប់មីស៊ីលផ្លោងអន្តរទ្វីបដែរ តែមិនជាអធិកអធមពេកនោះទេ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ព្រោះប្រទេសនេះបានចំណាយធនធានយ៉ាងច្រើនទៅលើសង្គ្រាមនៅអ៊ុយក្រែន។
ក្នុងពិធីនេះ គេសង្កេតឃើញមានវត្តមានមេដឹកនាំជាប្រមុខរដ្ឋ ជាប្រមុខរដ្ឋាភិបាល មកចូលរួម មានតែ ៩ប្រទេសប៉ុណ្ណោះ ក្នុងនោះមានប្រទេសអតីតសហភាពសូវៀត មានដូចជា ប្រទេស Belarus, Kazakhstan, Kyrgyzstan, Tajikistan, Turkmenistan និងប្រទេស Uzbekistan។ ក្រៅពីនេះ មាន Cuba, Laos និងប្រទេស Guinea-Bissau ផងដែរ។
ពិធីនេះធ្វើឡើងក្រោយពេល ២ថ្ងៃ ដែលលោក ពូទីន សម្ពោធដោយខ្លួនឯងឡើងជាប្រធានាធិបតីសហព័ន្ធរុស្ស៊ី ថែម ៦ឆ្នាំទៀត ចេញពីការបោះឆ្នោតថ្ងៃទី១៧ ខែមីនា ដោយសឹងតែគ្មានគូប្រជែង ព្រោះរបបនៅក្រុងមូស្គូ របស់បុរសខ្លាំងរូបនេះ បានចាប់អ្នកនយោបាយល្បីៗដាក់គុក និងខ្លះទៀតនិរទេសខ្លួនចេញពីប្រទេស។
អ្វីដែលអ្នកសង្កេតការណ៍បានកត់ត្រាទុកមួយទៀតនោះ គឺលោក ពូទីន អួតថាអាណត្តិថ្មីទី៥របស់លោក នឹងធ្វើឱ្យប្រជាជនរុស្ស៊ី ទទួលបានជ័យជម្នះដែលលោកសំដៅទៅសង្គ្រាមវាយយកទឹកដីពីប្រទេសអ៊ុយក្រែន។ តែអ្នកសង្កេតការណ៍របស់ពួកបស្ចិមប្រទេសមួយចំនួន មិនទាន់មើលឃើញលោក ពូទីន កំពុងស្ថិតនៅលើវិថីជ័យជម្នះពិតប្រាកដនៅឡើយទេ។
គេថា បើរុស្ស៊ីទទួលបានជ័យជម្នះលើប្រទេសអ៊ុយក្រែន លុះត្រាតែរុស្ស៊ី ចំណាយទ័ពមួយលាននាក់ឡើងទៅ ដែលខណៈនេះ ក្រុមចារកម្មលោកខាងលិចអះអាងថា រុស្ស៊ីបានបាត់បង់ទ័ពនៅលើសមរភូមិនៃប្រទេសអ៊ុយក្រែន ហក់ឡើងពី ៤៥ម៉ឺននាក់ទៅ ៥០ម៉ឺននាក់ ហើយសព្វាវុធធុនធ្ងន់រួមមានរថក្រោះ រថពាសដែក កាំភ្លើងធំ រុស្ស៊ីបាត់បង់ជិត ៥០% ទៅហើយ៕
© 2024, . All rights reserved.