33 C
Phnom Penh

អ្នកវិភាគ​ថា​លោក ហ៊ុន សែន គ្រោង​កម្ទេច​កម្លាំង​ប្រឆាំង​ជា​លើក​ចុងក្រោយ​នៅ​មុន​ការ​បោះឆ្នោត​អាណត្តិ​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ​លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ទំនង​ជា​គ្រោង​កម្ទេច​កម្លាំង​ប្រឆាំង​ឱ្យ​អស់​ជា​លើក​ចុងក្រោយ​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៧ និង​ឆ្នាំ​២០២៨ ខាងមុខ ប្រសិនបើ​លោក សម រង្ស៊ី គ្មាន​យុទ្ធវិធី​មាន​ប្រសិទ្ធភាព​ទប់ទល់​នឹង​លោក ហ៊ុន សែន វិញ​ទេ​នោះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ ឧសភា នេះ​ថា នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២៧ ឬ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៨ ជា​កាលៈទេសៈ​ដែល​លោក ហ៊ុន សែន គ្រោង​នឹង​កម្ទេច​កម្លាំង​យុទ្ធសាស្ត្រ​របស់​លោក សម រង្ស៊ី ជា​លើក​ចុងក្រោយ ប្រសិនបើ​លោក សម រង្ស៊ី គ្មាន​យុទ្ធវិធី​មាន​ប្រសិទ្ធភាព​ទប់ទល់​នឹង​លោក ហ៊ុន សែន វិញ​ទេ​នោះ។

លោក គឹម សុខ លើក​ឡើង​ថា ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី គឺជា​ល្បិច​នយោបាយ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដើម្បី​សាកល្បង​កម្លាំង​យុទ្ធសាស្ត្រ​នយោបាយ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​កំពុង​បែក​ខ្ចាត់ខ្ចាយ​នៅ​ពេលនេះ។

លោក​បន្ថែម​ថា គម្រោង​របស់​លោក ហ៊ុន សែន មិនមែន​ជា​បញ្ហា​ទេ ពីព្រោះ​បញ្ហា​គឺ​នៅ​ត្រង់​ថា តើ​លោក សម រង្ស៊ី មាន​យុទ្ធសាស្ត្រ​អាច​ទប់ទល់​បាន​ឬ​ក៏​អត់​ប៉ុណ្ណោះ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ករណី​ចោទប្រកាន់​ចាប់​ដាក់​គុក​ទាំង​ព្រៃផ្សៃ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ បាន​ក្លាយ​ទៅ​ជា​រឿង​សាមញ្ញ​ធម្មតា​ទៅ​ហើយ​ក្នុង​ឆាក​នយោបាយ​របស់​កម្ពុជា ក្រោម​ការ​ត្រួតត្រា​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បើ​ទោះបីជា​ករណី​នេះ​គឺជា​ទង្វើ​បំពាន​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ធ្ងន់ធ្ងរ​ក៏ដោយ។

កាលពី​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៤ ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី ក៏​ត្រូវ​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពោធិ៍ចិនតុង នៅ​ពេល​ដែល​លោក​វិលត្រឡប់​ពី​ប្រទេស​ជប៉ុន​វិញ។

ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​តាម​សាលដីកា​បញ្ជូន​ខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ចោទប្រកាន់​លោក ស៊ុន ចន្ធី ពាក់ព័ន្ធ​នឹង​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​កាលពី​ថ្ងៃទី​៧ ខែ​ឧសភា បន្ទាប់ពី​លោក​បាន​លើកឡើង​ពី​ការ​ចែក​បណ្ណ​សមធម៌ ឬ​បណ្ណ​ក្រីក្រ​ថា​មាន​ការ​រើសអើង។

រយៈពេល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា កម្លាំង​នយោបាយ​បក្ស​ប្រឆាំង​ដែល​សង្ស័យ​ថា​មាន​លោក សម រង្ស៊ី នៅ​ពី​ក្រោយ​ខ្នង ដូចជា​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​កម្លាំង​ជាតិ ជាដើម ត្រូវ​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​នោះ​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​កម្លាំង​ជាតិ ត្រូវ​រង​នូវ​ការ​រំខាន​ជា​បន្តបន្ទាប់។

ជាក់ស្តែង កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ចេញ​សេចក្តី​សម្រេច​បដិសេធ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ របស់​គណបក្ស​ភ្លើង​ទៀន ក្រោម​ហេតុផល​ថា គណបក្ស​នេះ​មិន​មាន​សំបុត្រ​កំណើត​ច្បាប់ដើម​សម្រាប់​បម្រើ​ឱ្យ​ការ​ចុះឈ្មោះ​បោះឆ្នោត។

ដោយសារតែ​បែប​នេះ គណបក្ស​ភ្លើង​ទៀន​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ បាន​ទេ។ ជាង​នេះ​ទៀត ក៏​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មីៗ​នេះ​បាន​ដែរ។

លើស​ពី​នេះ​ទៀត គណបក្ស​នេះ​ក៏​ត្រូវ​បាត់បង់​លទ្ធភាព​ទាំងស្រុង​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤ ទៅ​ថ្ងៃ​មុខ​នេះ​ថែម​ទៀត។

ដោយសារតែ​បែប​នេះ គណបក្ស​កម្លាំង​ជាតិ ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន គឺ​លោក ស៊ុន ចន្ធី ដើម្បី​ជំនួស​គណបក្ស​ភ្លើង​ទៀន ក្នុង​ការ​ដឹកនាំ​នយោបាយ​ទៅ​ថ្ងៃ​មុខ ប៉ុន្តែ​គណបក្ស​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ក៏​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ជា​បន្តបន្ទាប់​ដែរ​សព្វថ្ងៃ​នេះ។

ជាក់ស្តែង កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២៤ សមាជិក​គណបក្ស​កម្លាំង​ជាតិ ២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន គឺ​លោក មី សេងហ៊ ហៅ គា វិសាល និង​លោក អ៊ុំ វីរៈរដ្ឋ ប៉ុន្តែ​នៅ​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៤ ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី ដែល​ទើប​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ។

មុន​ពេល​គណបក្ស​ដែល​មាន​និន្នាការ​ប្រឆាំង ដូចជា​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​កម្លាំង​ជាតិ រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ ប្រធាន​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ដែល​គេ​សង្ស័យ​ថា​មាន​លោក សម រង្ស៊ី នៅ​ពីក្រោយ ក៏​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់ និង​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដែរ​តាំងពី​ដើម​ឆ្នាំ​២០២៣ មក។

ក្រៅពី​គណបក្ស​នយោបាយ​ដែល​មាន​និន្នាការ​ប្រឆាំង​ទាំង ៣ នេះ មន្ត្រី​បក្ស​ប្រឆាំង​ជាច្រើន​ក៏​កំពុង​រង​នូវ​ការ​ចោទប្រកាន់ និង​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ជាបន្តបន្ទាប់​ដែរ ដូចជា លោក ស៊ុន ឆ័យ លោក រ៉ុង ឈុន លោក ទាវ វណ្ណុល លោក ថាច់ សេដ្ឋា និង​លោក ស៊ុន ចន្ធី ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពេលនេះ​ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស