30 C
Phnom Penh

មេ​ឈ្មួញ​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​ឧកញ៉ា ទ្រី ភាព ត្រូវ​បាន​ផ្តល់​គោរមងារ​ជា «លោកអ្នកឧកញ៉ា»

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បណ្ដាញ​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់ និង​កំពុង​រង​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក អ្នកឧកញ៉ា ទ្រី ភាព ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា «លោកអ្នកឧកញ៉ា» ក្រោយពី​បាន​ក្លាយ​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​បាន​ជាង ១​ខែ​កន្លង​មក។

កាលពី​ថ្ងៃទី​១០ ខែ​ឧសភា ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា «លោកអ្នកឧកញ៉ា» ដល់​អគ្គនាយក​ក្រុមហ៊ុន ទ្រី ភាព គ្រុប គឺ​ឧកញ៉ា ទ្រី ភាព តាម​ការ​ទូល​ថ្វាយ​របស់​លោក​នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ព្រះមហាក្សត្រ។ ការ​ដំឡើង​គោរមងារ លោកអ្នកឧកញ៉ា ឱ្យ​លោក ទ្រី ភាព នេះ ធ្វើ​ឡើង​ក្រោយពី​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន បាន​តែងតាំង​លោក ទ្រី ភាព ជា​ទីប្រឹក្សា​ផ្ទាល់ខ្លួន​ដែល​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​០៦ ខែ​មេសា។

ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​គោរមងារ​ឱ្យ​លោក ទ្រី ភាព តាម​ការ​ស្នើសុំ​របស់​លោក ហ៊ុន ម៉ាណែត នេះ បាន​ធ្វើ​ឱ្យ​មហាជន​អ្នក​លេង​បណ្ដាញ​សង្គម​បាន​លើកឡើង​ថា កាប់​ឈើ​ច្រើន ចម្រើន​សេដ្ឋកិច្ច។ ក្រុម​សកម្មជន​បរិស្ថាន​បាន​នាំគ្នា​សំណូមពរ​ផ្តល់​ងារ​បន្ថែម​ទៀត​ដល់​លោក ទ្រី ភាព ដោយ​ដាក់​ឈ្មោះ​ថា រុក្ខ​បណ្ឌិត។

រីឯ​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ខ្លះ​ទៀត​លើកឡើង​ថា រដ្ឋាភិបាល​មិន​គួរ​យក​ឧក្រិដ្ឋជន​ឈ្មួញ​រកស៊ី​ទុច្ចរិត និង​អ្នក​បំផ្លាញ​សម្បត្តិ​ជាតិ មក​កាន់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​នោះ​ទេ។ រដ្ឋាភិបាល​មិន​គួរ​លើក​ទឹកចិត្ត​ដោយ​ផ្តល់​ឱ្យ​នូវ​គោរមងារ​ដែល​ជា​កិត្តិយស​ខ្ពង់ខ្ពស់​នោះ​ទេ ព្រោះ​ការ​ធ្វើ​ដូច្នេះ គឺ​ស្មើ​នឹង​ប្រមូល​ក្រុម​ឧក្រិដ្ឋជន ឬ​លើក​ទឹកចិត្ត​ឱ្យ​ក្រុម​ឧក្រិដ្ឋជន ឲ្យ​ប្រព្រឹត្ត​បទល្មើស​កាន់តែ​ខ្លាំង​ដូច្នោះ​ដែរ។

ក្រៅតែ​ពី​ទទួល​គោរមងារ​ជា «លោកអ្នកឧកញ៉ា» កាលពី​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៤ លោក ហ៊ុន សែន ក៏​បាន​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​មួយ​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ស្តីទី សម្រេច​តែងតាំង និង​ផ្តល់​ឋានៈ​ដល់​មេ​ឧក្រិដ្ឋជន​ព្រៃឈើ​ដែល​គេ​និយម​ហៅថា​ជា «ស្តេច​គ្រញូង ឧកញ៉ា ទ្រី ភាព» ជា​ទីប្រឹក្សា​មាន​ឋានៈ​ស្មើ​នឹង​ទេសរដ្ឋមន្ត្រី ក្រោយ​លោក ហ៊ុន សែន ឡើង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​បាន ២​ថ្ងៃ​សម្រាប់​ព្រឹទ្ធសភា​អាណត្តិ​ថ្មី​នេះ។

លោក ទ្រី ភាព មាន​ក្រុមហ៊ុន​ចំនួន​២១ ដែល​បាន​ចុះបញ្ជី និង​បង្ហាញ​ជា​សាធារណៈ​ចំនួន ១៤​ក្រុមហ៊ុន ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល មាន​ផ្ទៃដី​សរុប​ជាង ៦​ម៉ឺន​ហិកតា (៦៨០៨៨​ហិកតា) និង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​២ នៅ​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​ព្រំដែន​វៀតណាម និង​មួយ​ទៀត​នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ជាប់​ព្រំដែន​ថៃ។

រីឯ​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត កាលពី​ថ្មីៗ​នេះ បាន​តែងតាំង​កូនប្រុស​ឧកញ៉ា ទ្រី ភាព គឺ​ឧកញ៉ា ទ្រី ដាលុច ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​ទីប្រឹក្សា​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ី.ឌី.ស៊ី (CDC)។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ ឧសភា នេះ​ថា ការ​តែងតាំង​ឧកញ៉ា ទ្រី ភាព ជា​លោកអ្នកឧកញ៉ា និង​ឧកញ៉ា​ផ្សេង​ទៀត គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ថា​ឧកញ៉ា​ទាំងនេះ​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋ​ច្រើន​ណាស់ ជាពិសេស​ការ​រកស៊ី​ឈើ​ខុស​ច្បាប់។

កាលពី​ថ្ងៃទី​១២ ខែ​មេសា ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជ្យក្រឹត្យ​ផ្ដល់​គោរមងារ «លោកអ្នកឧកញ៉ា» ដល់​បុគ្គល​ចំនួន ៦​រូប មាន​ដូចជា ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា លោក លី យ៉ុងផាត់ និង​ថៅកែ​ក្រុមហ៊ុន OCIC លោក ពុង ឃាវសែ ជាដើម បូក​រួម​ទាំង​លោក ទ្រី ភាព លើក​នេះ គោរមងារ «លោកអ្នកឧកញ៉ា» កើន​ដល់ ៧​រូប​ហើយ។

យោង​តាម​ព្រះរាជក្រឹត្យ​ស្ដីពី​គោរមងារ​ឧកញ៉ា បាន​គូស​បញ្ជាក់​ថា អ្នក​ដែល​អាច​ទទួល​គោរមងារ​ឧកញ៉ា ត្រូវតែ​ជា​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ស្រប​ច្បាប់ គ្មាន​ទោស​មជ្ឈិម ឬ​ឧក្រិដ្ឋ មាន​កិរិយាមារយាទ​ល្អ និង​មាន​ប្រវត្តិរូប​ច្បាស់លាស់។ ចំណែក​ការ​ផ្ដល់​គោរមងារ​ឧកញ៉ា​តាម​លំដាប់​ថ្នាក់​ណា​មួយ អាស្រ័យ​ទៅ​លើ​ទំហំ​នៃ​ការ​ចូលរួម​ជាមួយ​ជាតិ និង​ស្នាដៃ​ពិសេស​ជូន​ជាតិ ជាដើម។

កាលពី​ចុង​ឆ្នាំ​២០១៩ ក្រសួង​រតនាគារ​ជាតិ​អាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក ឬ​រាំង​ខ្ទប់​ទ្រព្យសម្បត្តិ​របស់​លោក ទ្រី ភាព ព្រមទាំង​ក្រុមហ៊ុន​ដែល​លោក​គ្រប់គ្រង​ចំនួន ១១​ក្រុមហ៊ុន។

ក្រសួង​រតនាគារ​ជាតិ​អាមេរិក រក​ឃើញ​ថា លោក ទ្រី ភាព បាន​ប្រើប្រាស់​ខ្សែបណ្ដាញ​ដ៏​សម្បើម​របស់​លោក​នៅ​កម្ពុជា ដើម្បី​បង្កើត​អាជីវកម្ម​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ ដោយ​បាន​ពឹង​ផ្អែក​ទៅ​លើ​អំពើ​ស៊ុមគ្រលុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​ទទួល​បាន​កិច្ច​គាំពារ​ពី​រដ្ឋាភិបាល និង​មន្ត្រី​យោធា ដើម្បី​ដឹកជញ្ជូន​ទំនិញ​ខុស​ច្បាប់​របស់​លោក។

លោក ទ្រី ភាព ក៏​បាន​ប្រើប្រាស់​បណ្ដាញ​យោធា ដើម្បី​ឲ្យ​លោក​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើហុប​យក​ទៅ​លក់​ឲ្យ​ប្រទេស​វៀតណាម ចិន អឺរ៉ុប និង​រុស្ស៊ី ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស