33 C
Phnom Penh

ថ្ងៃទី​១៤ ខែ​ឧសភា ជា​ថ្ងៃ​គម្រប់​ខួប ៧១ យាង​ចូល ៧២​ព្រះវស្សា​របស់​ព្រះមហាក្សត្រ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ គឺជា​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រប់ ៧១ យាង​ចូល ៧២​ព្រះវស្សា ក្នុង​ព្រះរាជកិច្ច​បំពេញ​ព្រះរាជ​តួនាទី​ធានា​ឯករាជ្យ និង​បូរណភាព​ទឹកដី​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល។

នៅ​ថ្ងៃ​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន រួម​ទាំង​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​កូន បាន​នាំគ្នា​សរសេរ​ព្រោងព្រាត​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ពួកគេ ដោយ​ជូនពរ​ដល់​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ។

ព្រះករុណា​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី ជា​ព្រះរាជបុត្រ​ច្បង​របស់​ព្រះ​បរម​រតន​កោដ្ឋ សម្តេច​ព្រះ​នរោត្តម សីហនុ ដែល​បាន​ប្រសូត​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នៅ​ទីក្រុង​ភ្នំពេញ។

ព្រះអង្គ​ត្រូវ​បាន​ក្រុមប្រឹក្សា​រាជសម្បត្តិ​ជ្រើស​តាំង​ជា​ឯកច្ឆន្ទ​ឱ្យ​ឡើង​សោយរាជ្យ​ជា​ព្រះមហាក្សត្រ​ខ្មែរ ជំនួស​ព្រះបាទ នរោត្តម សីហនុ ដែល​ជា​ព្រះបិតា នៅ​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០០៤ ប៉ុន្តែ​រហូត​ដល់​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០០៤ ទើប​ព្រះអង្គ​ត្រូវ​បាន​ប្រកាស​ឱ្យ​ឡើង​សោយរាជ្យ​សម្បត្តិ​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ផ្លូវការ​បន្ត​ពី​ព្រះបិតា​របស់​ទ្រង់​តែម្តង។

មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​ច្បាស់​ថា ព្រះមហាក្សត្រ​ទ្រង់​គ្រងរាជ្យ​សម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ ហើយ​ទ្រង់​នឹង​គង់​ជា​ប្រមុខ​រដ្ឋ​អស់​មួយ​ជីវិត។ ព្រះមហាក្សត្រ​មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។ លើស​ពី​នេះ ព្រះអង្គ​គឺជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ ធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា និង​ធានា​នូវ​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ​នានា។

យ៉ាងណា​ក៏ដោយ រយៈពេល ២០​ឆ្នាំ​នៃ​ការ​ឡើង​សោយរាជ្យ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី ជា​ព្រះមហាក្សត្រ ត្រូវ​គេ​មើល​ឃើញ​ថា ព្រះអង្គ​បាន​រង​នូវ​ការ​ប្រមាថ និង​រំលោភ​បំពាន​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន យ៉ាង​ចាស់ដៃ​ដោយ​ការ​បិទ​សិទ្ធិ និង​បិទ​ព្រះរាជ​តួនាទី​របស់​ទ្រង់​គ្រប់​បែប​យ៉ាង។ ជាង​នេះ​ទៅ​ទៀត ព្រះអង្គ​ក៏​រង​នូវ​ការ​មើលងាយ​មើលថោក​ជា​ខ្លាំង​ពី​សំណាក់​អតីត​ប្រធាន​គណបក្ស សម រង្ស៊ី និង​សកម្មជន​របស់​លោក ថា​ជា​ស្ដេច​ទីងមោង ឬ​ជា​ស្ដេច​គ្មាន​បានការ។

អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​លើកឡើង​កាលពី​កន្លង​ទៅ​ថា ក្នុង​នាម​ជា​អ្នក​នយោបាយ ត្រូវ​គោរព​ក្រមសីលធម៌​របស់​ខ្លួន​ឲ្យ​បាន​ខ្ជាប់​ខ្លួន​ជានិច្ច និង​ចៀសវាង​បំផុត​នូវ​ការ​ប្រមាថ​ព្រះមហាក្សត្រ។

បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា អ្នក​ដឹកនាំ​នយោបាយ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចេញ​មតិយោបល់ តែ​សិទ្ធិ​នោះ​មិន​ត្រូវ​រំលោភ​លើ​ព្រះរាជ​តួនាទី និង​ព្រះរាជកិច្ច​របស់​ព្រះអង្គ​ឡើយ។

លោក​បញ្ជាក់​ថា ការ​ប្រមាថ​ដល់​ព្រះមហាក្សត្រ ឬ​បង្ខំ​ឱ្យ​ព្រះអង្គ​ធ្វើ​អ្វីៗ​តាម​អំណាច​របស់​ខ្លួន មិន​ត្រឹមតែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​ព្រះមហាក្សត្រ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​ថា ពួកគេ​កំពុង​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត។

នៅ​ក្រោយ​ការ​ប្រគល់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទៅ​ឱ្យ​កូនប្រុស​បង្កើត​របស់​ខ្លួន លោក ហ៊ុន សែន បាន​ស្រវា​ចាប់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ ខណៈ​តំណែង​នេះ​នឹង​តម្រូវ​ឱ្យ​គាត់​មាន​តួនាទី​មួយ​ទៀត គឺជា​ប្រមុខ​រដ្ឋ​ស្តីទី​ជំនួស​ព្រះមហាក្សត្រ នៅ​ពេល​ដែល​ព្រះអង្គ​អវត្តមាន​ក្នុង​ប្រទេស។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា សព្វថ្ងៃ​នេះ លោក ហ៊ុន សែន កំពុង​លេង​ល្បែង​ក្តោប​ក្តាប់​សិទ្ធិ​អំណាច រំលោភ​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​ពេញ​ដៃ តាមរយៈ​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​របស់​គាត់​នៅ​ពេល​នេះ។

ក្នុង​រយៈពេល ២៦៦​ថ្ងៃ​ដែល​ស្មើ​នឹង ៨​ខែ ២៣​ថ្ងៃ នៃ​ការ​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត គេ​នៅ​មិន​ទាន់​ឃើញ​នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​ម្នាក់​នេះ​កែប្រែ​ច្បាប់​ដើម្បី​បង្ហាញ​ពី​ការ​គោរព​ព្រះមហាក្សត្រ ឬ​លើកស្ទួយ​ព្រះរាជ​តួនាទី​ដល់​ព្រះមហាក្សត្រ​នៅឡើយ​ទេ ស្រប​ពេល​ដែល​ការ​ដឹកនាំ​ទាំងអស់​ត្រូវ​គេ​មើល​ឃើញ​ថា នៅតែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន ដដែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស