38 C
Phnom Penh

ចិន​បង្កើន​ការ​គំរាមកំហែង​ខ្លាំង​ទៅ​លើ​តៃវ៉ាន់ ខណៈ​ប្រធានាធិបតី​ថ្មី​ដែន​កោះ​នេះ​ជិត​ចូល​កាន់​តំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គេ​មិន​អាច​ដឹង​ថា ប្រទេស​ចិន នឹង​វាយលុក​ចូល​កោះ​តៃវ៉ាន់ នៅ​ថ្ងៃ​ណា ខែ​ណា ឆ្នាំ​ណា ពិតប្រាកដ​នោះ​ទេ តែ​ក្រុង​ប៉េកាំង កាន់តែ​ជិត​អស់​ពេល​និយាយ​លួង​តៃវ៉ាន់ មក​នៅ​ជាមួយ​ខ្លួន​ក្នុង​ឋានៈ​ជា​សាច់ឈាម​នឹង​គ្នា​ទៀត​ហើយ។

ប្រទេស​ចិន ដែល​ប្រកាន់​របប​ដឹកនាំ​កុម្មុយនីស្ត តែងតែ​ចង់​ឱ្យ​ដែនដី​មួយ​ដែល​មាន​អធិបតេយ្យ​នៃ​ការ​ដឹកនាំ​ប្រកាន់​យក​ប្រព័ន្ធ​ដឹកនាំ​ប្រជាធិបតេយ្យ មក​នៅ​ជាមួយ​គ្នា តែ​មិន​អាច​ទៅ​រួច​ឡើយ។ ចាប់តាំងពី​ចិន លូតលាស់​សេដ្ឋកិច្ច​ខ្លាំង វិស័យ​ការពារ​ជាតិ​កាន់តែ​ខ្លាំង ប្រទេស​ដ៏​ធំ​នេះ​បាន​ព្យាយាម​អូស​តៃវ៉ាន់ មក​នៅ​ក្រោម​ដំបូល​បក្ស​កុម្មុយនីស្ត​របស់​ខ្លួន ប៉ុន្តែ​ច្រើន​ទសវត្ស​មក​ហើយ​ដែល​ក្រុង​ប៉េកាំង និង​ក្រុង​តៃប៉ិ មិន​អាច​ខិត​ចូល​គ្នា​បាន​ឡើយ។

ជាង ១០​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​ចិន ដែល​ស្ថិត​នៅ​ក្រោម​ប្រធានាធិបតី ស៊ី ជីនពីង បាន​ប្រើ​មធ្យោបាយ​ត្រជាក់​ផង គំរាម​លើក​ទ័ព​វាយ​យក​ដែន​កោះ​នេះ​ផង ក៏​មេដឹកនាំ​តៃវ៉ាន់ មិន​បាន​យល់ព្រម​នៅ​ក្រោម​ចិន ដូច​ក្រុង​ហុងកុង ឡើយ។ គេ​ថា​សូម្បី​មេដឹកនាំ​មកពី​បក្ស​កួមីនតាំង លម្អៀង​ចិន ក៏​មេដឹកនាំ​បក្ស​នេះ​មិន​យល់ព្រម​ឱ្យ​តៃវ៉ាន់ នៅ​ក្រោម​បន្ទាត់​ដឹកនាំ​របស់​ក្រុង​ប៉េកាំង ឡើយ។

បច្ចុប្បន្ន​នេះ កោះ​តៃវ៉ាន់ ដែល​មាន​ប្រជាជន​ជាង ២៣​លាន​នាក់ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​ប្រជាធិបតេយ្យ​ចម្រើន​ជឿនលឿន លម្អៀង​សហរដ្ឋ​អាមេរិក បាន​ប្រកាន់​ជំហរ​កាន់តែ​រឹងមាំ​ខ្លាំង​ជាង​បក្ស​កួនមីនតាំង ទៅ​ទៀត។ មិន​តែប៉ុណ្ណោះ ហ៊ាន​គំរាម​ក្រុង​ប៉េកាំង វិញ​ទៀត បើ​ទោះជា​ក្រុង​ប៉េកាំង ធ្វើ​សមយុទ្ធ​នាវាចម្បាំង យន្តហោះ​ចម្បាំង​សឹង​រាល់​ថ្ងៃ​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ក៏ដោយ។

នៅ​ថ្ងៃទី​១៤ ឧសភា នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន​តៃវ៉ាន់ ជាច្រើន បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា ប្រទេស​ចិន បាន​កំពុង​បង្កើន​យុទ្ធនាការ​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ទៅ​លើ​កោះ​តៃវ៉ាន់ មុន​ពេល​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ថ្មី លោក Lai Ching-te ត្រូវ​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែ​ឧសភា ខាងមុខ។

អ្នក​សង្កេតការណ៍​ថា គោលដៅ​របស់​ក្រុង​ប៉េកាំង ចង់​ឱ្យ​បក្ស​ប្រឆាំង​ធំ​ពីរ​ដែល​មាន​អាសនៈ​ក្នុង​សភា រួបរួម​គ្នា​ទប់ស្កាត់​ឥទ្ធិពល​បក្ស​ប្រជាធិបតេយ្យ​ចម្រើន​ជឿនលឿន ទាំង​នៅ​ក្នុង​រដ្ឋសភា និង​នៅ​ចំពោះ​មុខ​ប្រជាជន​ដែន​កោះ​នេះ។

អ្នក​សង្កេតការណ៍​យល់​ថា ចិន​កំពុង​ព្យាយាម​សាកល្បង​មើល​ថា តើ​រដ្ឋាភិបាល​ថ្មី​របស់​តៃវ៉ាន់ នឹង​ឆ្លើយតប​យ៉ាង​ដូចម្ដេច​ចំពោះ​ការ​ដាក់​សម្ពាធ​របស់​ខ្លួន​កាន់តែ​ខ្លាំង​ឡើង។

លោក Chen Fang-yu អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ Soochow នៅ​កោះ​តៃវ៉ាន់ យល់ថា ចិន​នឹង​ព្យាយាម​មើល​ថា​តើ​រដ្ឋាភិបាល​ថ្មី​របស់​តៃវ៉ាន់​ក្រោម​ការ​ដឹកនាំ​របស់​លោក Lai Ching-te អាច​នឹង​ប្រតិកម្ម​ដូចម្ដេច។

តាម​អ្នកវិភាគ​រូប​នេះ រដ្ឋាភិបាល​ចិន​នឹង​ស្វែងរក​កម្លាំង​ប្រឆាំង​នៅ​ក្នុង​សភា​តៃវ៉ាន់ ឱ្យ​មក​នៅ​កៀក​នឹង​ចិន ហើយ​រួម​គ្នា​កាត់បន្ថយ​អំណាច​របស់​បក្ស​ប្រជាធិបតេយ្យ​ចម្រើន​ជឿនលឿន របស់​មេដឹកនាំ​ថ្មី​តៃវ៉ាន់ លោក Lai Ching-te។

ក្រុង​ប៉េកាំង បាន​បង្ហោះ​យន្តហោះ​ចម្បាំង និង​នាវា​កងទ័ព​ជើងទឹក​ចិន​ជាច្រើន​គ្រឿង ឱ្យ​ធ្វើ​ប្រតិបត្តិការ​នៅ​ជិត​កោះ​តៃវ៉ាន់ ហើយ​យន្តហោះ​ចិន​ជាច្រើន​គ្រឿង បាន​ហោះ​ឆ្លងកាត់​ខ្សែបន្ទាត់​កណ្ដាល​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​រ៉ាដា​នៃ​ប្រព័ន្ធ​ការពារ​ដែនអាកាស​កោះ​នេះ​បាន​ចាប់​សញ្ញា​បាន។

យន្តហោះ​ចិន​ខ្លះ​បាន​ហោះហើរ​នៅ​ចម្ងាយ​ប្រមាណ​តែ ៧៦​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីក្រុង Keelung ដែល​ជា​ទីក្រុង​កំពង់ផែ​នៅ​ភាគ​ខាងជើង​កោះ​តៃវ៉ាន់ ដែល​ជា​ទីតាំង​របស់​មូលដ្ឋាន​កងទ័ព​ជើងទឹក​ដ៏​សំខាន់​មួយ​របស់​តៃវ៉ាន់។

កាលពី​ថ្ងៃទី​១ ខែ​ឧសភា អគ្គនាយក​ការិយាល័យ​សន្តិសុខ​ជាតិ​តៃវ៉ាន់ លោក Tsai Ming-yen បាន​ថ្លែង​ទៅ​កាន់​ក្រុម​សមាជិក​សភា​តៃវ៉ាន់ ថា ចិន​បាន​ប្រើ​យុទ្ធវិធី​ថ្មី​នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ល្បាត​រួម​គ្នា​ត្រៀម​ប្រយុទ្ធ​នៅ​ជិត​កោះ​តៃវ៉ាន់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ល្បាត​ពេល​យប់ និង​ការ​ប្រើប្រាស់​នាវា​ដឹកជញ្ជូន​ទ័ព​នាវា​កម្ទេច​គ្រាប់មីន នាវា​បាញ់​គ្រាប់​មីស៊ីល​ទៀត​ផង។

លោក Tsai Ming-yen បញ្ជាក់​ថា ចិន​បាន​គំរាម​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ជា​គោលដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​ក្រុង​ប៉េកាំង ឈាន​ទៅ​ដល់​ការ​បង្រួបបង្រួម​ឡើងវិញ​ជាមួយ​នឹង​តៃវ៉ាន់។

ចំណែង​អ្នកវិភាគ​ម្នាក់​ទៀត​គឺ​លោក Su Tzu-yun ជា​អ្នកជំនាញ​ផ្នែក​យោធា​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្នែក​ការពារ​ជាតិ និង​សន្តិសុខ​តៃវ៉ាន់ យល់​ឃើញ​ថា រដ្ឋាភិបាល​ថ្មី​របស់​លោក Lai Ching-te ក៏​ត្រូវ​បង្កើន​ការ​ឃ្លាំមើល​ឱ្យ​បាន​ដិតដល់​ចំពោះ​ការ​កើន​ឡើង​នៃ​សកម្មភាព​កងទ័ព​ចិន មក​លើ​កោះ​តៃវ៉ាន់។

លោក Lai Ching-te នឹង​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​មកពី​បក្ស​ប្រជាធិបតេយ្យ​ចម្រើន​ជឿនលឿន នៅ​ថ្ងៃទី​២០ ខែ​ឧសភា ខាងមុខ។ លោក Lai Ching-te ជា​បេក្ខជន​ឈ្នះ​ឆ្នោត​កាលពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៤។ លោក​បាន​ឈ្នះ​ឆ្នោត​លើ​បេក្ខជន ២​រូប​ទៀត ដែល​គេ​ថា​សុទ្ធសឹងតែ​មាន​ទំនោរ​ទៅ​រក​ចិន គឺ​លោក Hou Yu-ih ដែល​មកពី​បក្ស​កួមីនតាំង និង​លោក Ko Wen-je មកពី​បក្ស​ប្រជាជន​តៃវ៉ាន់។

លោក Lai Ching-te ត្រូវ​ចូល​កាន់​តំណែង​ប្រធានាធិបតី​កោះ​តៃវ៉ាន់ ដោយ​ឡើង​ជំនួស​អ្នកស្រី សៃ អ៊ឹងវិន ដែល​អ្នក​សង្កេតការណ៍​ហៅថា​ជា​ស្ត្រី​បេះដូង​ដែក ហ៊ាន​ប្រជែង​ជាមួយ​បុរស​ខ្លាំង​នៅ​ប្រទេស​ចិន គឺ​លោក ស៊ី ជីនពីង។

នៅ​មុន​ការ​បោះឆ្នោត លោក Lai Ching-te បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក។ នៅ​លើ​ទឹកដី​អាមេរិក លោក​បាន​ទទួល​ស្វាគមន៍​ជាច្រើន​ពី​អ្នក​នយោបាយ​អាមេរិក។ លោក Lai Ching-te នៅតែ​សច្ចា​ការពារ​ប្រជាធិបតេយ្យ​សម្រាប់​ដែន​កោះ​តៃវ៉ាន់។ នៅ​ចំពោះ​មុខ​អ្នក​នយោបាយ​អាមេរិក មេដឹកនាំ​ថ្មី​តៃវ៉ាន់ ដែល​នឹង​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​នេះ នៅតែ​ប្រកាន់​ជំហរ​មិន​ងាករេ​ចេញពី​អាមេរិក​ឡើយ។

រដ្ឋការ​លោក ចូ បៃដិន សាទរ​លោក Lai Ching-te ដែល​ឈ្នះ​ឆ្នោត ដោយ​សន្យា​ថា ក្រុង​វ៉ាស៊ីនតោន នៅតែ​ប្រកាន់​ភ្ជាប់​ការ​ជួយ​ពង្រឹង​ប្រជាធិបតេយ្យ និង​វិស័យ​ការពារ​ជាតិ​សម្រាប់​កោះ​តៃវ៉ាន់។ ជាមួយ​គ្នា​នេះ លោក ចូ បៃដិន នៅតែ​ព្រមាន​ចិន កុំ​បង្ក​លើក​ទ័ព​វាយ​កាន់កាប់​តៃវ៉ាន់ បើ​ទោះជា​ក្រុង​វ៉ាស៊ីនតោន ទទួលស្គាល់​នយោបាយ​ចិន​តែ​មួយ​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស