នាយករដ្ឋមន្ត្រីតពូជថ្មីលោក ហ៊ុន ម៉ាណែត ចាត់ទុកសកម្មភាពរបស់ក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ របស់អ្នកស្រី ឡេង ចាន់ណា ជាសកម្មភាពបោកប្រាស់ដែលមានលក្ខណៈជាប្រព័ន្ធ តាមរូបមន្ត Ponzi Scheme ដោយលោកចាត់តាំងប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ចេញមុខការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងនេះ។
លោក ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលបន្តពូជថ្មីរបស់កម្ពុជា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៥ ឧសភា នេះថា ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ពលរដ្ឋដែលរងគ្រោះក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា លោកបានសម្រេចប្រគល់ភារកិច្ចឱ្យលោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ចេញមុខការពារពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងនេះ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ក្រោយពេលដែលមានការផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមអំពីករណីទាមទារសំណងរបស់ពលរដ្ឋដែលបានវិនិយោគលើគម្រោង ប្រ៊ីលាន ស៊ីធី វើលដ៍ លោកបានប្រគល់ភារកិច្ចជូនលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាលោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប និងក្រុមជំនួយការច្បាប់របស់លោក ជាដើម ស្រាវជ្រាវ និងរិះរកដំណោះស្រាយលើករណីនេះរហូតមក។
លោកអះអាងថា ក្រោយការស៊ើបអង្កេត បានរកឃើញថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ពុំមានលក្ខណៈដូចគម្រោងវិនិយោគអចលនទ្រព្យពិតប្រាកដផ្សេងទៀតដែលប្រឈមនឹងឧបសគ្គនៃការធ្លាក់ចុះទីផ្សារនោះទេ ប៉ុន្តែគម្រោងនេះមានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ទៅវិញ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ដោយសារតែរកឃើញបែបនេះ លោកក៏បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ចាប់ខ្លួនឈ្មោះ ឡេង ចាន់ណា បញ្ជូនទៅតុលាការភ្លាមៗ។ ជាងនេះទៀត ទោះបីជាសំណុំរឿងនេះស្ថិតក្នុងដៃរបស់តុលាការក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តតាមដានជាប្រចាំដែរ ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋឲ្យអស់លទ្ធភាពទៅតាមផ្លូវច្បាប់។
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត បានចេញលិខិតសិទ្ធិប្រទានមួយដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៥ ឧសភា នេះ ដើម្បីប្រគល់តួនាទីដល់ប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាលលោក គី តិច ឱ្យធ្វើជាមេធាវីតំណាងការពារសិទ្ធិ និងផលប្រយោជន៍របស់ពលរដ្ឋរងគ្រោះពីក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលកំពុងត្រូវបានឃុំខ្លួននាពេលនេះ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ ឧសភា នេះថា វិធានការរបស់លោក ហ៊ុន ម៉ាណែត ជុំវិញអំពើបោកប្រាស់របស់ក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា នៅពេលនេះ គឺជាល្បិចកលបិទបាំងការពាក់ព័ន្ធរបស់លោកនៅក្នុងគម្រោងបោកនេះតែប៉ុណ្ណោះ។
លោក គឹម សុខ លើកឡើងថា បញ្ហានេះមិនពិបាកយល់ទេ ព្រោះគន្លឹះគឺនៅត្រង់ថា តើអ្នកស្រី ឡេង ចាន់ណា ដែលជាបុគ្គលគ្មានទ្រព្យសម្បត្តិម្នាក់ អាចក្លាយជាឧកញ៉ា និងជាអ្នកជំនួញបោកប្រាស់ទ្រង់ទ្រាយធំដោយរបៀបណា បើលោក ហ៊ុន ម៉ាណែត មិនបើកដៃឲ្យ និងធ្វើជាខ្នងបង្អែកផងនោះ។
លោកបន្ថែមថា កាន់តែច្បាស់ទៀតនោះ គឺអ្នកស្រី ឡេង ចាន់ណា ខ្លួនឯងបានអះអាងជាញឹកញាប់អំពីការជ្រោមជ្រែងរបស់លោក ហ៊ុន ម៉ាណែត និងលោក ស៊ាន បូរ៉ាត ជុំវិញគម្រោងក្រុមហ៊ុនរបស់គាត់រហូតមក។
អ្នកវិភាគរូបនេះអះអាងថា ពួកគេមិនអាចប្រើលេសថា អ្នកស្រី ឡេង ចាន់ណា ឡប់សតិ ឬមានសតិមិនប្រក្រតី ដើម្បីទម្លាក់ការទទួលខុសត្រូវទាំងអស់លើរូបគាត់ និងមនុស្សថ្នាក់ក្រោមផ្សេងទៀតបានទេ ដូច្នេះរឿងបោកប្រាស់ជាប់ប្រវត្តិសាស្ត្រនេះ បើមិនស៊ើបអង្កេតឲ្យហ្មត់ចត់ និងដោយមានតម្លាភាពលើលោក ហ៊ុន ម៉ាណែត និងលោក ស៊ាន បូរ៉ាត ទេ នោះក៏មិនអាចរកយុត្តិធម៌បានដែរ។
ទាក់ទិននឹងបញ្ហានេះ គេនៅមិនទាន់ឃើញថា រដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការច្បាប់បើកការស៊ើបអង្កេតលើលោក ស៊ាន បូរ៉ាត ដែលជាសមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលរងនូវការសង្ស័យពីការជាប់ពាក់ព័ន្ធនឹងគម្រោងបោកប្រាស់របស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ នេះនៅឡើយទេរហូតដល់ពេលនេះ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ពលរដ្ឋដែលចាញ់បោកក្រុមហ៊ុនឯកជន មិនមែនមានតែក្នុងក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ នេះទេ សូម្បីក្រុមហ៊ុនរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបោកប្រាស់ពលរដ្ឋដែរ ដូច្នេះក្នុងនាមលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ត្រូវអនុវត្តច្បាប់ការពារផលប្រយោជន៍ឱ្យពលរដ្ឋគ្រប់រូបដូចៗគ្នា។
ជាក់ស្តែង កន្លងមក អតិថិជនរងគ្រោះពីការទិញដីឡូត៍ និងផ្ទះល្វែងរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានលើកឡើងជាបន្តបន្ទាប់នូវការគេចវេះរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ពីការសាងសង់ផ្ទះ និងការចេញបណ្ណសម្គាល់កម្មសិទ្ធិលើដីឡូត៍ដែលពួកគេបានទិញ។
ជាក់ស្តែង កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៤ អ្នកនាង សុខ ច័ន្ទធីតា ហៅ កាតុ ដែលជាអ្នកសិល្បការិនីល្បីក្នុងស្រុកខ្មែរមួយរូប បានរៀបរាប់ថា ក្រោយពីខិតខំរកពីរនាក់ស្វាមីទាំងការងារសិល្បៈ និងការរកស៊ី អ្នកស្រីបានបង់លុយផ្តាច់ទិញផ្ទះពីបុរី ឡេង ណាវ៉ាត្រា ជិត ៣ឆ្នាំហើយ ប៉ុន្តែរហូតដល់ពេលនេះ អ្នកស្រីនៅតែមិនទាន់ទទួលបានផ្ទះនៅឡើយទេ គឺឃើញតែពណ៌ឥដ្ឋក្រហមដែលរៀបបានពាក់កណ្តាលទុកចោលប៉ុណ្ណោះ។
តារាកំប្លែងរូបនេះបញ្ជាក់ថា អ្នកស្រីពិបាកចិត្តរាល់ថ្ងៃ ចំណែកម្ចាស់បុរីដើរធ្វើបុណ្យដូចគ្មានរឿងអ្វីកើតឡើងសោះរាល់ថ្ងៃនេះ។ អ្នកស្រី សុខ ច័ន្ទធីតា បន្តថា អ្នកស្រីអាចមានលទ្ធភាពខ្លះមិនជួបបញ្ហាសេដ្ឋកិច្ចគ្រួសារ ចុះប្រជាពលរដ្ឋដែលខ្ចីលុយពីធនាគារទៅទិញផ្ទះទាំងនោះ ហើយបែរជាមិនទទួលបានផ្ទះបែបនេះ តើពួកគេនឹងទៅជាយ៉ាងណាទៅ។
យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ អតិថិជនរងគ្រោះពីការទិញផ្ទះល្វែងក្នុងគម្រោងអចលនទ្រព្យរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា មិនត្រូវបានរដ្ឋាភិបាល ឬស្ថាប័នមានសមត្ថកិច្ចណាមួយរកយុត្តិធម៌ឱ្យនៅឡើយទេ ខណៈឧកញ៉ា ឡេង ណាវ៉ាត្រា នៅតែមានសេរីភាពធ្វើអាជីវកម្មលក់ដូរក្នុងវិស័យអចលនទ្រព្យដដែលសព្វថ្ងៃនេះ ចំណែកពលរដ្ឋរងគ្រោះក៏មិនដឹងទៅពឹងស្ថាប័នណាឱ្យរកយុត្តិធម៌ឱ្យពួកគេដែរ៕
© 2024, . All rights reserved.