26 C
Phnom Penh

អ្នកវិភាគ៖ ការ​តែងតាំង​កូនស្រី​លោក នេត សាវឿន ជា​ទីប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី​គឺ​ដើម្បី​ពង្រឹង​អំណាច​គ្រួសារ​ហ៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ​លើកឡើង​ថា ការ​តែងតាំង​កូនស្រី​របស់​ឧបនាយករដ្ឋមន្ត្រី លោក នេត សាវឿន គឺ​អ្នកនាង នេត ធីតាច័ន្ទធីម៉ា ធ្វើ​ជា​ទីប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺ​ដើម្បី​ពង្រឹង​អំណាច និង​ផល​ប្រយោជន៍​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​តែប៉ុណ្ណោះ។

អ្នកនាង នេត ធីតាច័ន្ទធីម៉ា ត្រូវ​បាន​ក្រសួង​ការបរទេស​អាមេរិក មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ជាន់​ទឹកដី​អាមេរិក ចាប់តាំងពី​ឆ្នាំ​២០១៧ មក និង​ប្រើ​ជីវិត​ឡូយឆាយ​រស់នៅ​ទីក្រុង​ឡុងដ៍ នៅ​អំឡុង​ពេល​រៀន​យក​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ថា ការ​តែងតាំង​អ្នកនាង នេត ធីតាច័ន្ទធីម៉ា ឱ្យ​ធ្វើការ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​រដ្ឋ គឺ​ដើម្បី​ពង្រឹង​អំណាច​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​តែប៉ុណ្ណោះ បើ​ទោះជា​កូនចៅ​របស់​គ្រួសារ​ត្រកូល​ហ៊ុន​ទទួល​បាន​ការ​សិក្សា​ពី​បរទេស​ក៏ដោយ ក៏​ពួកគេ​មិន​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​អំពើពុករលួយ និង​អយុត្តិធម៌​នៅ​ក្នុង​សង្គម​កម្ពុជា​បាន​ឡើយ។

លោក គឹម សុខ បន្ថែម​ថា ពួកគេ​គ្មាន​ស្មារតី​បំពេញ​តួនាទី​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ទេ គឺ​ពួកគេ​ត្រូវ​បាន​តែងតាំង​ឱ្យ​ទៅ​ជួយ​ពង្រឹង​អំណាច​ក្រុម​គ្រួសារ​ហ៊ុន និង​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ធ្ងន់ធ្ងរ​តែប៉ុណ្ណោះ។

អ្នកនាង នេត ធីតាច័ន្ទធីម៉ា គឺជា​កូនស្រី​របស់​លោក នេត សាវឿន អតីត​អគ្គស្នងការ​នគរបាល​ជាតិ និង​បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្ត្រី​ជួយ​ការងារ​នាយករដ្ឋមន្ត្រី​ផ្នែក​សន្តិសុខ ហើយ​ក៏​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​នៅ​ពេល​អវត្តមាន​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ប្រទេស។ លោក នេត សាវឿន គឺជា​ប្តី​របស់​អ្នកស្រី ហ៊ុន គឹមឡេង កូនស្រី​របស់​លោក ហ៊ុន ណេង និង​ត្រូវ​ជា​បងស្រី​ជីដូនមួយ​របស់​លោក ហ៊ុន ម៉ាណែត។

យោង​តាម​ការ​ចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ (Reuters) កន្លង​មក បាន​ឲ្យ​ដឹង​ថា លោក នេត សាវឿន ប្រពន្ធ និង​កូនៗ​ទាំង​បី​នាក់​របស់​លោក ដោយសារតែ​រង​នូវ​ការ​ចោទប្រកាន់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុង​ការ​កាង​អំណាច​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ត្រូវ​ក្រសួង​ការបរទេស​អាមេរិក មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ចាប់តាំងពី​ឆ្នាំ​២០១៧ មក ព្រោះតែ​លោក​បាន​រួម​ចំណែក «ធ្វើ​ឱ្យ​អន្តរាយ​ដល់​លទ្ធិប្រជាធិបតេយ្យ» ដែល​បម្រាម​នេះ​បាន​រារាំង​ពួកគេ​មិន​ឱ្យ​ជាន់​ទឹកដី​អាមេរិក លើកលែង​តែ​មាន​លិខិត​អញ្ជើញ​ផ្លូវការ​ក្នុង​បេសកកម្ម​ការងារ​ក្រសួង​តែប៉ុណ្ណោះ។

ប៉ុន្តែ​រដ្ឋាភិបាល​អង់គ្លេស ហាក់ដូចជា​មិន​សូវ​ខ្វាយខ្វល់​នឹង​បញ្ហា​នេះ​ប៉ុន្មាន​នោះ​ទេ។ អ្នកនាង នេត ធីតាច័ន្ទធីម៉ា បន្ត​រស់នៅ​ទីក្រុង​ឡុងដ៍ កន្លែង​ដែល​បច្ចុប្បន្ន​នាង​កំពុង​រៀន​បន្ត​យក​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត ហើយ​ដែល​ក្រុម​គ្រួសារ​របស់​នាង​ជា​រឿយៗ​បាន​ទៅ​លេង​នាង​នៅ​ទីនោះ​ដែរ។ នៅ​ក្នុង​ឆ្នាំ​២០១៥ រដ្ឋាភិបាល​អង់គ្លេស បាន​ផ្តល់​ទិដ្ឋាការ​ប្រភេទ​ទី​១ (សម្រាប់​វិនិយោគិន) ដល់​នាង នេត ធីតាច័ន្ទធីម៉ា ដែល​កាល​នោះ​អ្នកនាង​មាន​វ័យ ២០​ឆ្នាំ​នៅឡើយ។

ក្នុង​អត្ថបទ​ស៊ើបអង្កេត​មួយ​របស់​សារព័ត៌មាន The Cambodia Daily កន្លង​មក បាន​រក​ឃើញ​ថា លោក នេត សាវឿន មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​រហូត​ដល់​មាន​ទិញ​អចលនទ្រព្យ​នៅ​ប្រទេស​អង់គ្លេស និង​ប្រទេស​សាយប្រឹស (Cyprus)។ លោក នេត សាវឿន រួម​នឹង​កូនស្រី​ទាំង​បី​នាក់ មាន​សញ្ជាតិ និង​មាន​អត្តសញ្ញាណប័ណ្ណ​ប្រទេស​សាំងឃិត និង​ណេវីស (St. Kitts & Nevis) នៅ​ឆ្នាំ​២០១២ ហើយ​កូនស្រី​របស់​លោក​ក៏​មាន​លិខិត​ឆ្លងដែន​ប្រទេស​កោះ​សាំងឃិត និង​ណេវីស (St. Kitts & Nevis) នៅ​អាមេរិក​កណ្តាល​មួយ​នេះ តាំងពី​ឆ្នាំ​២០១៥ ថែម​ទៀត។

រីឯ​អ្នកស្រី ហ៊ុន គឹមឡេង ភរិយា​របស់​លោក នេត សាវឿន កាន់​លិខិត​ឆ្លងដែន​ខ្មែរ រួម​នឹង​អត្តសញ្ញាណប័ណ្ណ និង​លិខិត​ឆ្លងដែន​ប្រទេស​សាយប្រឹស (Cyprus) ចេញ​ឲ្យ​កាន់​ធ្វើ​ដំណើរ​នៅ​ឆ្នាំ​២០១៧ មួយ​ឆ្នាំ​ក្រោយ​ពេល​បាន​ទទួល​សញ្ជាតិ​សាយប្រឹស (Cyprus) នៅ​ឆ្នាំ​២០១៦។ អ្នកស្រី​មាន​លិខិត​ឆ្លងដែន​យ៉ាងតិច​ពីរ បើសិនជា​មិន​ទាន់​សុំ​លិខិត​ឆ្លងដែន​កោះ​សាំងឃិត និង​ណេវីស ដែល​ជា​កោះ​ក្រោម​ការ​ថែទាំ​ពី​ចក្រភព​អង់គ្លេស នោះ។ អ្នកស្រី​ដាក់​ទុន​រកស៊ី​នៅ​ប្រទេស​នោះ​ប្រមាណ ៣​សែន​ដុល្លារ ដើម្បី​ទទួល​បាន​សញ្ជាតិ​ប្រទេស​នោះ។

អ្នកស្រី ហ៊ុន គឹមឡេង ចុះឈ្មោះ​ក្នុង​បញ្ជី​ដាក់​ទុន​រកស៊ី​នៅ​កោះ​សាំងឃិត និង​ណេវីស ថា​លោក នេត សាវឿន ជា​ស្វាមី និង​កូនស្រី​ទាំង ៣​នាក់​រស់​ក្នុង​បន្ទុក​ឪពុកម្ដាយ ហេតុ​នេះ​រដ្ឋាភិបាល​កោះ​នោះ​ផ្តល់​សញ្ជាតិ​ឲ្យ​ទាំងអស់​គ្នា ដោយ​មិន​បាច់​ចំណាយ​លុយ​ដាក់​ទុន​ដាច់​ដោយឡែក​ពី​គ្នា​នោះ​ទេ។

យោង​តាម​ឯកសារ​ចុះបញ្ជី​នៅ​កោះ​សាំងឃិត និង​ណេវីស កូនស្រី​ច្បង​របស់​លោក នេត សាវឿន ឈ្មោះ នេត ធីតាវិឈុណា អាយុ ២៦​ឆ្នាំ កាលពី​ឆ្នាំ​២០១៦ មាន​លុយ​រាប់​លាន​ដុល្លារ​បញ្ចេញ​បញ្ចូល​តាម​ធនាគារ ហើយ​សព្វថ្ងៃ​អ្នកស្រី​មាន​អាយុ ៣៣​ឆ្នាំ​ហើយ។ អ្នកស្រី នេត វិឈុណា មាន​លុយ​ដើម​ដាក់​ក្នុង​ធនាគារ​ស្ថាបនា និង​ធនាគារ​ជប៉ុន​ម៉ារូហាន ចំនួន ៧​លាន​ដុល្លារ​អាមេរិក។ កាលពី​ឆ្នាំ​២០១៦ អ្នកស្រី នេត វិឈុណា បាន​បើក​លុយ​ពី​ធនាគារ​កម្ពុជា​សាធារណៈ ក្នុង​បំណង​យក​ទៅ​ឲ្យ​អ្នកស្រី ហ៊ុន គឹមឡេង ជា​ម្តាយ​ចំនួន ៣​លាន​ដុល្លារ។

សកម្មភាព​លុយ​ចេញ​ចូល​ក្នុង​ក្រុម​គ្រួសារ​លោក នេត សាវឿន តាម​ធនាគារ​នៅ​ស្រុក​ខ្មែរ​ចំនួន ៨ គឺ​ធនាគារ​សហភាព​ពាណិជ្ជកម្ម (Union Commercial Bank), ធនាគារ​កម្ពុជា​សាធារណៈ (Cambodian Public Bank), ធនាគារ​វឌ្ឍនៈ (Vattanak Bank), ធនាគារ អេអិនហ្ស៊ី (ANZ = Australia and New Zealand Bank), ធនាគារ​ម៉ាឡេស៊ី RHB Bank, ធនាគារ​ជប៉ុន​ម៉ារូហាន (Maruhan Bank), ធនាគារ​ស្ថាបនា (Sathapana Bank), ធនាគារ​បាងកក (Bangkok Bank) គិត​ជា​ទឹកប្រាក់​សរុប​ចំនួន​ជិត ២៧​លាន​ដុល្លារ​អាមេរិក។

ជាមួយ​នឹង​លុយ​រាប់​សិប​លាន​ដុល្លារ​ដែល​មិន​ដឹង​ជា​រកស៊ី​អ្វី ឬ​រកស៊ី​របៀប​ណា បង់​ពន្ធដារ​ឲ្យ​រដ្ឋ​របៀប​ណា​នោះ ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ នៅ​ខែ​តុលា ឆ្នាំ​២០១៩ បាន​ផ្សាយ​ថា អ្នកស្រី ហ៊ុន គឹមឡេង ទិញ​ផ្ទះល្វែង​មួយ​នៅ​កណ្តាល​រាជធានី​ឡុងដ៍ ប្រទេស​អង់គ្លេស ជិត​ដំណាក់​អ្នកអង្គម្ចាស់​មួយ​អង្គ​ថ្នាក់ Duke and Duchess of Cambridge តម្លៃ ២​លាន ៥​សែន​ដុល្លារ នៅ​ឆ្នាំ​២០១០។

អ្នកស្រី​ទិញ​អចលនទ្រព្យ​ជា​ខុនដូ (condominium) ជាច្រើន​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ ឆ្នាំ​២០១៧ កូនស្រី​ឈ្មោះ នេត វិឈុណា ទិញ​ផ្ទះល្វែង​នៅ​ក្រុង​ឡុងដ៍ ជិត​ផ្ទះ​ម្តាយ​របស់​ខ្លួន​តម្លៃ​ជាង ៧​លាន​ដុល្លារ បី​ខែ​មុន​បាន​សញ្ជាតិ​សាយប្រឹស តាមរយៈ​ម្តាយ គឺ​អ្នកស្រី ហ៊ុន គឹមឡេង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស