28 C
Phnom Penh

សហគមន៍​ក្រីក្រ​ចំនួន​១១ ក្នុង​រាជធានី​ភ្នំពេញ កំពុង​ជួប​បញ្ហា​សិទ្ធិ​ដីធ្លី​និង​សិទ្ធិ​លំនៅឋាន​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សមាគម​ធាងត្នោត រក​ឃើញ​ថា សហគមន៍​ក្រីក្រ​ចំនួន ១១​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន ៨៨៤​គ្រួសារ និង​មាន​ប្រជាជន​សរុប​ចំនួន​ជិត ៤​ពាន់​នាក់ កំពុង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ទាក់ទង​ទៅ​នឹង​សិទ្ធិ​ដីធ្លី សិទ្ធិ​លំនៅឋាន ដោយសារតែ​ខ្វះ​តម្លាភាព​ក្នុង​ការ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ និង​មិន​មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​ពិតប្រាកដ។ កត្តា​នេះ​បាន​បណ្តាល​ឲ្យ​ពួកគេ​មិន​បាន​ទទួល​នូវ​ឯកសារ​មួយ​ចំនួន​ដែល​អាច​គាំទ្រ​ដល់​ការ​កាន់កាប់​ដីធ្លី​របស់​ពួកគេ​បាន​នោះ​ឡើយ។

អង្គការ​សមាគម​ធាងត្នោត បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា ដោយសារ​ខ្វះ​ព័ត៌មាន និង​មិន​បាន​ដាក់​បញ្ចូល​សហគមន៍​ក្រីក្រ​ទាំងនោះ​ក្នុង​ដំណើរការ​ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​សម្រាប់​កិច្ចការ​អភិវឌ្ឍន៍ បាន​បណ្តាល​ឱ្យ​សហគមន៍​ក្រីក្រ​ទាំង ១១ នេះ មិន​បាន​ទទួល​នូវ​ឯកសារ​មួយ​ចំនួន​ដែល​អាច​គាំទ្រ​ដល់​ការ​កាន់កាប់​ដីធ្លី​របស់​ពួកគេ​រហូត​មក។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ដោយសារតែ​បញ្ហា​នេះ នៅ​ពេល​មាន​គម្រោង​អភិវឌ្ឍន៍ ពួកគេ​ត្រូវ​បាន​តម្រូវ​ឱ្យ​ចាកចេញ​ដើម្បី​យក​ដី​ដែល​ខ្លួន​កាន់កាប់​ទៅ​ឱ្យ​អ្នក​ផ្សេង ឬ​យក​ដី​ទាំងនោះ​ទៅ​អភិវឌ្ឍ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ជាដើម ដែល​បង្កើត​ជា​អំពើ​អយុត្តិធម៌​សង្គម​យ៉ាង​ធ្ងន់ធ្ងរ។

អង្គការ​សមាគម​ដដែល​នេះ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចុះបញ្ជី​ដីធ្លី​សម្រាប់​សហគមន៍​ក្រីក្រ​ទាំងនេះ និង​ត្រូវ​មាន​តម្លាភាព​ក្នុង​ការ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ ដោយ​មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​យ៉ាង​ពិតប្រាកដ​ពី​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ ព្រោះ​ថា​កន្លង​មក ស្ថាប័ន​ពាក់ព័ន្ធ​តែង​អះអាង​ថា​សហគមន៍​ទាំងនេះ គឺ​ស្ថិត​នៅ​លើ​ដី​រដ្ឋ ខណៈ​ដី​ទាំងនេះ​មិន​ទាន់​បាន​ចុះបញ្ជី​ជា​ដី​រដ្ឋ​ផង​នោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​ប្រជា​សហគមន៍​ក្រីក្រ​ទាំងនេះ​យ៉ាង​ខ្លាំង។

ជាង​នេះ​ទៀត សាលា​រាជធានី​ភ្នំពេញ និង​អគ្គនាយកដ្ឋាន​លំនៅឋាន គួរ​ប្រើ​លិខិតុបករណ៍​នានា​សហការ​ជាមួយ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ រួម​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​លើកកម្ពស់​សិទ្ធិ​មាន​លំនៅឋាន និង​ជីវភាព​ដល់​ប្រជា​សហគមន៍​ក្រីក្រ​ឱ្យ​កាន់តែ​ប្រសើរ​តាមរយៈ​នៃ​ការ​សាងសង់​លំនៅឋាន​សមរម្យ ឬ​ផ្តល់​មូលនិធិ​លំនៅឋាន​សមរម្យ​សម្រាប់​សហគមន៍​ក្រីក្រ​ទាំងនោះ។

អង្គការ​សមាគម​ធាងត្នោត បញ្ជាក់​ថា សព្វថ្ងៃ​នេះ សហគមន៍​ក្រីក្រ​ទាំងនោះ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​រួបរួម​គ្នា និង​តស៊ូ​មតិ​ស្វែងរក​ការ​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល ដើម្បី​ការពារ​ដីធ្លី​ដែល​ពួកគេ​ធ្លាប់​អាស្រ័យ​ផល និង​រស់នៅ​នោះ​ទេ ប៉ុន្តែ​ជារឿយៗ ពួកគេ​ត្រូវ​បាន​គំរាមកំហែង និង​បំភិតបំភ័យ​រហូត​មាន​សមាជិក​សហគមន៍​មួយ​ចំនួន​ត្រូវ​បាន​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ​ថែម​ទៀត។

សហគមន៍​ក្រីក្រ​ចំនួន ១១​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ដែល​កំពុង​ជួប​បញ្ហា​សិទ្ធិ​ដីធ្លី សិទ្ធិ​លំនៅឋាន រួម​មាន​សហគមន៍​អណ្តូង​តាអៀង, សហគមន៍​ក្រៅ​ពីរ, សហគមន៍​ពង្រសែនជ័យ, សហគមន៍​រស្មីសាមគ្គី, សហគមន៍​សំរោងត្បូង, សហគមន៍​ស្ត្រី​ក្លាហាន, សហគមន៍​ស្ទឹងកំបុត, សហគមន៍​បឹងឈូក​មានជ័យ​ថ្មី​២, សហគមន៍​ឆ្មា​អើត, សហគមន៍​ទំនប់​តាថ្លាង និង​សហគមន៍​សាមគ្គី​រុងរឿង។

សហគមន៍​ក្រីក្រ​ទាំង ១១ នេះ មាន ១១​ភូមិ ស្ថិត​ក្នុង​សង្កាត់​ចំនួន​៩ ខណ្ឌ​ចំនួន​៦ ដែល​មាន ៨៨៤​គ្រួសារ និង​ប្រជាជន​សរុប​ចំនួន​ជិត ៤​ពាន់​នាក់ (៣៧៩៨​នាក់)។

ទិន្នន័យ​សង្គម​ស៊ីវិល បាន​បង្ហាញ​ថា ការ​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើត​ឡើង​យ៉ាង​ផុសផុល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដូចជា ខេត្ត​សៀមរាប, ខេត្ត​កោះកុង, ខេត្ត​ព្រះសីហនុ, ខេត្ត​មណ្ឌលគិរី, ខេត្ត​ព្រះវិហារ និង​សហគមន៍​ជាច្រើន​ទៀត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ជាដើម ប៉ុន្តែ​ជា​លទ្ធផល គេ​មិន​ដែល​ឃើញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ទាំងនេះ​ជូន​ពលរដ្ឋ​ឱ្យ​ទទួល​បាន​ដី​វិញ​ទេ គឺ​មាន​តែ​ការ​ចាប់​ខ្លួន និង​ការ​ចោទប្រកាន់​ពី​បទល្មើស​ផ្សេងៗ​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​សិទ្ធិមនុស្ស​លើកលែង​ទោស​អន្តរជាតិ Amnesty International លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​កម្ពុជា​កំពុង​ខ្វះ​ប្រព័ន្ធ​ច្បាប់​គ្រប់គ្រង​សិទ្ធិ​ដីធ្លី​ច្បាស់លាស់​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ បើ​ទោះបីជា​ប្រទេស​នេះ​បាន​ទទួល​យក​របប​ប្រជាធិបតេយ្យ​កាលពី​ជាង ៣០​ឆ្នាំ​មុន​ហើយ​ក៏ដោយ ដែល​នេះ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​របប​ខ្មែរក្រហម​ដែល​បាន​លុប​ចោល​កម្មសិទ្ធិ​ឯកជន ក្រោយ​ពួកគេ​កាន់កាប់​ប្រទេស​កម្ពុជា​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដូច្នោះ​ដែរ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៣ កន្លង​ទៅ​ថា សិទ្ធិ​លំនៅឋាន​របស់​ពលរដ្ឋ​កម្ពុជា បាន​បន្ត​កើត​មាន​ឡើង​ឥត​ឈប់​ឈរ ដែល​មាន​រហូត​ដល់​ជិត ១០០​ករណី បាន​កើតឡើង​ក្នុង​ឆ្នាំ​២០២២ (៨៤​ករណី) ហើយ​ភាគច្រើន​គឺជា​ករណី​ដែល​រំលោភ​ដោយ​បុគ្គល​មាន​អំណាច ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជនរងគ្រោះ​ដោយ​ផ្ទាល់​ជាង ៧​ពាន់​គ្រួសារ (៧១៤១​គ្រួសារ) ហើយ​មិន​អាច​រក​ដំណោះស្រាយ​បាន​រហូត​ដល់​ពេលនេះ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា លោក នី សុខា បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា រយៈពេល​ជាង ៣០​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​មិន​ដែល​បាន​ផ្សព្វផ្សាយ​ពី​សិទ្ធិ​លំនៅឋាន​ទៅ​ដល់​អាជ្ញាធរ និង​ពលរដ្ឋ​ឱ្យ​មាន​ការ​យល់ដឹង​នោះ​ទេ ដែល​នេះ​គឺជា​បញ្ហា​មួយ​ក្នុង​ការ​ធានា​នូវ​សិទ្ធិ​លំនៅឋាន​របស់​ពលរដ្ឋ​ដោយ​សមរម្យ ខណៈ​ការ​បណ្តេញ​ពី​លំនៅឋាន​ក្រោម​វិធានការ​របស់​អាជ្ញាធរ តែងតែ​កើត​មាន​ជា​បន្តបន្ទាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស