25.9 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ទទួល​កាដូ​ជា​ដី ៤០០​ហិកតា​ពី​លោក ហេង សួរ នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ទម្លាយ​ថា នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ទទួល​កាដូ​ជា​ដី​ទំហំ ៤០០​ហិកតា ក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ។

សមាជិក​ជាន់ខ្ពស់​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៦ ឧសភា នេះ​ថា ក្រៅពី​កាក់កប​ក្នុង​មុខរបរ​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស លោក ហេង សួរ ក៏​កាក់កប​នឹង​ការ​ប្រមូល​ដី​រាប់​ពាន់​ហិកតា​ដែរ ដែល​មាន​ការ​គប់គិត​គ្នា​ជា​ប្រព័ន្ធ​ចាប់តាំងពី​នាយករដ្ឋមន្ត្រី រហូត​ដល់​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក។

ប្រភព​ដដែល​បង្ហើប​ថា លោក ហេង សួរ មាន​ដី​មួយ​កន្លែង​ដែល​មាន​ទំហំ​ជិត ៤​ពាន់​ហិកតា (៣៩០០​ហិកតា) ស្ថិត​ក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដែល​លាតសន្ធឹង​ចាប់ពី​ផ្លូវជាតិ​លេខ​៥៩ រហូត​ទល់​នឹង​ព្រំប្រទល់​ខេត្ត​បាត់ដំបង ដូច្នេះ​ដី​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ឃុំ​នៃ​ខេត្ត​បន្ទាយមានជ័យ។

ប្រភព​ដដែល​អះអាង​ថា ដី​នោះ​ក៏​ត្រូវ​លោក ហេង សួរ រួម​ទាំង​ឧត្ដមសេនីយ៍ទោ តឹក ប៊ុនធឿន ដែល​ជា​មេបញ្ជាការ​រង​កង​អន្តរាគមន៍​៣១១ បញ្ជាការដ្ឋាន​អង្គរក្ស​នៃ​ក្រសួង​ការពារ​ជាតិ និង​ជា​មនុស្ស​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្រួសារ​របស់​លោក ហ៊ីង ប៊ុនហៀង ផង​នោះ ក៏​បាន​ប្រគល់​ដី​នោះ​ជា​កាដូ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចំនួន ៤០០​ហិកតា​ដែរ។

ដី​ទាំង ៣៩០០​ហិកតា​នេះ ត្រូវ​បាន​បែងចែក​ជា ៤​ចំណែក ក្រៅពី​ប្រគល់​ជា​កាដូ​ឱ្យ​លោក ហ៊ុន ម៉ាណែត គឺ​លោក តឹក ប៊ុនធឿន ទទួល​បាន​ប្រហែល​ជា ១៣០០​ហិកតា ហើយ​លោក ហេង សួរ ទទួល​បាន​ប្រហែល ១​ពាន់​ហិកតា។

ចំណែក​ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏​ទទួល​បាន​ប្រមាណ​ជា ១០០​ហិកតា​ដែរ ដែល​គាត់​បាន​ទិញ​ពី​លោក ហេង សួរ និង​លោក តឹក ប៊ុនធឿន ដោយ​យក​ទៅ​ជួល​ឱ្យ​ក្រុមហ៊ុន​ចិន សម្រាប់​ធ្វើ​អាជីវកម្ម​ជីក​យក​ថ្មម៉ាប។

ក្រោយ​មក លោក ហេង សួរ និង​លោក តឹក ប៊ុនធឿន បាន​កាត់​យក​ដី​មួយ​ចំនួន​ពី​ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រឡប់​មក​វិញ ដោយសារតែ​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​បាន​បង់​លុយ​គ្រប់​តាម​ចំនួន​កំណត់ ដោយឡែក​ដី​ប្រមាណ​ជា ២០០​ហិកតា​ទៀត គឺជា​ចំណែក​របស់​បងប្អូន​ជីដូនមួយ​ខាង​ភរិយា​របស់​លោក តឹម ប៊ុនធឿន។

មន្ត្រី​ដដែល​នេះ​អះអាង​ថា បច្ចុប្បន្ន ដី​នេះ​ត្រូវ​បាន​ដាក់​ក្រោម​ឈ្មោះ​ក្រុមហ៊ុន ប៉ាង ណាគ្រី គ្រុប ដែល​ឈរឈ្មោះ​ដោយ​ភរិយា​របស់​លោក តឹក ប៊ុនធឿន។ អ្នកស្រី ប៉ាង ណាគ្រី ប្រើប្រាស់​ដី​នោះ​ជា​លក្ខណៈ​វិនិយោគ​ជាច្រើន​ប្រភេទ។ អ្នកស្រី​បាន​ប្រើប្រាស់​ធ្វើ​ជា​ឃ្លាំង​ស្តុក​សាច់​បង្កក ប្រើប្រាស់​ធ្វើ​ជា​រោងចក្រ​ផលិត​ស៊ីម៉ងត៍ សាងសង់​ធ្វើ​ជា​ផ្ទះល្វែង ប្រើប្រាស់​ជា​ទីតាំង​ក្រុមហ៊ុន​ជីក​យក​ថ្មម៉ាប ប្រើ​ជា​ដី​ពុះ​ឡូត៍​លក់ ហើយ​ទៅ​ថ្ងៃ​មុខ ដី​នេះ​ក៏​គ្រោង​នឹង​បើក​ជា​កាស៊ីណូ​ផង​ដែរ។

ក្រៅ​ពី​ទីតាំង​ដី​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ លោក ហេង សួរ ក៏​មាន​ដី​ទំហំ​ជាង ៣០០​ហិកតា​នៅ​ក្នុង​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ដែរ ដែល​ឈរឈ្មោះ​ដោយ​មនុស្ស ៣​នាក់ គឺ​អ្នកស្រី សោម រស្មី ប្រពន្ធ​ដើម​លោក ហេង សួរ, អ្នកស្រី លីម ចាន់ដារី ប្អូនថ្លៃ​លោក ហេង សួរ និង​អ្នកស្រី ប៉ាង ណាគ្រី ភរិយា​របស់​លោក តឹក ប៊ុនធឿន។

ដី​នេះ​មាន​ចម្ងាយ​ប្រមាណ​ជា ១,៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​អន្តរជាតិ​ភ្នំ​ដី​ខេត្ត​បាត់ដំបង ដែល​រដ្ឋាភិបាល​គ្រោង​នឹង​បើក​ឱ្យ​ដំណើរការ​ដូច​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែរ​នៅ​ថ្ងៃ​មុខ។

លោក ហេង សួរ និង​លោក តឹក ប៊ុនធឿន ក៏​កំពុង​កសាង​ផែស្ងួត​សម្រាប់​ស្តុក​ទុក​អីវ៉ាន់​គេច​ពន្ធ​ពី​ប្រទេស​ថៃ ត្រៀម​បើក​កាស៊ីណូ ប្រើ​ជា​ទីតាំង​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​សម្រាប់​ពុះ​ជា​ដី​ឡូត៍​លក់​ផង​ដែរ។

ប្រភព​ដដែល​បាន​អះអាង​ថា ក្រៅពី​ក្តាប់​មុខរបរ​នាំ​ពលករ​ទៅ​ក្រៅ​ស្រុក និង​កាន់កាប់​ដី​រាប់​ពាន់​ហិកតា លោក ហេង សួរ ក៏​មាន​ជីវិត​ដ៏​ហ៊ឺហា​រស់នៅ​ក្នុង​ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​ក្នុង​រាជធានី​ភ្នំពេញ​ដែរ​ក្នុង​ទំហំ​ដី​ប្រមាណ​ជា ៨​ពាន់​ម៉ែត្រការ៉េ។

ក្នុង​បរិវេណ​ដី​នោះ ក៏​មាន​ផ្ទះ​វីឡា​តូចៗ​ដែល​សង់​បែប​បរទេស​សម្រាប់​ឪពុក និង​ម្តាយ​ក្មេក​របស់​លោក​រស់នៅ​ផង​ដែរ ខណៈ​ដី​នៅ​តំបន់​នោះ បច្ចុប្បន្ន​មាន​តម្លៃ​ចាប់ពី ៨៥០​ដុល្លារ​ទៅ ១២០០​ដុល្លារ​អាមេរិក​ក្នុង ១​ម៉ែត្រការ៉េ។

ក្រៅពី​កន្លែង​ស្នាក់នៅ​របស់​លោក ហេង សួរ និង​ផ្ទះ​ឪពុក​ម្តាយ​ក្មេក​របស់​លោក ក៏​មាន​ផ្ទះ​សម្រាប់​អ្នក​បម្រើ​របស់​គ្រួសារ​លោក​ស្នាក់នៅ កន្លែង​ដាំ​បន្លែ តារាង​បាល់ទាត់ អាង​ហែល​ទឹក និង​ផ្ទះ​សម្រាប់​ហាត់​កីឡា​ថែម​ទៀត។

ភូមិគ្រឹះ​របស់​លោក ហេង សួរ មាន​ចម្ងាយ​ពី​ភូមិគ្រឹះ​របស់​លោក ហ៊ុន ម៉ានិត កូនប្រុស​របស់​លោក ហ៊ុន សែន តែ ៣០០​ម៉ែត្រ​ប៉ុណ្ណោះ ខណៈ​ទំហំ​ដី​ផ្ទះ​របស់​លោក ហ៊ុន ម៉ានិត គឺ​មាន​ទំហំ ១២០០​ម៉ែត្រការ៉េ ធំ​ជាង​ទំហំ​ដី​ភូមិគ្រឹះ​លោក ហេង សួរ ទៅ​ទៀត។

ដោយឡែក​ភូមិគ្រឹះ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ក៏​នៅ​មិន​ឆ្ងាយ​ពី​ភូមិគ្រឹះ​របស់​លោក ហេង សួរ ដែរ ដែល​មាន​ចម្ងាយ​ប្រមាណ​តែ ២០០​ម៉ែត្រ​ពី​គ្នា​ប៉ុណ្ណោះ។ ភូមិគ្រឹះ​របស់​លោក កើត រិទ្ធ មាន​ផ្ទះ​វីឡា​ចំនួន​ពីរ។ វីឡា​មួយ​សម្រាប់​គ្រួសារ​របស់​លោក កើត រិទ្ធ រស់នៅ និង​វិឡា​មួយ​ទៀត​គឺ​សម្រាប់​គ្រួសារ​ឪពុក​ក្មេក​លោក​រស់នៅ។ ឪពុក​ក្មេក​របស់​លោក កើត រិទ្ធ គឺ​លោក យេត ចរិយា អតីត​ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ​ជំនាន់​ទសវត្សរ៍​ឆ្នាំ​១៩៩០។

លោក ហេង សួរ មាន​បងប្អូន​បង្កើត​ចំនួន ៥​នាក់​ដែល​មាន​លោក ហេង សួរ ជា​កូន​ច្បង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សព្វថ្ងៃ​នេះ ខណៈ​លោក ហេង ណន ជា​កូន​ទី​២ មាន​តួនាទី​ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​មាន​ភរិយា​ឈ្មោះ ហ៊ីវ រតនា។

ចំណែក​អ្នកស្រី ហេង វី ជា​កូន​ទី​៣ ដែល​មាន​ប្តី​ឈ្មោះ គាត ភិតធឺ។ អ្នកស្រី ហេង នី ជា​កូន​ទី​៤​ដែល​មាន​ប្តី​ឈ្មោះ សែ ហើយ​កូន​ពៅ​ក្នុង​គ្រួសារ គឺ​លោក ហេង ណុល ដែល​មាន​ភរិយា​ឈ្មោះ លឹម ចាន់ដារី។

លោក ហេង សួរ មាន​ភរិយា​ដើម​ឈ្មោះ អ្នកស្រី សោម រស្មី ដែល​មាន​កូន ៣​នាក់ ដូចជា​កូន​ទី​១ ឈ្មោះ ហេង វឌ្ឍនៈ កូន​ទី​២ ឈ្មោះ ហេង វឌ្ឍនា និង​កូន​ទី​៣ ឈ្មោះ ហេង រិទ្ធីវុធ។

ចំណែក​ភរិយា​ចុង​របស់​លោក​ឈ្មោះ​អ្នកស្រី ចាន់ ធានី ព្រមទាំង​មាន​កូនស្រី​លួចលាក់​ម្នាក់​ផង​ដែរ ប៉ុន្តែ​លោក ហេង សួរ កំពុង​លាក់បាំង​រឿង​សម្ងាត់​មួយ​នេះ។

ក្រៅពី​រួម​រស់​ជាមួយ​ប្រពន្ធ​ដើម និង​ប្រពន្ធ​ចុង លោក ហេង សួរ ក៏​បាន​លួច​សហាយស្មន់​ជាមួយ​ប្អូនថ្លៃ​របស់​ខ្លួន​ដែរ គឺ​អ្នកស្រី លឹម ចាន់ដារី ដែល​ត្រូវ​ជា​ភរិយា​របស់​លោក ហេង ណុល ដែល​ត្រូវ​ជា​ប្អូនប្រុស​ពៅ​របស់​លោក​នោះ ខណៈ​លោក ហេង ណុល កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក​សព្វថ្ងៃ​នេះ។

លោក ហេង សួរ គឺជា​មន្ត្រី​លេចធ្លោ​មួយ​រូប​ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ប៉ុន្តែ​លោក​បាន​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​អ្នក​គោរព​សិទ្ធិមនុស្ស និង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ពលករ ថា​ជា​មនុស្ស​កោងកាច និង​បំពាន​ច្បាប់​ការងារ​នៅ​កម្ពុជា ខណៈ​ប្រវត្តិរូប​ក្នុង​គ្រួសារ​ក៏​មិន​មាន​ភាព​ស្អាតស្អំ​ក្នុង​នាម​ជា​បងប្រុស​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស