29 C
Phnom Penh

រុស្ស៊ី​ចាប់ផ្ដើម​រលក​សង្គ្រាម​ថ្មី​មួយ​ទៀត​ដោយ​លើក​ទ័ព​វាយ​ចូល​ទឹកដី​អ៊ុយក្រែន នៅ​តំបន់​ភាគ​ឦសាន​គឺ​តំបន់ Kharkiv

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន ដែល​ជា​សង្គ្រាម​ឈ្លានពាន​របស់​ប្រទេស​មហាអំណាច​រុស្ស៊ី បាន​ចូល​ដល់ ២​ឆ្នាំ​ជិត ៣​ខែ​ហើយ។ ក្នុង​ដំណាក់កាល​នេះ រុស្ស៊ី​ចាប់ផ្ដើម​រលក​សង្គ្រាម​ថ្មី​មួយ​ទៀត ដោយ​លើក​ទ័ព​វាយ​ចូល​ទឹកដី​អ៊ុយក្រែន នៅ​តំបន់​ខាង​ភាគ​ឦសាន គឺ​តំបន់ Kharkiv។

ចំពោះ​រលក​សង្គ្រាម​ថ្មី​ថែម​ទៀត​របស់​ទីក្រុង​មូស្គូ ជា​ការ​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​អ៊ុយក្រែន ឱ្យ​សម្រេច​ចិត្ត​ផ្អាក​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ដែល​លោក​មាន​ផែនការ​ធ្វើ​ទស្សនកិច្ច​នៅ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប។

ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន បាន​ប្រកាស​ថា លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​ផ្អាក​រាល់​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​របស់​លោក​នា​ពេលនេះ។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ប្រធានាធិបតី ហ្សេឡេនស្គី បាន​សម្រេច​ដូចនេះ ព្រោះ​លោក​ត្រូវ​ត្រួតពិនិត្យ​សភាពការណ៍​សង្គ្រាម​ដែល​កងទ័ព​រុស្ស៊ី កំពុង​បង្កើន​ការ​វាយលុក​លើ​តំបន់ Kharkiv ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស។

តាម​ការ​គ្រោងទុក លោក ហ្សេឡេនស្គី ត្រូវ​ចាកចេញ​ពី​ប្រទេស​នៅ​ថ្ងៃទី​១៧ ខែ​ឧសភា ដោយ​ត្រូវ​ទៅ​ប្រទេស​អេស្ប៉ាញ ប្រទេស​ព័រទុយហ្គាល់ និង​ប្រទេស​ជាច្រើន​ទៀត​នៅ​អឺរ៉ុប។

ខណៈ​នេះ កងទ័ព​រុស្ស៊ី ដែល​វាយ​ចូល​តំបន់ Kharkiv ត្រូវ​បាន​រាយការណ៍​មក​ថា បាន​វាយ​ដណ្ដើម​បាន​ទីក្រុង Vovchansk ដែល​ស្ថិត​នៅ​ចម្ងាយ ៥​គីឡូម៉ែត្រ​ពី​តំបន់​ព្រំដែន​ជាមួយ​រុស្ស៊ី ក្នុង​តំបន់ Kharkiv ដែល​បង្ខំ​ឱ្យ​កងទ័ព​អ៊ុយក្រែន ប្រញាប់ប្រញាល់​ពង្រឹង​កងកម្លាំង​របស់​ខ្លួន។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី កាលពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា កងកម្លាំង​របស់​ខ្លួន​បាន​វាយ​ដណ្ដើម​បាន​ទីតាំង​ពីរ​បន្ថែម​ទៀត​ក្នុង​តំបន់ Kharkiv និង​មួយ​ទីតាំង​នៅ​តំបន់ Zaporizhzhia ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​អ៊ុយក្រែន។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន Dmytro Lazutkin ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ទ័ព​ជើងគោក​របស់​រុស្ស៊ី បាន​ចូល​ដល់​ក្នុង​ទីក្រុង Vovchansk ប៉ុន្តែ​កងទ័ព​បាន​វាយ​រុញច្រាន និង​គ្រប់គ្រង​បាន​ផ្នែក​ខ្លះៗ​មក​វិញ​ហើយ។

ប៉ុន្តែ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​អះអាង​ថា កងកម្លាំង​នៅតែ​ស្ថិត​ក្នុង​ទីក្រុង Vovchansk នៅឡើយ។ ក្នុង​ទីក្រុង​នេះ ប្រជាជន​ជិត ៨០០០​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ចាប់តាំងពី​ការ​វាយលុក​របស់​រុស្ស៊ី លើ​តំបន់ Kharkiv កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

នៅ​ក្នុង​សមរភូមិ​ភាគ​ឦសាន​នៃ​ប្រទេស​អ៊ុយក្រែន រុស្ស៊ី​បង្កើន​កម្លាំង​ទ័ព​ជាង ៥​ម៉ឺន​នាក់ និង​គាំទ្រ​ដោយ​ការ​បាញ់​កាំភ្លើងធំ រថក្រោះ រថពាសដែក និង​ការ​វាយប្រហារ​ដោយ​ការ​ទម្លាក់​គ្រាប់បែក​ពី​លើ​អាកាស។

ប្រឈមមុខ​នឹង​ស្ថានការណ៍​ដ៏​លំបាក​នៅ​សមរភូមិ​បែប​នេះ លោក ហ្សេឡេនស្គី បាន​សម្រេច​ចិត្ត​ផ្អាក​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ទាំងអស់ ដោយ​បញ្ជាក់​ថា អ្វី​ដែល​លោក​ត្រូវ​ផ្ដោត​នៅ​ពេលនេះ នោះ​គឺ​ស្ថានការណ៍​នៅ​លើ​សមរភូមិ។

ពាក់ព័ន្ធ​នឹង​សង្គ្រាម​មហាអំណាច​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន នេះ ប្រទេស​ស្វីស ដែល​រៀបចំ​ឱ្យ​មាន​វេទិកា​អន្តរជាតិ​សម្រាប់​សន្តិភាព​នៅ​អ៊ុយក្រែន បាន​ឱ្យ​ដឹង​ថា ប្រទេស​ជាច្រើន​នឹង​មក​ចូលរួម។

អ្នកស្រី Viola Amherd ប្រធានាធិបតី​នៃ​ប្រទេស​ស្វីស បាន​និយាយ​ថា វេទិកា​កំពូល​ដែល​ប្រទេស​ស្វីស ជា​អ្នក​រៀបចំ រំពឹង​ថា​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ដំណើរការ​សន្តិភាព​នៅ​អ៊ុយក្រែន កំពុង​ទទួល​បាន​ការ​ឆ្លើយតប​ពី​ប្រទេស​ជាង ៥០ ដែល​ថា​ពួកគេ​នឹង​មក​ចូលរួម។

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​១៦ ខែ​ឧសភា អ្នកស្រី Amherd បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​ជាមួយ​អធិការបតី​អាល្លឺម៉ង់ លោក Olaf Scholz នៅ​ទីក្រុង​ប៊ែរឡាំង ថា រដ្ឋាភិបាល​ស្វីស កំពុង​ស្វែងរក​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​ប្រទេស​ផ្សេងៗ​នៃ​ពិភពលោក ហើយ​លិខិត​អញ្ជើញ​ចំនួន ១៦០ ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​មេដឹកនាំ​ប្រទេស​ទាំងនោះ។

បើ​តាម​ប្រធានាធិបតី​ស្វីស រូប​នេះ ដំណើរការ​រៀបចំ​ទទួល​គណៈប្រតិភូ​នៃ​ប្រទេស​ដែល​សន្យា​ចូលរួម​វេទិកា​អន្តរជាតិ​នេះ កំពុង​បន្ត​ដំណើរការ​យ៉ាង​លឿន។

វេទិកា​អន្តរជាតិ​សម្រាប់​សន្តិភាព​ប្រទេស​អ៊ុយក្រែន ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី កាលពី​ខែ​មករា។ មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អឺរ៉ុប អាស៊ី អាហ្វ្រិក អាមេរិកឡាទីន ត្រូវ​គេ​រំពឹង​ថា​នឹង​មក​ចូលរួម​តាម​ការ​អញ្ជើញ​របស់​អ្នកស្រី​ប្រធានាធិបតី​ស្វីស។

គេ​រំពឹង​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង នឹង​មាន​វត្តមាន តែ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែល​បញ្ជា​កងទ័ព​រុស្ស៊ី ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​នោះ​ទេ។

វេទិកា​អន្តរជាតិ​នេះ នឹង​ប្រព្រឹត្ត​ទៅ​រវាង​ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ។ វេទិកា​នេះ​ផ្ដោត​លើ​ផែនការ​សន្តិភាព ១០​ចំណុច​របស់​ប្រធានាធិបតី​អ៊ុយក្រែន។

យ៉ាងណា វិមាន​ក្រឹមឡាំង ចាត់ទុក​វេទិកា​កំពូល​ដែល​ប្រទេស​ស្វីស រំពឹង​ថា​អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ដំណើរការ​សន្តិភាព​នៅ​អ៊ុយក្រែន នោះ គឺ​ឥត​ប្រយោជន៍។

អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​ថ្លែង​ថា បើ​គ្មាន​រុស្ស៊ី ការ​ពិភាក្សា​លើ​បញ្ហា​សន្តិសុខ និង​សន្តិភាព​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន វា​ពិត​ជា​អត់​ប្រយោជន៍ ព្រោះ​ពុំ​មាន​លទ្ធផល​អ្វី​ទេ។

ទោះជា​យ៉ាងណា របប​ក្រុង​មូស្គូ បាន​ប្រកាស​ទទួល​យក​ផែនការ​សន្តិភាព ១២​ចំណុច​ដែល​ផ្ដួចផ្ដើម​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ខណៈ​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន កំពុង​ស្ថិត​ទីក្រុង​ប៉េកាំង ដោយ​ជួប​សមភាគី​ចិន លោក ស៊ី ជីនពីង។ គេ​រំពឹង​ថា លោក ពូទីន អាច​នឹង​លើក​ឡើង​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន នៅ​ចំពោះ​មុខ​លោក ស៊ី ជីនពីង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស