29 C
Phnom Penh

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំងអស់​បោះឆ្នោត​ជូន​គណបក្ស​របស់​លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំងអស់​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រកាស​ថា​ខ្លួន​នឹង​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​នានា ដើម្បី​រក្សា​បរិយាកាស​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​ឲ្យ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សេរី និង​យុត្តិធម៌។

នៅ​ក្នុង​សារ​លិខិត​ចុះ​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៤ ក្នុង​ឱកាស​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំងអស់ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​សូម​ប្រកាស​ជា​ឱឡារិក​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ​អាណត្តិ​ទី​៤ នេះ ដោយ​គោរព​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ច្បាប់ បទបញ្ជា នីតិវិធី និង​ក្រមសីលធម៌​នៃ​ការ​បោះឆ្នោត និង​គោរព​លទ្ធផល​នៃ​ការ​បោះឆ្នោត។

ប្រភព​ខាងលើ​បាន​គូស​បញ្ជាក់​ថា គណបក្ស​កាន់​អំណាច​នឹង​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​នានា រួម​ទាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​រក្សា​បរិយាកាស​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​ឲ្យ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សេរី យុត្តិធម៌ មាន​សណ្ដាប់ធ្នាប់​ល្អ និង​សុវត្ថិភាព។

ការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៤ មាន​រយៈពេល ៨​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៤ ឧសភា។ ការ​បោះឆ្នោត​នេះ នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃទី​២៦ ឧសភា។ ចំណែក​អង្គ​បោះឆ្នោត​មាន​សរុប ១១៦២២​នាក់ និង​ការិយាល័យ​បោះឆ្នោត​ចំនួន ២០៩ នៅ​ទូទាំង ២៥​រាជធានី-ខេត្ត។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​លើកឡើង​ថា មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ជិត​មក​ដល់ គេ​សង្កេត​ឃើញ​ថា រយៈពេល​ចុងក្រោយ​នេះ គណបក្ស​កម្លាំង​ជាតិ​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​ជា​បន្តបន្ទាប់ ក្នុង​នោះ សមាជិក និង​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ជា​ហូរហែ។

ជាក់ស្តែង កាលពី​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៤ ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី ត្រូវ​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្រោម​បទ​ចោទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម តាម​ដីកា​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​លោក​បាន​លើកឡើង​ពី​ការ​ចែក​បណ្ណ​សមធម៌ និង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល ថា​មាន​ភាព​លម្អៀង​ទៅ​បក្ស​កាន់​អំណាច។

ចំណែក​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ ខេត្ត​កំពង់ចាម គឺ​លោក មី សេងហ៊ ហៅ គា វិសាល និង​លោក អ៊ុំ វីរៈរដ្ឋ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដែរ​កាល​ខែ​មីនា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ ហើយ​ពួកគេ​ក៏​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដូច​គ្នា​ដែរ​សព្វថ្ងៃ​នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ ឧសភា នេះ​ថា ការ​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ គឺ​ចំ​ពេល​ដែល​បក្ស​នេះ​ត្រៀម​ចូលរួម​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​នៅ​ពេលនេះ ដូច្នេះ​គឺ​ចេតនា​គំរាមកំហែង​ខាង​នយោបាយ​យ៉ាង​ពិតប្រាកដ។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤ ដោយ​មាន​គណបក្ស​នយោបាយ​ចូលរួម​ចំនួន ៥​គណបក្ស គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កម្លាំង​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស