នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត សម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្ដាច់មុខសម្រាប់ក្រុមហ៊ុនកូរ៉េ និងបង្កើតយន្តការពិគ្រោះយោបល់ ដែលអាចឱ្យធុរកិច្ចកូរ៉េ ជួបជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពីរដងក្នុងមួយឆ្នាំ ដើម្បីទាក់ទាញអ្នកវិនិយោគកូរ៉េ ឱ្យទៅបណ្ដាក់ទុននៅកម្ពុជា។
នាយករដ្ឋមន្ត្រីបន្តពូជថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត លើកឡើងក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង នៅថ្ងៃទី១៧ ឧសភា នេះថា រដ្ឋាភិបាលកម្ពុជាសង្ឃឹមថាអ្នកវិនិយោគកូរ៉េ នឹងស្វែងយល់ពីគំនិតផ្ដួចផ្ដើមថ្មីនេះ។
លោកបន្ថែមថា គំនិតផ្ដួចផ្ដើមនេះ គឺជាការលើកទឹកចិត្ត និងជាវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិតរបស់កម្ពុជា ក្នុងការព្យាយាមកែលំអភាពទាក់ទាញឱ្យសមស្របទៅនឹងតម្រូវការរបស់អ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជាសម្រាប់ធុរកិច្ចកូរ៉េ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា តាមរយៈគំនិតផ្ដួចផ្ដើមថ្មីនេះ អាជីវកម្មកាន់តែច្រើន និងវិស័យឯកជនកាន់តែច្រើនពីប្រទេសកូរ៉េ នឹងស្វែងរកប្រទេសកម្ពុជាជាដៃគូដ៏ល្អសម្រាប់ការវិនិយោគ និងធ្វើធុរកិច្ច ព្រោះសព្វថ្ងៃនេះ កម្ពុជាកំពុងបង្កើតសហគមន៍ធុរកិច្ច និងការវិនិយោគរបស់កូរ៉េនៅកម្ពុជា ដើម្បីធានាថា បញ្ហារបស់អ្នកធ្វើធុរកិច្ច អ្នកវិនិយោគ បានយកចិត្តទុកដាក់ និងរួមគ្នាស្វែងរកដំណោះស្រាយទាន់ពេលវេលា។
នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជារូបនេះ បញ្ជាក់ថា គំនិតផ្ដួចផ្ដើមថ្មីនេះ គឺអាចការពារអ្វីដែលមានស្រាប់ ព្រោះថា ប្រសិនបើកម្ពុជាមិនអាចការពារអាជីវកម្មដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា និងបង្កើតបរិយាកាសឱ្យពួកគេរីកចម្រើនទេ នោះកម្ពុជាក៏មិនរំពឹងថានឹងទាក់ទាញការវិនិយោគថ្មីបានដែរ។
ការអះអាងនេះ ធ្វើឡើងក្នុងបំណងដើម្បីជំរុញឱ្យអ្នកវិនិយោគកូរ៉េ ទៅបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ស្របពេលដែលគេមើលឃើញថា កម្ពុជាមិនទាន់ទទួលបានអ្នកវិនិយោគបរទេសជាដុំកំភួននៅឡើយទេចាប់តាំងពីលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជិត ១ឆ្នាំមកនេះ។
ចាប់តាំងពីលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជិត ១ឆ្នាំមកនេះ គេមិនទាន់ឃើញរដ្ឋាភិបាលកម្ពុជា ទទួលបានអ្នកវិនិយោគពីប្រទេសលោកសេរី ដូចជា សហរដ្ឋអាមេរិក ជាដើម ជាដុំកំភួននៅឡើយទេ បើទោះបីជាលោក ហ៊ុន ម៉ាណែត ធ្លាប់លើកឡើងពីការគោះទ្វារឱ្យអ្នកវិនិយោគក្នុងសហគមន៍អឺរ៉ុប ទៅបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ចាប់តាំងពីអំឡុងខែមករា ឆ្នាំ២០២៤ កន្លងទៅក៏ដោយ។
ជាងនេះទៀត ដើម្បីទាក់ទាញអ្នកវិនិយោគទាំងនោះ កាលពីចុងខែមករា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត ក៏បានប្រកាសលើកទឹកចិត្តដោយបើកចំហទទួលវិនិយោគបរទេសដែលហ៊ានបណ្ដាក់ទុននៅកម្ពុជារយៈពេលវែងចាប់ ១សែនដុល្លារអាមេរិកឡើងទៅ (១០០ ០០០ដុល្លារអាមេរិក) នឹងទទួលបានការផ្តល់ឱ្យនូវទិដ្ឋាការពិសេសរយៈពេល ៣ឆ្នាំដែរ ប៉ុន្តែគេក៏នៅតែមិនទាន់ឃើញអ្នកវិនិយោគពីប្រទេសលោកសេរី នាំគ្នាទៅបណ្ដាក់ទុននៅកម្ពុជាដែររហូតដល់ពេលនេះ។
ទាក់ទិននឹងបញ្ហានេះ ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបណ្ឌិត ប៉ា ចន្ទរឿន ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា កម្ពុជានឹងទទួលបានការវិនិយោគកាន់តែច្រើនពីក្រុមហ៊ុនអន្តរជាតិធំៗ ប្រសិនបើរដ្ឋាភិបាលកម្ពុជាមានប្រព័ន្ធដឹកនាំគួរឱ្យពួកគេទុកចិត្តបាន ដើម្បីធានាសុវត្ថិភាពដល់ក្រុមហ៊ុនរបស់ពួកគេ។
កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត ត្រូវគេចាត់បញ្ចូលទៅក្នុងចំណោមមេដឹកនាំ និងអ្នកជំនួញកខ្វក់ចំនួន ១២នាក់ក្នុងពិភពលោក អំឡុងពេលដែលលោកទៅចូលរួមប្រជុំក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
អតីតមេដឹកនាំប្រឆាំងលោក សម រង្ស៊ី លើកឡើងកាលពីពេលថ្មីៗនេះថា មូលហេតុដែលកម្ពុជាបាត់បង់ឱកាសវិនិយោគល្អៗពីបរទេស គឺដោយសារតែកម្ពុជានៅតែបន្តសហការវិនិយោគជាមួយក្រុមចោរម៉ាហ្វីយ៉ាចិន (Mafia) ដែលពួកគេបានបំផ្លិចបំផ្លាញ និងកេងប្រវ័ញ្ចកម្លាំងញើសឈាមពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរ។
លោក សម រង្ស៊ី លើកឡើងថា ដោយសារតែការដឹកនាំរបស់រដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជាដូចសព្វថ្ងៃនេះ ទើបបានធ្វើឲ្យសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ចេះតែដើរថយក្រោយទៅៗ នៅពេលដែលប្រទេសជិតខាងកាន់តែដើរទៅមុខរឹតតែខ្លាំង។
សព្វថ្ងៃ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ២៤ទីតាំង ស្ថិតនៅ ៩រាជធានី-ខេត្ត ក្នុងនោះនៅរាជធានីភ្នំពេញមានតំបន់សេដ្ឋកិច្ចចំនួន២ ខេត្តកណ្តាល មាន២ ខេត្តកំពង់ស្ពឺ មាន១ ខេត្តព្រះសីហនុ មាន៤ ខេត្តកំពត មាន១ ខេត្តកោះកុង មាន១ ខេត្តក្រចេះ មាន១ ខេត្តស្វាយរៀង មាន ៩កន្លែង និងខេត្តបន្ទាយមានជ័យ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣កន្លែង៕