27 C
Phnom Penh

សហព័ន្ធ​សហជីព​ឯករាជ្យ​អំពាវនាវ​ឱ្យ​យុវជន​យក​គំរូ​តាម​លោក កើត សារ៉ាយ ដើម្បី​ចូលរួម​ជួយ​សង្គម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​សហព័ន្ធ​សហជីព​ឯករាជ្យ​នៅ​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន អំពាវនាវ​ឱ្យ​យុវជន​ដែល​ខ្វល់ខ្វាយ​ពី​កិច្ចការ​សង្គម យក​គំរូ​តាម​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) ពីព្រោះ​សកម្មភាព​របស់​គាត់ គឺ​ដើម្បី​ឱ្យ​មាន​ការ​រួបរួម​របស់​ពលរដ្ឋ​ក្នុង​សង្គម​ប៉ុណ្ណោះ មិនមែន​ញុះញង់ ឬ​អុចអាល​ប្រជាពលរដ្ឋ​ឱ្យ​ស្អប់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ឡើយ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា (CFSWF) អ្នកស្រី អ៊ូ ទេពផល្លីន បាន​លើកឡើង​ក្នុង​ខ្សែវីដេអូ​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៧ ឧសភា នេះ​ថា កិច្ចការ​របស់​លោក កើត សារ៉ាយ គឺ​ដើម្បី​ឱ្យ​មាន​ការ​រួបរួម​របស់​ពលរដ្ឋ​ក្នុង​សង្គម​ប៉ុណ្ណោះ មិនមែន​ដើម្បី​ញុះញង់ ឬ​អុចអាល​ប្រជាពលរដ្ឋ​ឱ្យ​ស្អប់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ឬ​ប្រឆាំង​នឹង​វិធានការ​ច្បាប់​ឡើយ។

ប្រភព​ដដែល​លើកឡើង​ថា លោក កើត សារ៉ាយ គឺជា​សកម្មជន​សង្គម​អហិង្សា​មួយ​រូប​ដែល​គ្មាន​ភាព​លោភលន់ ឬ​ចង់​បាន​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ក្នុង​កិច្ចការ​របស់​គាត់​ឡើយ ហើយ​អ្វី​ដែល​គាត់​បាន​ធ្វើ គឺ​ដើម្បី​តែ​ជួយ​រក​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ប៉ុណ្ណោះ។ ការ​កាត់ទោស​លោក គឺ​មិន​បាន​ធ្វើ​ឱ្យ​លោក​អាប់ឱន​កិត្តិយស​ទេ ផ្ទុយទៅវិញ គឺ​រឹត​តែ​ធ្វើ​ឱ្យ​មាន​ការ​កោតសរសើរ និង​គាំទ្រ​លោក​កាន់តែ​ខ្លាំង​ថែម​ទៀត។

មន្ត្រី​ជាន់ខ្ពស់​សហព័ន្ធ​សហជីព​ឯករាជ្យ​នៅ​កម្ពុជា​រូប​នេះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​តុលាការ ដោះលែង​លោក កើត សារ៉ាយ ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ឱ្យ​លោក​អាច​ចូលរួម​ជួយ​ក្នុង​កិច្ចការ​សង្គម​បន្ត​ទៀត។ អ្នកស្រី​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​សង្គម​បែប​នេះ គ្មាន​ផល​ចំណេញ​អ្វី​ដល់​រដ្ឋាភិបាល​ទេ គឺ​មាន​តែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ។

ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​រយៈពេល ១៣​ថ្ងៃ​ហើយ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម គិត​ចាប់តាំងពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៤ មក ខណៈ​អង្គការ​សង្គម​ស៊ីវិល​បាន​នាំគ្នា​ចេញ​មុខ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​សង្គម​រូប​នេះ​ជា​បន្តបន្ទាប់ ប៉ុន្តែ​រដ្ឋាភិបាល​បាន​បដិសេធ​នូវ​ការ​ទាមទារ​នោះ​ទាំងស្រុង។

រយៈពេល ២៦៩​ថ្ងៃ ដែល​ស្មើ​នឹង ៨​ខែ ២៦​ថ្ងៃ​នៃ​ការ​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ត្រូវ​គេ​កត់សម្គាល់​ឃើញ​ថា ការ​ចោទប្រកាន់ ការ​ចាប់​ខ្លួន និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទាំង​អយុត្តិធម៌​ទៅ​លើ​គណបក្ស​នយោបាយ សកម្មជន​សង្គម និង​សេរីភាព​សារព័ត៌មាន គឺ​ដូច​គ្នា​ទៅ​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​លោក​បេះបិទ។

ទាក់ទិន​នឹង​បញ្ហា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន លើកឡើង​ថា ស្លឹកឈើ​ពិត​ជា​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​មែន។ លោក​បន្ថែម​ថា លោក ហ៊ុន ម៉ាណែត កាន់តែ​ប្រើ​អំណាច​ផ្ដាច់ការ​ដូច​លោក ហ៊ុន សែន ឪពុក​របស់​គាត់​ដែរ​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ អង្គការ Freedom House បាន​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​ផ្ដាច់ការ​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្ដាច់ការ​ធំៗ ៥ ផ្សេង​ទៀត រួម​មាន​ភូមា ចិន និង​រុស្សី ជាដើម ក្រោយ​គេ​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​វិធានការ​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​រហូត​ឈាន​ដល់​ការ​គាប​សង្កត់​ឆ្លងដែន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) បាន​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​ខ្លាំង ក្រោយ​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ចូលរួម​ក្នុង Swap Mart ឬ ផ្សារ​ជួញដូរ​របស់​ប្រទេស​ថៃ ដើម្បី​ដោះដូរ​ជនភៀសខ្លួន ឬ​អ្នក​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​របស់​ប្រទេស​ទាំង​ពីរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស